ដោយ អ៊ុង សេរីវុទ្ធ RFA 2016-10-27
គណបក្សសង្គ្រោះជាតិ បដិសេធចំពោះលិខិតមួយច្បាប់ដែលអះអាងថា ជាតំណាងយុវជនខ្លួនដែលទាមទារឲ្យដកតំណែងកូនស្រីរបស់ប្រធានស្ដីទីគណបក្ស លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា។
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត ឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី២៧ ខែតុលា ដោយចាត់ទុកលិខិតដែលត្រូវបានសារព័ត៌មានក្នុងស្រុកស្និទ្ធនឹងរដ្ឋាភិបាលចុះផ្សាយ ហើយដែលមន្ត្រីរាជរដ្ឋាភិបាលមួយចំនួនចែករំលែកពាសពេញបណ្ដាញសង្គមផងនោះ គឺជាលិខិតក្លែងក្លាយ និងជាអំពើទុច្ចរិត។
បន្ថែមពីនេះលោក ហ៊ីង សុខសាន្ត ក៏ថ្កោលទោសចំពោះជនទុច្ចរិតទាំងឡាយណាដែលក្លែងឯកសារនេះ ក្នុងគោលបំណងញុះញង់បំបែកផ្ទៃក្នុងគណបក្ស និងបំភ័ន្តដល់សាធារណមតិជាតិ និងអន្តរជាតិ។ លោកបន្តថា លិខិតនោះគ្មានប្រភពត្រឹមត្រូវ ទាំងទម្រង់ក្បាលលិខិត ទម្រង់អក្សរ និងគ្មានហត្ថលេខាអនុញ្ញាតផង ប៉ុន្តែបែរជាត្រូវបានសារព័ត៌មាន ហ្វ្រេសញូវ (Freshnews) យកមកផ្សព្វផ្សាយ។
អត្ថន័យក្នុងលិខិតនេះដែលចេញកាលពីថ្ងៃទី២៦ ខែតុលា បានបញ្ជាក់ថា ជាតំណាងក្រុមយុវជនគណបក្សសង្គ្រោះជាតិ បានថ្លែងការណ៍ប្រឆាំងនឹងកូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ដែលហ៊ានរិះគន់ចំពោះមតិយោបល់របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។
លិខិតដដែលនោះក៏ទាមទារឲ្យគណបក្សនេះដាក់ពិន័យកញ្ញា កឹម មនោវិទ្យា ដោយការដកតំណែង។ បច្ចុប្បន្នកញ្ញា កឹម មនោវិទ្យា មានតំណែងជាអគ្គនាយករងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ។
ថ្មីៗនេះ កញ្ញា កឹម មនោវិទ្យា បានបញ្ចេញសាររិះគន់ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ដែលថា លោកសុខចិត្តត្រឡប់ចូលមកកម្ពុជា វិញហើយជាប់ឃុំជាថ្នូរនឹងការដោះលែងសកម្មជនរបស់ខ្លួន និងអ្នកការពារសិទ្ធិមនុស្សសរុបជាង ២០នាក់។
កាលពីយប់ថ្ងៃទី២៣ ខែតុលា កញ្ញា កឹម មនោវិទ្យា ក៏បង្ហោះសារមួយឆ្លើយតបទៅនឹងចំណាត់ការរបស់រដ្ឋាភិបាល ដែលហាមឃាត់លោក សម រង្ស៊ី មិនឲ្យត្រឡប់មកកម្ពុជា។ កញ្ញាបានសរសេរថា៖ "អស់រយៈពេលមួយឆ្នាំហើយ ទីបំផុតលោក សម រង្ស៊ី នៅថ្ងៃនេះអាចប្រកាសជាផ្លូវការនូវការនិរទេសរបស់ខ្លួនហើយ។ គាត់ថែមទាំងមានហេតុផលសមស្របសម្រាប់បន្តនៅបរទេសទៀត"។
ប៉ុន្តែសម្រាប់អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី យល់ថា ការលើកឡើងរបស់កញ្ញា កឹម មនោវិទ្យា គួរប្រយ័ត្នប្រយែង ព្រោះជាតិត្រូវការអ្នករួបរួមគ្នា មិនត្រូវការអ្នកបំបែកទេ ហើយបើសម្ដីនេះធ្វើឲ្យបែកបាក់គណបក្សសង្គ្រោះជាតិ នាងនឹងមានវិប្បដិសារី និងទទួលបានការជេរស្ដីពីសំណាក់មហាជន៕