
ដោយ ហ៊ុំ ចំរើន RFA 2016-09-29
ប្រជាពលរដ្ឋខ្មែរ-ឡាវ នៅក្នុងវត្តមួយ នាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅរក្សាប្រពៃណីទំនៀមទម្លាប់ ប្រារព្ធពិធីបុណ្យភ្នំបិណ្ឌ ដូចជា ពលរដ្ឋខ្មែរទូទៅដែរ។ ពួកគាត់បានយកបាយសម្លនំចំណី ទៅប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជនដែលបានចែកឋានទៅហើយ តាមជំនឿព្រះពុទ្ធសាសនារៀងៗខ្លួន។
រដូវបុណ្យភ្ជុំបិណ្ឌម្ដងៗ គឺពលរដ្ឋខ្មែរឡាវ នៅខេត្តបន្ទាយមានជ័យ ក៏មិនខុសពីពលរដ្ឋទូទៅប៉ុន្មានដែរ គឺសមាជិកគ្រួសាររបស់ពួកគាត់ ដែលទៅធ្វើការងារនៅឆ្ងាយពីផ្ទះសម្បែង អ្នកខ្លះបានវិលមកត្រឡប់លេងស្រុកកំណើតជួបជុំបងប្អូននៅថ្ងៃបុណ្យនេះ។
ពលរដ្ឋខ្មែរ-ឡាវ អង្គុយនៅលើកៅអីជួបជុំបងប្អូននៅខាងមុខផ្ទះនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ លោក អ៊ុន ប៊ុនថើន រៀបរាប់ថា កូនស្រីរបស់លោកចំនួន២នាក់ ទៅធ្វើការងារនៅប្រទេសថៃជាង១ឆ្នាំហើយ។ ពួកគាត់មិនបានមកចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះទេ។ ហេតុដែលមិនបានមកលេងស្រុកកំណើតឆ្នាំនេះ ដោយសារពួកគេលំបាកក្នុងការធ្វើដំណើរចេញចូលពីទឹកដីថៃមកកម្ពុជា។ បុរសវ័យ៥០ឆ្នាំប្លាយនិយាយខ្មែររដឺនរូបនេះ បន្តដោយសំដីមួយៗថា កូនៗបានផ្ញើប្រាក់មកឲ្យលោកវិចនំ ធ្វើបាយសម្លយកទៅវត្តភ្នំបាក់ ប្រគេនព្រះសង្ឃក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការី ជនដែលបានចែកឋានទៅហើយ៖ «ត្រៀមម្ហូបអាហារ ទឹកក្រូច សាច់មាន់សាច់ទា និងប្រហុកអំបិល ជូនទៅវត្តឲ្យជីដូនជីតាដែលស្លាប់ទៅ។ ពេលវេរចង្ហាន់ដល់ព្រះសង្ឃហើយ បានយករបស់ទាំងនោះទៅដាក់កន្លែងអដ្ឋិធាតុឪពុកម្ដាយនៅទីវត្ត»។

ពលរដ្ឋខ្មែរ-ឡាវ នៅសង្កាត់ទឹកថ្លា ភាគច្រើននិយមទៅធ្វើបុណ្យទាន នៅភ្នំបាក់ ក្រុងសិរីសោភ័ណ។ ទាំងការជួបគ្នាក្នុងវត្ត ឬពេលធ្វើដំណើរតាមដងផ្លូវ នៅក្នុងភូមិ ពួកគាត់តែងនិយាយភាសាលាវ ក្នុងការទំនាក់ទំនងគ្នា។
ពលរដ្ឋខ្មែរ-ឡាវ នៅភ្នំបាក់ម្នាក់ទៀតអង្គុយនៅលើគ្រែសំយាបផ្ទះ គឺអ្នកស្រី ថង ចាន់ញូម ថ្លែងថា អ្នកស្រីរស់នៅក្នុងខេត្តបន្ទាយមានជ័យ តាំងពីដូនតាមក ហើយតែងតែរក្សាប្រពៃណី ធ្វើម្ហូបនំចំណីយកទៅប្រគេនព្រះសង្ឃក្នុងវត្ត នារដូវបុណ្យភ្ជុំបិណ្ឌរៀងរាល់ឆ្នាំ ពុំដែលខានឡើយ៖ «ហើយបិណ្ឌលាវក៏កាន់បិណ្ឌខ្មែរជាមួយគ្នា មិនដែលខានទេ។ ខ្ញុំទៅភ្ជុំបុណ្យនៅវត្តភ្នំបាក់ មិនសូវបានទៅវត្តផ្សេងទេ ព្រោះវត្តនេះនៅជិតផ្ទះងាយស្រួលធ្វើដំណើរទៅមក»។
