លោក សម រង្ស៊ី (ស្ដាំ) អតីតប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា (ឆ្វេង) ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រនាខេត្តពោធិ៍សាត់ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤។ RFA |
ដោយ មាន ឫទ្ធិ RFA 2021-11-28
មេបក្សប្រឆាំងលោក កឹម សុខា ចាប់ផ្ដើមនិយាយពីឈ្មោះលោក សម រង្ស៊ី វិញហើយ ក្រោយខកខានរយៈពេលជាង ៤ឆ្នាំមកនេះ។ ប៉ុន្តែសាររបស់លោកនៅពេលនេះហាក់បង្ហាញពីការប្រេះឆាគ្នា ជាជាងការរក្សាសម្ពន្ធភាពនយោបាយរវាងអ្នកទាំងពីរ។ អ្នកវិភាគនយោបាយថា ការបែកបាក់គ្នារវាងមេដឹកនាំបក្សប្រឆាំង នឹងហុចផលចំណេញយ៉ាងក្រាស់ក្រែលសម្រាប់បក្សកាន់អំណាចរបស់លោក ហ៊ុន សែន។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ប្រកាសជាសាធារណៈនៅរសៀលថ្ងៃទី២៨ វិច្ឆិកាថា លោកមិនពាក់ព័ន្ធជាមួយលោក សម រង្ស៊ី និងសហការីរបស់គាត់នោះទេ។
លោក កឹម សុខា បង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា លោក សម រង្ស៊ី និងសហការីនៅតែបន្តយកឈ្មោះ និងរូបថតរបស់លោក ទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានាដែលពុំមានការអនុញ្ញាត ឬគាំទ្រពីរូបលោក។ លោកចោទប្រកាន់ លោក សម រង្ស៊ី និងសហការីថា បានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ដោយទៅបង្កើតចលនានយោបាយ និងមុខតំណែងខ្លួនឯង ជាពិសេសការត្រឡប់ទៅគាំទ្រដោយចំហ ឬនៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់ គឺគណបក្សភ្លើងទៀន។ លោកបន្តថា ទង្វើនេះសបញ្ជាក់ឱ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយនោះទេ។
លោក កឹម សុខា បញ្ជាក់ទៀតថា លោកមិនពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និងក្រុមរបស់គាត់ឡើយ។ លោកអំពាវនាវដល់លោក សម រង្ស៊ី និងសហការីឱ្យឈប់យកឈ្មោះ និងរូបថតលោកទៅប្រើប្រាស់ភ្ជាប់ជាមួយសកម្មភាពមហិច្ឆតានយោបាយរបស់ខ្លួនតទៅទៀត ព្រោះលោកថា ករណីនេះធ្វើឱ្យសាធារណមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ។
លោក កឹម សុខា បញ្ចេញសារនយោបាយបែបនេះ គឺបន្ទាប់ពីគណបក្សភ្លើងទៀន ដែលបង្កើតឡើងដោយលោក សម រង្ស៊ី បានធ្វើសមាជកាលពីថ្ងៃទី២៧ វិច្ឆិកា ដោយបញ្ចូលសមាជិកជាច្រើនរូប ដែលភាគច្រើនជាមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលនិយមលោក សម រង្ស៊ី។
គិតត្រឹមល្ងាចថ្ងៃទី២៨ វិច្ឆិកា លោក សម រង្ស៊ី មិនទាន់បញ្ចេញប្រតិកម្មណាមួយឆ្លើយតបនឹងសាររបស់លោក កឹម សុខា នេះនៅឡើយទេ។
