
ដោយ កេសរណ្ណីយ្យា RFA 2016-05-16
ពលរដ្ឋខ្មែរ-អាមេរិកាំងពីរដ្ឋផ្សេងៗនៃសហរដ្ឋអាមេរិក ប្រជុំគ្នានៅរដ្ឋកាលីហ្វ័រញ៉ា (California) ដើម្បីគាំទ្រដល់យុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ»។ ការជួបជុំគ្នានេះ ប្រព្រឹត្តទៅនៅសួនសាធារណៈមួយកន្លែង (MacArthur Park) ក្នុងក្រុងឡុងប៊ិច (Long Beach) នារសៀលថ្ងៃអាទិត្យ ដែលត្រូវគ្នានឹងព្រឹកព្រលឹមថ្ងៃច័ន្ទ ទី១៦ ឧសភា ម៉ោងនៅប្រទេសកម្ពុជា។
ក្នុងកិច្ចជួបជុំគ្នាសម្ដែងមតិនោះ ពលរដ្ឋខ្មែរ-អាមេរិកាំង អ្នកចូលរួម គឺសុទ្ធតែស្លៀកពាក់ខោអាវពណ៌ខ្មៅទាំងអស់គ្នា។
សេចក្តីប្រកាសព័ត៌មានរបស់សហគមន៍ខ្មែរ-អាមេរិកាំង «ភូមិបៃតង» (Green Village of LB) និងសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង (Cambodian-American Ally-CAA) ដែលរៀបចំកិច្ចជួបជុំនេះ គូសបញ្ជាក់ថា ការប្រើសម្លៀកបំពាក់ពណ៌ខ្មៅ គឺជាចំណុចសំខាន់មួយនៃការជួបជុំគ្នានេះ និងជានិមិត្តរូបបង្ហាញនូវការគាំទ្រចំពោះសកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ និងអង្គការមនុស្សធម៌ ដែលត្រូវបានគេចោទប្រកាន់ ចាប់ឃុំខ្លួន និងដាក់ពន្ធនាគារយ៉ាងបំពានច្បាប់។
អ្នករៀបចំកម្មវិធីជួបជុំគ្នា គាំទ្រយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» នៅរដ្ឋកាលីហ្វ័រញ៉ា លោក មួន ប៊ុនធឿន នៃសហគមន៍ខ្មែរ-អាមេរិកាំង «ភូមិបៃតង» នៅក្រុងឡុងប៊ិច ប្រាប់វិទ្យុអាស៊ីសេរី ថា ពលរដ្ឋខ្មែរ-អាមេរិកាំង នឹងរួមគ្នាគាំទ្រយុទ្ធនាការនេះជាមួយពលរដ្ឋនៅក្នុង និងក្រៅប្រទេសរហូតដល់មានការដោះលែងសកម្មជនទាំងនោះ៖ «តំណាងឲ្យបងប្អូនខ្មែរភូមិបៃតងហ្នឹង បានសហការជាមួយលោកស្រី ណាវ៉ាន់ ជាតិ ជាសមាគម CAA។ ថ្ងៃនេះយើងធ្វើបាតុកម្មជាទ្រង់ទ្រាយធំដើម្បីជួបជុំគ្នា។ បន្ទាប់មក យើងនឹងមានការស្ម័គ្រចិត្តស្លៀកពាក់ខ្មៅ ឬផ្សាយតាមបណ្ដាញហ្វេសប៊ុក (Facebook) រៀងៗខ្លួន។ បន្តទៀត យើងអាចនឹងជួបជុំគ្នាម្ដងទៀត និងធ្វើមហាបាតុកម្មបន្តទៀត។ យើងក៏បានមានគំនិតថាយកស្នាមមេដៃពលរដ្ឋទាំងអស់ ហើយនិងអ្នកចូលរួមហ្នឹង ទៅជួបតំណាងរាស្ត្ររដ្ឋកាលីហ្វ័ញ៉ា ជម្រាបពីការលំបាករបស់ប្រជាជាតិខ្មែរដែលបានរងគ្រោះ»។
ពលរដ្ឋខ្មែរ-អាមេរិកាំងម្នាក់ដែលកំពុងធ្វើដំណើរទៅចូលរួម បង្ហាញពីហេតុផលផ្ទាល់ក្នុងការគាំទ្រយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» នេះ៖ «ទៅចូលរួមជាមួយបងប្អូននៅទីក្រុងឡុងប៊ិច ដែលធ្វើបាតុកម្ម។ ឥឡូវនេះកំពុងធ្វើដំណើរតាមឡាន។ យើងសប្បាយចិត្ត និងទៅចូលគាំទ្រឲ្យមានការផ្លាស់ប្ដូរ ជាពិសេសឲ្យដោះលែងសកម្មជនសិទ្ធិមនុស្សក្ដី និងសកម្មជនមួយចំនួនទៀតដែលគេចាប់ដាក់គុកដោយអយុត្តិធម៌។ យើងសម្រេចចិត្តរួចហើយថា ដរាបណាខ្មែរយើង ជាពិសេសអ្នកទាមទារឲ្យមានសេរីភាព ឲ្យមានយុត្តិធម៌ក្នុងសង្គម ចង់ទាមទារឲ្យបងប្អូនយើងបានមានសេរីភាពគ្រប់គ្រាន់ យើងនឹងបន្តយុទ្ធនាការហ្នឹងរហូតដល់បងប្អូនយើងរួចចេញពីពន្ធនាគារ បើមិនអ៊ីចឹងទេ យើងនៅតែធ្វើគ្រប់ទីក្រុងឲ្យបានច្រើនថែមទៀត»។
