Quantcast
Viewing all articles
Browse latest Browse all 40045

លោក ហ៊ុន សែន អះអាង​ថា​មន្ត្រី​អង្គការ​សហប្រជាជាតិ​នឹង​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​ការ​ប្ដឹង​របស់​ស្រី​មុំ

Image may be NSFW.
Clik here to view.
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។  RFA/Brach Chev


ដោយ ម៉ម មុនីរតន៍ RFA 2016-05-01

លោក ហ៊ុន សែន អះអាង​ដោយ​មុតមាំ​ថា មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នឹង​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ថែម​ទៀត នៅ​ខណៈ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប តុលាការ​បាន​ចាប់​ផ្ដើម​នីតិវិធី​សាកសួរ​បន្ត​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ។

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា សំណុំ​រឿង​អាស្រូវ​ស្នេហា​អ្នក​នាង ស្រី​មុំ នេះ កុំ​គិត​ថា​ចង់​មាន​អ្វី​យក​មក​ដោះ​ដូរ​ឲ្យ​សោះ។ ដោយឡែក​មេ​ដឹក​នាំ​កំពូល​គណបក្ស​ប្រឆាំង​វិញ បាន​ហៅ​ការ​ចាប់​ខ្លួន​ដែល​អនុវត្ត​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថា​ជា​អំពើ​ឆ្កួត និង​ថា​រដ្ឋាភិបាល​បច្ចុប្បន្ន គឺ​សាហាវ​ជាង​របប​ខ្មែរ​ក្រហម​ទៅ​ទៀត។

ប្រតិកម្ម​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ស្រប​ពេល លោក ហ៊ុន សែន បាន​អះអាង​ជា​ថ្មី​ទៀត​ថា ការ​ចាប់​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នេះ​ជា​ការ​អនុវត្ត​ច្បាប់ ហើយ​ការ​ដោះ​ដូរ​ណា​មួយ​ជា​ថ្នូរ​ដើម្បី​ឲ្យ​មាន​ការ​រួច​ខ្លួន​នោះ គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ជាពិសេស​ទាំង​អង្គការ​សហប្រជាជាតិ ផង បើ​មាន​កំហុស​ហើយ ត្រូវ​តែ​ចូល​គុក​ដូច​គ្នា ពុំ​មាន​ការ​លើក​លែង​ឡើយ។

ថ្លែង​ពី​ខេត្ត​ព្រះសីហនុ ក្នុង​ពិធី​ជួប​ជុំ​ជាមួយ​កម្មករ នៅ​ថ្ងៃ​ទី​១ ឧសភា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី​ផង លោក ហ៊ុន សែន បាន​អះអាង​ថា ការ​ប៉ុនប៉ង​ដើម្បី​ឲ្យ​មាន​ការ​ដោះ​ដូរ​នេះ គឺ​វា​មិន​អាច​ទៅ​រួច​ទេ។ ការ​ថ្លែង​ដូច​នេះ ត្រូវ​បាន លោក ហ៊ុន សែន បញ្ជាក់​ថា ក្រុម​សង្គម​ស៊ីវិល​គ្រោង​ប្រជុំ​សម្ងាត់ ដើម្បី​រក​មធ្យោបាយ​ឲ្យ​មនុស្ស​ដែល​ត្រូវ​ចាប់​ខ្លួន​អាច​មាន​សេរីភាព​វិញ ជា​ថ្នូរ​នឹង​អ្វី​មួយ ក៏ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​និយាយ​ថា មធ្យោបាយ​នេះ រដ្ឋាភិបាល​បាន​បិទ​ច្រក​រួច​ទៅ​ហើយ ពីព្រោះ​បញ្ហា​នេះ គឺ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នៃ​អំពើ​ពុក​រលួយ។

ក្រៅ​ពី​នេះ​វិញ លោក ហ៊ុន សែន ក៏​បាន​ប្រើប្រាស់​វេទិកា​របស់​លោក​សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នៅ​ខេត្ត​ព្រះសីហនុ នេះ​ដែរ ដោយ​ព្រមាន​មន្ត្រី​អង្គការ​សហប្រជាជាតិ ថា អភ័យ​ឯកសិទ្ធិ​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មិន​អាច​ជួយ​អ្វី​បាន​ទេ គឺ​ដល់​ពេល​ត្រូវ​ចាប់​ខ្លួន នៅ​តែ​អាច​ចូល​គុក​បាន​ដូច​គ្នា​ដែរ៖ «»។

ក្នុង​សំណុំ​រឿង​ស្នេហា​ដ៏​ចម្រូងចម្រាស​របស់​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ក្រៅ​ពី​បុគ្គលិក​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​នាក់ និង​អគ្គលេខាធិការ​រង គ.ជ.ប ម្នាក់ ត្រូវ​ចាប់​ខ្លួន​ហើយ គឺ​នៅ​មាន​មន្ត្រី​អង្គការ​សហប្រជាជាតិ ម្នាក់​ទៀត គឺ​លោក សឺន សាលី ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចេញ​ដីកា​ឲ្យ​ចូល​ខ្លួន​ក្នុង​សំណុំ​រឿង​ដូច​គ្នា​នេះ​ដែរ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ លោក សឺន សាលី មិន​បាន​ចូល​ខ្លួន​តាម​ការ​កំណត់​នៃ​ដីកា​កោះ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) នេះ​នៅ​ឡើយ​ទេ។

