Quantcast
Viewing all articles
Browse latest Browse all 40045

មន្ទីរ​សាធារណការ​ខេត្ត​កំពង់ឆ្នាំង​ត្រៀម​កម្លាំង​បញ្ចៀស​ផ្លូវ​ទឹក​បង្ក​ដោយ​ជំនន់​ទឹក​ភ្លៀង

Image may be NSFW.
Clik here to view.
កម្លាំង​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កំពង់ឆ្នាំង ទប់​ទឹក​មិន​ឲ្យ​ហូរ​កាត់​ផ្លូវ​ជាតិ​លេខ​៥ នៅ​ក្នុង​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chin Chetha


ដោយ ជិន ជេដ្ឋា RFA 2016-10-12

ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​កាល​ពី​ដើម​ខែ​តុលា បង្ក​ឲ្យ​ផ្លូវ​ជាតិ​លេខ​៥ ដែល​ចេញ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ត្រូវ​ទឹក​ភ្លៀង​ជន់​លិច​ជាច្រើន​កន្លែង។ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កំពង់ឆ្នាំង បាន​ត្រៀម​គ្រឿងចក្រ និង​កម្លាំង​មនុស្ស​ប្រមាណ ៥០​នាក់ ដើម្បី​បញ្ចៀស​ផ្លូវ​ទឹក​កុំ​ឲ្យ​ហូរ​ច្រោះ​ដាច់​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ស្រុក​កំពង់ត្រឡាច។

ក្រោយ​ទទួល​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​ប្រកាស​ថា អាច​នឹង​មាន​ភ្លៀង​ធ្លាក់​បង្ក​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​ជា​ថ្មី​ទៀត​នោះ មន្ត្រី​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កំពង់ឆ្នាំង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ថា ខ្លួន​បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ទប់ទល់​នឹង​ហេតុការណ៍​អាក្រក់​នេះ។

ជំនន់​ទឹក​ភ្លៀង ធ្លាប់​បង្ក​ឲ្យ​ស្ទះ​ចរាចរណ៍ និង​ខូចខាត​ផ្លូវ​ជាតិ​លេខ​៥ ចំនួន​បួន​កន្លែង​នៅ​ស្រុក​កំពង់ត្រឡាច។
អនុប្រធាន​មន្ទីរ​ទទួល​បន្ទុក​សាធារណការ លោក ឆាយ លាភា មាន​ប្រសាសន៍​ថា កម្លាំង​ជំនាញ និង​អាជ្ញាធរ​ដែនដី ព្រម​ទាំង​កម្លាំង​សមត្ថកិច្ច​ចម្រុះ អាច​សម្រួល​ចរាចរណ៍​មិន​ឲ្យ​កកស្ទះ និង​ទប់​ទឹក​មិន​ឲ្យ​ហូរ​កាត់​ផ្លូវ​បង្ក​ឲ្យ​ខូចខាត​ផ្លូវ​កាន់​តែ​ធ្ងន់ធ្ងរ។ លោក​ថា ជំនន់​ទឹក​ភ្លៀង​បាន​ហក់​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ប៉ុន្តែ​បាន​ស្រក​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ហើយ​ឡាន​ចរាចរ​បាន​ស្រួល​វិញ៖ «យើង (ផ្លូវ) មាន​សភាព​ធម្មតា ដោយសារ​មាន​ជំនន់​ទឹក​ភ្លៀង តែ​ឥឡូវ​វា​បាន​ស្រក​ចុះ ហើយ​កម្លាំង​របស់​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​ដោយ​ឯកឧត្ដម កែវ ពៅ ដែល​ជា​ប្រធាន​មន្ទីរ បាន​ដឹកនាំ​បុគ្គលិក និង​មន្ត្រី​បច្ចេកទេស និង​គ្រឿងចក្រ​ដែល​មាន​បាវ​ខ្សាច់ បុគ្គលិក​កម្មករ​ចុះ​ធ្វើ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា មិន​ឲ្យ​កកស្ទះ​ចរាចរណ៍​នោះ​ទេ»។

