មុនបោះឆ្នោតធ្វើជាសុំចៅហ្វាយចរចាមិនត្រូវការសហគមអន្តរជាតិ?. ~Reader
នៀម ឆេង ភ្នំពេញ ប៉ុស្តិ៍ Thu, 29 September 2016
ភ្នំពេញៈ កម្ពុជានៅកំពុងរង់ចាំការឆ្លើយតបពីភាគីវៀតណាមទៅនឹងសំណើដែលស្នើសុំជួបចរចាជាថ្មីទៀតពីរឿងបញ្ហាព្រំដែនដ៏ចម្រូងចម្រាសខណៈដែលភាគីវៀតណាមជិតបញ្ចប់ដំណើរការសាងសង់ប៉ុស្តិ៍មួយនៅតាមព្រំដែនក្នុងខេត្តរតនគិរីដោយមិនអើពើទៅនឹងសំណើរបស់កម្ពុជាដែលស្នើឲ្យបញ្ឈប់ការសាងសង់។
សំណើសុំចរចាជាថ្មីទៀតដែលកម្ពុជាបានដាក់ទៅជិតពីរសប្តាហ៍មកហើយនេះធ្វើឡើងខណៈដែលវៀតណាមបានឆ្លើយតបទៅនឹងកំណត់ទូតរបស់កម្ពុជាដែលបានស្នើឲ្យភាគីវៀតណាមបញ្ឈប់សកម្មភាពសាងសង់ដែលមានភាពចម្រូងចម្រាសនានានៅតាមព្រំដែន និងបន្ទាប់ពីជំនួបចរចាកាលពីខែមុនរបស់ភាគីទាំងពីរក្នុងទីក្រុងភ្នំពេញមិនទទួលបានលទ្ធផល។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថាលោកបានស្នើចរចាសារជាថ្មីទៅភាគីវៀតណាមដើម្បីរកដំណោះស្រាយព្រំដែនដោយសន្តិវិធី។ លោកបញ្ជាក់ថា៖ «យើងបានស្នើជិត ២ សប្តាហ៍ហើយស្នើឲ្យមានការប្រជុំឆាប់ៗនេះ។ អាចធ្វើនៅខ្មែរក៏បាននៅវៀតណាមក៏បាន»។ លោកថ្លែងថាប្រធានបទដែលកម្ពុជានឹងយកមកពិភាក្សា និងតវ៉ាគឺរឿងចាស់ដដែល។ លោកបន្តថា៖ «យើងស្នើទៅចរចាដើម្បីយើងដោះស្រាយគេមិនទាន់ឆ្លើយតបទេ។ សំខាន់ការចរចាហ្នឹងហើយដែលជារបៀបដោះស្រាយដោយសន្តិវិធី។ រឿងប៉ុណ្ណឹងយើងមិនទៅដល់តុលាការទេ។ តុលាការមិនមែនជាចម្លើយទេ។ តុលាការណាមកជួយយើងបើយើងមិនដោះស្រាយខ្លួនយើង។ តុលាការក្រោមន័យអង្គការសហប្រជាជាតិគេជំរុញឲ្យប្រទេស និងប្រទេសដោះស្រាយដោយសន្តិវិធីដោយការចរចា។ បើថាយើងទាល់ច្រកហើយបានយើងទៅតុលាការ»។
ស្របពេលជាមួយគ្នានេះសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថាក្រសួងការបរទេសកម្ពុជាបានទទួលការឆ្លើយតបពីរដ្ឋាភិបាលវៀតណាមហើយចំពោះកំណត់ទូតដែលកម្ពុជាបានផ្ញើកាលពីខែសីហា។ ប៉ុន្តែភ្នំពេញប៉ុស្តិ៍មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការបរទេសបានទេថាតើវៀតណាមយល់ព្រមផ្អាកសកម្មភាពសាងសង់ប៉ុស្តិ៍ធ្វើផ្លូវ និងជីកស្រះនៅក្នុងខេត្តចំនួន ៥ ដែលកម្ពុជាបានស្នើឬយ៉ាងណា។
លោក វ៉ា គឹមហុង បានថ្លែងថាខ្លឹមសារនៃការឆ្លើយតបកំណត់ទូតស្ថិតនៅក្នុងដៃរបស់ក្រសួងការបរទេស។ ប៉ុន្តែលោកថ្លែងថា៖ «វៀតណាមថាគេធ្វើនៅក្នុងដីគេយើងថានៅក្នុងដីយើង ឬថាធ្វើហ្នឹងនៅកន្លែងដែលមិនទាន់ឯកភាពគ្នាក្នុងការកំណត់ខណ្ឌព្រំសីមា។ អាហ្នឹងវាខុសគ្នាត្រង់ហ្នឹង។ គេបកស្រាយថាធ្វើនៅក្នុងដីគេយើងថាមិនមែននៅក្នុងដីដែលត្រូវធ្វើទេព្រោះមិនទាន់ឯកភាពគ្នា»។
នៅខេត្តរតនគិរីទាហានវៀតណាមនៅតែបន្តសាងសង់ប៉ុស្តិ៍នៅក្នុងតំបន់ដែលមិនទាន់មានការព្រមព្រៀងគ្នាក្នុងការបោះខណ្ឌសីមានៅឡើយដោយមិនអើពើទៅតាមសំណើដែលកម្ពុជាស្នើឲ្យបញ្ឈប់ការសាងសង់ឡើយ។
លោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរីបានឲ្យដឹងថាវៀតណាមនៅតែបន្តសាងសង់ប៉ុស្តិ៍ក្នុងតំបន់នោះដោយមិនព្រមបញ្ឈប់សកម្មភាពទេបើទោះជាអាជ្ញាធរខេត្តចុះហាមឃាត់ជាញឹកញាប់ក៏ដោយ។ «ឥឡូវគាត់ធ្វើប៉ុស្តិ៍ហ្នឹងបានជាង ៨០ ភាគរយហើយយើងចុះទៅហាមឃាត់ជាញឹកញាប់តែគាត់ថាគាត់ធ្វើក្នុងដីគាត់ហើយថាអត់ឈប់ទេបើអត់មានបញ្ជាពីរដ្ឋាភិបាលគាត់»៕