ប៉ុន្តែអនុប្រធានគណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតរបស់លោក គឺអ្នកស្រី មូរ សុខហួរ ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា អ្វីដែលលោក សម រង្ស៊ី និងថ្នាក់ដឹកនាំមួយចំនួនទៀតបានធ្វើ និងកំពុងធ្វើ គឺដើម្បីជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការរកយុត្តិធម៌ជូនពលរដ្ឋជិតកន្លះប្រទេស ក្នុងនោះក៏រួមទាំងការជួយរកយុត្តិធម៌សម្រាប់លោក កឹម សុខា ផងដែរ៖ «អ្នកណាដែលគេចាប់ នៅតែយកយើងចូលពន្ធនាគារ ហើយអូសយើងទៅតុលាការ? អ្នកណាអ្នករងគ្រោះ? មិនលោក សម រង្ស៊ី ប្រធានស្ដីទី យើងទាំងអស់គ្នា ជាមួយលោក កឹម សុខា ទាំងអស់គ្នា។ ខ្ញុំមិនយល់លោកប្រធាន គាត់មានប្រសាសន៍ថា ម៉េចទៅមហិច្ឆតាយើងខ្ញុំជាអ្នកនយោបាយ។ អ្នកនយោបាយមានមហិច្ឆតា ទាំងលោកប្រធាន កឹម សុខា ក៏មានមហិច្ឆតាដែរ។ មហិច្ឆតារបស់យើងខ្ញុំ គឺអ្វី? គឺការពារផលប្រយោជន៍ជាតិ ដូច្នេះខ្ញុំអត់មានដកថយទេ»។
អ្នកស្រី មូរ សុខហួរ សង្កត់ធ្ងន់ថា គណបក្សសង្គ្រោះជាតិនៅតែជាបក្សរួបរួមដដែល ដរាបណាលោក កឹម សុខា មិនទាន់ប្រកាសដើរចេញពីសម្ពន្ធភាពជាផ្លូវការ។ លោកស្រីបន្ថែមថា លោក សម រង្ស៊ី និងថ្នាក់ដឹកនាំមួយចំនួនប្ដេជ្ញាបន្តសកម្មភាពទាមទារយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យជូនពលរដ្ឋខ្មែរវិញ ដោយមិនរក្សាភាពស្ងៀមស្ងាត់នោះឡើយ៖ «បែកបាក់លុះត្រាតែយើងចាកចេញពីគោលការណ៍ដើម ស្មារតីដើមនៃគណបក្សសង្គ្រោះជាតិ។ យើងអត់មានចាកចេញផង ហើយយើងទុកជូនប្រជាពលរដ្ឋជាងពាក់កណ្ដាលនគរជាអ្នកវិនិច្ឆ័យ»។
ទាក់ទងរឿងនេះ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយយល់ថា សាររបស់ កឹម សុខា កំពុងផ្ដល់ចំណេញសម្រាប់គណបក្សកាន់អំណាច។
អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកឃ្លាំមើលបញ្ហានយោបាយ លោក វ៉ន ចាន់ឡូត ថ្លែងថា លោក កឹម សុខា មានប្រសាសន៍បែបនេះ បង្ហាញឱ្យឃើញពីការបែកបាក់គ្នារវាងមេដឹកនាំនយោបាយទាំងពីរ ហើយនេះជាអ្វីដែលគណបក្សកាន់អំណាចចង់បាន៖ «បើការរួបរួមរបស់លោក កឹម សុខា និងលោក សម រង្ស៊ី បែកបាក់គ្នាតែម្ដង បានន័យថា អ្វីដែលគណបក្សប្រជាជនធ្វើ គឺជារឿងដែលត្រឹមត្រូវ។ ហើយអ៊ីចឹងគណបក្សប្រជាជនមិនចាំបាច់មានការទទួលខុសត្រូវ ឬក៏ខ្វាយខ្វល់ពីអន្តរជាតិទេ ដែលទាមទារឱ្យសង្គ្រោះជាតិរស់ឡើងវិញ ទាមទារឱ្យមានការស្ដារសិទ្ធិមនុស្សអ្វី គឺមិនចាំបាច់ទេ»។
ស្រដៀងគ្នានេះ អ្នកវិភាគនយោបាយ បណ្ឌិត សេង សារី ថ្លែងថា លោក កឹម សុខា កំពុងធ្វើនយោបាយបែបលេខដក ដែលមិនចំណេញអ្វីសោះសម្រាប់គណបក្សសង្គ្រោះជាតិ៖ «ប្រហែលជាគាត់មានយុទ្ធសាស្ត្រនៅក្នុងការដើរចេញពីសង្គ្រោះជាតិនៅក្នុងការទៅដំណើរការ(បក្ស)សិទ្ធិមនុស្សឡើងវិញ។ ដោយសារតែឃើញមាន(បក្ស)ភ្លើងទៀនដំណើរការ ប្រហែលគាត់អត់អាចទ្រាំងនឹងស្ថានភាពបែបហ្នឹងបាន អ៊ីចឹងគាត់សម្រេចចិត្តបញ្ចេញសារមួយហ្នឹងមក បន្ទាប់មកទៀតបង្ហាញពីការបែកបាក់ទៅ ហើយមានការអនុគ្រោះពីគណបក្សកាន់អំណាច ហើយគាត់អាចមានសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយវិញ។ ប៉ុន្តែខ្ញុំគិតថា វានឹងប៉ះពាល់ដល់អ្នកគាំទ្រខ្លាំង»។
