Quantcast
Viewing all articles
Browse latest Browse all 40045

វត្ត​នៅ​តំបន់​ដាច់ស្រយាល​មួយ​ក្នុង​ខេត្ត​សៀមរាប​មិន​សូវ​មាន​អ្នក​ទៅ​កាន់​វេន​ភ្ជុំ​បិណ្ឌ

Image may be NSFW.
Clik here to view.
ព្រះសង្ឃ​ឆាន់​ចង្ហាន់​នៅ​វត្ត​ពោធិ៍រៀង នៅ​ឃុំ​ជប់តាត្រាវ ស្រុក​អង្គរធំ ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Hang Savyouth


ដោយ ហង្ស សាវយុត RFA 2016-09-28

វត្ត​ពោធិ៍រៀង ដែល​ស្ថិត​នៅ​ភូមិ​ពងទឹក ឃុំ​ជប់តាត្រាវ ស្រុក​អង្គរធំ គឺ​ជា​តំបន់​ដាច់ស្រយាល​ចម្ងាយ​ប្រមាណ ៥៤​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប។ វត្ត​នោះ​បាន​កសាង​នៅ​លើ​ទីតាំង​នៃ​អតីត​បន្ទាយ​ទាហាន​ខ្មែរ​ក្រហម​ដ៏​ធំ​ចុង​ក្រោយ​មួយ បន្ទាប់​ពី​កង​ឧទ្ទាម​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ទៅ។

បច្ចុប្បន្ន វត្ត​នេះ​មិន​សូវ​មាន​អ្នក​ស្គាល់ ហើយ​ក៏​មិន​សូវ​មាន​មនុស្ស​ទៅ​ធ្វើ​បុណ្យ​ទាន​ទេ ទាំង​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ ព្រម​ទាំង​រដូវ​បុណ្យ​ទាន​ខាង​ព្រះពុទ្ធសាសនា​ផ្សេងៗ។

ព្រះសង្ឃ និង​គណៈកម្មការ​អាចារ្យ​វត្ត​បាន​ត្អូញត្អែរ​ថា​នៅ​វត្ត​ពោធិ៍រៀង បើ​ទោះ​បី​ជា​ពេល​នេះ គឺ​ជា​រដូវ​កាន់​បិណ្ឌ​ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ខ្មែរ​ក្តី ក៏​វត្ត​នេះ​មិន​សូវ​សម្បូរ​អ្នក​ទៅ​ធ្វើ​បុណ្យ​ទាន​ដូចជា​វត្ត​ដទៃ​ទៀត​ឡើយ។

នៅ​រដូវ​ភ្ជុំ​បិណ្ឌ​នេះ ថ្ងៃ​ខ្លះ​គ្មាន​ពុទ្ធបរិស័ទ​ទៅ​កាន់​បិណ្ឌ​ដាក់​វេន ដើម្បី​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ទេ ធ្វើ​ឲ្យ​គណៈកម្មការ​អាចារ្យ​វត្ត​ត្រូវ​តែ​រក​ជំនួយ​ពី​មេ​ភូមិ មេ​ឃុំ ជួយ​ដោះស្រាយ​ចង្ហាន់​ផ្ទាល់​ខ្លួន​សម្រាប់​ព្រះសង្ឃ។

