Quantcast
Viewing all articles
Browse latest Browse all 40045

សង្គម​ស៊ីវិល​ថា​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​គ្មាន​ប្រសិទ្ធភាព

Image may be NSFW.
Clik here to view.
គោយន្ត​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់ ត្រង់​ចំណុច​ផ្លូវ​បំបែក​ចូល​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ជាប់​ចំការ​កៅស៊ូ​ក្រុមហ៊ុន​វៀតណាម ស៊ី.អ.ស៊ី.ខេ (CRCK) ខណៈ​ប្រជា​សហគមន៍​ព្រៃឡង់ ស្រុក​សណ្ដាន់ ចុះ​ល្បាត​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ Photo provided


ដោយ ជិន ជេដ្ឋា RFA 2016-10-13

រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​មួយ​កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៦ ស្ដីពី​វិធានការ​ចាំបាច់​នានា ក្នុង​ការ​ពង្រឹង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​លើ​ការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​សិទ្ធិមនុស្ស ថា​សារាចរ​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​នៅ​ពេល​នេះ ពុំ​មាន​ប្រសិទ្ធភាព ព្រោះ​ក្រុម​ឈ្មួញ​នៅ​បន្ត​កាប់​ឈើ​ដោយ​មិន​ខ្លាច​ច្បាប់ ឬ​សារាចរ​ណែនាំ​អ្វី​ឡើយ។

អ្នក​ឃ្លាំមើល​បរិស្ថាន និង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​អះអាង​ថា ឈើ​ប្រណីត ឬ​ព្រៃឈើ​ដែល​នៅ​សេសសល់​ចុង​ក្រោយ​ច្រើន​ជាង​គេ​នៅ​កម្ពុជា គឺ​មាន​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ ក្នុង​ទឹកដី​ខេត្ត​កោះកុង ខេត្ត​មណ្ឌលគិរី តំបន់​ព្រៃឡង់ ក្នុង​ខេត្ត​កំពង់ធំ និង​តំបន់​ព្រៃ​ព្រះរកា ខេត្ត​ព្រះវិហារ ប៉ុន្តែ​ឈើ​នៅ​តំបន់​ទាំង​នេះ​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ដោយ​ឈ្មួញ​មាន​អំណាច។

​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​កាប់​រុករាន​ដី​ព្រៃ​ភាគ​ច្រើន​ជា​អ្នក​មាន​លុយ និង​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល ឬ​កម្លាំង​ប្រដាប់​អាវុធ​មូលដ្ឋាន។ លោក​ថា អ្នក​ទាំង​នេះ​បាន​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ទាំង​ទ្រង់ទ្រាយ​តូច និង​ទ្រង់ទ្រាយ​ធំ ដោយ​មិន​ខ្វល់​ពី​ច្បាប់ ឬ​សារាចរ​ណែនាំ​ឡើយ៖ «អ្នក​រក​ស៊ី​ឈើ​គាត់​មិន​គោរព​សារាចរ​ហ្នឹង​ផង! គាត់​គិតតែ​សម្រុក​កើប​លុយ​ពី​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ដូចជា​ព្រៃ​ឈើ​ជាដើម ផ្ទុយ​ទៅ​វិញ យើង​ឃើញ​ថា មាន​កងកម្លាំង​ប្រដាប់​អាវុធ​ដាក់​ពង្រាយ​តាម​ថ្នល់​ចាំ​យក​លុយ​យក​កាក់​ពី​អ្នក​ដឹក​ឈើ។ (ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ) ធ្វើ​យ៉ាងម៉េច​ត្រូវ​តែ​បញ្ឈប់​អាជ្ញាប័ណ្ណ​បើក​រោងចក្រ​អារ​ឈើ ជាពិសេស​បញ្ឈប់​អាជ្ញាប័ណ្ណ​បើក​រោងចក្រ​អារ​ឈើ និង​សិប្បកម្ម​កែច្នៃ​ឈើ»។