ក្រុម​ថែទាំ​ផ្លូវ​ជាតិ​លេខ​៥ របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កំពង់ឆ្នាំង កំពុង​ចាក់​ដី​ក្រហម​នៅ​អម​សង​ខាង​ផ្លូវ និង​ចាក់​ថ្ម​បាញ់​កៅស៊ូ​ក្នុង​រណ្ដៅ​តូចៗ​ដែល​ខូចខាត​ដោយ​ជំនន់​ទឹក​ភ្លៀង។ អ្នក​ដំណើរ និង​អាជ្ញាធរ បារម្ភ​ថា​បើ​ទឹក​ហូរ​ច្រោះ​ដាច់​ផ្លូវ​ត្រង់​ចំណុច​ស្រុក​កំពង់ត្រឡាច អ្នក​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ពោធិ៍សាត់ បាត់ដំបង ឬ​បន្ទាយមានជ័យ តាម​រថយន្ត នឹង​ពុំ​មាន​ផ្លូវ​វាង​ផ្សេង​ឡើយ។

ទាក់ទង​បញ្ហា​នេះ អនុប្រធាន​មន្ទីរ​សាធារណការ លោក ឆាយ លាភា អះអាង​ថា គ្រឿងចក្រ និង​ឡាន​ដឹក​ដី បាវ​ខ្សាច់ និង​កម្លាំង​កម្មករ នៅ​បន្ត​ឃ្លាំ​មើល​ស្ថានភាព​ផ្លូវ និង​កាយ​ប្រឡាយ​រំដោះ​ទឹក​ចេញ៖ «បើ​សិន​មាន​ជំនន់​ទឹក​ភ្លៀង​ខាង​មុខ​ទៀត នឹង​មាន​មធ្យោបាយ​មួយ​ចំនួន​ដើម្បី​អន្តរាគមន៍​មិន​ឲ្យ​កកស្ទះ ហើយ​កំពុង​ស្ដារ​ប្រព័ន្ធ​ប្រឡាយ​បណ្ដើរៗ​តាម​ការងារ​របស់​យើង​ជាក់ស្ដែង ដូចជា​មាន​កន្លែង​លិច ឬ​កន្លែង​ស្ទះ។ យើង​ខិតខំ​ធ្វើ។ លោក ជិន ជេដ្ឋា៖ ការងារ​ត្រួត​ពិនិត្យ ឬ​ប្រចាំ​ការ​អាច​នឹង​ធ្វើ​ដល់​ពេល​ណា​ដែរ? យើង​មើល​ទៅ​តាម​អាកាសធាតុ និង​ការ​ជូន​ដំណឹង​តាម​ក្រសួង​ធនធាន​ទឹក ថា​អាច​មាន​ទឹក​ជំនន់​រហូត​ដល់​ថ្ងៃ​ទី​១៦ (ខែ​តុលា)។ អ៊ីចឹង​ខាង​មន្ទីរ​យើង​ខ្ញុំ​មាន​ត្រៀម​លក្ខណៈ​នេះ»។

សេចក្ដី​ជូន​ដំណឹង​ពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​ត្រូវ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​យក​មក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា នៅ​បន្ត​រង​សម្ពាធ​ទាប​នៃ​ចំហាយ​ខ្យល់​ពុះ​ពី​សមុទ្រ​ចិន។ សម្ពាធ​ទាប​នេះ មាន​ឥទ្ធិពល​ខ្លាំង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​ប្រទេស​កម្ពុជា ពេញ​មួយ​សប្ដាហ៍​ទី​ពីរ នៃ​ខែ​តុលា។ បាតុភូត​ធម្មជាតិ​នេះ បង្ក​ឲ្យ​ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​កាន់​តែ​ច្រើន​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ជាពិសេស​តំបន់​ខ្ពង់រាប និង​តំបន់​ទំនាប​កណ្ដាល ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦។

ក្រសួង​ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​សប្ដាហ៍​នេះ ដោយ​នៅ​បណ្ដា​រាជធានី-ខេត្ត​ឋិត​នៅ​តំបន់​ទំនាប​កណ្ដាល និង​តំបន់​ខ្ពង់រាប ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង​ខ្ពស់​ជាង​ពេល​កន្លង​ទៅ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>