Quantcast
Viewing all articles
Browse latest Browse all 40045

លោក សុខ ទូច ថា​វៀតណាម​ពិត​ជា​បាន​ជីក​ស្រះ​ទឹក​ចូល​ដី​កម្ពុជា​ក្នុង​ខេត្ត​រតនគិរី

Image may be NSFW.
Clik here to view.
សហគមន៍​ជនជាតិ​ដើម​ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​ទៅ​មើល​ស្រះ និង​រណ្ដៅ​ដាំ​កាហ្វេ​ដែល​ពលរដ្ឋ​វៀតណាម ជីក​នៅ​តំបន់​ព្រំដែន​ហាម​ឃាត់ កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥។ រូបថត​សហគមន៍


ដោយ ឡេង ម៉ាលី RFA 2016-05-16

ក្រុម​អ្នក​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច បាន​បញ្ចប់​បេសកកម្ម​ពិនិត្យ និង​វាស់វែង​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ក្នុង​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៥ ឧសភា។ លោក​ថ្លែង​ថា ការ​បោះ​បង្គោល​ព្រំដែន​នៅ​ក្នុង​ខេត្ត​នេះ​មិន​មាន​បញ្ហា​ទេ លើក​លែង​តែ​ការ​ជីក​ស្រះ​ទឹក​របស់​វៀតណាម។

ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​១៥ ឧសភា ថា ការ​ជីក​ស្រះ​ទឹក​របស់​វៀតណាម នៅ​ក្នុង​ខេត្ត​រតនគិរី ពិត​ជា​បាន​ចូល​ដី​កម្ពុជា មែន៖ «គឺ​នៅ​ចន្លោះ​បង្គោល​៣០ និង​បង្គោល​៤០ ដែល​វៀតណាម ជីក​ស្រះ​ហ្នឹង គឺ​វៀតណាម មិន​គោរព​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ថា​មុន​នឹង​ធ្វើ​អី​ត្រូវ​តែ​ពិគ្រោះ​ផ្ដល់​ដំណឹង​ទៅ​ដល់​ប្រទេស​នៅ​ជិត​ខាង គឺ​ប្រទេស​កម្ពុជា និង​វៀតណាម។ អ៊ីចឹង​វៀតណាម ជីក​ស្រះ​ហ្នឹង​អត់​បាន​ផ្ដល់​ដំណឹង​មក​កម្ពុជា ទេ។ ហើយ​តំបន់​នោះ​ខ្ញុំ​មិន​បន្ត​ទៀត​ទេ ព្រោះ​មាន​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ទៀត។ ចំនួន​ស្រះ​ឥឡូវ​នៅ​សល់​៨។ អា​មួយ​ទៀត​លុប​បាត់​ហើយ។ តំបន់​ហ្នឹង​ជា​តំបន់​ទឹក។ អ្នក​ណា​ក្ដោប​ទីនោះ​បាន​មុន អ្នក​ហ្នឹង​ឈ្នះ»។

ការ​អះអាង​របស់​លោក សុខ ទូច គឺ​ក្រោយ​ពេល​បញ្ចប់​បេសកកម្ម​របស់​លោក​រយៈពេល ១០​ថ្ងៃ​ចុង​ក្រោយ ដែល​ទៅ​ពិនិត្យ និង​វាស់វែង​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ចន្លោះ​បង្គោល​ព្រំដែន​ពី​លេខ​៤០ ដល់​បង្គោល​លេខ​០ នៅ​តំបន់​កន្ទុយ​នាគ​ក្នុង​ខេត្ត​រតនគិរី។
លោក​បញ្ជាក់​ថា ទីតាំង​បោះ​បង្គោល​ព្រំដែន​ក្នុង​តំបន់​នោះ មិន​មាន​បញ្ហា​អ្វី​ខុស​ប្រក្រតី​ទេ ពីព្រោះ​ភាគី​កម្ពុជា-វៀតណាម បាន​កំណត់​តាម​គោលការណ៍​អន្តរជាតិ ដោយ​ចំណុច​ខណ្ឌ​ចែក​ទឹក​ភ្លៀង​ហូរ​ពី​កំពូល​ភ្នំ​ដែល​ខ្ពស់ៗ​ជាង​គេ។ លោក​ថា រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម សម្រេច​បោះ​បង្គោល​ទាំង​នោះ​នៅ​ឆ្នាំ​២០០៧៖ «អត់​មាន​បង្គោល​បារាំង ណា​បោះ​កន្លែង​ហ្នឹង​អត់​មាន​ទេ ចំណុច​ទី​១។ ចំណុច​ទី​២ បើ​យើង​យក​តាម​ផែនទី វា​ប្រាសចាក​ពី​ផែនទី ដោយ​យើង​គោរព​លើ​ច្បាប់​អន្តរជាតិ។ ច្បាប់​អន្តរជាតិ យើង​ត្រូវ​យក​កំពូល​ភ្នំ​ណា​ដែល​ខ្ពស់​ជាង​គេ ហើយ​កំពូល​នៃ​ចំណុច​បែង​ចែក​ខ្សែ​ទឹក​ហូរ នៅ​ពេល​ដែល​មាន​ទឹក​ភ្លៀង ដែល​ជា​ចំណុច​កំពូល​តែ​ម្ដង។ អ៊ីចឹង​ហ្នឹង គឺ​យើង​គោរព​ទៅ​នឹង​ច្បាប់​អន្តរជាតិ។ ហើយ​ចំណុច​ទី​៣ យើង​ឃើញ​ថា គ្រប់​ភាគី​ទាំងអស់ ទាំង​កម្ពុជា ទាំង​វៀតណាម ដល់​ចំណុច​០ មាន​ភាគី​ឡាវ គឺ​ត្រូវ​គោរព​គោលការណ៍​ទាំងអស់​ហ្នឹង ហើយ​យើង​ត្រូវ​គោលការណ៍​មួយ​ទៀត គឺ​គោលការណ៍​មុន​នឹង​ធ្វើ​អី​មួយ ត្រូវ​តែ​មាន​ការ​ឯកភាព​ពី​ប្រទេស​ទាំង​៣ ហើយ​បើ​សិន​ជា​រវាង​វៀតណាម និង​កម្ពុជា វា​ត្រូវ​មាន​ការ​ឯកភាព​ពី​កម្ពុជា និង​វៀតណាម»។

