
ដោយ មួង ណារ៉េត RFA 2016-10-20
ករណីឆបោកប្រាក់មួយលានដុល្លារ ដែលមានពាក់ព័ន្ធនឹងមនុស្សមានមុខមានមាត់មួយចំនួន ដូចជាលោក ស៊ីវ ស៊ីចាន់ និងលោក សាន រីច្ឆឺ (San Richer) ជាដើមនោះ ឥឡូវនេះ ឈានដល់ដំណាក់កាលចុងក្រោយហើយ។ តុលាការកម្ពុជា បានកាត់ទោសអ្នកទាំងពីរ និងជនបរទេសពីរនាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគារ និងបង្គាប់ឲ្យសងប្រាក់ ១លានដុល្លារដល់ភាគីដើមបណ្ដឹង។
ទោះបីអ្នកស្រី អេង លីគង់ ដែលជាម្ចាស់គ្លីនិកព្យាបាលធ្មេញ ម៉ាស្ទើរ ឃែរ (Master Care) ពេញចិត្ត និងសាទរសេចក្ដីសម្រេចរបស់តុលាការកម្ពុជា ដែលកាត់ក្ដីឲ្យអ្នកស្រីឈ្នះយ៉ាងណាក៏ដោយ ក៏អ្នកស្រីនៅមិនទាន់ដឹងច្បាស់ថា តើយុត្តិធម៌នេះ នឹងប្រគល់ជូនអ្នកស្រីឲ្យពេញលេញបានដោយរបៀបណានៅឡើយទេ។
អ្នកស្រីបានដាក់បណ្ដឹងស្រដៀងគ្នានេះ នៅតុលាការសហរដ្ឋអាមេរិក ដើម្បីផ្ដល់យុត្តិធម៌ដល់អ្នកស្រីទៀត ដោយសារពិរុទ្ធជនទាំងនោះរស់នៅសហរដ្ឋអាមេរិក៖ «ខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានទេ ព្រោះជនដែលឆបោកខ្ញុំពីរនាក់ មានសញ្ជាតិពីរ គឺសញ្ជាតិខ្មែរ-អាមេរិកាំង។ ចំណែកពីរនាក់ទៀត ជាជនជាតិអាមេរិកាំង។ មិនដឹងពេលណាតុលាការនឹងចាប់ពួកគាត់មកដាក់គុកបាន»។
![]() |
លោក ផៃ ស៊ីផាន ក៏ធ្លាប់ត្រូវបានអ្នកស្រី អេង លីគង់ អះអាងថា ជំពាក់ថ្លៃធ្វើធ្មេញមិនព្រមសងដែរ៕ |
ពិរុទ្ធជនទាំងបួននាក់នោះ រួមមានឈ្មោះ សាន រីច្ឆឺ ជាពាណិជ្ជករខ្មែរ-អាមេរិកាំង និងលោក ស៊ីវ ស៊ីចាន់ ជាអតីតតំណាងសហរដ្ឋអាមេរិក ប្រចាំគណៈកម្មាធិការមួយនៃអង្គការសហប្រជាជាតិ គឺគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម លោក ថូម៉ាស វីល្លីម (Thomas Willem) ជាអ្នកជំនួញ ហើយចុងក្រោយ លោក វីល្លីម នូចាយ (Willem Nojay) សមាជិកសភាប្រចាំរដ្ឋញូវយ៉ក ដែលបានបាញ់សម្លាប់ខ្លួនកាលពីពេលថ្មីៗនេះ។ ជនទាំងបួននាក់នេះ ជាអ្នកបង្កើតក្រុមហ៊ុនឆបោកមួយឈ្មោះ អាក្រា (AKRA Agriculture Partners. Inc.)។
អ្នកស្រីថា ទង្វើឆបោកនេះ បណ្ដាលឲ្យអ្នកស្រីខាតបង់ប្រាក់ជាច្រើន ហើយថា ការពឹងលើសមត្ថកិច្ចប៉ូលិស និងតុលាការនេះ គឺដោយសារអ្នកស្រីប្រាថ្នាឲ្យរួចផុតពីភាពអយុត្តិធម៌ ដែលកើតលើអ្នកស្រីផ្ទួនៗ៖ «ខ្ញុំទទួលបានទ្វេគ្រោះ ខ្ញុំចាញ់បោកការឆបោកប្រាក់ផងឲ្យមេធាវីទៅចរចាទារប្រាក់វិញ បែរជាត្រូវរងបណ្ដឹងបន្ថែម ចោទខ្ញុំពីបទគំរាមយកប្រាក់ និងបង្ខូចកេរ្តិ៍ឈ្មោះ។ ខ្ញុំរងការលំបាកវេទនាមែនទែន។ មកដល់ថ្ងៃនេះ ខ្ញុំពិតជាពេញចិត្តនូវការសម្រេចរបស់តុលាការដែលបានប្រកាសថា រកឃើញថា អ្នកទាំងបួនពិតជាឆបោកខ្ញុំមែន។ ខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំមានសេរីភាពក្នុងការរស់នៅ ការរកទទួលទាន និងខ្ញុំទទួលបាននូវអ្វីដែលខ្ញុំចង់បានគឺភាពយុត្តិធម៌»។
អាស៊ីសេរី មិនទាន់អាចទាក់ទងលោក សាន រីច្ឆឺ និងលោក ស៊ីវ ស៊ីចាន់ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ដើម្បីឆ្លើយតបទៅនឹងសាលក្រមតុលាការនេះបាននៅឡើយទេ។ លោក សាន រីច្ឆឺ កន្លងមកធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយ ប៉ុន្តែត្រូវបានលោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ចេញមុខជួយធានាបានឲ្យនៅក្រៅឃុំរហូតដល់លោក សាន រីច្ឆឺ អាចចាកចេញពីប្រទេសកម្ពុជា បាន។
អាស៊ីសេរីក៏មិនទាន់អាចទាក់ទងលោក ផៃ ស៊ីផាន បាននៅឡើយដែរ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ដើម្បីសាកសួរពីទីតាំងស្នាក់នៅរបស់លោក សាន រីច្ឆឺ។
លោក ផៃ ស៊ីផាន ក៏ធ្លាប់ត្រូវបានអ្នកស្រី អេង លីគង់ អះអាងថា ជំពាក់ថ្លៃធ្វើធ្មេញមិនព្រមសងដែរ៕