
ដោយ វណ្ណ សុគន្ធា20/09/2016 rfi
លោកសម រង្ស៊ី ចោទរដ្ឋាភិបាលខ្មែរថា កំពុងធ្វើសង្គ្រាមប្រឆាំងរាស្ត្រឯង@Kem Sokha Facebook
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅយប់មិញនេះពីក្រៅប្រទេសបានបង្ហោះវីឌីអូក្លិបមួយនៅលើទំព័រហ្វេសប៊ុករបស់លោកបរិហាររដ្ឋាភិបាលខ្មែរជាថ្មី។ ជាការបរិហារដោយចោទថា រដ្ឋាភិបាលខ្មែរសព្វថ្ងៃ ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសជាតិដោយខុសច្បាប់ ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងប្រជារាស្ត្រខ្លួនឯង។
ការធ្វើសង្គ្រាមប្រឆាំងនឹងប្រជារាស្ត្រខ្លួនឯងនេះ លោកសម រង្ស៊ី បានចែកចេញជាពីរ គឺមួយ ការធ្វើសង្គ្រាមនយោបាយ តាមរយៈប្រជាធិបតេយ្យក្លែងក្លាយដែលគ្រាន់តែជាសម្បកក្រៅ ដើម្បីប្រើអំណាចផ្តាច់ការជិះជាន់ប្រជារាស្ត្រ និងកម្ចាត់អ្នកដែលហ៊ានទាមទារសេរីភាពនិងយុត្តិធម៌។ ចំណែកទីពីរ គឺ ការធ្វើសង្គ្រាមសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍន៍ក្លែងក្លាយ ដែលគ្រាន់តែជាល្បិចដើម្បីលួចប្លន់ដីធ្លីប្រជារាស្ត្រ កាប់បំផ្លាញព្រៃឈើ និងយកទ្រព្យសម្បត្តិសាធារណៈទៅលក់ដូរតាមចិត្ត។ បន្ថែមលើនេះ លោកប្រមុខគណបក្សប្រឆាំងកម្ពុជា ក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលខ្មែររករឿងអ្នកសេ្នហាជាតិឥតឈប់ឈរបង្កឲ្យមានភាពតានតឹន ដើម្បីជាលេសធ្វើបាបប្រជារាស្ត្រខ្មែរ និងបង្ក្រាបអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ និងអ្នកស្រឡាញ់យុត្តិធម៌ពិតប្រាកដ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា បានប្រតិកម្មថា ការលើកឡើងរបស់លោកសម រង្ស៊ី ទាំងនេះ គឺជាការប្រឌិតដែលលោកចាត់ទុកលោកសម រង្ស៊ីថា ជាមនុស្សពូកែខាងប្រឌិត និងពូកែខាងភូតភរ។ លោកផៃ ស៊ីផាន បានគូសបញ្ជាក់ថា ការលើកឡើងថាកម្ពុជាមានប្រជាធិបតេយ្យក្លែងក្លាយនោះ គឺជាការឲ្យតម្លៃតែម្នាក់ឯងរបស់លោកសម រង្ស៊ី តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោកអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា បានអះអាងដែរថា រដ្ឋាភិបាលកម្ពុជាមានភារកិច្ចក្នុងការការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងសន្តិភាពជូនដល់ប្រជាពលរដ្ឋ។
ជាការកត់សម្គាល់ ការបរិហារទៅលើរដ្ឋាភិបាលខ្មែរពីសំណាក់លោកសម រង្ស៊ីលើកនេះ បានកើតឡើង ក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីម្សិលមិញបានវាយប្រហារខ្លាំងៗលើគណបក្សសង្គ្រោះជាតិអំពីគម្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស ដើម្បីទាមទារឲ្យមានការចរចារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាក្នុងគោលបំណងបង្វិលស្ថានការនយោបាយឲ្យវិលមករកភាពប្រក្រតីឡើងវិញ។ លោកប្រមុខរដ្ឋាភិបាលខ្មែរ និងជាប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានគូសបញ្ជាក់ជាថ្មីថា មិនមានការចរចានយោបាយណាមួយរវាងគណបក្សទាំងពីរនោះឡើយ។
គួរជំរាបជូនថា នៅពេលនេះ លោកសម រង្ស៊ី កំពុងស្នាក់នៅក្នុងប្រទេសបារាំង បន្ទាប់ពីតុលាការខ្មែរបានចេញដីកោះហៅលោកជាច្រើនដងលើសំណុំរឿងផ្សេងៗគ្នាស្ទើររាប់មិនអស់។ ចំណែកនៅថ្មីៗនេះទៀតសោត លោកសម រង្ស៊ី ក៏កំពុងប្រឈមមុខនឹងតុលាការជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការអត្ថាធិប្បាយរបស់លោកតាមរយៈបណ្តាញសង្គមហ្វេសប៊ុកដែលបានចោទរដ្ឋអំណាចរបស់លោកហ៊ុន សែន ថាជាអ្នករៀបចំអំពើភេរវកម្មបាញ់សម្លាប់លោក បណ្ឌិត កែម ឡី៕