
ផាក់ ស៊ាងលី ភ្នំពេញ ប៉ុស្តិ៍ Wed, 7 September 2016
រតនគិរីៈ ខណៈដែលវៀតណាមនៅតែបន្តសាងសង់ប៉ុស្តិ៍របស់ខ្លួននៅតំបន់សក្នុងខេត្តរតនគិរីមន្ត្រីជាន់ខ្ពស់កម្ពុជាបានបដិសេធធ្វើអត្ថាធិប្បាយរឿងបញ្ជូនកំណត់ហេតុកិច្ចប្រជុំរួមពីបញ្ហាព្រំដែនដែលមិនចុះសម្រុងគ្នាទៅប្រទេសវៀតណាម។
ចាប់តាំងពីខែកក្កដារហូតមកទល់នឹងពេលនេះវៀតណាមនៅតែបន្តសកម្មភាពសាងសង់ប៉ុស្តិ៍ព្រំដែនថ្មីនៅលើខ្សែបន្ទាត់ព្រំដែនដែលកម្ពុជាចាត់ទុកថាជាតំបន់សមិនទាន់បោះបង្គោលព្រំដែនក្នុងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។
ភាគីកម្ពុជាបានស្នើឲ្យវៀតណាមបញ្ឈប់ការសាងសង់នេះប៉ុន្តែភាគីវៀតណាមនៅតែបន្តធ្វើការសាងសង់ដោយថាសំណង់នោះគឺស្ថិតនៅលើដែនអធិបតេយ្យភាពរបស់ខ្លួនទៅវិញ។
លោក ញ៉ែម សំអឿន អ្នកនាំពាក្យសាលាខេត្តរតនគិរីបានមានប្រសាសន៍បញ្ជាក់កាលពីម្សិលមិញថា៖ «រឿងសង់ប៉ុស្តិ៍នៅតែបន្តសង់ដដែលហ្នឹង។ យើងឃាត់ចេះតែឃាត់ហើយតែនេះជារឿងថ្នាក់ជាតិ។ ខាងខេត្តយ៉ាឡាយ [ប្រទេសវៀតណាម]។ យើងបានជជែកគ្នាពីរឿងហ្នឹងហើយតែគេថា «រឿងហ្នឹងថ្នាក់ជាតិគេបញ្ជាមក»។
ទោះជាយ៉ាងណាលោកថាទំនាក់ទំនងរវាងអាជ្ញាធរខេត្តរតនគិរី និងខេត្តយ៉ាឡាយ ប្រទេសវៀតណាមមានដំណើរការជាធម្មតា។ ប៉ុន្តែកម្ពុជាបាននិងកំពុងតែបង្កើនការយកចិត្តទុកដាក់ឃ្លាំមើលមិនឲ្យកើតមានបាតុភាពផ្សេងកើតមាននៅតាមបន្ទាត់ព្រំដែនដូចករណីលួចជីកស្រះចំនួន ៩ និងការសាងសង់ប៉ុស្តិ៍ថ្មីនោះឡើយ។
លោក ញ៉ែម សំអឿន បានថ្លែងថា៖ «រឿងបាតុភាពថ្មីដូចជាអត់មានទេតែគ្រាន់តែថារឿងសង់ [ប៉ុស្តិ៍] នៅតែសង់អ៊ីចឹង។ តែយើងកាន់តែរឹតបន្តឹងឃ្លាំមើលតាមបណ្តោយព្រំដែនទាំងហ្នឹង។ បើមានបញ្ហាអីយើងត្រូវរាយការណ៍ជូនថ្នាក់ជាតិភ្លាម»។
គណៈកម្មាធិការព្រំដែនកម្ពុជា និងវៀតណាមបានជួបប្រជុំគ្នាអស់រយៈពេលមួយថ្ងៃកន្លះកាលពីដើមសប្តាហ៍មុនក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែភាគីទាំងពីរមិនបានឯកភាពគ្នាលើការចេញកំណត់ហេតុរួមនៃកិច្ចប្រជុំនោះទេព្រោះថាកម្ពុជាប្រកាន់ជំហរប្រើប្រាស់គោលការណ៍ខ្សែព្រំដែនមិនកែប្រែខណៈដែលសមភាគីវៀតណាមទាមទារឲ្យប្រើប្រាស់សន្ធិសញ្ញាព្រំដែនរដ្ឋឆ្នាំ ១៩៨៥ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ឬក៏អនុស្សរណៈយោគយល់គ្នាឆ្នាំ ២០១១ ជាដើម។
ក្រោយពេលកិច្ចប្រជុំដែលជាប់គាំងនោះលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនបានថ្លែងប្រាប់អ្នកសារព័ត៌មានថាកំណត់ហេតុប្រជុំខាងភាគីកម្ពុជាបានធ្វើចប់ និងប្រថាប់ត្រារួចហើយ ហើយគ្រោងនឹងបញ្ជូនកំណត់ហេតុនោះទៅទីក្រុងហាណូយ ប្រទេសវៀតណាមតាមរយៈក្រសួងការបរទេសរបស់កម្ពុជាដែរ។
ទោះយ៉ាងណា លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានបដិសេធបង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ថាតើកំណត់ហេតុប្រជុំនោះត្រូវបានផ្ញើទៅប្រទេសវៀតណាម ឬយ៉ាងណានោះទេ។ លោកទេសរដ្ឋមន្ត្រីបានចាត់ទុកការសួរដេញដោលពីរឿនោះថាជារឿង «ចម្លែក» ទៅវិញ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
បញ្ហាព្រំដែនកម្ពុជា វៀតណាម គឺជារឿងដែលតែងតែមានភាពរសើបយ៉ាងខ្លាំងនៅក្នុងសង្គមកម្ពុជា ខណៈដែលមានឥស្សរជនជាច្រើនបានជាប់ពន្ធនាគារជាបន្តបន្ទាប់ដោយសារតែបញ្ចេញមតិពីបញ្ហាព្រំដែននេះ។
បច្ចុប្បន្ន សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងម្នាក់គឺលោក ហុង សុខហួរ និងតំណាងរាស្ត្រគណបក្សប្រឆាំងម្នាក់គឺលោក អ៊ុំ សំអាន កំពុងតែជាប់ឃុំក្នុងពន្ធនាគារហើយមេបក្សប្រឆាំងលោក សម រង្ស៊ីដែលបាននិរទេសខ្លួនឯងទៅក្រៅប្រទេសក៏កំពុងជាប់បណ្តឹងនៅតុលាការផងដែរដោយសារតែបានបញ្ចេញមតិពាក់ព័ន្ធនឹងបញ្ហាព្រំដែនដ៏ចម្រូងចម្រាសនេះ។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាបដែលកំពុងតែជាប់ឃុំក្នុងពន្ធនាគារព្រៃសកាលពីថ្ងៃចន្ទម្សិលម៉្ងៃលោក និងក្រុមមេធាវីបានដើរចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញដោយចាត់ទុកដំណើរការកាត់ទោសរូបលោកដែលជាអ្នកតំណាងរាស្ត្រដែលនៅមានអភ័យឯកសិទ្ធិសភាថាជាអំពើខុសច្បាប់៕