![]() |
ការសម្ដែងត្រាប់ឡើងវិញរបស់សិល្បករ បង្ហាញអំពីការកាប់សម្លាប់ពលរដ្ឋខ្មែរនៅក្នុងរបបខ្មែរក្រហម នៅថ្ងៃ "ទិវាចងចាំ ២០ ឧសភា"។ រូប៖ Reuter |
ដោយ ទីន ហ្សាការីយ៉ា RFA 2019-05-20
របបក្រុងភ្នំពេញ រៀបប្រារព្ធទិវានៃការចងចាំ ដើម្បីរំលឹកឡើងវិញ នូវការឈឺចាប់ ការកាប់សម្លាប់ និងការធ្វើទារុណកម្មនៃរបបប្រល័យពូជសាសន៍។ ប៉ុន្តែមន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគ មិនគាំទ្រឲ្យយកទិវានេះធ្វើជាបុណ្យជាតិនោះទេ។
របបក្រុងភ្នំពេញបាននាំគ្នាចាត់ទុកថ្ងៃទី២០ ឧសភា ជាទិវាជាតិ នៃការចងចាំ ឬជាថ្ងៃចងកំហឹង ចំពោះរបបអាវខ្មៅខ្មែរក្រហម។
នៅក្នុងនេះ គេនាំគ្នារំលឹកវិញ្ញាណក្ខន្ធពលរដ្ឋខ្មែរ ដែលត្រូវរបបកម្ពុជាប្រជាធិបតេយ្យ របស់ ប៉ុល ពត សម្លាប់ និងធ្វើទារុណកម្ម ក្នុងការដឹកនាំអស់រយៈ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ កាលពីជាង ៤០ឆ្នាំមុន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យអាស៊ីសេរីដឹងថា ការប្រារព្ធទិវានៃការចងចាំ និងការចងកំហឹងនេះ ដើម្បីទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។
លោកបន្តថា ពលរដ្ឋច្រើនលើសលប់ រួមទាំងលោកផង នៅតែចង់កំហឹង និងខឹងសម្បា ទៅនឹងរបបខ្មែរក្រហម និងនៅតែស្រមៃឃើញរបបនេះនៅឡើយ៖ «យើងចង់ឲ្យប្រជាជនដុតកំហឹង ដុតកំហឹងនេះ គឺដុតកំហឹងទៅនឹងរបបប្រល័យពូជសាសន៍ ហើយឲ្យចងចាំនៅក្នុងអារម្មណ៍របស់ខ្លួន កុំឲ្យរបបនេះវិលមកវិញបាន ហើយនឹងទប់ស្កាត់រាល់សកម្មភាពទាំងឡាយណា ដែលចង់នាំរបបប្រល័យពូជសាសន៍ត្រឡប់មកវិញ»។
ការប្រារព្ធពិធីនេះ របបក្រុងភ្នំពេញបានណែនាំឲ្យក្រសួងមន្ទីរពាក់ព័ន្ធ ប្រារព្ធពិធីនេះ នៅតាមទីកន្លែងផ្សេងគ្នា ដូចជានៅបណ្ដាខេត្តនីមួយៗ ចំណែកអាជ្ញាធរនៃ សាលារាជធានីភ្នំពេញ បានប្រារព្ធពិធីនេះនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដោយមានការសំដែងសិល្បៈធ្វើត្រាប់តាមសកម្មភាព កាប់សម្លាប់របស់ពលរដ្ឋខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ប៉ុន្តែ ប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោក ម៉ន ផល្លា ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសព្រោះការធ្វើទុក្ខម្នេញពីរបបក្រុងភ្នំពេញ យល់ថា ការប្រារព្ធពិធីនេះគ្រាន់តែជាលេសបន្លំភ្នែកពលរដ្ឋប៉ុណ្ណោះទេ។ មន្ត្រីបក្សប្រឆាំងរូបនេះ បានហៅរបបក្រុងភ្នំពេញសព្វថ្ងៃ គឺរបបខ្មែរក្រហមទី២ ដែលធាតុពិតរបបនេះ នៅតែបន្តទុក្ខម្នេញ និងសម្លាប់ពលរដ្ឋខ្លួនឯងដដែល៖ «របបក្រុងភ្នំពេញនៅតែបន្តនូវរបៀបគ្រប់គ្រងសម្លាប់មនុស្សក្រៅច្បាប់ដដែល គ្រាន់តែរបៀបសម្លាប់កាលមុនសម្លាប់ដោយផ្ទាល់ ប៉ុន្តែឥឡូវសម្លាប់ដោយប្រយោល ហើយធ្វើពលរដ្ឋវេទនាជាងការសម្លាប់ដោយផ្ទាល់ទៅទៀត»។
រីឯ អ្នកវិភាគនយោបាយលោក គឹម សុខ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសដែរនោះ យល់ថា ការប្រារព្ធពិធីនៃការចងចាំ ដែលយកថ្ងៃនេះជាថ្ងៃចងកំហឹង គឺជាយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ដើម្បីដុតកំហឹងពលរដ្ឋ និងមិនឲ្យពលរដ្ឋស្ងប់ចិត្ត។ លោក គឹម សុខ យល់ថា ទិវាថ្ងៃចងចាំនេះ គ្មានតម្លៃគ្រប់គ្រាន់ ដែលដាក់បញ្ចូលទៅក្នុងបុណ្យជាតិនោះទេ៖ «មហិច្ឆតាគោលដៅធំបំផុតរបស់យួនដែលចង់សាបព្រោះ ព្រោះថាបើខ្មែរនៅតែចងកំហឹង និងខ្មែរមិនអាចផ្សះផ្សាគ្នាបានអ្នក ដែលចំណេញ គឺវៀតណាម»។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឆ្លើយតបថា ការយកទិវានៃការចងចាំធ្វើថ្ងៃបុណ្យជាតិ គឺជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី ប៉ុន្តែមិនសម្រេចទៅតាមអ្នករិះគន់ឡើយ។
របបក្រុងភ្នំពេញបានសម្រេចដាក់ទិវាជាតិនៃការចងចាំជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃ ទី១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨ ដើម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
លោក គឹម សុខ យល់ថា បើរបបក្រុងភ្នំពេញ មានចេតនារំសាយកំហឹងពលរដ្ឋមែននោះ របបនេះ គួរបើកផ្លូវឲ្យមានការស៊ើបអង្កេត និងកាត់ទោសមេដឹកនាំនៃរបបខ្មែរក្រហមបន្ថែមទៀត តាមសំណើរបស់សាលាក្ដីខ្មែរក្រហម។ ប៉ុន្តែ លោក គឹម សុខ ថា លោក ហ៊ុន សែន តែងតែចេញមុខរារាំងការស៊ើបអង្កេត និងការទាមទារកាត់ទោសមេខ្មែរក្រហមផ្សេងទៀតដែលសាលាក្ដីខ្មែរក្រហមទាមទារស៊ើបអង្កេត៕