Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

លោក ហ៊ុន ​សែន ​បញ្ជា​ឲ្យ​កងកម្លាំង​ត្រៀម​កម្ចាត់​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ

$
0
0
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​​។ រូបថត ហ្វេសប៊ុក លោក ហ៊ុន សែន

ប៊ុន សេងគង់ and Shaun Turton ភ្នំពេញ​ ប៉ុស្តិ៍Tue, 13 September 2016

ភ្នំពេញៈ ពីរ​ថ្ងៃ​បន្ទាប់ពី​គណបក្ស​​​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ពី​គម្រោង​ធ្វើ​មហាបាតុកម្ម​អហិង្សា​ដើម្បី​ប្រឆាំង​ទៅ​នឹង​អ្វី​ដែល​គណបក្ស​នេះ​ហៅ​ថា​ជា​ការ​ «ដាក់​សម្ពាធ​ហួស​ហេតុ​» តាមរយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​ដើម្បី​ធ្វើ​ទុក្ខ​បុកម្នេញ​មក​លើ​ថ្នាក់​ដឹកនាំ​​ និង​សកម្មជន​​របស់​​ខ្លួន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​ឆ្លើយតប​ភ្លាមៗ​ដោយ​បញ្ជា​ឲ្យ​កងកម្លាំង​​របស់​រដ្ឋាភិបាល​ត្រៀម​ «កម្ចាត់​ចោល​ឲ្យ​អស់​» នូវ​បាតុកម្ម​ដែល​លោក​ហៅ​ថា​ខុស​ច្បាប់​ដើម្បី​ការពារ​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​សង្គម​។

បន្ទាប់ពី​ការ​កាត់​ទោស​​កាលពី​ថ្ងៃ​​សុក្រ​​​ទៅ​លើ​ប្រធាន​ស្តីទី​​គណបក្ស​​សង្គ្រោះ​ជាតិ​លោក កឹម សុខា​ គណៈកម្មាធិការ​​អចិន្រៃ្តយ៍​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ម្សិលមិញ​​បាន​បោះឆ្នោត​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​​មាន​ការ​ធ្វើ​​មហាបាតុកម្ម​​អហិង្សា​​ និង​បង្កើត​គណៈកម្មាធិការ​​មួយ​ដើម្បី​រៀបចំ​​មហាបាតុកម្ម​នេះ​។ ​នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​​មួយ​ដែល​ចេញ​​កាលពី​ល្ងាច​ម្សិលមិញ។

អ្នក​នាំពាក្យ​គណបក្ស​លោក យឹម សុវណ្ណ ​បាន​ថ្លែង​ថា​គណបក្ស​ចង់​​ចរចា​​ជាមួយ​​គណបក្ស​​ប្រជាជន​កម្ពុជា​ដោយសារ​តែ​ការ​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​​​ជា​បន្ត​​បន្ទាប់​លើ​សមាជិក​របស់​ខ្លួន​ហើយ​ថា​ការ​តវ៉ា​គឺ​ធ្វើ​ឡើង​ដោយសារ​តែ​«គ្មាន​ជម្រើស​» ​ប៉ុន្តែ​ត្រូវ​តែ​ធ្វើការ​តវ៉ា​។ ​


លោក សុវណ្ណ ​បញ្ជាក់​​​ថា​៖ «​​យើង​​មិន​អាច​រង់ចាំ​​មើល​គេ​ចាប់​ខ្លួន​យើង​ម្តង​មួយៗ​​នោះ​​ទេ​»។ ​លោក​​បន្ថែម​ថា​គណៈកម្មាធិការ​ដែល​មាន​សមាជិក​ពី​ ១០ ​ទៅ​ ២០ ​នាក់​​​ដែល​​នឹង​ត្រូវ​បង្កើត​នៅ​ថ្ងៃ​នេះ​នឹង​កំណត់​ថ្ងៃ​ធ្វើ​បាតុកម្ម​។ នៅ​ពេល​សួរ​​​ថា​តើ​អ្នក​គាំទ្រ​ចំនួន​ប៉ុន្មាន​នាក់​​នឹង​ចូលរួម​ធ្វើ​បាតុកម្ម​លោក សុវណ្ណ ​ថ្លែង​ថា​ «​​ច្រើន​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»។

តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​បាន​ជាប់​ពន្ធនាគារ​បី​រូប​​ទៀត​​ប្រឈម​​មុខ​​នឹង​បទ​ព្រហ្មទណ្ឌ​ ​និង​​មេដឹកនាំ​​របស់​គណបក្ស​គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​។


