Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

ពលរដ្ឋ​៦​ភូមិ​នៅ​សៀមរាប​ចង​ក្រង​គ្នា​ជា​សហគមន៍​ការពារ​ឈើ​ជាង​២០០​ហិកតារ

$
0
0
ក្រុម​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយចេក ស្រុក​អង្គរធំ ខេត្ត​សៀមរាប នាំ​គ្នា​ដើរ​ល្បាត​ការពារ​ព្រៃ​សហគមន៍​ត្រពាំង​ភ្លង់ ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Hang Savyouth

ដោយ ហង្ស សាវយុត RFA 2016-10-27

ឃុំ​ស្វាយចេក ស្រុក​អង្គរធំ ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ ៦​ភូមិ គឺ​ជា​តំបន់​ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប។ ​ទី​នោះ​ជា​កន្លែង​តែ​មួយ​គត់​ដែល​អ្នកភូមិ​ជឿ​ថា នៅ​សេសសល់​ព្រៃឈើ​ទំហំ ២៣០​ហិកតារ ក្នុង​ចំណោម​ឃុំ​ជា​ច្រើន​ទៀត​របស់​ស្រុក​អង្គរធំ​ទាំង​មូល​ដែល​អស់​ព្រៃ​ទៅ​ហើយ។

ប្រជាពលរដ្ឋ​ជាង ១.២០០​គ្រួសារ ក្នុង​ភូមិ​ចំនួន​៦ របស់​ឃុំ​ស្វាយចេក កំពុង​ប្រឹងប្រែង​ការពារ​ព្រៃ​សហគមន៍​ត្រពាំងភ្លង់ ដែល​នៅ​សេសសល់​ចុង​ក្រោយ នៅ​ជិត​តំបន់​ដែល​ពួកគេ​រស់​នៅ។ ជា​រៀងរាល់​ថ្ងៃ​ពួកគេ​តែង​ដាក់​វេន ហើយ​ប្រមូល​ផ្ដុំ​គ្នា​ដើរ​ល្បាត​ដើម្បី​ការពារ​ព្រៃ​មិន​ឱ្យ​មាន​អ្នក​ចូល​ទៅ​កាប់​បំផ្លាញ​បាន​ទេ។

ប្រជាពលរដ្ឋ​ជាង ១.២០០​គ្រួសារ រស់​នៅ​ឃុំ​ស្វាយចេក ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ពេល​ដែល​តំបន់​ជុំវិញ​ពួកគេ​អស់​ព្រៃ​រលីង​ទៅ​ហើយ គឺ​ពួកគេ​ទីពឹង​តែ​លើ​ព្រៃ​សហគមន៍​ត្រពាំងភ្លង់ មួយ​គត់​សម្រាប់​ចូល​ទៅ​រក​អនុផល​ព្រៃឈើ ដូចជា​បោច​វល្លិ​បោច​ផ្ដៅ បេះ​បន្លែ​ព្រៃ ឬ​ក៏​ផ្លែឈើ យក​ទៅ​ហូប ព្រម​ទាំង​អាច​លក់​ដូរ​បាន​កម្រៃ​ខ្លះ​ទៀត​ផង។


បុរស​ចំណាស់​ម្នាក់​នៅ​ភូមិ​ព្រះគោ ក្នុង​ចំណោម​ពលរដ្ឋ​ជា​ច្រើន​ទៀត ដែល​តែង​ដើរ​ល្បាត​ការពារ​ព្រៃ គឺ​លោក ខ្មោញ ញ៉ាញ់។ លោក​មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃ ព្រៃ​ត្រពាំងភ្លង់ គឺ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​គ្រួសារ​របស់​លោក និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត។ បុរស​ដដែល​បញ្ជាក់​ថា ស្ទើរ​តែ​រៀងរាល់​ថ្ងៃ រូប​គាត់ និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត ក្រៅ​តែ​ពី​ជួយ​ដើរ​ល្បាត​ការពារ​ព្រៃឈើ ក៏​ជួយ​ដាំ​ដើម​ឈើ​ខ្លះៗ​ដែរ។

លោក ខ្មោញ ញ៉ាញ់ ស្រឡាញ់​ព្រៃឈើ​នៅ​សហគមន៍​របស់​លោក​យ៉ាង​ខ្លាំង៖ «ស្រឡាញ់​ណាស់​ព្រៃឈើ ព្រោះ​ប្រមើល​មើល៍​អនាគត​ទៅ​មុខ​ទៀត​វា​អស់​ហើយ នៅ​សល់​តែ​ព្រៃ​មួយ​ដុប​នេះ គ្រាន់​បាន​ទី​ពឹង»។