បើ​ទោះ​បី​ជា​បែប​ណា គណបក្ស​ប្រឆាំង​ចាត់​ទុក​ចំណាត់​ការ​នៅ​ពេល​នេះ​របស់​រដ្ឋាភិបាល ថា​ជា​អំពើ​ឆ្កួត ហើយ​សាហាវ​មិន​ខុស​ពី​របប ប៉ុល ពត ឡើយ។ លើស​ពី​នេះ​ទៀត ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​តាម​រយៈ​វីដេអូ​ខនហ្វើរែន (Video Conference) ក្នុង​ខេត្ត​ស្វាយរៀង លោក សម រង្ស៊ី ហៅ​ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ក្រោម​ហេតុផល​លុយ ៥០០​ដុល្លារ ថា​ជា​ការ​គួរ​ឲ្យ​អាម៉ាស់។

ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន បាន​ពេបជ្រាយ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​តុលាការ​ថា មាន​សំណុំ​រឿង​ច្រើន​ណាស់​ដែល​អង្គភាព​នេះ​ត្រូវ​ស៊ើប​អង្កេត ដូចជា​ការ​សូកប៉ាន់​នៅ​តាម​ស្ថាប័ន​រដ្ឋ និង​ការ​បើក​ដៃ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ជីក​រក​រ៉ែ​ដោយ​ខុស​ច្បាប់​ជាដើម បែរ​ជា​មិន​ចាត់​វិធានការ​ទៅ​វិញ៖ «»។

ជុំវិញ​បញ្ហា​នេះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​អះអាង​ពី​ភាព​ស្អាតស្អំ​ក្នុង​ការ​ឃាត់​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប និយាយ​ថា ការ​កោះ​ហៅ និង​ឃាត់​ខ្លួន គឺ​ផ្អែក​លើ​បណ្ដឹង​របស់​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ នោះ លោក​ក៏​រង​ការ​រិះគន់​ដែរ​ថា ការ​តែង​តាំង​កូន​បង្កើត ២​នាក់​ឲ្យ​ធ្វើ​ជា​ជំនួយការ គឺ​ជា​ទម្រង់​នៃ​អំពើ​ពុក​រលួយ ដែល​ត្រូវ​តែ​បើក​ការ​ស៊ើប​អង្កេត​ដែរ។

ម្យ៉ាង​វិញ​ទៀត ការ​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​នេះ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​សង្គម​យល់​ឃើញ​ថា កម្ពុជា ពុំ​មាន​ឯកភាព​ជាតិ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ជាពិសេស​ការ​ចង់​ឈ្នះ​ចាញ់​តាម​ផ្លូវ​នយោបាយ​នេះ គឺ​ជា​ឱកាស​បើក​ដៃ​ឲ្យ​ប្រទេស​ជិត​ខាង​កម្ពុជា ងាយ​ទន្ទ្រាន និង​វាតទី​បន្ថែម​ទៀត​ទៅ​វិញ​ទេ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ឲ្យ​ដឹង​ថា ប្រសិន​បើ​ការ​ចាប់​ខ្លួន​នេះ​ព្រោះ​តែ​អំពើ​ពុក​រលួយ​មែន​នោះ គឺ​មិន​មែន​តែ​មន្ត្រី​សង្គម​ស៊ីវិល​ប៉ុន្មាន​នាក់​នេះ​ទេ​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ។ លោក​បន្ថែម​ថា មាន​ខ្ទង់​ចំណាយ​ដែល​ធ្វើ​ឡើង​តាម​ច្បាប់ ហើយ​មាន​ស្ថាប័ន​ឯកជន រួម​ទាំង​ស្ថាប័ន​រដ្ឋាភិបាល​ផង ទទួល​លុយ​ជំនួយ​តាម​រយៈ​គម្រោង​នានា​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល។ លោក កែម ឡី យល់​ឃើញ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​ចាត់​វិធានការ​បន្ថែម​ទៅ​លើ​ភ្នាក់ងារ​ដែល​ទទួល​លុយ​ជំនួយ​ទៅ​អនុវត្ត​កម្មវិធី​របស់​ពួក​គេ ដោយ​មិន​ត្រូវ​កំណត់​ព្រំដែន​នៃ​ការ​ចាប់​ខ្លួន​ត្រឹម​មនុស្ស ៤ ឬ ៥​នាក់ ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នោះ​ទេ៖ «»។

អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​តុលាការ គឺ​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការ​កម្ចាត់​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល។ ការ​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស ៤​នាក់ និង​មន្ត្រី គ.ជ.ប ម្នាក់​បន្ថែម​ទៀត​នៅ​ពេល​នេះ បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ជាប់​ឃុំ​ក្នុង​រឿង​នយោបាយ​បាន​កើន​ដល់ ២១​នាក់​ហើយ បូក​រួម​ទាំង​បក្ស​ប្រឆាំង និង​អង្គការ​ផ្នែក​សិទ្ធិ​មនុស្ស​ផង៕

Viewing all articles
Browse latest Browse all 40045

Trending Articles