លោក សម រង្ស៊ី ​បាន​និរទេស​​​ខ្លួនឯង​ទៅ​រស់នៅ​បរទេស​​កាលពី​ឆ្នាំ​មុន​ខណៈ​​លោក កឹម សុខា ​កំពុង​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​តាំងពី​ថ្ងៃ​ទី​ ២៦ ខែ​ឧសភា មក​​ដើម្បី​​ចៀស​ពី​ការ​ចាប់​ខ្លួន​​ហើយ​កាលពី​ថ្ងៃ​សុក្រ​ត្រូវ​បាន​តុលាការ​ដែល​មជ្ឈដ្ឋាន​ជាច្រើន​មើល​ឃើញ​ថា​បាន​រង​ឥទ្ធិពល​នយោបាយ​បាន​កាត់​ទោស​​ឲ្យ​ជាប់​ពន្ធនាគារ​​រយៈពេល​ ៥ ​ខែ​​។

លោក​ កឹម សុខា ត្រូវ​បាន​កាត់​ទោស​​ឲ្យ​ជាប់​ពន្ធនាគារ​គឺ​ដោយសារ​ការ​មិន​ចូល​បំភ្លឺ​​ជា​សាក្សី​នៅ​ក្នុង​​ករណី​​សញ្ចារកម្ម​ដែល​មន្រ្តី​អង្គការ​​សិទ្ធិ​មនុស្ស​​បួន​រូប​​ និង​មន្រ្តី​​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​​មួយ​រូប​​ត្រូវ​បាន​ចាប់​​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ផង​ដែរ។

នៅក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​អាទិត្យ​លោក កឹម សុខា បាន​ព្រមាន​ថា​ករណី​ «​អយុត្តិធម៌» ​​នេះ​ដែល​ត្រូវ​បាន​​​មជ្ឈដ្ឋាន​ជាច្រើន​ចាត់​ទុក​ថា​ជា​ហេតុផល​នយោបាយ​អាច​​បង្ក​ឲ្យ​មាន​​មហាបាតុកម្ម​។

ថ្លែង​កាលពី​ម្សិលមិញ​​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ដែល​​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា​គណបក្ស​​​ត្រូវ​ការ​បង្ហាញ​កម្លាំង​។ ​ពួកគេ​​ថ្លែង​ថា​៖ «​​យើង​ត្រូវ​តែ​ដាក់​សម្ពាធ​ទៅ​លើ​គណបក្ស​ប្រជាជន​​វិញ​»។

ទោះ​យ៉ាង​ណា​ក្តី​លោក យឹម សុវណ្ណ បាន​ថ្លែង​ថា​គណបក្ស​​នឹង​ស្វែងរក​ការ​អនុញ្ញាត​ និង​ការ​ការពារ​​ពី​អាជ្ញាធរ​​សម្រាប់​សមាជិក​របស់​ខ្លួន​ដើម្បី​ «​អនុវត្ត​សិទ្ធិ​​របស់​ពួកគេ​»​។

នៅក្នុង​បទសម្ភាស​មួយ​ជាមួយ​​សារព័ត៌មាន​ Fresh News លោក​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជា​ឲ្យ​រដ្ឋមន្រ្តី​​​ក្រសួង​មហាផ្ទៃ​លោក ស ខេង ​និង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​​​​​ត្រៀម​ខ្លួន​កម្ចាត់​​ «​មហាបាតុកម្ម​ខុស​ច្បាប់​»។ ​

ភ្លាមៗ​បន្ទាប់​ពី​វិល​ត្រឡប់​មកពី​ប្រទេស​ចិន​កាលពី​ម្សិលមិញ​លោក​​ ហ៊ុន សែន ក៏​បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ ពីរ​​ថ្ងៃ​ជាប់​គ្នា​រួច​មក​ហើយ​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​គំរាម​ដល់​ស្ថិរភាព​ជាតិ​តាមរយៈ​ការ​រៀបចំ​ធ្វើ​មហាបាតុកម្ម​ដើម្បី​ទាមទារ​របស់​ដែល​ហៅ​ថា​ដំណោះស្រាយ​នយោបាយ។

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖ ​«ខ្ញុំ​សុំ​ប្រាប់​ទៅ​វិញ​ថា​ទេ! មិន​មាន​ដំណោះស្រាយ​នយោបាយ​ណា​ដែល​អាច​រកឃើញ​តាមរយៈ​បក្ស​នយោបាយ​នោះ​ឡើយ​ព្រោះ​វា​ជា​សមត្ថកិច្ច​របស់​តុលាការ​។ បុគ្គល​ដែល​ធ្វើ​ខុស​កុំ​យក​ប្រទេស​ជាតិ​ធ្វើ​ជា​ចំណាប់​ខ្មាំង​កុំ​យក​បក្ស​នយោបាយ​ធ្វើ​​ជា​ជម្រក​បិទ​បាំង​នូវ​កំហុស​របស់​ខ្លួន​។ ខ្ញុំ​បញ្ជា​ដល់​គ្រប់​កម្លាំង​មាន​សមត្ថកិច្ច​ត្រៀម​ខ្លួន​កម្ចាត់​ចោល​នូវ​រាល់​សកម្មភាព​ខុស​ច្បាប់​ទាំងអស់​ដើម្បី​ការពារ​នូវ​ភាព​សុខសាន្ត​របស់​ប្រជាជន។ ដោយ​តម្លៃ​ណា​ក៏ដោយ​គឺ​ត្រូវ​ការពារ​ស្ថិរភាព​នយោបាយ​ សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ឱ្យ​ខាង​តែ​បាន​ព្រោះ​វា​ជា​តម្រូវការ​របស់​ជាតិ​ និង​ប្រជាជន»។

