Quantcast
Viewing all articles
Browse latest Browse all 40045

សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បណ្ដែតបណ្ដោយ​ឲ្យ​ឈ្មួញ​បន្ត​ជួញ​ដូរ​សត្វ​ព្រៃ

Image may be NSFW.
Clik here to view.
សត្វ​ស្វា​ព្រៃ​ដែល​អ្នក​ភូមិ​ក្នុង​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បាញ់​បាន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Men Sothyr


ដោយ ម៉ែន សុធីរ RFA 2016-10-10

មន្ត្រី​សង្គម​ស៊ីវិល​សម្ដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​បណ្តែតបណ្តោយ​ឲ្យ​មាន​ការ​លក់ និង​ជួញដូរ​សត្វ​ព្រៃ​នៅ​ទី​តាម​ទីផ្សារ និង​ភោជនីយដ្ឋាន​មួយ​ចំនួន​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​ជា​ការ​លើក​ទឹក​ចិត្ត​ក្នុង​ការ​បំផ្លាញ​សត្វ​ចតុប្បាទ​ព្រៃ​ដ៏​កម្រ​នៅ​កម្ពុជា។ ការ​បារម្ភ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ដាក់​តាំង​លក់​សត្វ​ព្រៃ​នៅ​ផ្សារ​ខេត្ត​ស្ទឹងត្រែង ប្រចាំ​ថ្ងៃ ពុំ​ឃើញ​សមត្ថកិច្ច​បង្ក្រាប​ឡើយ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល រិះគន់​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ជំនាញ​ថា​មាន​លក្ខណៈ​ទន់ជ្រាយ និង​កម្សោយ​នៅ​ឡើយ ទាក់ទិន​ការ​បង្ក្រាប​ការ​ជួញដូរ​សត្វ​ព្រៃ ដែល​កំពុង​ចរាចរ​លក់​ជា​ប្រចាំ​ថ្ងៃ​នៅ​ផ្សារ​ខេត្ត​ស្ទឹងត្រែង។

លើស​ពី​នេះ ការ​ជួញដូរ​សត្វ​ព្រៃ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ទាំង​ការ​បរបាញ់ ប្រើ​ថ្នាំ​បំពុល ដាក់​អន្ទាក់ និង​ការ​ជួញដូរ ហើយ​ក្រុម​ឈ្មួញ​អាច​មាន​ខ្នង​បង្អែក ឬ​សែស្រឡាយ​ជា​អាជ្ញាធរ​មាន​ឥទ្ធិពល​ក្នុង​ខេត្ត​នេះ។
មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល រក​ឃើញ​ថា ទីតាំង​លក់​សត្វ​ព្រៃ​នៅ​ផ្សារ​ខេត្ត​ស្ទឹងត្រែង មាន ៤ ទៅ ៥​ទីតាំង ដែល​ឈ្មួញ​មុខ​ដដែលៗ​បាន​ដាក់​លក់​ជាច្រើន​ខែ​កន្លង​ទៅ។ លោក​ថា កន្លង​ទៅ ការ​បង្ក្រាប​របស់​អាជ្ញាធរ​ជំនាញ​ត្រឹម​តែ​រឹបអូស​សាច់​សត្វ​ព្រៃ និង​វត្ថុ​តាង​មួយ​ចំនួន​បំផ្លាញ​ចោល ពុំ​ឃើញ​ចាប់​ជន​ល្មើស​ផ្ដន្ទាទោស​តាម​ច្បាប់ ធ្វើ​ឲ្យ​ជន​ល្មើស និង​អ្នក​ពាក់ព័ន្ធ មិន​រាង​ចាល​ទេ៖ «អ្នក​ដែល​លក់​យូរ​មក​ហើយ ក៏​ធ្លាប់​បាន​អាជ្ញាធរ​ជំនាញ ឬ​មួយ​ក៏​កម្លាំង​សមត្ថកិច្ច បាន​ធ្វើ​ការ​បង្ក្រាប​ដែរ តែ​បង្ក្រាប​ដូច​វែក​ចក​នៅ​ក្នុង​បឹង​ចឹង។ បង្ក្រាប​បាន​តែ​មួយ​ភ្លែត​ចឹង​ទៅ យក​សាច់​សត្វ​ជិត ១០០​គីឡូ ឬ ១០០​គីឡូ​ទៅ​ដុត​ចោល ប៉ុន្តែ​ដោយឡែក​អ្នក​ដែល​លក់ ដូចជា​មិន​មាន​តាម​ផ្លូវ​ច្បាប់។ ឃើញ​តែ​បង្ក្រាប ចាប់​ហើយ​មក​លក់​វិញ​ដដែល»។

