Image may be NSFW.
Clik here to view.

ដោយ ប្រាជ្ញ ចេវ RFA 2016-04-30
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមបណ្ដាញទំនាក់ទំនងសង្គម ថា អយ្យការនឹងសាកសួរមន្ត្រីអាដហុក (ADHOC) ៤រូប និងមន្ត្រី គ.ជ.ប ១រូប នៅថ្ងៃទី១ ឧសភា ក្រោយទទួលសំណុំរឿងពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅរសៀលនេះ។
លោក លី សុផាណា បន្តថា នេះជាការគោរពតាមនីតិវិធិ ហើយតំណាងអយ្យការកំពុងពិនិត្យឯកសារសំណុំរឿងនេះយ៉ាងល្អិតល្អន់។
នៅល្ងាចថ្ងៃទី៣០ មេសា តុលាការបញ្ជូនអ្នកទាំង ៥ ទៅអង្គភាពប្រឆាំងអំពើពុករលួយ វិញភ្លាមៗ ក្រោយបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា ការបញ្ជូនត្រឡប់ទៅ ACU វិញនេះ គឺជាការផ្ញើ និងឃុំខ្លួនបន្តមុននឹងតុលាការបន្តនីតិវិធីសាកសួរអ្នកទាំង ៥។
អ្នកទាំង ៥ ដែលរងការចោទប្រកាន់រួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី ជាមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ប្រាជ្ញ ចេវ អំពីទិដ្ឋភាពនៃការបញ្ជូនមន្ត្រីទាំង ៥រូប មកសាលាដំបូងរាជធានីភ្នំពេញ ទិដ្ឋភាពនៅខាងមុខ ACU និងមតិចូលរួមរបស់សាច់ញាតិ៖
អ្នកទាំង ៥នេះ ត្រូវបាន ACU ឃាត់ខ្លួនពីម៉ោង ៨យប់ ថ្ងៃទី២៨ ខែមេសា ពាក់ព័ន្ធនឹងពីអំពើពុករលួយ។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង មិនបានបញ្ជាក់អំពីបទចោទអ្វីជាក់លាក់នោះទេ តែលោកអះអាងថា អ្នកទាំងនោះមានចំណុចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
អង្គភាពប្រឆាំងអំពើពុករលួយកោះហៅអ្នកទាំង ៥នេះ មកសាកសួរពាក់ព័ន្ធនឹងការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ តាំងពីថ្ងៃទី២៧ និងទី២៨ ខែមេសា ហើយបានសាកសួរទាំងយប់ថ្ងៃ និងឈានដល់ការឃាត់ខ្លួន នៅម៉ោង ៨យប់ ថ្ងៃទី២៨ ខែមេសា។
ក្នុងចំណោមអ្នកដែលចូលបំភ្លឺទាក់ទិននឹងលិខិតចំហរបស់ស្រីមុំ ដែលសរសេរថា មន្ត្រីសិទ្ធិមនុស្សបង្ខំឲ្យផ្ដល់ចម្លើយក្លែងក្លាយនោះ មានតែប្រធានអង្គការសីលការ អ្នកស្រី ធីតា ឃឹះ និងអ្នកស្រីមេធាវី ទ្រី ឈូន ដែលបានត្រឡប់ទៅផ្ទះវិញ។ លោក ឱម យ៉ិនទៀង អះអាងថា អ្នកទាំងពីរផ្ដល់ចម្លើយត្រឹមត្រូវ និងធ្វើការប្រកបដោយវិជ្ជាជីវៈ និងច្បាប់របស់អង្គការ។
ចំណែកមន្ត្រីនៃការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា គឺលោក សឺន សាលី ដែលរងការចោទប្រកាន់ពីស្រីមុំ ដែរនោះ មិនបានចូលបំភ្លឺតាមការកោះហៅលើកទី១នោះ ត្រូវបានលោក ឱម យ៉ិនទៀង ថា អង្គភាពនឹងចេញលិខិតនាំខ្លួនតែម្ដង តែមិនបញ្ជាក់ពីពេលវេលាជាក់លាក់៕