រីឯតំណាងគណបក្សកាន់អំណាចឯណោះវិញទទួលស្គាល់ថា ការបែកបាក់ផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិផ្ដល់ផលចំណេញដល់គណបក្សនេះមែន។
អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងថា ក្រុមលោក សម រង្ស៊ី និងលោក កឹម សុខា ប្រៀបបានទឹក និងប្រេង ដែលមិនអាចចុះសម្រុងគ្នាឡើយ។ លោកថា ការបែកបាក់សម្ពន្ធភាពនេះនឹងផ្ដល់ផលប្រយោជន៍សម្រាប់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែលោកបញ្ជាក់ថា ទោះជាលោក កឹម សុខា បែកបាក់គ្នាជាមួយលោក សម រង្ស៊ី ក៏ដោយ ក៏មិនទាន់អាចនិយាយបានថា លោក កឹម សុខា នឹងមានសិទ្ធិធ្វើនយោបាយ ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជានោះដែរ៖ «កឹម សុខា គាត់ជាជនជាប់ចោទដែលកំពុងស្ថិតក្នុងដំណើរនីតិវិធីរបស់តុលាការនៅឡើយ។ បើសំណុំរឿងរបស់គាត់នៅមិនទាន់បិទបញ្ចប់ដោយតុលាការទេ គឺអត់មានទាន់និយាយដល់រឿងធ្វើនយោបាយឡើងវិញ ឬមួយគាត់ទៅនេះ ទៅនោះបានទេ»។
អាជ្ញាធរកម្ពុជាបានចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ ប៉ុន្តែជាង ៤ឆ្នាំមកនេះ អាជ្ញាធរមិនបានបង្ហាញភស្តុតាងរឹងមាំណាមួយ ដែលបង្ហាញពីទោសកំហុសរបស់លោកនោះឡើយ។ ផ្ទុយទៅវិញ សំណុំរឿងនេះត្រូវបានផ្អឹបទុកទៅតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការអូសបន្លាយសំណុំរឿង បូករួមទាំងការដកហូតសិទ្ធិនយោបាយពីសំណាក់តុលាការកំពូលផងនោះ បានធ្វើឱ្យមេបក្សប្រឆាំងដែលធ្លាប់មានថ្វីមាត់រូបនេះ រក្សាភាពស្ងៀមស្ងាត់ទាក់ទងនឹងការវិវឌ្ឍស្ថានការណ៍នយោបាយនៅកម្ពុជា។ សូម្បីតែនៅពេលមានការចាប់ខ្លួន និងចោទប្រកាន់សកម្មជនបក្សប្រឆាំងកន្លងមក បូករួមទាំងខួបនៃការរំលាយបក្ស និងការរឹបអូសទីស្នាក់ការបក្ស ក៏លោក កឹម សុខា មិនបានបញ្ចេញសារណាមួយទាក់ទងនឹងបញ្ហាទាំងនេះដែរ ខណៈសហគមន៍ជាតិ និងអន្តរជាតិនៅតែទទួលស្គាល់ថា លោកជាប្រធានគណបក្សសង្គ្រោះជាតិនៅឡើយ។
ចំពោះការបង្ហោះសាររបស់លោក កឹម សុខា នៅពេលនេះ អ្នកប្រើប្រាស់ហ្វេសប៊ុករាប់ពាន់នាក់បានចូលទៅបញ្ចេញយោបល់ ដោយអ្នកខ្លះគាំទ្រការលើកឡើងរបស់លោក ប៉ុន្តែក៏មានអ្នកខ្លះបញ្ចេញប្រតិកម្មមិនពេញចិត្តដែរ។ ពួកគេបានទាមទារឱ្យលោក កឹម សុខា ធ្វើសន្និសីទកាសែត ឬផ្ដល់សម្ភាសដល់អ្នកសារព័ត៌មានឱ្យបានច្បាស់លាស់ថា តើលោកមានជំហរដូចម្តេចចំពោះគណបក្សសង្គ្រោះជាតិ ជាពិសេសសម្ពន្ធភាពនយោបាយជាមួយលោក សម រង្ស៊ី៕