Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

អាជ្ញាធរ​រារាំង​ពលករ​ មិន​ឲ្យ​ចុះ​ឈ្នោះ​បោះឆ្នោត

$
0
0
ពលរដ្ឋ​ខ្មែរ​វិល​ត្រឡប់​ទៅ​ធ្វើការ​នៅ​ថៃ​វិញ​បន្ទាប់ពី​​មក​លេង​បុណ្យ​ភ្ជុំ​កាលពី​ពេល​ថ្មីៗ​នេះ​​។ រូបថត ហ្វេសប៊ុក

មាស សុខជា  ភ្នំពេញ​ ប៉ុស្តិ៍ Tue, 11 October 2016

បន្ទាយមានជ័យៈ ពលករ​ខ្មែរ​ជាង ៣០០ នាក់​ដែល​មកពី​ប្រទេស​ថៃ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​ប៉ោយប៉ែត​ពី​ថ្ងៃ​អាទិត្យ​ដោយ​​អាជ្ញាធរ​លើក​ហេតុផល​ថា​ពួកគាត់​ទាំង​នោះ​​មិន​មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់​។

លោក​ មាន សារិទ្ធ​ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រុង​ប៉ោយប៉ែត​បាន​​ឲ្យ​ដឹង​ថា​ពលករ​ទាំង​នោះ​បាន​ឆ្លងដែន​មកពី​ប្រទេស​ថៃ​កាលពី​ថ្ងៃ​អាទិត្យ​ប៉ុន្តែ​ពួកគាត់​មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ​នៅ​តាម​ការិយាល័យ​មួយ​ចំនួន​ដោយសា​តែ​ពួកគាត់​​មិនមែន​ជា​អ្នក​ដែល​រស់នៅ​ក្នុង​ខេត្ត​នេះ​ហើយ​មិន​មាន​សាក្សី​ធានា​ដើម្បី​បញ្ជាក់​ថា​ពួកគាត់​មាន​លំនៅឋាន​នៅ​ក្នុង​ក្រុង​នេះ។


លោក​បាន​ថ្លែង​ថា៖ «អាជ្ញាធរ​បាន​និយាយ​ថា​គាត់​អាច​ចុះ​ឈ្មោះ​បាន​លុះ​ត្រាតែ​ពួកគាត់​រស់​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​តែ​បើ​រស់​នៅ​ក្នុង​ខេត្ត​ផ្សេង​នោះ​មិន​អាច​ [ចុះ​ឈ្មោះ​] បាន​ទេ»។ លោក​បាន​បន្ថែម​ថា​ពលករ​ប្រហែល​ ៦០ ​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះ​ឈ្មោះ​បោះឆ្នោត​បន្ទាប់ពី​អាជ្ញាធរ​​បាន​កំណត់​ថា​ពួកគាត់​ជា​អ្នក​ដែល​រស់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត។

ជំទប់​ឃុំ​ប៉ោយប៉ែត​ និង​ឃុំ​ផ្សារ​កណ្តាល​លោក​ចៅ វាសនា ​និង​លោក​ ឃុន ចន្ធី បាន​ថ្លែង​ថា​ពលករ ៥០ ​នាក់​មិន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ទេ​ព្រោះ​ថា​ពលករ​ទាំង​នោះ​​មិន​មាន​លក្ខណៈ​​វិនិច្ឆ័យ​គ្រប់គ្រាន់​ក្នុង​ការ​ចុះ​ឈ្មោះ​នៅក្នុង​ទីក្រុង​នេះ។

ប៉ុន្តែ​ទោះ​យ៉ាង​ណា​អភិបាល​ក្រុង​ប៉ោយប៉ែត​លោក ង៉ោ ម៉េងជ្រួន បាន​បដិសេធ​ពី​ចំនួន​ដែល​​ពលករ​ប៉ុន​ប៉ង​ចុះ​ឈ្មោះ​នោះ​ដោយ​លោក​ថ្លែង​ថា​មាន​មិន​លើល​ពី​ ១០ នាក់​នោះ​ទេ​។

លោក​ ជ្រួន ​បាន​បញ្ជាក់​ថា៖ «​នេះ​គឺជា​ការ​បំផ្លើស។ យើង​មិន​ចុះ​ឈ្មោះ​ឲ្យ​ពួកគាត់​ដោយសារ​តែ​ពួក​គាត់​មិន​មាន​ឯកសារ​​គ្រប់គ្រាន់»។