បច្ចុប្បន្ន ដើម្បី​ការពារ​ព្រៃឈើ​ទំហំ​ជាង ២៣០​ហិកតារ ឱ្យ​នៅ​គង់វង្ស គឺ​អ្នក​ភូមិ​បាន​ស្រុះស្រួល​គ្នា​បង្កើត​បាន​ជា​សហគមន៍​ការពារ​ព្រៃឈើ​មួយ​ឈ្មោះ ត្រពាំងភ្លង់។ ក្រុម​អ្នក​ភូមិ​តែង​ដាក់​វេន​គ្នា​ដើរ​ល្បាត​ការពារ​ព្រៃ ពេល​ខ្លះ​ធ្វើ​ឡើង​ដោយ​ថ្មើរ​ជើង និង​ពេល​ខ្លះ​ទៀត​អាច​ជិះ​ម៉ូតូ​ដើម្បី​ល្បាត៖ «សំឡេង​ម៉ូតូ»។

​ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​ត្រពាំងភ្លង់ លោក ពៅ សង មាន​ប្រសាសន៍​ថា ចាប់​តាំង​តែ​ពី​ឆ្នាំ​១៩៩៧ មក ក្រុម​អ្នក​ភូមិ​បាន​នាំ​គ្នា​ការពារ​ព្រៃ​នេះ ក៏​ប៉ុន្តែ​ជា​បន្តបន្ទាប់ ដោយសារ​តែ​មាន​ចលនា​កាប់​បំផ្លាញ​ព្រៃឈើ​ដើម្បី​រុករាន​យក​ដី​កាន់​តែ​ខ្លាំង ទើប​អ្នក​ភូមិ​នាំ​គ្នា​បង្កើត​ជា​សហគមន៍​ការពារ​ព្រៃ​ឈើ​មួយ​ឡើង ក្នុង​បំណង​ការពារ​ព្រៃ​នៅ​លើ​ផ្ទៃដី ២៣០​ហិកតារ​ឱ្យ​គង់វង្ស។

លោក ពៅ សង បញ្ជាក់​ថា ព្រៃ​សហគមន៍​នេះ​ក្រៅ​តែ​ពី​មាន​ប្រយោជន៍​ផ្ដល់​អនុផល​ព្រៃឈើ និង​បន្លែ​ព្រៃ​ដល់​ប្រជាពលរដ្ឋ​ទៅ​តាម​រដូវ គឺ​លោក​ក៏​ចង់​បង្កើត​ឱ្យ​ក្លាយ​ទៅ​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​សម្រាប់​អនាគត​ដែរ៖ «មិន​ឱ្យ​បាត់​ទេ ព្រោះ​ខំ​ការពារ​ណាស់! សព្វថ្ងៃ​មាន​បទល្មើស​តិចតួច​ឆ្លៀត​ឱកាស​ចូល​មក​លួច​កាប់​ដែរ ប៉ុន្តែ​ពេល​ណា​ដើរ​ល្បាត​ប៉ះ យើង​តែ​ហៅ​មក​ធ្វើ​កិច្ចសន្យា​កុំ​ឱ្យ​លួច​កាប់​ឈើ​ទៀត»។

​បច្ចុប្បន្ន​នេះ ព្រៃ​សហគមន៍​ត្រពាំងភ្លង់ ក្រៅ​តែ​ពី​ប្រឈមមុខ​នឹង​ការ​លួច​កាប់​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ផ្សេង ក៏​នៅ​ប្រឈមមុខ​នឹង​ភ្លើង​ព្រៃ​ដែល​ឆេះ​បំផ្លាញ​នៅ​រដូវ​ប្រាំង​ដែរ។