Image may be NSFW.
Clik here to view.
គោយន្ត​ដឹក​ឈើ​របស់​ក្រុម​អ្នក​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះរកា ខេត្ត​ព្រះវិហារ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦។ រូបថត​អង្គការ​ពន្លក​ខ្មែរ រូបថត​អង្គការ​ពន្លក​ខ្មែរ


លោក​បន្ថែម​ថា ជាក់ស្ដែង​នៅ​តំបន់​ព្រៃ​ព្រះ​រកា ក្នុង​ខេត្ត​ព្រះវិហារ ត្រូវ​មន្ត្រី​ជំនាញ និង​កម្លាំង​ប្រដាប់​អាវុធ​បើកដៃ​ឲ្យ​មាន​ពលរដ្ឋ​ចូល​កាប់​ប្រភេទ​ឈើ​ចម្រុះ​យ៉ាង​ហោច ១​ពាន់​គោយន្ត​ក្នុង​១​ថ្ងៃ។ រី​ឯ​មន្ត្រី​បរិស្ថាន​បាន​ប្រាប់​លោក​ថា ពួកគេ​ពុំ​មាន​លទ្ធភាព​បង្ក្រាប​បទល្មើស​ទាំង​នេះ​ឡើយ ដោយ​បាន​ត្រឹមតែ​ចាំ​យក​លុយ​ពី​រទេះ​គោយន្ត​ដឹក​ជញ្ជូន​ឈើ​ក្នុង ១​រទេះ ពីរ ឬ​បី​ម៉ឺន​រៀល​ប៉ុណ្ណោះ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​លោក ជា ហ៊ាន ដែល​ឃ្លាំមើល​ព្រៃឈើ​ជា​ប្រចាំ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ក្នុង​ទឹក​ដី​ខេត្ត​កំពង់ស្ពឺ កោះកុង និង​ខេត្ត​ពោធិ៍សាត់ ឲ្យ​ដឹង​ថា បទល្មើស​ព្រៃឈើ​នៅ​ជួរ​ភ្នំក្រវាញ នៅ​តែ​បន្ត​កើត​មាន ប៉ុន្តែ​ក្រោយ​មាន​សារាចរ​ណែនាំ​លេខ​០៥ របស់​ប្រមុខ​រដ្ឋាភិបាល​ចេញ​កាល​ពី​ចុង​ខែ​កញ្ញា អាជ្ញាធរ​ថ្នាក់​ខេត្ត​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ខ្លះ។ អាជ្ញាធរ​ខេត្ត​បាន​អញ្ជើញ​លោក​ឲ្យ​ចូលរួម​សិក្ខាសាលា​មួយ​ស្ដីពី​កិច្ច​សហការ​ល្អ​រវាង​សង្គម​ស៊ីវិល និង​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ៖ «សិក្ខាសាលា​ល្អ​ដែរ ដើម្បី​យើង​ចោទ​សួរ​ដេញដោល​គ្នា ហើយ​អាជ្ញាធរ​ក៏​បាន​សហការ ប៉ុន្តែ​សហការ​នៅ​ក្នុង​វេទិកា ហើយ​យើង​នឹង​ចុះ​អនុវត្ត​ដោយ​ផ្ទាល់​នៅ​ពេល​ខាង​មុខ​នេះ​ចាំ​មើល​ថា តើ​អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​ល្អ​ដូច​នៅ​ក្នុង​សិក្ខាសាលា​ដែល​មាន​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​អត់ យើង​អត់​ទាន់​ទទួល​បាន»។


​សារាចរ​ណែនាំ​លេខ​០៥ ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ពិសេស​លើ​វិស័យ​ព្រៃឈើ និង​ជលផល តាម​រយៈ​ការ​ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ ព្រមទាំង​បែងចែក​សមត្ថកិច្ច​គ្រប់​គ្រង​ច្បាស់លាស់​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ។

