Image may be NSFW.
Clik here to view.
ដោយ ម៉ែន សុធីរ RFA 2016-10-17
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋខេត្តស្ទឹងត្រែង សម្ដែងក្តីបារម្ភពីការចរាចរគ្រឿងញៀនតាមផ្លូវងងឹត និងករណីឃាត់ខ្លួនជនសង្ស័យបានកាន់តែច្រើន។ លើសពីនេះ ការនាំចូលគ្រឿងញៀនពីប្រទេសឡាវ ឆ្លងតាមច្រករបៀងទាំងផ្លូវគោក និងផ្លូវទឹកមកកម្ពុជា នៅខេត្តស្ទឹងត្រែង ក៏កាន់តែកើនឡើងដែរ។ បញ្ហានេះ ពួកគេទទូចឲ្យរដ្ឋាភិបាលរកមធ្យោបាយបន្ថែម ដើម្បីទប់ស្កាត់ការហូរចូលគ្រឿងញៀនពីក្រៅប្រទេសឲ្យមានប្រសិទ្ធភាព។
មន្ត្រីសង្គមស៊ីវិលឲ្យដឹងនៅថ្ងៃទី១៧ តុលា ថា គ្រឿងញៀនបាននាំចូលមកកម្ពុជា តាមច្រកព្រំដែនច្រើនកន្លែងនៅខេត្តស្ទឹងត្រែង ខណៈភូមិសាស្ត្រតំបន់នោះសម្បូរដោយព្រៃភ្នំ និងទន្លេ។ លើសពីនេះ ច្រករបៀងសំខាន់ៗដែលអ្នកជួញដូរច្រើនរត់ពន្ធឆ្លងដែននោះ មានជាង ១០កន្លែង។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល មើលឃើញថា អ្នកប្រើប្រាស់គ្រឿងញៀនកំពុងរាលដាលស្ទើរគ្រប់តំបន់ ទាំងទីប្រជុំជន និងជនបទនៅខេត្តស្ទឹងត្រែង។ បញ្ហានេះជាសញ្ញាបង្ហាញពីការកើនឡើងអសន្តិសុខសង្គមធ្ងន់ធ្ងរ ដែលទាមទារឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ពង្រឹងការបង្ក្រាប និងការអនុវត្តច្បាប់ឲ្យតឹងរ៉ឹង។ លោកផ្តល់ទស្សនៈថា រដ្ឋាភិបាលត្រូវពង្រឹងយុទ្ធនាការប្រឆាំងគ្រឿងញៀនឲ្យតឹងរ៉ឹង និងមានការចូលរួមផ្តល់ព័ត៌មានពីពលរដ្ឋ និងសហគមន៍។
លោកសង្កត់ធ្ងន់ថា យន្តការបង្ក្រាបរបស់រដ្ឋាភិបាលហាក់ដូចជាមិនទុកចិត្តគ្នារវាងសមត្ថកិច្ច និងតុលាការ បង្កឲ្យកើនឡើងនូវការជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់។ លោកថា កិច្ចសហប្រតិបត្តិការបង្ក្រាបគ្រឿងញៀនជាមួយអ្នកពាក់ព័ន្ធ ទាំងសង្គមស៊ីវិល និងពលរដ្ឋ ជាពិសេសប្រទេសឡាវ នៅមានកម្រិតនៅឡើយ៖ «យើងឃើញថា ពាក់ព័ន្ធស្ថាប័នតុលាការ អ្នកអនុវត្តច្បាប់យើងឃើញថា ដូចជានៅមានភាពធូររលុង។ ពាក់ព័ន្ធតុលាការហ្នឹង ពាក់ព័ន្ធមន្ត្រីអាវុធហត្ថក៏ដោយ ខាងស្នងការក៏ដោយ ច្រើនតែនិយាយថា គាត់ខំចាប់ចឹងទៅ ពេលខ្លះគាត់អាចដោះលែងអ៊ីចឹង ដោយប្រការណាមួយ យើងអត់ដឹងដែរ យោងតាមការស៊ើបអង្កេតរបស់គេដឹង!»។
ឆ្លើយតបរឿងនេះ ស្នងការខេត្តស្ទឹងត្រែង លោក ម៉ៅ តារា មានប្រសាសន៍ថា នគរបាលកំពុងប្រឹងប្រែងបង្ក្រាបករណីនេះដើម្បីកាត់បន្ថយការហូរចូលគ្រឿងញៀន។ លោកថា កន្លងមក នគរបាលបង្ក្រាបបានគ្រឿងញៀនករណីធំៗដែលហូរចូលពីប្រទេសឡាវ និងភាគច្រើនជនជាតិឡាវ។ លោកបញ្ជាក់ថា គ្រឿងញៀននាំចូលពីប្រទេសឡាវ តាមច្រកតូចៗច្រើនកន្លែង ខណៈតំបន់នោះជាតំបន់ព្រំដែនកម្ពុជា-ឡាវ មានប្រវែង ២៥៨គីឡូម៉ែត្រ ដែលសមត្ថកិច្ចលំបាកទប់ស្កាត់។ តែយ៉ាងណា លោកថា សមត្ថកិច្ចជំនាញបានសហការជាមួយអាជ្ញាធរឡាវ ដើម្បីរួមគ្នាទប់ស្កាត់ករណីនេះ៖ «ការបង្ក្រាបរបស់យើង គឺយើងធ្វើដូចភ្លៀងរលឹមអ៊ីចឹង។ យើងខិតខំណាស់រាល់ថ្ងៃ ប្រមូលព័ត៌មាន ព្រោះការបង្ក្រាបគ្រឿងញៀនវាមិនដូចរឿងព្រហ្មទណ្ឌទេ។ ព័ត៌មានច្រើនបានអាចឈានទៅរកការបង្ក្រាបបាន។ ស្នងការនគរបាលខេត្តរាល់ថ្ងៃនេះខិតខំណាស់ គិតគ្រប់ពេលវេលាដើម្បីធ្វើម៉េចបង្ក្រាបកាត់បន្ថយឲ្យបាន»។
