Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

ក្រុមប្រឹក្សា​ឃុំ​ត្រពាំងធំ​បារម្ភ​ខ្លាច​ពលរដ្ឋ​ទៅ​ធ្វើ​ការ​នៅ​ថៃ​មិន​វិល​មក​ចុះ​ឈ្មោះ​បោះឆ្នោត

$
0
0
សកម្មភាព​មន្ត្រី​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​ចុងឃ្នៀស ខេត្ត​សៀមរាប ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទៅ​​ក្នុង​បញ្ជី​ថ្មី កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។  RFA/Hang Savyouth

ដោយ ហង្ស សាវយុត RFA 2016-10-02

ឃុំ​ត្រពាំងធំ នៃ​ស្រុក​ប្រាសាទបាគង ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង ២៥​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​សៀមរាប គឺ​មាន​ប្រជាពលរដ្ឋ​ចាក​ចោល​ផ្ទះ​សម្បែង​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ជាច្រើន​រយ​នាក់​ក្នុង​ពេល​បច្ចុប្បន្ន។ ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ជា​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ដំណើរ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ទៅ​ក្នុង​បញ្ជី​ថ្មី​មក គេ​មិន​ទាន់​ឃើញ​ពលរដ្ឋ​ភាគច្រើន​ដែល​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទាំងនោះ វិល​ត្រឡប់​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ​ទេ។

មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ត្រពាំងធំ នៃ​ស្រុក​ប្រាសាទបាគង ព្រួយ​បារម្ភ​ថា ពលរដ្ឋ​របស់​ឃុំ​នេះ​ដែល​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ ច្រើន​រយ​នាក់ អាច​នឹង​បាត់​សិទ្ធិ​បោះឆ្នោត​សម្រាប់​ពេល​ខាង​មុខ។ ការ​ព្រួយ​បារម្ភ​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ឲ្យ​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​ទៅ​ក្នុង​បញ្ជី​ថ្មី ចាប់​ដំណើរ​ការ​រយៈពេល ៣២​ថ្ងៃ​មក​ហើយ​គិត​មក​ដល់​ថ្ងៃ​អាទិត្យ ទី​២ ខែ​តុលា ក៏ប៉ុន្តែ​គេ​នៅ​មិន​ឃើញ​ពលករ​ចំណាក​ស្រុក​ទាំងនោះ​វិល​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ។

ជំទប់​ទី​២ ឃុំ​ត្រពាំងធំ គឺ​លោក សយ សីហា។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២ ខែ​តុលា ថា លោក​បាន​សង្កេត​មើល​ជាច្រើន​ថ្ងៃ​តាំង​ពី​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​ប្រជាពលរដ្ឋ​ដែល​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ ណា​ម្នាក់​បាន​វិល​ត្រឡប់​មក​ជួបជុំ​គ្រួសារ និង​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ទៅ​ក្នុង​បញ្ជី​ថ្មី​នៅ​ឡើយ​ទេ។

លោក សយ សីហា បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២ ខែ​តុលា បន្ទាប់​ពី​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​បាន​កន្លង​ផុត​ទៅ ១​ថ្ងៃ​ហើយ គឺ​លោក​បាន​អង្គុយ​នៅ​កន្លែង​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត ក៏ប៉ុន្តែ​វា​មាន​ស្ថានភាព​ស្ងាត់​ជ្រងំ ដោយសារ​តែ​មិន​មាន​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត៖ «ចំណាក​ស្រុក​អត់​មាន​មក​សោះ នៅ​តាម​វត្ត​អារាម​អី ក៏​មិន​ឃើញ​ទៅ​ធ្វើ​បុណ្យ ហើយ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ទៀតសោត ប្រហែល​ជា​អត់​ទេ​មើល​ទៅ»។

អាជ្ញាធរ​ឃុំ​ត្រពាំងធំ ឲ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន​នៅ​ទូទាំង​ឃុំ​នេះ មាន​ពលរដ្ឋ​ប្រហែល ២០០​នាក់​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ។

ស្ត្រី​ឈ្មោះ តូច នាន នៅ​ភូមិ​ស្វាយជ័យ ឲ្យ​ដឹង​ថា កូន​ប្រុស​របស់​គាត់​ម្នាក់ និង​កូន​ស្រី ២​នាក់​បាន​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ រយៈពេល ៣​ឆ្នាំ​ហើយ។ មុន​ពេល​ភ្ជុំ​បិណ្ឌ កូន​ស្រី​របស់​គាត់​ម្នាក់​បាន​មក​យក​ចៅ​តូច​ម្នាក់​ពី​គាត់​ទៅ​នៅ​ប្រទេស​ថៃ ដែរ។

ស្ត្រី​ដដែល​បញ្ជាក់​ថា គាត់​បាន​ទូរស័ព្ទ​ប្រាប់​ទៅ​កូនៗ​ដែល​កំពុង​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ ឲ្យ​ឆ្លៀត​ពេល​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​បញ្ជី​ថ្មី ក៏ប៉ុន្តែ​ពួក​គេ​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​ទេ៖ «ពួក​គេ​មិន​បាន​មក​ទេ ពីព្រោះ​នៅ​មុន​បិណ្ឌ​គេ​មក​ម្ដង​ហើយ។ ខ្ញុំ​បាន​ហៅ​គេ​ឲ្យ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ដែរ ប៉ុន្តែ​គេ​ថា​គ្មាន​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ​ទេ»។

ប្រជាពលរដ្ឋ​ខ្លះ​ទាំង​អ្នក​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​អ្នក​ដែល​កំពុង​រស់នៅ​ក្នុង​ស្រុក ហាក់​ដូចជា​ជិនណាយ​ចំពោះ​ការ​បោះឆ្នោត​ជ្រើសរើស​អ្នក​ដឹកនាំ​នៅ​ពេល​ខាង​មុខ។ ពួក​គេ​និយាយ​ថា រយៈពេល ៥​អាណត្តិ​មក​ហើយ​ដែល​ពួក​គេ​បាន​ទៅ​បោះឆ្នោត ដើម្បី​ជ្រើសរើស​អ្នក​ដឹកនាំ​រដ្ឋាភិបាល​ឲ្យ​បាន​ល្អ ក៏ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វា​ហាក់​ដូចជា​មិន​មាន​អ្វី​ផ្លាស់ប្ដូរ និង​ជួយ​ដល់​ជីវភាព​របស់​ពួក​គេ​ឲ្យ​ប្រសើរ​សោះ ដូចជា​ពួក​គេ​ក្រីក្រ គឺ​នៅ​តែ​ក្រីក្រ ព្រម​ទាំង​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក ជា​ហេតុ​បង្ខំ​ឲ្យ​ពួក​គេ​ត្រូវ​ចាក​ចោល​ផ្ទះ​សម្បែង និង​ក្រុម​គ្រួសារ​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​ប្រទេស​កូរ៉េ ជាដើម៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>