Quantcast
Viewing all articles
Browse latest Browse all 40045

បុណ្យ​សមុទ្រ​ឆ្នាំ​២០១៦​នឹង​ត្រូវ​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​រយៈពេល​៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៣-២៥​ធ្នូ

Image may be NSFW.
Clik here to view.
ក្បួន​ដង្ហែ​អបអរ​សាទរ​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Yang Chandara


ដោយ ដែន អយុធ្យា RFA 2016-10-18

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ខេត្ត​ព្រះសីហនុ ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៦ ដោយ​ត្រៀម​រៀបចំ​រយៈពេល ៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ។ បច្ចុប្បន្ន ថ្នាក់​ដឹកនាំ​ក្រសួង​ទេសចរណ៍ រួម​គ្នា​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កំពុង​ជំរុញ​សកម្មភាព​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ និង​អភិវឌ្ឍ​ពង្រីក​ផ្លូវ​ថ្នល់ ស្ថាបនា​លូ​បង្ហូរ​ទឹក ព្រម​ទាំង​ស្ថាបនា​សួនច្បារ បំពាក់​ភ្លើង​បំភ្លឺ រង់ចាំ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​កម្សាន្ត​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​ឲ្យ​បាន​ច្រើន​កុះករ។

គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៦ នា​ខេត្ត​ព្រះសីហនុ តាម​រយៈ​ក្រសួង​ទេសចរណ៍ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ពី​កាលបរិច្ឆេទ​នៃ​ការ​រៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី​២ ឆ្នាំ​២០១៦ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ។


តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ទេសចរណ៍ ចុះ​ថ្ងៃ​ទី​១០ ខែ​តុលា បង្ហាញ​ថា ពិធី​បើក​ផ្លូវ​ការ​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង ៥​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ។

ទាក់ទិន​ផែនការ​រៀបចំ​បុណ្យ​សមុទ្រ​នេះ​ដែរ រដ្ឋបាល​ខេត្ត​ព្រះសីហនុ កំពុង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន​ឆ្នេរ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា មាន​ពង្រីក​ផ្លូវ​ថ្នល់ ក្រាល​កៅស៊ូ ស្ថាបនា​លូ​បង្ហូរ​ទឹក ស្ថាបនា​សួនច្បារ និង​បំពាក់​ភ្លើង​បំភ្លឺ​ជាដើម ឲ្យ​មាន​សោភណភាព ដើម្បី​ត្រៀម​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​នា​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ។

មន្ត្រី​គណៈកម្មការ​អន្តរ​ក្រសួង​រៀបចំ​ពិធី​បុណ្យ​សមុទ្រ ដឹកនាំ​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ជួប​ប្រជុំ​ជាច្រើន​លើក​ច្រើនសា​ជាមួយ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ខេត្ត​ជា​បន្តបន្ទាប់។ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ផ្តល់​សម្ភាស​ឲ្យ​អាស៊ីសេរី ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ពុធ ទី​១២ ខែ​តុលា ថា រដ្ឋបាល​ខេត្ត​កំពុង​ជំរុញ​សកម្មភាព​អភិវឌ្ឍន៍​តំបន់​ឆ្នេរ ជាពិសេស​ប្រព័ន្ធ​ផ្លូវ លូ សួនច្បារ និង​បំពាក់​ភ្លើង​បំភ្លឺ​នៅ​តាម​ផ្លូវ​ក្រាល​កៅស៊ូ​គ្រប់​ច្រកល្ហក ពិសេស​តំបន់​ជាប់​ឆ្នេរ​សមុទ្រ​នានា​មាន​ឆ្នេរ​ឯករាជ្យ និង​ឆ្នេរ​អូរឈើទាល ជាដើម ឲ្យ​មាន​អនាម័យ និង​សោភណភាព រង់ចាំ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ចូល​មក​ទស្សនា​ពិធី​បុណ្យ​សមុទ្រ​នៅ​ចុង​ខែ​ធ្នូ នេះ ឲ្យ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ទាំងអស់​គ្នា។

