
ដោយ អ៊ុង សេរីវុទ្ធ RFA 2016-10-24
សង្គមស៊ីវិលដែលធ្វើការងារទាក់ទងនឹងពលករចំណាកស្រុក ចង់ឲ្យរដ្ឋាភិបាលបង្កើតការិយាល័យធ្វើលិខិតឆ្លងដែន នៅតាមបណ្ដាខេត្តធំៗដែលមានពលរដ្ឋច្រើន ជាជាងធ្វើនៅតែរាជធានីភ្នំពេញ។
ប្រធានអង្គការខារ៉ាមកម្ពុជា (CARAM) លោក យ៉ា ណាវុធ ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី២៤ តុលា ថា ចំពោះគម្រោងរបស់រដ្ឋាភិបាលបង្កើតទីកន្លែងធ្វើលិខិតឆ្លងដែនថ្មីនៅក្នុងផ្សារអ៊ីអន (AEON) សាខាទី២ នោះល្អហើយ។ ប៉ុន្តែលោកយល់ថា រដ្ឋាភិបាលគួរបង្កើតនៅតាមបណ្ដាខេត្តធំៗវិញល្អជាង ដើម្បីសម្រួលដល់ពលរដ្ឋជាពិសេសពលករដែលខ្វះខាតថវិកា៖ «ការដាក់ទីតាំងនៅផ្សារអ៊ីអនថ្មីហ្នឹង ជាការសម្រួលសម្រាប់ពលរដ្ឋយើងហើយដែលគាត់ទៅលេង។ ប៉ុន្តែមានពលរដ្ឋប៉ុន្មានមានលទ្ធភាពអាចទៅលេងផ្សារអ៊ីអនបាន? អ៊ីចឹងដើម្បីជាការសម្រួល ប្រសិនបើអាចពង្រីកទៅដាក់តាមបណ្ដាខេត្តសំខាន់ៗ ជាច្រើនទៀតបាន។ វាជារឿងមួយល្អសម្រាប់ពលរដ្ឋយើង ទី១ អាចសម្រួលពេលវេលាធ្វើដំណើរ គឺពួកគាត់ចំណេញពេលវេលា និងទី២ គឺសោហ៊ុយ អាចកាត់បន្ថយបានដែរ»។
កាលពីថ្ងៃទី២៣ តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរក្នុងហ្វេសប៊ុករបស់លោកថា រដ្ឋាភិបាលនឹងបង្កើតកន្លែងធ្វើលិខិតឆ្លងដែនថ្មីមួយ នៅក្នុងផ្សារអ៊ីអនសាខាទី២ ខណ្ឌទួលគោក ដើម្បីផ្ដល់សេវាជូនពលរដ្ឋឲ្យកាន់តែងាយស្រួល ដូចដែរខ្លួនបានបង្កើតកន្លែងធ្វើលិខិតស្នាមរថយន្ត និងប័ណ្ណបើកបររួចហើយនៅផ្សារអ៊ីអន សាខាទី១ ក្នុងខណ្ឌចំការមន។
បច្ចុប្បន្នការិយាល័យធ្វើលិខិតឆ្លងដែន មាន១កន្លែងនៅខណ្ឌច្បារអំពៅ នារាជធានីភ្នំពេញ៕