អ្នក​នាំ​ពាក្យ​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​លោក​ ហង្ស ពុទ្ធា ​បាន​​ថ្លែង​ថា គជប ​ពុំ​មាន​ការ​ផ្តល់​ជាពិសេស​ដល់​ពលករ​ចំណាក​ស្រុក​ឲ្យ​អាច​ចុះ​ឈ្មោះ​នៅ​តាម​ព្រំដែន​បាន​ទេ​​បើ​​ពួកគាត់​មិន​មាន​ភ័ស្តុតាង​បញ្ជាក់​លំនៅឋាន​ច្បាស់លាស់​។

នៅ​ក្នុង​រយៈពេល​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​​ត្រូវ​តែ​ទៅ​ចុះ​ឈ្មោះ​នៅ​ក្នុង ​ឃុំ-សង្កាត់​ ដែល​មាន​នៅ​លើ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​នៅ​ក្បែរ​កន្លែង​ធ្វើការ​របស់​ខ្លួន​ប្រសិន​បើ​ពួកគេ​មាន​សាក្សី​ដើម្បី​បញ្ជាក់​ពី​លំនៅឋាន​របស់​ពួកគេ។ គជប ក៏​បាន​ទម្លាក់​ចោល​ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​ដែល​ស្នើ​សុំ​ឲ្យ​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​សម្រាប់​ពលករ​ចំណាក​ស្រុក​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ។

លោក​ ពុទ្ធា ​ថ្លែង​ថា៖ «នេះ​គឺជា​ច្បាប់។ មិន​ថា​វា​ត្រឹមត្រូវ​ ឬ​មួយ​ក៏​អត់​នោះ​ទេ​សូម​ឲ្យ​ភាគី [នយោបាយ] ទាំង​ពីរ​ដោះស្រាយ​វា​ដោយសារ​តែ​ពួកគេ​ជា​អ្នក​បង្កើត​ច្បាប់»។

លោក​​បន្ថែម​ថា​ ប្រសិន​បើ​ពលករ​​​ស្នាក់​នៅក្នុង​កន្លែង​មួយ​សូម្បី​តែ​​មួយ​ថ្ងៃ​ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​កន្លែង​ស្នាក់នៅ​របស់​ពួកគេ​ហើយ​មន្ត្រី​ខេត្ត​ និង​ឃុំ​ត្រូវ​បាន​ណែនាំ​ឱ្យ​ចុះ​ឈ្មោះ​ឲ្យ​ពួកគេ​ក៏​ពួកគេ​អាច​ចុះ​ឈ្មោះ​បាន​ដែរ​។

លោក​ មឿន តុលា ប្រធាន​អង្គការ​សិទ្ធិ​កម្មករ​កណ្តាល​បាន​ថ្លែង​ថា​វា​មិន​យុត្តិធម៌​នោះ​ទេ​ដែល​រំពឹង​ឲ្យ​ពលករ​ទាំង​នោះ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួកគេ​ដើម្បី​ចុះ​ឈ្មោះ​ព្រោះ​ធនធាន​ និង​ពេលវេលា​របស់​​ពួកគាត់​មាន​កំណត់។

លោក​បញ្ជាក់​ថា​៖ ​«រដ្ឋាភិបាល​អាច​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​ចល័ត​​ចំនួន ២៥ សម្រាប់​ខេត្ត​នីមួយៗ និង​អនុញ្ញាត​ឱ្យ​ពលករ​ចំណាក​ស្រុក​អាច​ឆ្លង​​ព្រំដែន​ចូល​មក​ចុះ​ឈ្មោះ​នៅ​តាម​ការិយាល័យ​ណា​មួយ​ដែល​សមស្រប​សម្រាប់​ពួកគាត់»។

លោក​បន្ត​ថា​តាម​មើល​ទៅ​រដ្ឋាភិបាល​ហាក់​ដូចជា​មាន​ឆន្ទៈ​នយោបាយ​តិចតួច​ដើម្បី​ជួយ​ដល់​ពលករ​ចំណាក​ស្រុក​ទាំង​នោះ៕ NS

រាយការណ៍​បន្ថែម​ដោយ ANANTH BALIGA

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>