ហើយនេះគឺជាយោបល់របស់ពលរដ្ឋខ្មែរ-អាមេរិកាំងម្នាក់ទៀត ចំពោះយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» នេះ៖ «យើងបានឃើញហើយ ថ្មីៗនេះ មន្ត្រីអង្គការការពារសិទ្ធិមនុស្សនៅកម្ពុជា ៤រូប រួមទាំងសមាជិក គ.ជ.ប ១រូប ត្រូវបានដាក់ក្នុងពន្ធនាគារកាត់ទោសដោយអយុត្តិធម៌ ទឹកប្រាក់តែចំនួន ២០០ដុល្លារទេ ប្រើប្រព័ន្ធតុលាការអយុត្តិធម៌ចោទប្រកាន់លើគាត់ ហើយចាប់គាត់ដាក់ពន្ធនាគារ។ ភាពអយុត្តិធម៌ទាំងអស់នេះ គឺបង្ហាញឲ្យឃើញថា ប្រជារាស្ត្រខ្មែរកំពុងរងទុក្ខទោសធ្ងន់ បាត់បង់សិទ្ធិសេរីភាព និងភាពអយុត្តិធម៌។ ថ្ងៃនេះយើងចូលរួមស្លៀកពាក់ឈុតពណ៌ខ្មៅនេះ គឺចង់បង្ហាញនូវការតស៊ូមតិទាមទារ ថាយើងសម្ដែងការមិនពេញចិត្តនូវអ្វីដែលរដ្ឋាភិបាលបច្ចុប្បន្ន និងតុលាការស្រុកខ្មែរហ្នឹងដែលបានធ្វើមកលើប្រជារាស្ត្រ រួមទាំងសង្គមស៊ីវិលជាដើម។ ដើម្បីទាមទារឲ្យមានការទម្លាក់ចោលនូវការចោទ»។
ហើយនេះគឺជាយោបល់ផ្ទាល់របស់ពលរដ្ឋខ្មែរ-អាមេរិកាំងពីរនាក់ទៀត ចំពោះយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» នេះ៖ «ខ្ញុំកំពុងតែបើកឡានទៅ ឈឺផង! ប៉ុន្តែចង់ទៅចូលរួម ព្រោះមានបំណងឲ្យរដ្ឋាភិបាលស្រុកខ្មែរដោះលែងបងប្អូនទាំងអស់ ព្រោះពួកគាត់អត់មានធ្វើអីខុស មានតែជួយការពារជាតិ ជួយរក្សាសិទ្ធិមនុស្ស។ បុរសម្នាក់ទៀត៖ បំណងរបស់ខ្ញុំចូលរួមយុទ្ធនាការស្លៀកពាក់ខ្មៅដើម្បីទាមទារឲ្យរដ្ឋាភិបាលខ្មែរហ្នឹងគោរពច្បាប់ទម្លាប់ គោរពសិទ្ធិមនុស្ស។ ឥឡូវហ្នឹងយើងឃើញថា ប្រជាពលរដ្ឋហ្នឹងរងគ្រោះសម្បើមណាស់ តំណាងរាស្ត្ររងគ្រោះខ្លាំង រហូតដល់ថ្នាក់សង្គមស៊ីវិលក៏ត្រូវជាប់ពិរុទ្ធទៀត។ យើងត្រូវតែធ្វើ ទោះបីបានលទ្ធផលប៉ុណ្ណា ក៏យើងមិនអាចប៉ាន់ស្មានដែរ ប៉ុន្តែយើងត្រូវតែដាក់គំនាប»។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ពលរដ្ឋខ្មែរ-អាមេរិកាំង អ្នកចូលរួមសម្ដែងមតិនាពេលនេះ គឺក្នុងបំណងដើម្បីបង្ហាញពិភពលោក និងសហគមន៍អន្តរជាតិ ឲ្យឃើញច្បាស់នូវទង្វើរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ដែលបានប្រើមធ្យោបាយហិង្សាគាបសង្កត់ជាប្រព័ន្ធ ធ្វើទុក្ខទោសជាហូរហែទៅលើប្រជាពលរដ្ឋខ្លួនឯង មន្ត្រីអង្គការសង្គមស៊ីវិលនានា ព្រមទាំងអង្គការសិទ្ធិមនុស្សជាតិ និងអង្គការសហប្រជាជាតិ ដែលហ៊ានចេញមុខសម្ដែងមតិរិះគន់ប្រឆាំងនឹងសកម្មភាពអយុត្តិធម៌ អមនុស្សធម៌ និងរំលោភច្បាប់របស់រដ្ឋាភិបាល៕