លោក យន្ត មីន ក៏​ព្រួយ​បារម្ភ​អំពី​ផែនការ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​មាន​ផ្លូវ​ថ្នល់ សួនច្បារ និង​បំពាក់​ភ្លើង​បំភ្លឺ​ជាដើម មិន​សម្រេច​បាន​ទាន់​ពេលវេលា​កំណត់​នេះ​ដែរ ដោយសារ​បញ្ហា​អាកាសធាតុ​មូលដ្ឋាន​នេះ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​រាល់​ថ្ងៃ៖ «រដ្ឋបាល​ខេត្ត​បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​រួច​ហើយ គឺ​នៅ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ពិសេស​បុណ្យ​សមុទ្រ ដែល​ខេត្ត​ព្រះសីហនុ ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ និង​ជា​មុខ​ជា​មាត់ ឬ​ជា​កិត្តិយស​ខេត្ត​ទេសចរណ៍​របស់​យើង​ទាំងអស់​គ្នា គឺ​ទាំង​ប្រជាពលរដ្ឋ និង​ប្រតិបត្តិករ​ទេសចរ​ទាំងអស់ ត្រូវ​រួម​គ្នា​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​បាន​ស្រុះ​គ្នា​ជាមួយ​រដ្ឋបាល​ខេត្ត-ក្រុង ដើម្បី​ឲ្យ​មូលដ្ឋាន​នេះ​មាន​សោភណភាព និង​មាន​អនាម័យ។ ករណី​ស្នើ​ដល់​ប្រតិបត្តិករ​ទេសចរ​បម្រើ​វិស័យ​ឯកជន និង​ពលរដ្ឋ ត្រូវ​ចូលរួម​សហការ និង​គាំទ្រ​ទាំង​ស្មារតី និង​ថវិកា ជួយ​ដល់​រដ្ឋបាល​ក្រុង-ខេត្ត​ព្រះសីហនុ សម្រាប់​ចំណាយ​ទៅ​លើ​គម្រោង​ផែនការ​អភិវឌ្ឍន៍​មូលដ្ឋាន​នេះ​ឲ្យ​បាន​ល្អ ដើម្បី​ជា​ការ​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត»។

លោក យន្ត មីន បាន​អំពាវនាវ​ដល់​ផ្នែក​ពាក់ព័ន្ធ​មាន​វិស័យ​ឯកជន ឬ​ប្រតិបត្តិករ​ទេសចរ និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ជាដើម ត្រូវ​ចូលរួម​សម្អាត​អនាម័យ និង​បរិស្ថាន​នៅ​តាម​ទីតាំង ឬ​លំនៅឋាន​រៀងៗ​ខ្លួន​ឲ្យ​មាន​សោភណភាព​ល្អ។ ជាង​នេះ​ទៀត ក៏​ស្នើ​ឲ្យ​ចូលរួម​សហការ​គាំទ្រ​ទាំង​ស្មារតី សម្ភារៈ និង​ថវិកា​ជាដើម ដល់​ក្រុម​ការងារ​គណៈកម្មការ​អន្តរ​ក្រសួង ឬ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទាំងអស់​គ្នា ប្រយោជន៍​ដើម្បី​រួម​ចំណែក​ក្នុង​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន​នេះ​ឲ្យ​មាន​សោភណភាព ដើម្បី​ជា​ការ​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​ថែម​ទៀត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

បន្ថែម​លើ​នេះ លោក យន្ត មីន ក៏​ស្នើ​ដល់​ប្រតិបត្តិករ​ទេសចរ​បម្រើ​សេវាកម្ម​ទេសចរណ៍​គ្រប់​ផ្នែក មាន​ចំណី​អាហារ ការ​ស្នាក់នៅ និង​សេវា​ដឹក​ជញ្ជូន​ជាដើម មិន​ត្រូវ​ដំឡើង​តម្លៃ​សេវាកម្ម​របស់​ខ្លួន​ខ្ពស់​ហួស​ហេតុ​ពេក នាំ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មិន​សប្បាយ​ចិត្ត​នោះ​ទេ៖ «យើង​ឃើញ​ថា អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា មាន​សួនច្បារ ពង្រីក​ផ្លូវ​ថ្នល់ លូ​បង្ហូរ​ទឹក និង​បំពាក់​ភ្លើង​បំភ្លឺ​ជាដើម​ជា​បន្តបន្ទាប់​នៅ​តាម​តំបន់​ឆ្នេរ​មួយ​ចំនួន មាន​ឆ្នេរ​សណ្ឋាគារ ៧​ជាន់ ឬ​ឆ្នេរ​ឯករាជ្យ​ជាដើម ដោយ​ដំណើរ​ការ​កំពុង​បន្ត​រាល់​ថ្ងៃ ប៉ុន្តែ​មិន​ទាន់​បាន​បញ្ចប់​ទីតាំង​ណា​មួយ​នៅ​ឡើយ​ទេ។ ករណី​នេះ យើង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​អភិវឌ្ឍន៍ ឬ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​ស្វាគមន៍​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ មិន​ទាន់​តាម​ផែនការ​គ្រោង​ទុក»។