​កំណែ​ទម្រង់​ស៊ី​ជម្រៅ​នេះ សំដៅ​លើក​កម្ពស់​ប្រសិទ្ធភាព និង​និរន្តរភាព​គ្រប់គ្រង​ធនធាន​ធម្មជាតិ ដោយ​រដ្ឋាភិបាល​សម្រេច​ផ្ទេរ និង​ប្រគល់​សមត្ថកិច្ច​គ្រប់គ្រង​តំបន់​ការពារ និង​អភិរក្ស​ព្រៃឈើ​ទាំង​អស់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។ ចំណែក​តំបន់​វិនិយោគ​អភិវឌ្ឍ​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំង​អស់ បាន​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។
ទាក់ទង​នឹង​កំណែទម្រង់​លើ​វិស័យ​ធនធាន​ធម្មជាតិ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ការពារ​ព្រៃ​ឈើ និង​ធនធាន​ជលផល​មិន​បាន​បណ្ដាល​មក​ពី​ការ​បែងចែក​សមត្ថកិច្ច​គ្រប់គ្រង​មិន​ច្បាស់លាស់​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួង​បរិស្ថាន នៅ​ពេល​កន្លង​មក។ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​កំពុង​ធ្វើ​កំណែ​ទម្រង់ ហើយ​រដ្ឋបាល​ជលផល និង​រដ្ឋបាល​ព្រៃឈើ ត្រូវ​ដាក់​ចំណុះ​មន្ទីរ​កសិកម្ម ដើម្បី​ធ្វើជា​សេនាធិការ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ នៅ​ពេល​ដែល​អាជ្ញាធរ​ថ្នាក់​ជាតិ​ប្រគល់​សិទ្ធិ​អំណាច​ទៅ​ឲ្យ​រដ្ឋបាល​ខេត្ត ឬ​ក្រុង​អនុវត្ត​វិញ។

លោក ហ៊ុន សែន៖ «រដ្ឋបាល​ក្រោម​ជាតិ​នៅ​ពេល​នេះ កំពុង​តែ​ធ្វើ​ការ​កែទម្រង់​ដោយ​ពី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​តាម​របៀប​ខ្សែបណ្ដោយ ប៉ុន្តែ​ទំនាក់ទំនង​ខ្សែ​ទទឹង​ជួប​ការ​លំបាក ឥឡូវ​នេះ​យើង​កំពុង​ធ្វើ​ការ​កែទម្រង់​មួយ​ដោយ​ផ្ដល់​សិទ្ធិ​អំណាច​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។ មុន​នេះ​នៅ​ពេល​គេ​កាប់​ឈើ​នៅ​មុខ​ចៅហ្វាយ​ខេត្ត ឬ​អនុ​ខេត្ត អត់​មាន​យោបល់​អ្វី​ទាំង​អស់ ព្រោះ​អា​ហ្នឹង​រឿង​របស់​ក្រសួង​បរិស្ថាន រឿង​របស់​ក្រសួង​កសិកម្ម វា​ទៅ​ជា​អ៊ីចេះ។ គេ​នេសាទ​នៅ​តំបន់​ការពារ​ហើយ​ទៅ​ទៀត គេ​ថា អា​ហ្នឹង​រឿង​របស់​ក្រសួង​កសិកម្ម​តើ!»។

បន្ថែម​លើ​នេះ សារាចរ​ណែនាំ​លេខ​០៥ បាន​ណែនាំ​ឲ្យ​អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​ដឹកនាំ​កម្លាំង​អធិការ​ខណ្ឌ ផ្នែក​សង្កាត់​រដ្ឋបាល​ព្រៃឈើ អធិការ​ខណ្ឌ ផ្នែក​សង្កាត់​រដ្ឋបាល​ជលផល មន្ទីរ​បរិស្ថាន និង​កងកម្លាំង​មាន​សមត្ថកិច្ច​នានា ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យ​អនុវត្ត​តួនាទី​ភារកិច្ច​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ សំដៅ​ពង្រឹង​សមត្ថកិច្ច និង​ការ​ទទួល​ខុស​ត្រូវ​របស់​គណៈ​បញ្ជាការ​ឯកភាព​គ្រប់​ថ្នាក់ ចំពោះ​រដ្ឋាភិបាល​លើ​ការ​គ្រប់គ្រង ថែរក្សា និង​ការពារ​ធនធាន​ធម្មជាតិ ដោយ​ចាត់​វិធានការ​ហ្មត់ចត់​ក្នុង​ការ​ទប់ស្កាត់ និង​លុប​បំបាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ។