លោក ហូ សំអុល បន្ថែម​ថា ការ​បណ្តោយ​ឲ្យ​ឈ្មួញ​លក់​សត្វ​ព្រៃ និង​ការ​អនុវត្ត​ច្បាប់​ធូររលុង គឺ​ជា​ទម្រង់​នៃ​ការ​រួម​ចំណែក​បំផ្លាញ​សត្វ​ចតុប្បាទ​ព្រៃ​ដ៏​កម្រ​នៅ​កម្ពុជា។ លោក​កត់​សម្គាល់​ថា សត្វ​ព្រៃ​ទាំងនោះ​ទំនង​ជា​ត្រូវ​បាន​ចរាចរ​ពី​ព្រៃ​ឡង់ ស្រុក​ថាឡាបរិវ៉ាត់ តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក្នុង​ស្រុក​សៀមប៉ាង និង​តំបន់​ព្រៃស្រោង​មួយ​ចំនួន​ទៀត​នៃ​ស្រុក​សេសាន និង​ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៦ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ មន្ត្រី​អាវុធហត្ថ និង​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ បាន​ចុះ​បង្ក្រាប​ការ​ជួញដូរ​សត្វ​ព្រៃ​នៅ​ផ្សារ​ខេត្ត​ស្ទឹងត្រែង រឹបអូស​បាន​សាច់​សត្វ​ព្រៃ​ជិត ២០០​គីឡូក្រាម ហើយ​ជន​ល្មើស​បាន​រត់​គេច​ខ្លួន។ សត្វ​ព្រៃ​ដែល​អាជ្ញាធរ​ជំនាញ​បង្ក្រាប​នោះ​មាន​ដូចជា ឈ្លូស ប្រើស ក្រពះ​ប្រមា ស្វា អណ្ដើក ជ្រូក​ព្រៃ ត្រកួត និង​រញី​ជាដើម។ ក្រោយ​ពី​ការ​បង្ក្រាប​បាន​ពីរ​ថ្ងៃ មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ នៅ​តែ​ប្រទះ​ឃើញ​ឈ្មួញ​ដាក់​លក់​សត្វ​ព្រៃ​ដដែល។

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង លោក ឈៀង តុលា ដើម្បី​សុំ​ការ​អធិប្បាយ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១០ តុលា។

ប្រធាន​កម្មវិធី​ប្រចាំ​កម្ពុជា នៃ​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ លោក ប៊ូ វីរសក្ស ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ការពារ​ធនធាន​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព ផ្អែក​តាម​បទបញ្ជា​ប្រមុខ​រដ្ឋាភិបាល​ដែល​បង្គាប់​ឲ្យ​អភិបាល​ខេត្ត ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​បទល្មើស​នានា​ទាក់ទិន​ធនធាន​ធម្មជាតិ។ បញ្ហា​នេះ លោក​សង្ឃឹម​ថា នឹង​មាន​ការ​សហការ​ល្អ​នៃ​យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​ផ្សេងៗ ប្រយោជន៍​រក្សា​បាន​នូវ​តុល្យភាព​ជីវចម្រុះ។ លើស​ពី​នេះ អង្គការ​លោក​នឹង​រក​មធ្យោបាយ​ជួយ​ដល់​សហគមន៍​មូលដ្ឋាន ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ធនធាន​ធម្មជាតិ ដោយ​បង្វែរ​ឲ្យ​សហគមន៍​ពឹងពាក់​លើ​វិស័យ​កសិកម្ម​វិញ៖ «ជា​អង្គការ​អភិរក្ស​សត្វ​ព្រៃ យើង​ពិត​ជា​មិន​សប្បាយ​ចិត្ត​ទេ ក្នុង​ការ​ដែល​ជួញដូរ​សត្វ​ព្រៃ​នៅ​តែ​បន្ត​កើត​មាន ហើយ​សូម​លើក​ទឹក​ចិត្ត​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការ​បង្ក្រាប ព្រោះ​ក្នុង​នាម​សង្គម​ស៊ីវិល យើង​គ្មាន​លទ្ធភាព​ទៅ​បង្ក្រាប​ទេ។ ថ្មីៗ​នេះ អង្គការ​ខ្ញុំ​នៅ​សៀមប៉ាង កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​បង្កើន​តម្លៃ​កសិកម្ម​របស់​សហគមន៍​នៅ​មូលដ្ឋាន​នៅ​ជុំវិញ​ហ្នឹង គឺ​ស្រូវ​ដែល​គាត់​ផលិត​បាន​ឲ្យ​មាន​តម្លៃ​ថ្លៃ ដើម្បី​កាត់​បន្ថយ​ការ​ពឹងពាក់​ទៅ​លើ​ការ​បរបាញ់ ឬ​ការ​ប្រមូល​ធនធាន​ធម្មជាតិ»។

អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន មើល​ឃើញ​ថា បុគ្គល​មាន​ខ្នង​បង្អែក​ទើប​អាច​មាន​លទ្ធភាព​ជួញដូរ​សត្វ​ព្រៃ​បាន តែ​បើ​ពលរដ្ឋ​ធម្មតា​វិញ​មិន​អាច​គេច​ពី​កណ្ដាប់​ដៃ​សមត្ថកិច្ច​បាន​នោះ​ទេ ប្រសិន​បើ​ពួក​គេ​ជួញដូរ​សត្វ​ព្រៃ។ លោក​សង្កត់​ធ្ងន់​ថា បើ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​នៅ​តែ​មិន​ព្រម​ទទួល​ស្គាល់​នៃ​ការ​ធ្លាក់​ចុះ​សត្វ​ព្រៃ​យ៉ាង​គំហុក ហើយ​បណ្តោយ​ឲ្យ​មាន​ការ​បរបាញ់ ជួញដូរ និង​ថ្នាំ​បំពុល មាន​ន័យ​ថា សត្វ​ទាំងនេះ​នឹង​ឈាន​ដល់​ការ​ផុត​ពូជ​នៅ​កម្ពុជា។ លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​គ្រប់​អ្នក​ពាក់ព័ន្ធ ចូលរួម​កាត់​បន្ថយ​ការ​បរិភោគ​សត្វ​ព្រៃ និង​ទទួល​ស្គាល់​ថា ការ​បរិភោគ​សត្វ​ព្រៃ គឺ​ជា​ការ​ប្រមាថ​ដល់​អាយុ​ជីវិត​សត្វ​ព្រៃ៖ «អាជ្ញាធរ​ដែនដី ជាពិសេស​មន្ត្រី​ជំនាញ​ខាង​សមត្ថកិច្ច​មាន​មេ​ព្រៃ ដូចជា​អនុវត្ត​ច្បាប់​ដូចជា​សើៗ អនុវត្ត​បាន​តែ​ប្រជាជន​ទន់​ខ្សោយ។ យើង​ឃើញ​ថា អ្នក​មាន​ខ្នង​មាន​បង្អែក​ហ្នឹង​ហើយ ដែល​អាច​លក់​សត្វ​ព្រៃ​ហ្នឹង​បាន ហើយ​បង្ក្រាប​មិន​ចេះ​អស់»។

មន្ត្រី​ជំនាញ​បរិស្ថាន​រក​ឃើញ​ថា ពលរដ្ឋ​ខ្លះ​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​អភិរក្ស​សត្វ​ព្រៃ ដោយសារ​ខ្វះ​ការ​យល់​ដឹង បញ្ហា​ជីវភាព និង​ប្រពៃណី។ ក្រៅ​ពី​នេះ ចំនួន​អ្នក​បរិភោគ​សត្វ​ព្រៃ​ក៏​កាន់​តែ​កើន​ឡើង ដែល​មិន​បាន​គិត​ពី​ការ​ផុត​ពូជ​សត្វ​កម្រ​ទាំងនោះ។

ច្បាប់​ស្ដីពី​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាត្រា​៤៩ ចែង​ថា ហាមឃាត់​ដាច់​ខាត​រាល់​សកម្មភាព​បរបាញ់ យាយី​បំផ្លាញ​សត្វ​ព្រៃ​គ្រប់​ប្រភេទ ជាពិសេស​ការ​ដឹក​ជញ្ជូន ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​នាំ​ចេញ​នាំ​ចូល៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>