ចៅ​អធិការ​វត្ត​ពោធិ៍រៀង គឺ​ព្រះ​ភិក្ខុ ច័ន្ទ រាហ៊ុល។ ព្រះអង្គ​មាន​ព្រះ​ថេរ​ដីកា​ថា ដោយសារ​តែ​វត្ត​ពោធិ៍រៀង ស្ថិត​នៅ​ឆ្ងាយ​ដាច់ស្រយាល​ពី​ភូមិ​របស់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​វត្ត​នេះ​មិន​សូវ​មាន​មនុស្ស​ទៅ​ធ្វើ​បុណ្យ​ច្រើន​កុះករ​ដូចជា​វត្ត​ផ្សេងៗ ដែល​មាន​ភូមិ​នៅ​ព័ទ្ធ​ជុំវិញ​ទេ។ បច្ចុប្បន្ន វត្ត​ពោធិ៍រៀង ទីពឹង​តែ​លើ​ពុទ្ធបរិស័ទ​នៅ​ភូមិ​ពងទឹក តែ​មួយ​ប៉ុណ្ណោះ​ដែល​នៅ​ជិត​ជាង​គេ ក៏ប៉ុន្តែ​អ្នក​ភូមិ​ទាំងនោះ​ភាគច្រើន​សុទ្ធតែ​មាន​ជីវភាព​ក្រីក្រ​ទៅ​ទៀត។ ព្រះ​ភិក្ខុ ច័ន្ទ រាហ៊ុល បញ្ជាក់​ថា នៅ​រដូវ​កាន់​បិណ្ឌ​នេះ ព្រះសង្ឃ​ដែល​គង់​នៅ​ក្នុង​វត្ត​បាន​ទទួល​ចង្ហាន់​មិន​គ្រប់គ្រាន់​ទេ ដោយសារ​តែ​មិន​សូវ​មាន​អ្នក​ពី​ចម្ងាយ​ចូល​ទៅ​ធ្វើ​បុណ្យ៖ «ខែ​នេះ​ជា​ខែ​សន្ត​រដូវ​អត់​ឃ្លាន​របស់​ពុទ្ធបរិស័ទ​ដែរ។ ជន​ខ្លះ​ក្រីក្រ​លំបាក​មិន​សូវ​មាន​សទ្ធា ពេល​ខ្លះ​មក​ធ្វើ​បុណ្យ​ក៏​មាន​បុក​ម្ជូរ​អំពិល បុក​ម្អម​យក​មក​វត្ត»។

Image may be NSFW.
Clik here to view.
កុដិ​ប្រក់​ស្លឹក​របស់​ព្រះសង្ឃ​នៅ​វត្ត​ពោធិ៍រៀង នៅ​ឃុំ​ជប់តាត្រាវ ស្រុក​អង្គរធំ ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Hang Savyouth


វត្ត​ពោធិ៍រៀង បច្ចុប្បន្ន​មាន​ភិក្ខុ​ចំនួន ៧​អង្គ និង​សាមណេរ​តូចៗ​ចំនួន ២០​អង្គ​គង់​នៅ​សម្រាប់​ឲ្យ​ពុទ្ធបរិស័ទ​ពឹងពាក់​ធ្វើ​បុណ្យ​ទាន​ផ្សេងៗ។

«សំឡេង​សូត្រ​ធម៌»

ការ​ធ្វើ​ដំណើរ​ទៅ​កាន់​វត្ត​នោះ គឺ​តាម​ផ្លូវ​ចេញ​ពី​ទី​រួម​ស្រុក​អង្គរធំ ឆ្ពោះ​ទៅ​ទិស​ខាង​លិច ដោយ​ឆ្លង​កាត់​ស្ថានភាព​ផ្លូវ​ជង្ហុក​បាក់បែក​ពិបាក​ធ្វើ​ដំណើរ។ ចំណែក​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​ចូល​ទៅ​កាន់​ទី​វត្ត​ទៀតសោត គឺ​មាន​សភាព​ស្ងាត់​ជ្រងំ ឆ្លង​កាត់​ព្រៃ​របោះ​ជាច្រើន ប្រសិន​បើ​មនុស្ស​មិន​ធ្លាប់​ស្គាល់​ប្រាកដ​ជា​ភ័យ​ខ្លាច​មិន​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​ឡើយ។

គណៈកម្មការ​អាចារ្យ​វត្ត​ពោធិ៍រៀង លោក វន ហ៊ាន់ មាន​ប្រសាសន៍​ថា នៅ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​នេះ​ស្រប​ពេល​ដែល​វត្ត​ជាច្រើន​មាន​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​យ៉ាង​សម្បូរ​ហូរហៀរ ចំណែក​នៅ​ឯ​វត្ត​របស់​លោក​បែរ​ជា​ព្រួយ​បារម្ភ​រឿង​ព្រះសង្ឃ​ខ្វះ​ចង្ហាន់​ពេល​ខ្លះ។