លោក​ក៏​បាន​ព្រមាន​​ខ្លាំងៗ​ទៀត​ថា​មេដឹកនាំ​បាតុកម្ម​កុំ​អាង​លើ​សិទ្ធិ​បញ្ចេញ​មតិ​ហើយ​ភ្លេច​គិត​ដល់​សិទ្ធិ​របស់​អ្នក​ដទៃ​រាប់​ទាំង​សិទ្ធិ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ។​ «ឧទ្ទាមកម្ម​ក្នុង​ទីក្រុង​ដើម្បី​បិទបាំង​ជន​ដែល​តុលាការ​កាត់​ទោស​មិន​ត្រូវ​បាន​អនុញ្ញាត​ទេ។ សុំ​អស់​លោក​លោកស្រី​កុំ​ញ៉ាម និង​កុំ​អាង​លើ​បាតុកម្ម។ វាយ​ពស់​ត្រូវ​វាយ​ក្បាល​មុន បើ​មិន​ជឿ​សុំ​សាក​មើល»។

លោក​ ហ៊ុន សែន ​​​បញ្ជាក់​ទៀត​​ថា៖«​នេះ​មិនមែន​ជា​ការ​គំរាម​ទេ​តែ​វា​ធ្ងន់​​ជាង​គំរាម​ទៅ​ទៀត​ព្រោះ​ជា​ប្រភេទ​នៃ​បទបញ្ជា​ដល់​កម្លាំង​របស់​រាជរដ្ឋាភិបាល​ទាំងអស់​ត្រៀម​ខ្លួន​កម្ចាត់​ចោល​​រាល់​កម្លាំង​ដែល​ធ្វើ​សកម្មភាព​បំផ្លាញ​សន្តិសុខ​ជាតិ​ហើយ​ខ្ញុំ​មាន​សិទ្ឋិ និង​និយាយ​របៀប​នេះ​ព្រោះ​វា​ជា​សិទ្ធិ​អំណាច​នាយក​រដ្ឋមន្ត្រី​»។

តំណាង​ក្រសួង​មហាផ្ទៃ ​និង​តំណាង​នគរបាល​ជាតិ​មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​​កាលពី​ល្ងាច​ម្សិលមិញ​។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​លោក ឈុំ សុជាតិ បាន​បញ្ជាក់​ថា​ក្រសួង​នឹង​​ចាត់​វិធានការ​ «​ការពារ​សន្តិសុខ​សាធារណៈ​» ប្រសិន​បើ​ទទួល​បញ្ជា​ពី​រដ្ឋាភិបាល​។

កាលពី​សប្តាហ៍​មុន ​មុន​ពេល​​សវនាការ​ជំនុំ​ជម្រះ​ករណី​របស់​លោក កឹម សុខា ​កម្លាំង​ប្រដាប់​អាវុធ​បាន​ធ្វើការ​ឆែកឆេរ​នៅ​តាម​​ផ្លូវ​​​មួយ​ចំនួន​ចូល​​ក្នុង​​រាជធានី​ភ្នំពេញ​ដើម្បី​រារាំង​មិន​ឲ្យ​អ្នក​គាំទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ​​​ធ្វើ​ដំណើរ​ទៅ​​​កាន់​គណបក្ស​នេះ​​។

ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​​កាលពី​ម្សិលមិញ​បាន​​​ផ្តល់​ការ​ព្រមាន​ដល់​ពលរដ្ឋ​របស់​ខ្លួន​ដែល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​​ដោយ​កត់សម្គាល់​​ថា​កម្ពុជា​កំពុង​មាន​​​​ភាព​តានតឹង​ខាង​​នយោបាយ​ «​ខ្លាំង​»។

ការ​ព្រមាន​នេះ​បន្ត​ថា​៖ «​​សូម​​ចៀស​ពី​​ការ​តវ៉ា​ និង​បាតុកម្ម​ទាំងអស់​​ព្រោះ​វា​អាច​​ក្លាយ​ជា​ហិង្សា​»៕ PS

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>