ទោះ​ជា​យ៉ាង​ណា ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​សិទ្ធិ​មនុស្ស​លោក ជា ហ៊ាន និង​លោក អ៊ូច ឡេង មាន​ជំនឿ​តិចតួច​ថា រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ឬ​កម្លាំង​ប្រដាប់​អាវុធ​អាច​រក្សា​ធនធាន​ធម្មជាតិ​បាន​គង់វង្ស ឬ​មាន​ចិរភាព ព្រោះ​អ្នក​ទាំង​នោះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ដែរ។ ពួកគេ​ថា ការ​ការពារ​សម្បត្តិ​ធម្មជាតិ​បាន ឬ​មិន​បាន​អាស្រ័យ​លើ​ឆន្ទៈ​រដ្ឋាភិបាល។

លោក អ៊ូច ឡេង ថ្លែង​ថា ព្រៃឈើ ឬ​ប្រភេទ​ឈើ​ប្រណីត​ដែល​នៅ​សេសសល់​មិន​ច្រើន​ប៉ុន្មាន​នោះ កុំ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ខ្លះ​មាន​ភាព​ស្មោះត្រង់ ហើយ​ចូលរួម​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ជាមួយ​កម្លាំង​ស្ម័គ្រចិត្ត​របស់​សហគមន៍ និង​សង្គម​ស៊ីវិល។ ប៉ុន្តែ​លោក​ជឿ​ថា បើ​ទោះ​បី​ជា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ឬ​អភិបាល​ខេត្ត​មាន​អំណាច​បង្ក្រាប​បទល្មើស ក៏​មិនសូវ​ហ៊ាន​ចុះ​បង្ក្រាប​ដែរ៖ «ដូច​ថា ឆន្ទៈ​របស់​អភិបាល​ខេត្ត​ចង់​ធ្វើ តែ​គាត់​ទើសទាល់​ជាមួយ​នឹង​អភិបាល​ស្រុក ទើសទាល់​ជាមួយ​អធិការ មេ​ប៉េអឹម ឬ​មេ​ទាហាន​ដទៃ​ទៀត បើ​គាត់​ហ៊ាន​ចាត់​វិធានការ​ទៅ​លើ​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ ឬ​ឈ្មួញ​រក​ស៊ី​ឈើ​ដុះ​ស្លែ​ទាំង​នោះ ជាពិសេស​ឈ្មួញ​រក​ស៊ី​ឈើ​ដុះ​ស្លែ​សុទ្ធ​តែ​មាន​ឋានៈ​លុយ​កាក់ សក្ដិ​ខ្ពង់ខ្ពស់​អាច​នឹង​វាយ​ប្រហារ​ទៅ​លើ​អ្នក​ដែល​បង្ក្រាប​គេ​ទៅ​វិញ​ទេ»។

​កន្លង​មក អ្នក​ឈឺ​ឆ្អាល​នឹង​បញ្ហា​ធនធាន​ធម្មជាតិ​ខ្លះ​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ចាប់​ដាក់គុក និង​និរទេស​ខ្លួន​ចេញ​ក្រៅ​ប្រទេស។ ទោះ​ជា​យ៉ាង​ណា បច្ចុប្បន្ន​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ហាក់​បង្ហាញ​ជំហរ​ចង់​សហការ​ល្អ​ជាមួយ​សង្គម​ស៊ីវិល ឬ​សកម្មជន​ព្រៃឈើ ដែល​ប្រការ​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​សាទរ។ សង្គម​ស៊ីវិល​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ថែរក្សា និង​ការពារ​ធនធាន​ធម្មជាតិ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>