Quantcast
Viewing all articles
Browse latest Browse all 40045

សង្គម​ស៊ីវិល​ប្រតិកម្ម​នឹង​ការ​លួច​ថត​និង​ផ្សព្វផ្សាយ​សំឡេង​សន្ទនា​របស់​លោក ប៉ែន សុវណ្ណ

Image may be NSFW.
Clik here to view.
ពិធី​បុណ្យ​សព​អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ស្ពឺ លោក ប៉ែន សុវណ្ណ នៅ​ខេត្ត​តាកែវ ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth


ដោយ ថា កិត្យា RFA 2016-11-01

សង្គម​ស៊ីវិល​ប្រតិកម្ម​ចំពោះ​ការ​បង្ហោះ​ខ្សែ​អាត់​សំឡេង​សន្ទនា​ស្នេហា​តាម​ទូរស័ព្ទ ដែល​គេ​សង្ស័យ​ថា​ជា​សំឡេង​របស់​លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋមន្ត្រី​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ ពួក​គេ​យល់​ថា ការ​លួច​ថត​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ដោយ​គ្មាន​ការ​អនុញ្ញាត គឺ​ជា​អំពើ​ខុស​ច្បាប់ និង​អសីលធម៌ ពិសេស​នៅ​ពេល​លោក ប៉ែន សុវណ្ណ បាន​ទទួល​មរណភាព​ទៅ​ហើយ​នោះ។ រីឯ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ចូលរួម​សោកស្ដាយ តែ​មិន​ទាន់​សម្រេច​ចាត់ការ​យ៉ាង​ណា​នៅ​ឡើយ។

ថ្វីត្បិតតែ​អតីត​នាយក​រដ្ឋមន្ត្រី​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ បាន​ទទួល​មរណភាព​ទៅ​ហើយ​ក្តី តែ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ "រឿង​ពិត CNRP"បាន​ទម្លាយ​រឿង​អាស្រូវ​ស្នេហា​របស់​លោក ប៉ែន សុវណ្ណ កាល​ពី​លោក​នៅ​មាន​ជីវិត​ជា​បន្តបន្ទាប់ ដូច​គ្នា​នឹង​ករណី​រឿង​អាស្រូវ​ស្នេហា​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែរ។



ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា លោក ប៉ែន សុវណ្ណ បាន​ស្លាប់​ទៅ​ហើយ មិន​គួរ​ណា​គេ​នៅ​តែ​បន្ត​លាប​ពណ៌ និង​ទម្លាយ​រឿង​អាស្រូវ​របស់​គាត់​ទៀត​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត ថា​ការ​លួច​ថត​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​បែប​នេះ គឺ​ជា​រឿង​ខុស​ច្បាប់ និង​អសីលធម៌៖ «»។

ទំព័រ​ហ្វេសប៊ុក "រឿង​ពិត CNRP"ត្រូវ​បាន​គេ​ស្គាល់​ជា​សាធារណៈ​នៅ​អំឡុង​ដើម​ខែ​មីនា ឆ្នាំ​២០១៦ នេះ ដែល​គេ​បង្កើត​សម្រាប់​ផ្សាយ​ជាពិសេស​ផ្ដោត​លើ​រឿង​អាស្រូវ​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ ផេក​ហ្វេសប៊ុក​នេះ​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​ជា​របស់​អ្នក​នរណា​ពិត​ប្រាកដ ហើយ​ក៏​មិន​ទាន់​ឃើញ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ទំព័រ​ហ្វេសប៊ុក​នេះ​ឡើយ។

លោក អ៊ូ វីរៈ ចាត់​ទុក​ថា ករណី​លួច​ថត​សំឡេង​សន្ទនា​គ្នា ហើយ​រង់ចាំ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នេះ​ជា​ទម្លាប់​អាក្រក់​មួយ ហើយ​អាជ្ញាធរ​ហាក់​ដូចជា​មិន​ព្រម​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ទំព័រ​ហ្វេសប៊ុក "រឿង​ពិត CNRP"នេះ​ឡើយ៖ «»។

ក្នុង​ទំព័រ​ហ្វេសប៊ុក "រឿង​ពិត CNRP"បាន​បង្ហោះ​ឃ្លីប (clip) សំឡេង​សន្ទនា​របស់​លោក ប៉ែន សុវណ្ណ ជាមួយ​នារី​បម្រើ​ការ​នៅ​ផ្ទះ និង​ស្រី​ម៉ាស្សា ដែល​ថត​ចេញ​ពី​ទូរស័ព្ទ ដោយ​និយាយ​រៀបរាប់​ពី​ទំនាក់ទំនង​ស្នេហា ការ​នឹក​រឭក និង​និយាយ​អំពី​ការ​រួម​មេត្រី​ជាមួយ​គ្នា ជាដើម។