«សំឡេង​បរាភវៈ​សូត្រ»

លោក​អាចារ្យ​បញ្ជាក់​ថា កាល​ពី​វេន​ទី​៤ និង​ទី​៥ នៃ​ពិធី​កាន់​បិណ្ឌ នៅ​វត្ត​របស់​គាត់​មិន​មាន​អ្នក​មក​កាន់​វេន​ទេ ធ្វើ​ឲ្យ​ដូនជី និង​គណៈកម្មការ​វត្ត​ត្រូវ​បង្ខំ​ចិត្ត​រៃអង្គាស​លុយ​គ្នា ដើម្បី​យក​លុយ​ទៅ​ទិញ​ម្ហូប​អាហារ​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ដោយ​ខ្លួន​ឯង៖ «មិន​អាច​គ្រប់គ្រាន់​ទេ ចង្ហាន់​ព្រះសង្ឃ ហើយ​ក្នុង​រដូវ​កាន់​បិណ្ឌ ២​ថ្ងៃ​ជាប់ៗ​គ្នា គឺ​ដាច់​វេន ដោយសារ​តែ​អត់​មាន​អ្នក​មក​កាន់»។

ទោះ​បី​ជា​យ៉ាង​ណា វត្ត​ពោធិ៍រៀង គឺ​ស្ថិត​នៅ​លើ​ទីតាំង​ដែល​មាន​បរិស្ថាន​ល្អ ដោយ​មាន​ខ្យល់​អាកាស​បរិសុទ្ធ ព្រម​ទាំង​មាន​ដើម​ឈើ​ច្រើន​ស្អេកស្កះ​ចោល​ម្លប់​ត្រឈឹងត្រឈៃ គួរ​ជា​ទី​រីករាយ​សម្រាប់​អ្នក​ទៅ​កម្សាន្ត​ផង។

Image may be NSFW.
Clik here to view.
មេ​ឃុំ​ជប់តាត្រាវ ស្រុក​អង្គរធំ ខេត្ត​សៀមរាប លោក តែ ង៉ិក ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Hang Savyouth


មេ​ឃុំ​ជប់តាត្រាវ លោក តែ ង៉ិក ទទួល​ស្គាល់​ថា នៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ វត្ត​ពោធិ៍រៀង គឺ​ពិត​ជា​គ្មាន​អ្នក​កាន់​វេន​នៅ​ថ្ងៃ​ខ្លះ​មែន។ លោក​មេ​ឃុំ​ឲ្យ​ដឹង​ថា វត្ត​ពោធិ៍រៀង បច្ចុប្បន្ន គឺ​ទីពឹង​តែ​លើ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពងទឹក មួយ​គត់​ដែល​នៅ​ជិត​ជាង​គេ ហើយ​តែង​ចូល​ទៅ​ធ្វើ​បុណ្យ​ទាន ក៏ប៉ុន្តែ​នៅ​ភូមិ​ពងទឹក ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង ២០០​គ្រួសារ គឺ​ភាគច្រើន​ជីវភាព​ក្រីក្រ ធ្វើ​ស្រែ​ចម្ការ។ អ្នក​ខ្លះ​ទៀត​មាន​ជីវភាព​ដុនដាប​ខ្លាំង​មែនទែន ដោយ​ប្រកប​របរ​ពុះ​ឧស​លក់​ជាដើម។ លោក​មេ​ឃុំ​ជប់តាត្រាវ បញ្ជាក់​ថា នៅ​វត្ត​ពោធិ៍រៀង មិន​ថា​នៅ​រដូវ​ភ្ជុំ​បិណ្ឌ ឬ​ក៏​រដូវ​បុណ្យ​ទាន​ផ្សេងៗ​ទេ គឺ​ព្រះសង្ឃ​មិន​សូវ​សម្បូរ​ចង្ហាន់​ឡើយ៖ «ក្នុង​ពិធី​បុណ្យ​ភ្ជុំ​ក្តី ឬ​ក៏​ពិធី​បុណ្យ​ណា​មួយ​ក្តី ការ​ជួប​ប្រទះ​បញ្ហា​ចោទ​ខ្លះ គឺ​ខ្វះ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ»។

