
ដោយ ឡេង ម៉ាលី RFA 2016-10-10
សាលាក្ដីខ្មែរក្រហមប្រកាសថា អង្គជំនុំជម្រះសាលាដំបូងបន្តធ្វើសវនាការលើសំណុំរឿង ០០២ វគ្គ ២ បន្តទៀតហើយ នៅថ្ងៃច័ន្ទ ទី១០ ខែតុលា។ សវនាការបន្តនោះ គឺស្របពេលដែលជំនន់ទឹកភ្លៀង នៅដក់លិចបរិវេណសាលាក្ដីនេះនៅឡើយ។
សវនាការដែលអង្គជំនុំជម្រះសាលាដំបូងអាចបន្តទៅបាន នៅថ្ងៃច័ន្ទ ទី១០ តុលា នោះ គឺដោយសារតែសាលាក្ដីសង់ស្ពានបណ្ដោះអាសន្ន និងដាក់បាវខ្សាច់សម្រាប់ឲ្យបុគ្គលិក ចៅក្រម និងអ្នកកាសែតដើរឆ្លងទៅសាលសវនាការបាន។
បញ្ហាជំនន់ទឹកភ្លៀងលិចបរិវេណសាលាក្ដីខ្មែរក្រហម បានបង្ខំឲ្យអង្គជំនុំជម្រះសាលាដំបូង ផ្អាកសវនាការចាប់តាំងពីថ្ងៃទី៤ ខែតុលា មក ដោយសារតែបុគ្គលិក និងក្រុមចៅក្រមមិនអាចចេញចូលទៅកន្លែងធ្វើការ និងសាលសវនាការបាន។
ទោះបីពេលនេះទឹកស្រកបន្តិច ហើយសវនាការអាចបន្តឡើងវិញបានក្ដី ក៏សាលាក្ដីខ្មែរក្រហមមិនទាន់អនុញ្ញាតឲ្យសាធារណជនចូលរួមតាមដានសវនាការដោយផ្ទាល់ដូចមុនបានទេ ព្រោះចំណតរថយន្ត ផ្លូវចូល និងកន្លែងសម្រាប់ទទួលសាធារណជន ទឹកនៅតែដក់លិចជ្រៅនៅឡើយ។
សវនាការបន្តនៅថ្ងៃទី១០ តុលា អង្គជំនុំជម្រះស្ដាប់សក្ខីកម្មសាក្សីជាអ្នកជំនាញមួយរូប ឈ្មោះ ផិគី ឡឹវ៉ាញ (Peggy Levine) ស្ដីពីការចេញបញ្ជាឲ្យរៀបការដោយបង្ខំ នៅក្នុងរបបខ្មែរក្រហម។
អ្នកជំនាញរូបនេះ ជាអ្នកចិត្តសាស្ត្រ និងជានរៈវិទូ បាននិពន្ធសៀវភៅមួយក្បាល ទាក់ទងនឹងការរៀបការដោយបង្ខំនៅក្នុងរបបខ្មែរក្រហម ដែលមានចំណងជើងថា សេចក្ដីស្នេហា និងភាពភ័យខ្លាច។ អ្នកស្រី ផិគី ឡឹវ៉ាញ ត្រូវបានមេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន សួរដេញដោលពេញមួយថ្ងៃអំពីវិធីសាស្ត្រ ដែលអ្នកស្រីបានប្រើសម្រាប់ប្រមូលព័ត៌មានសរសេរសៀវភៅរបស់អ្នកស្រី។
សវនាការស្ដាប់សក្ខីកម្មអ្នកជំនាញរូបនេះ អង្គជំនុំជម្រះនឹងបន្តនៅថ្ងៃអង្គារ ទី១១ តុលា ទៀត៕