
ដោយ ទីន ហ្សាការីយ៉ា RFA 2016-10-20
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ទទួលស្គាល់របាយការណ៍អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អំពីការសុំឲ្យក្រសួងធ្វើកំណែទម្រង់ប្រព័ន្ធតុលាការនោះ ថាជារឿងត្រឹមត្រូវ។
លោក ជិន ម៉ាលីន មានប្រសាសន៍នៅថ្ងៃទី២០ តុលា ថា ចៅក្រមមួយចំនួនបានប្រព្រឹត្តខុសវិជ្ជាជីវៈរបស់ខ្លួនមែន តែបញ្ហានេះ ក្រសួងសហការជាមួយអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សធ្វើកំណែទម្រង់បញ្ហានេះជាបណ្ដើរៗហើយ។ លោក ជិន ម៉ាលីន អះអាងថា កន្លងទៅ ក្រសួងបានរៀបចំបណ្ដុះបណ្ដាលមន្ត្រីតុលាការ និងចៅក្រមជាច្រើនវគ្គរួចហើយដែរ៖ «»។
អ្នកស្រី រ៉ូណា ស្មីត បានចេញរបាយការណ៍កាលពីថ្ងៃទី១៩ តុលា រកឃើញថា លក្ខខណ្ឌនៃវិធានភស្តុតាងតែមួយ ត្រូវបានចៅក្រមអនុវត្តខុសៗគ្នា ពាក់ព័ន្ធនឹងបទដ្ឋានបង្ហាញភស្តុតាង។ អ្នកស្រីស្នើឲ្យក្រសួង រៀបចំគោលការណ៍ណែនាំដើម្បីចៅក្រមបានរៀនសូត្រគ្រប់គ្នា។ ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចតុលាការមុនៗ ស្នើឲ្យក្រសួងយុត្តិធម៌ រៀបចំវគ្គបណ្តុះបណ្តាលនៅសាលារាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងតម្រូវឲ្យចៅក្រមបិទផ្សាយសំអាងហេតុក្នុងការសម្រេចក្តីនីមួយៗ។ ក្រសួងត្រូវដាក់បង្ហាញតារាងថ្លៃសេវាតុលាការ ដើម្បីឲ្យសាធារណជនបានជ្រាប។ ក្នុងករណីដែលមន្ត្រីតុលាការណាយកប្រាក់លើសសេវាកំណត់ ក្រសួង ឬតុលាការ ត្រូវស៊ើបអង្កេតពីករណីនេះ និងត្រូវដាក់ទោសទណ្ឌមន្ត្រីប្រព្រឹត្តិពុករលួយនោះ។
ឆ្លើយតបបញ្ហានេះ លោក ជិន ម៉ាលីន បញ្ជាក់ថា ក្រសួងយុត្តិធម៌ កំពុងរៀបចំអំពីការបិទបង្ហាញតារាងតម្លៃសេវាតុលាការនេះហើយ។ លើសពីនេះទៀត ក្រសួងនឹងបិទប្រកាសពីតម្លៃដំណើរការរឿងក្ដីនីមួយៗ ដើម្បីឲ្យសាធារណជនបានដឹង និងយល់ច្បាស់អំពីសំណុំរឿងក្ដីនីមួយៗឲ្យបានច្បាស់លាស់ដែរ។
ចៅក្រម និងព្រះរាជអាជ្ញានៅទូទាំងប្រទេសមានប្រមាណជាង ៤០០នាក់៕