​ប្រជា​សហគមន៍ រួម​ទាំង​អាជ្ញាធរ​ឃុំ​ស្វាយចេក និង​ស្រុក​អង្គរធំ កំពុង​ប្រឹងប្រែង​ការពារ​ព្រៃ​ត្រពាំងភ្លង់ ពី​ការ​លួច​កាប់​បំផ្លាញ ព្រម​ទាំង​ការពារ​ភ្លើង​ព្រៃ​មិន​ឱ្យ​ឆេះ ក៏ប៉ុន្តែ​កិច្ច​ការពារ​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព ទាំង​ស្រុង​ទេ ពីព្រោះ​នៅ​ក្នុង​តំបន់​នោះ មិន​ទាន់​មាន​ផ្លូវ​ល្អ​ស្អាត​សម្រាប់​ឱ្យ​សហគមន៍​អាច​ជិះ​ម៉ូតូ​ល្បាត ឬ​ក៏​អាច​ធ្វើ​អន្តរាគមន៍​ឡាន​ទឹក​ទាន់​ពេល​នៅ​ឡើយ​ពេល​ណា​ដែល​មាន​ភ្លើង​ព្រៃ​ឆេះ​ម្ដងៗ។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្វាយចេក លោក អី ហាង យល់​ថា សម្រស់​ព្រៃ​ត្រពាំងភ្លង់ មិន​ត្រឹមតែ​ផ្ដល់​អនុផល​ព្រៃឈើ​បន្លែ និង​ផ្លែ​ឈើ​ព្រៃ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រដូវ​ប៉ុណ្ណោះ​ទេ គឺ​វា​ថែម​ទាំង​អាច​មាន​សក្តានុពល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យ​មក​កម្សាន្ត​បាន​ដែរ​សម្រាប់​អនាគត។

​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្វាយចេក ដដែល​អំពាវនាវ​ឱ្យ​ក្រសួង​របស់​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​នឹង​ព្រៃឈើ ឬ​ក៏​សប្បុរសជន​ណា​ដែល​មាន​សទ្ធា គឺ​សូម​ជួយ​ធ្វើ​ផ្លូវ​ក្រវាត់​តំបន់​ព្រៃ​សហគមន៍​នោះ​ផង៖ «គម្រោង​យើង​ក្នុង​ឆ្នាំ​នេះ ក្នុង​ផែនការ​វិនិយោគ​គឺ​រៀបចំ​ផ្លូវ​នៅ​ព័ទ្ធ​ជុំវិញ​តំបន់​ព្រៃ​ក្នុង​បំណង​ការពារ​ព្រៃ​ត្រពាំងភ្លង់ ឱ្យ​បាន​ល្អ។ តាម​ពិត​ឃុំ​ស្វាយចេក មិន​ទាន់​មាន​លទ្ធភាព​ធ្វើ​ផ្លូវ​​នោះ​ទេ គឺ​កំពុង​ស្វែង​រក​ដៃគូ​ដើម្បី​ឱ្យ​ជួយ​កសាង»។

​មេ​ឃុំ​ស្វាយចេក លោក ឈួន ឯម ឱ្យ​ដឹង​ថា តំបន់​ព្រៃ​សហគមន៍​ត្រពាំងភ្លង់ ទំហំ​ជាង ២៣០​ហិកតារ ក្រៅ​តែ​អាច​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​មាន​ឈើ​ប្រើប្រាស់ និង​ទទួល​អនុផល​ព្រៃឈើ​នោះ វា​ក៏​ជា​ជម្រក​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​កំពុង​រស់​នៅ។ សត្វ​ទាំង​នោះ​មាន​ដូចជា​ក្ដាន់​ញ៉ែង​សំពោច​មាន់​ព្រៃ​ឈ្លូស ទន្សាយ និង​ជ្រូកព្រៃ ព្រម​ទាំង​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ទៀត។

ជា​រៀងរាល់​ថ្ងៃ ព្រៃ​សហគមន៍​ត្រពាំងភ្លង់ អាច​ជួយ​ទ្រទ្រង់​ជីវភាព​ប្រជាពលរដ្ឋ​ជាង ១.២០០​គ្រួសារ​នៅ​ឃុំ​ស្វាយចេក និង​ឃុំ​នៅ​ជាប់​គ្នា​ខ្លះ​ទៀត​ឱ្យ​ចូល​ទៅ​បោច​វល្លិ បោច​ផ្ដៅ បេះ​ផ្លែ​ឈើ​ព្រៃ មាន​ផ្លែ​សិរមាន់ ផ្លែ​គុយ ផ្លែ​ទ្រៀល ដក​ផ្សិត​ព្រៃ ព្រម​ទាំង​ដើរ​រក​ទឹក​ឃ្មុំ​យក​ទៅ​លក់​ដូរ​បាន​ប្រាក់​ជួយ​ដោះស្រាយ​ជីវភាព​ផង​ដែរ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>