នៅ​រដូវ​ភ្ជុំ​បិណ្ឌ​នេះ​មាន​មនុស្ស​មួយ​ចំនួន​ទៅ​ពី​ទី​រួម​ខេត្ត​សៀមរាប ខ្លះ​ទៅ​ពី​ស្រុក​ពួក និង​ស្រុក​អង្គរជុំ បាន​ឆ្លង​កាត់​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​នោះ ក៏ប៉ុន្តែ​វត្តមាន​មនុស្ស​ដែល​មក​ពី​ចម្ងាយ​មិន​សូវ​ជា​ញឹកញាប់​ទេ។

វត្ត​ពោធិ៍រៀង បាន​បង្កើត​ឡើង​ដំបូង​នៅ​អំឡុង​ឆ្នាំ​១៩៧០ ប៉ុន្តែ​ដល់​ឆ្នាំ​១៩៧៥ ពេល​ដែល​ខ្មែរ​ក្រហម​បាន​ផ្ដួល​រំលំ​របប លន់ នុល គឺ​ទីនោះ​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​ផ្សឹក​ព្រះសង្ឃ​ទាំងអស់ ទុក​ទីនោះ​ឲ្យ​ក្លាយ​ទៅ​ជា​ព្រៃ​រហោឋាន។ ចាប់​ពី​អំឡុង​ឆ្នាំ​១៩៧៩ ពួក​ខ្មែរ​ក្រហម​បាន​យក​ទីនោះ​ធ្វើ​ជា​បន្ទាយ​កងទ័ព​សម្រាប់​វាយ​ប្រយុទ្ធ​ជាមួយ​ទាហាន​វៀតណាម និង​ទាហាន​រដ្ឋ​កម្ពុជា ដោយ​នៅ​ជុំវិញ​ពោរពេញ​ទៅ​ដោយ​គ្រាប់មីន និង​លេណដ្ឋាន​ត្រៀម​ប្រយុទ្ធ។

បន្ទាប់​ពី​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ចាប់​ពី​ឆ្នាំ​១៩៩៨ ទីនោះ​ត្រូវ​បាន​ក្រុម​ដោះ​មីន​ហាឡូត្រាស់ (Halo Trust) ចូល​ទៅ​បោស​សម្អាត ហើយ​ប្រគល់​ដី​ប្រមាណ ៦​ហិកតារ​ទៅ​ឲ្យ​អ្នក​ភូមិ​ប្រើប្រាស់។ ដោយសារ​ទីនោះ​ធ្លាប់​ជា​ទី​អារាម អ្នក​ភូមិ​ក៏​ស្រុះស្រួល​គ្នា​បង្កើត​ឲ្យ​ទៅ​ជា​ទី​វត្ត​ឡើង​វិញ​ចាប់​ពី​ឆ្នាំ​២០០៣។

ទោះ​ជា​យ៉ាង​ណា បច្ចុប្បន្ន វត្ត​ពោធិ៍រៀង នៅ​មាន​ការ​ខ្វះខាត​នៅ​ឡើយ ដូចជា​មិន​ទាន់​មាន​ព្រះវិហារ គឺ​មាន​តែ​កុដិ​តូចៗ​ព្រះសង្ឃ​គង់​នៅ ខ្លះ​ប្រក់​ស្លឹក ខ្លះ​ប្រក់​ស័ង្កសី និង​សាលាឆាន់​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជាដើម៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>