នៅ​ខាង​ក្រោម​ឃ្លីប​សំឡេង​នេះ គឺ​មាន​អ្នក​លេង​ហ្វេសប៊ុក​ជាច្រើន​នាក់ បាន​ចូល​ទៅ​បញ្ចេញ​មតិ ឬ​ខមមិន (Comment) ដោយ​អ្នក​ខ្លះ​រិះគន់​លើ​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​នេះ ព្រម​ទាំង​សំណូមពរ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​រក​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​នេះ និង​អ្នក​នៅ​ពី​ក្រោយ។ រីឯ​អ្នក​ខ្លះ​ទៀត សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ហានិភ័យ​សម្រាប់​សិទ្ធិ​ឯកជន​របស់​ពួក​គេ និង​អ្នក​ខ្លះ​ទៀត បាន​ចំអក​ឡកឡឺយ​ឲ្យ​អ្នក​នយោបាយ ទាំង​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​នយោបាយ​បក្ស​កាន់​អំណាច ដែល​មិន​គិត​អំពី​ប្រយោជន៍​ជាតិ និង​ប្រជាជន។

អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ Sang Ke ចូល​ទៅ​បញ្ចេញ​យោបល់​ថា "រឿង​ជីវិត​ឯកជន ត្រូវ​បាន​គេ​យក​មក​ហែក​បង្ហាញ​ឲ្យ​មនុស្ស​មើល​ជា​លក្ខណៈ​លេង​សើច​យ៉ាង​គឃ្លើន។ នេះ! មិន​ជា​ការ​រំលោភ​ច្បាប់ រំលោភ​សិទ្ធិ​បុគ្គល និង​អសីលធម៌​ក្នុង​លក្ខណៈ​ធ្ងន់ធ្ងរ​ទេ​ឬ? ជា​ការ​បង្ហាញ​ដោយ​ឥត​លាក់លៀម​ថា ក្នុង​សង្គម​យើង​គ្មាន​អ្វី​ដែល​ត្រូវ​ការពារ​ដោយ​ច្បាប់ ដែល​ត្រូវ​គេ​ខ្លាច​ញញើត​មិន​ហ៊ាន​រំលោភ​បំពាន​ឡើយ។ ខ្មែរ​អើយ បន្ទាប់​ពី​បាន​ឃើញ ឬ​ស្តាប់​ឮ​ហើយ តើ​ចិត្ត​អ្នក​មាន​ប្រតិកម្ម​ឬ​ទេ ហើយ​ប្រតិកម្ម​របៀប​ម៉េច ធម្មតាៗ ឬ​មួយ​ឮ​ហើយ​មាន​អារម្មណ៍​សប្បាយ របៀប​ស្តាប់​រឿង​កំប្លែង ឬ​ក៏​គ្មាន​ប្រតិកម្ម​អ្វី​ទាំងអស់ ព្រោះ​វា​មិន​មែន​ជា​អញ គួរ​ឲ្យ​សង្វេគ​ណាស់​ជាតិ​សាសន៍​មួយ​នេះ"។

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Srey Pheap បាន​សរសេរ​ថា "ក្នុង​នាម​ជា​តំណាង​រាស្ត្រ​នាំ​គ្នា​ប្រព្រឹត្ត​តែ​រឿង​អាស្រូវ​ផ្លូវ​ភេទ តើ​អាច​ដឹកនាំ​ប្រទេស​ជាតិ​បាន​ទៅ និង​ឲ្យ​យុវជន​យក​ជា​គំរូ​ម៉េច​បាន​ទៅ"។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា លោក ប៉ែន សុវណ្ណ បាន​ស្លាប់​ទៅ​ហើយ ដូច្នេះ​មិន​គួរ​បើក​កកាយ​រឿង​អាស្រូវ​របស់​គាត់​ទៀត​ទេ។ ថ្វីត្បិតតែ​លោក​សម្ដែង​ក្តី​សោកស្ដាយ ប៉ុន្តែ​លោក​បញ្ជាក់​ថា អាជ្ញាធរ​មិន​ទាន់​សម្រេច​ចាត់​វិធានការ​យ៉ាង​ណា​នៅ​ឡើយ​ទេ៖ «»។

មាត្រា​៣០១ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា អំពើ​ស្ដាប់ ឬ​ថត​សម្ដី​ដែល​និយាយ​ជា​ឯកជន ឬ​ជា​ការ​សម្ងាត់​ដោយ​គ្មាន​ការ​យល់ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ទៅ ២​លាន​រៀល លើកលែង​តែ​ករណី​ដែល​ច្បាប់​អនុញ្ញាត។ បញ្ហា​នេះ អាច​សន្មត​ជា​ការ​ព្រមព្រៀង​ទៅ​បាន លុះត្រា​បុគ្គល​ដែល​ពាក់ព័ន្ធ​បាន​ទទួល​ដំណឹង​អំពី​ការ​ស្ដាប់ ឬ​ថត​ហើយ ហើយ​បុគ្គល​នោះ​មិន​ជំទាស់។

អតីត​នាយក​រដ្ឋមន្ត្រី​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម ក្នុង​ឆ្នាំ​១៩៨១ និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ស្ពឺ លោក ប៉ែន សុវណ្ណ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦ ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៨០​ឆ្នាំ នៅ​គេហដ្ឋាន​របស់​លោក​នា​ខេត្ត​តាកែវ។ សព​លោក ប៉ែន សុវណ្ណ នឹង​ដង្ហែ​ទៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ហើយ​គ្រោង​នឹង​ធ្វើ​ពិធី​បូជា​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ខាង​មុខ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>