អាចារ្យវត្តភ្នំបាក់ជនជាតិខ្មែរ-ឡាវ លោក លី ដេតសុវ៉ាត់ ប្រាប់អាស៊ីសេរី នៅមុខសាលាធម្មសភា វត្តភ្នំបាក់ថា នៅថ្ងៃកាន់បិណ្ឌវេនទី១ គឺជាថ្ងៃទីបុណ្យធំរបស់ខ្មែរ-ឡាវ។ នៅក្នុងឱកាសនេះ ជនជាតិខ្មែរឡាវបានយកនំចំណីទៅវត្តប្រគេនព្រះសង្ឃគ្រប់គ្នា។ លោកបញ្ជាក់ថា បើទោះជាថ្ងៃបុណ្យធំកន្លងផុតទៅហើយក្ដី ក៏ប៉ុន្តែនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋខ្មែរឡាវនៅទីជិតទីឆ្ងាយតែងមកជួបជុំក្រុមគ្រួសារ ហើយធ្វើម្ហូបបាយសម្ល នំ ចំណីយកទៅវត្តទៅវ៉ាដូចគ្នា៖ «ហើយពួកយើងខ្ញុំពេលសែនមិនបានសែននៅលើផ្ទះ ឬនៅទីធ្លាផ្ទះទេ គឺសែននៅទីវត្តតែម្ដង គឺខុសពីបងប្អូនខ្មែរយើង សែននៅផ្ទះ។ដោយឡែកយើងមានធ្វើរានទេវតាដែរ ក៏ប៉ុន្តែមិនមែនសែនដល់ជីដូនជីតាទាំង៧សណ្ដានទេ ព្រោះខ្លាចមិនអាចរកយើងឃើញ តាមព្រះពុទ្ធសាសនាប្រេត មិនអាចទៅទីប្រជុំជនបាន ខ្មាសគេដោយសារមានអាក្រាត កាយ»។
ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ លោក យិន យឿន មានប្រសាសន៍ថា ពលរដ្ឋខ្មែរលាវ នៅក្នុងខេត្តបន្ទាយមានជ័យ មាននៅក្នុងស្រុកអូរជ្រៅ មង្គលបូរី និងនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ប៉ុន្តែលោកពុំបានដឹងតួលេខច្បាស់ ថាមានជនជាតិខ្មែរឡាវ ចំនួនប៉ុន្មាននាក់រស់នៅក្នុងខេត្តនេះឡើយ៖ «បាទ!មកជួបជុំគ្នាដូចគ្នានឹងពលរដ្ឋខ្មែរយើងដែរ ហើយគាត់ក៏មកវត្តខ្មែរ ហើយពលរដ្ឋក៏ទៅវត្តលាវ ទៅមកដូចគ្នា»។
សាស្ត្រាចារ្យប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក វង់ សុធារ៉ា មានប្រសាសន៍ថា ពលរដ្ឋឡាវ មករស់នៅក្នុងទឹកដីកម្ពុជា អំឡុងសតវត្សទី១៧ និងទី១៨ ដោយអ្នកខ្លះមករស់នៅជាចំណាកស្រុក ខ្លះទៀតមករស់នៅដោយសារប្រទេសឡាវមានសង្គ្រាម និងមួយផ្នែកទៀតមករស់នៅជាជនភៀសខ្លួន ដោយសារបញ្ហានយោបាយកាលពីសម័យនោះ។ លោកបន្ថែមថា ពលរដ្ឋខ្មែរ-ឡាវភាគច្រើន បានប្ដូរទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន ទាំងខាងជំនឿសាសនា និងការរស់នៅប្រចាំថ្ងៃជាដើម គឺស្រដៀងនឹងពលរដ្ឋខ្មែរទូទៅស្ទើរទាំងស្រុង៖ «ដូច្នេះរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់លើកទឹកចិត្តឲ្យពួកគាត់ថែរក្សាទំនៀមទម្លាប់នេះឲ្យបានល្អ។ ម្យ៉ាងទៀត តាមរយៈការអប់រំដូចជា គ្រូបង្រៀនធ្វើយ៉ាងណា បត់បែនតាមតំបន់ការរស់នៅ ឲ្យគាត់មានទឹកចិត្តស្រលាញ់ថែរក្សាប្រពៃណីទំនៀមទម្លាប់របស់ពួកគាត់»។
អ្នកជំនាញប្រវត្តិសាស្ត្ររូបនេះ ឲ្យដឹងទៀតថា ពលរដ្ឋខ្មែរ-ឡាវ មករស់នៅកម្ពុជាសព្វថ្ងៃ មានជាអាទិ៍នៅខេត្តបន្ទាយមានជ័យ ស្ទឹងត្រែង ស្វាយរៀង ព្រះវិហារ រតនគីរី និងខេត្តមណ្ឌលគិរីជាដើម។
ទន្ទឹមគ្នានេះ អាចារ្យវត្តភ្នំបាក់ បញ្ជាក់ថា ពលរដ្ឋខ្មែរនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានប្រហែលជាង២០០គ្រួសារ ដោយពួកគាត់ច្រើនប្រកបរបរធ្វើស្រែចម្ការ ហើយនៅនិយាយភាសាឡាវ ក្នុងការទំនាក់ទំនងគ្នាបានយ៉ាងល្អ៕