Quantcast
Viewing all articles
Browse latest Browse all 40045

មន្ត្រី​បក្ស​កាន់អំណាច​ថា​លោក កឹម សុខា អាច​​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ដោយ​គ្មាន​ការ​រារាំង

Image may be NSFW.
Clik here to view.
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ដៃ​ស្វាគមន៍​​​សកម្មជន​របស់​លោក នា​ទីស្នាក់ការ​កណ្ដាល​ក្នុង​​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។  RFA/Cheu Sideth


ដោយ ថា កិត្យា RFA 2016-10-01

មន្ត្រី​គណបក្ស​កាន់​អំណាច​ថា លោក កឹម សុខា អាច​ចេញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ដោយ​គ្មាន​ចំណាត់​ការ​ពី​សំណាក់​អាជ្ញាធរ​ឡើយ ព្រោះ​សាលក្រម​ផ្ដន្ទាទោស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ទាន់​សម្រេច​ស្ថាពរ​នៅ​ឡើយ។ លោក កឹម សុខា បាន​ប្រកាស​ថា លោក​នឹង​ចេញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្រោយ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ។

​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​ទាន់​ក្លាយ​ជា​ទណ្ឌិត​នៅ​ឡើយ ព្រោះ​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​ចូល​ស្ថាពរ ដូច្នេះ​លោក កឹម សុខា អាច​ចេញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន។

​លោក សុខ ឥសាន ពន្យល់​បន្ថែម​ថា តាម​នីតិវិធី ក្រោយ​ពេល​កាត់​សេចក្ដី​នោះ គឺ​តុលាការ​ផ្ដល់​សិទ្ធិ​រយៈពេល​ពីរ​ទៅ​បី​ខែ ដើម្បី​ឲ្យ​លោក កឹម សុខា ប្ដឹង​ទៅ​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​ដើម្បី​ប្រឆាំង​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ៖ «បើ​គាត់​ចេញ​យូរ​ហើយ​ក៏​បាន​ដែរ វា​មាន​បញ្ហា​អី វា​អត់​ផង»។

​ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​លោក កឹម សុខា បាន​សរសេរ​មតិ​យោបល់ (Comment) ថា លោក​នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត បន្ទាប់​ពី​ចប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​សប្ដាហ៍​ក្រោយ​នេះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក បន្ទាប់​ពី​លោក​បាន​បង្ហោះ​វីដេអូ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ដឹង​ច្បាស់​ថា លោក កឹម សុខា នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ណា​ជាក់លាក់​នៅ​ឡើយ​នៅ​សប្ដាហ៍​ក្រោយ​នេះ៖ «គ្រាន់​តែ​ដឹង​ថា គាត់​គ្រោង​នឹង​ទៅ តែ​ខ្ញុំ​មិន​ទាន់​ដឹង​ច្បាស់​ថា​គាត់​ទៅ​ពេលណា ថ្ងៃ​ណា ម៉ោង​ណា ហើយ​ទៅ​ចុះ​នៅ​កន្លែង​ណា​ឡើយ»។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា កន្លង​ទៅ ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ដាក់​ពន្ធនាគារ​រយៈពេល ៥​ខែ និង​ពិន័យ​លុយ​ចំនួន ៨​សែន​រៀល ពី​បទ​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​ក្នុងនាម​ជា​សាក្សី តាម​ដីកា​កោះ​របស់​តុលាការ​ជា​ច្រើន​លើក​ច្រើន​សា​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម ទាក់ទិន​នឹង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។ ជុំវិញ​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា នេះ​ជា​ករណី​នយោបាយ​ច្រើន​ជាង​បទល្មើស​ដែល​តុលាការ​ត្រូវ​ចោទ​ប្រកាន់។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា តាម​ផ្លូវ​ច្បាប់​លោក កឹម សុខា អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ព្រោះ​សាលក្រម​មិន​ទាន់​ចូល​ជា​ស្ថាពរ ហើយ​មិន​ទាន់​មាន​ដីកា​ចាប់​ខ្លួន​នៅ​ឡើយ។

លោក សំ គន្ធាមី បន្ត​ថា ការ​ស្ងប់ស្ងាត់​មួយ​រយៈ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គឺ​មាន​អំណោយផល​ល្អ​សម្រាប់​ដំណើរ​ការ​បោះឆ្នោត​ទាំង​មូល ជា​ពិសេស​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ ទន្ទឹម​គ្នា​នេះ លោក​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឆាប់​វិល​ចូល​តុ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​កន្លង​មក៕

Viewing all articles
Browse latest Browse all 40045

Trending Articles