សកម្មភាព​អភិវឌ្ឍន៍​នេះ ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល ប្រតិបត្តិករ​ទេសចរ និង​ប្រជាពលរដ្ឋ​ភាគច្រើន​នា​ខេត្ត​ព្រះសីហនុ ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​តាម​តំបន់​ឆ្នេរ ពង្រីក​ផ្លូវ​ថ្នល់ និង​អភិវឌ្ឍ​សួនច្បារ​បំពាក់​ភ្លើង​បំភ្លឺ​ជាដើម​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រៀម​ស្វាគមន៍​ភ្ញៀវ​ទេសចរ​នា​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ស្ថិត​ក្នុង​ចំណោម​មន្ត្រី​សង្គម​ស៊ីវិល​ច្រើន​ស្ថាប័ន​ទៀត បាន​គាំទ្រ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន​នេះ ដើម្បី​ត្រៀម​ស្វាគមន៍​ពិធី​បុណ្យ​សមុទ្រ​ដែល​ខេត្ត​ព្រះសីហនុ ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​២០១៦។

យ៉ាង​នេះ​ក្តី លោក​ព្រួយ​បារម្ភ​ខ្លាច​ផែនការ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ ឬ​មូលដ្ឋាន​របស់​ក្រុម​ការងារ​គណៈកម្មការ​អន្តរ​ក្រសួង និង​រដ្ឋបាល​ខេត្ត​នេះ​មិន​បាន​បញ្ចប់​ទៅ​តាម​ការ​គ្រោង​ទុក។ លោក ប៊ួន ណារិទ្ធិ គត់​សម្គាល់​ថា រាល់​ថ្ងៃ​នេះ សកម្មភាព​ស្ថាបនា​សួនច្បារ ការងារ​ពង្រីក​ផ្លូវ​ថ្នល់​ក្រាល​កៅស៊ូ ស្ថាបនា​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក និង​បំពាក់​ភ្លើង​បំភ្លឺ​ជាដើម ហាក់​មាន​ការ​យឺតយ៉ាវ ឬ​ត្រូវ​រាំង​ស្ទះ​ដោយ​បញ្ហា​អាកាសធាតុ មាន​ភ្លៀង​ធ្លាក់​រំខាន​ជា​រៀង​រាល់​ថ្ងៃ។

លោក ប៊ួន ណារិទ្ធិ ដែល​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​ឆ្នេរ​មួយ​ចំនួន​មាន​ឆ្នេរ​ឯករាជ្យ​ជាដើម បាន​ផ្តល់​សម្ភាស​ឲ្យ​អាស៊ីសេរី ដោយ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​ផែនការ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ត្រៀម​ស្វាគមន៍​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ មិន​អាច​បញ្ចប់​តាម​ការ​គ្រោង​ទុក ព្រោះ​តាម​ការ​សង្កេត​ឃើញ មាន​ទីតាំង​ខ្លះ​ទើប​ស្ថាបនា​បាន​ចន្លោះ​ពី ៦០% ទៅ ៧០% ប៉ុន្តែ​កាលបរិច្ឆេទ​នៃ​ការ​រៀបចំ​បុណ្យ​សមុទ្រ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ ហើយ​ទឹក​ភ្លៀង​បន្ត​ធ្លាក់​ជាប់​មិន​ដាច់​ជា​រៀង​រាល់​ថ្ងៃ។

គណៈកម្មការ​អន្តរ​ក្រសួង ឬ​ក្រុម​ការងារ​គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​បញ្ជាក់​ថា ការ​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ ក្រោម​ប្រធានបទ «ទីក្រុង​បៃតង ឆ្នេរ​ស្អាត សមុទ្រ​ខៀវ​ស្រងាត់»។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ថ្លែង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​អញ្ជើញ​មក​កម្សាន្ត​ពិធី​បុណ្យ​សមុទ្រ​នា​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​ឲ្យ​បាន​ច្រើន​កុះករ ដោយ​កម្លាំង​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ត្រៀម​កម្លាំង​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ដោយ​យក​ចិត្ត​ទុក​ដាក់៕

Viewing all articles
Browse latest Browse all 40045

Trending Articles