របាយការណ៍ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឆ្នាំ២០១៥ ឲ្យដឹងថា នគរបាលបង្ក្រាបបទល្មើសគ្រឿងញៀនមានចំនួន ៤៧ករណី ធៀបឆ្នាំ២០១៤ កើនឡើង ២៨ករណី ស្មើជាង ៤០% (៤០,៤២%)។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៧៤នាក់ ក្នុងនោះជនជាតិឡាវ ៣នាក់ ជនជាតិចាម ៣នាក់ និងជនជាតិវៀតណាម ៤នាក់។ សមត្ថកិច្ចក៏រឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ឬម៉ាទឹកកក (WY) ចំនួនជាង ៦ពាន់គ្រាប់ (៦.៥៩១គ្រាប់) និងប្រភេទមេតំហ្វេតាមីនម្សៅ (ICE) ជាង ៤ពាន់ក្រាម (៤.៨៤៩,៦ក្រាម)។
មន្ត្រីសង្គមស៊ីវិលផ្តល់ទស្សនៈថា រដ្ឋាភិបាលគួរតែមានយន្តការកែលំអនៃការបង្ក្រាបដោយវិវឌ្ឍន៍តាមសម័យកាល និងពង្រឹងការត្រួតពិនិត្យពីលទ្ធភាពនៃការបង្ក្រាបរបស់មន្ត្រីជំនាញដោយឯករាជ្យ ដើម្បីស្ទង់ពីកម្រិតសមត្ថភាពមន្ត្រីជំនាញ ថាតើមានសមត្ថភាពកម្រិតណា ដើម្បីងាយស្រួលរកគន្លឹះកែលំអបន្ថែម បំណងទប់ស្កាត់ករណីគ្រឿងញៀនឲ្យបានប្រសើរ។
ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ផ្តល់មតិថា រដ្ឋាភិបាលត្រូវពិនិត្យមើលពីយុទ្ធសាស្ត្របង្ក្រាប និងការអប់រំបង្ការមានលក្ខណៈទំនើប ដើម្បីឆ្លើយតបបញ្ហាដែលកំពុងប្រឈម ឬបញ្ហាដែលនឹងកើតមានឡើង។ លោកថា ករណីនេះចាំបាច់ត្រូវមានការពិគ្រោះយោបល់ពីតួអង្គពាក់ព័ន្ធទាំងសង្គមស៊ីវិល សហគមន៍ និងក្រុមយុវជន ក្នុងការបង្កើតប្រព័ន្ធរាយការណ៍ឲ្យសមត្ថកិច្ច ទាក់ទិនការប្រើប្រាស់គ្រឿងញៀន និងការជួញដូរ។ លោកកត់សម្គាល់ថា ប្រព័ន្ធនៃការបង្ក្រាប និងសម្ភារៈគ្រប់គ្រងហានិភ័យរបស់សមត្ថកិច្ចជំនាញនៅមានកម្រិតនៅឡើយ៖ «នៅពេលដែលឈ្មួញ ឬឧក្រិដ្ឋជនគ្រឿងញៀនគេមានវិធីសាស្ត្រគេថ្មីៗចឹង ហើយប្រព័ន្ធនៃការបង្ក្រាបនៅតែដដែល ឃើញថាប្រសិទ្ធភាពអាចមានកម្រិតតិចតួចបំផុត ជាពិសេសគឺការបង្កើតប្រព័ន្ធនៃការរាយការណ៍ពីការប្រើប្រាស់ក្តី ការជួញដូរគ្រឿងញៀនក្តី ធ្វើម៉េចឲ្យពលរដ្ឋបានដឹង និងការរាយការណ៍ទៅសមត្ថកិច្ច»។
កាលពីថ្ងៃទី១៥ តុលា សមត្ថកិច្ចខេត្តព្រះវិហារ បានឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ (WY) ជាង ១០ម៉ឺនគ្រាប់ (១៤៤.០០០គ្រាប់)។ គ្រឿងញៀនដែលសមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបបាននោះ ត្រូវបាននាំចូលពីប្រទេសឡាវ តាមច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល និងបានចរាចរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះផ្លូវជាតិលេខ៧ ចំណុចគល់ស្ពានសេកុង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