លោក​បញ្ជាក់​ថា ការ​ជីក​ស្រះ​របស់​វៀតណាម ចំនួន​៩ នៅ​ចន្លោះ​បង្គោល​លេខ​៣០ ទៅ ៤០ គឺ​ជា​ការ​រំលោភ​ទៅ​លើ​គោលការណ៍​ទី​៣ នោះ។

លោក សុខ ទូច ហៅ​ការ​បោះ​បង្គោល​ព្រំដែន​នៅ​តំបន់​កន្ទុយ​នាគ​ក្នុង​ខេត្ត​រតនគិរី រវាង​កម្ពុជា និង​វៀតណាម ថា​មាន​លក្ខណៈ​ពិសេស ព្រោះ​យក​កំពូល​ភ្នំ​ដែល​ខ្ពស់​ជាង​គេ​បំផុត​ជា​ចំណុច​ខ្សែ​បែង​ចែក​ទឹក ហើយ​បើ​នៅ​ខាង​ក្រោម គឺ​បោះ​នៅ​បាត​ជ្រោះ។ លោក​ឲ្យ​ដឹង​ថា បង្គោល​ដែល​នៅ​តំបន់​ខ្ពស់​ជាង​គេ​មាន ១០​បង្គោល និង​បង្គោល​រៀង​មាន ២០​បង្គោល។ បង្គោល​ដែល​នៅ​លើ​ភ្នំ​ខ្ពស់​ជាង​គេ គឺ​បង្គោល​លេខ​១២ មាន​កម្ពស់ ១.៧០០​ម៉ែត្រ បង្គោល​លេខ​៦ មាន​កម្ពស់ ១.០៧០​ម៉ែត្រ និង​បង្គោល​លេខ​០ នេះ នៅ​លើ​កំពូល​ភ្នំ​កម្ពស់ ១.១៦០​ម៉ែត្រ។ រីឯ​បង្គោល​លេខ​១០ គឺ​មាន​បង្គោល​ភ្លោះ​ត្រូវ​បាន​បោះ​នៅ​បាត​ជ្រោះ។

បង្គោល​លេខ​០ នៅ​តំបន់​ព្រំដែន​កន្ទុយ​នាគ​ជា​តំបន់​ខណ្ឌ​ចែក​ប្រទេស​កម្ពុជា គឺ​ខេត្ត​រតនគិរី នៅ​ក្នុង​ប្រទេស​វៀតណាម គឺ​ខេត្ត​កនតុំ (Kon Tum) ហើយ​ប្រទេស​ឡាវ គឺ​ខេត្ត​អាត់តៈពឺ (Attapeu)។

លោក សុខ ទូច មិន​អាច​បញ្ជាក់​ដល់​វិទ្យុ​អាស៊ីសេរី បាន​នៅ​ឡើយ​ទេ​ថា លោក​នឹង​ធ្វើ​អ្វី​ជា​បន្ត​ទៀត​ចំពោះ​ព័ត៌មាន​ដែល​បាន​មក​ពី​ការ​ត្រួត​ពិនិត្យ និង​វាស់វែង​នេះ ដោយ​លោក​ថ្លែង​ថា នោះ​ជា​នីតិវិធី​របស់​អ្នក​បច្ចេកទេស និង​អ្នក​នយោបាយ។

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី លោក​បន្ត​ថា បញ្ហា​ឥឡូវ​នេះ គឺ​កំពុង​តែ​ដោះស្រាយ​ទៅ​លើ​បញ្ហា​ស្រះ​ទឹក​ដែល​វៀតណាម បាន​ជីក​នៅ​លើ​ទឹក​ដី​របស់​កម្ពុជា ជម្រៅ ៩០​ម៉ែត្រ​ពី​ព្រំដែន នៅ​ចន្លោះ​បង្គោល​លេខ​៣០ ទៅ ៤០ ដែល​ជា​តំបន់​ពុំ​ទាន់​បាន​បោះ​បង្គោល​រវាង​ប្រទេស​ទាំង​ពីរ។ ចន្លោះ​ពី​បង្គោល​លេខ​៣០ ទៅ​បង្គោល​៤០ នោះ មាន​ចម្ងាយ​ជិត ១០​គីឡូម៉ែត្រ (៩,៧០​គីឡូម៉ែត្រ)។ បញ្ហា​ស្រះ​ទឹក​នេះ កន្លង​មក​ធ្លាប់​ត្រូវ​បាន​គណបក្ស​ប្រឆាំង​លើក​ឡើង​ជា​បញ្ហា​នៅ​ក្នុង​សារ​នយោបាយ​របស់​ខ្លួន នៅ​ពេល​និយាយ​អំពី​ការ​កំណត់​ព្រំដែន​កម្ពុជា និង​វៀតណាម។ ក្រសួង​ការ​បរទេស​កម្ពុជា ធ្លាប់​ផ្ញើ​កំណត់​ទូត​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​លុប​ស្រះ​នោះ​វិញ​ដែរ ប៉ុន្តែ​វៀតណាម នៅ​តែ​អូស​បន្លាយ​ការ​លុប​ស្រះ​រហូត​មក​ដល់​ពេល​នេះ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>