Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

ប្រជាពលរដ្ឋ និង​សកម្មជនបក្សប្រឆាំង​ខកចិត្ត​ចំពោះ​សារ​របស់​លោក កឹម សុខា ​ដែល​មិន​លើក​ទឹក​ចិត្ត​អ្នក​ប្រជាធិបតេយ្យ​ដូចគ្នា

$
0
0
លោក កឹម សុខា ប្រធាន​​គណបក្ស​​សង្គ្រោះជាតិ​។ រូប៖ RFA


ដោយ មាន ឫទ្ធិ RFA 2021-11-29

ប្រជា​ពលរដ្ឋ និង​​សកម្ម​ជន​បក្ស​ប្រឆាំង​​មួយ​​ចំនួន ខក​ចិត្ត​ចំពោះ​សារ​របស់​​លោក កឹម សុខា ​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ពួកគេ​ចាត់​ទុកសារ​នោះ​ថា​បំបាក់​ទឹក​ចិត្ត​សកម្ម​ជន និង​អ្នក​គាំទ្រ​នៅ​មូល​ដ្ឋាន និង​ក្រៅប្រទេស​ដែល​កំពុង​ទាមទារ​ឱ្យ​គោរព​សិទ្ធិ​មនុស្ស ​ជួយ​​ស្ដារ​​លទ្ធិ​​ប្រជា​ធិបតេយ្យ​​នៅ​​កម្ពុជា​ឡើង​វិញ។ ពួក​គេ បញ្ជាក់​ថា​ ថ្នាក់​ដឹក​នាំ សកម្ម​ជន និង​អ្នក​គាំទ្រ នៅ​តែ​ចាត់​ទុក​លោក សម រង្ស៊ី និង​លោក កឹម សុខា ជា​មនុស្ស​តែ​មួយ​ដដែល ដរាប​ណា​លោក​ជា​ប្រធាន​​គណបក្ស​តទៅ​ទៀត។

ប្រជា​ពលរដ្ឋ និង​សកម្ម​ជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ចាត់​ទុក​សារ​របស់​លោក កឹម សុខា  មិន​បាន​លើ​ទឹក​ចិត្ត​អ្នក​ប្រជា​ធិបតេយ្យ​ដូច​គ្នា​នោះ​ទេ។ ទោះ​យ៉ាងនេះក្តី ពួក​គាត់ នៅ​តែ​ប្តេជ្ញា​ចិត្ត​គាំទ្រ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ ហើយបន្ត​សកម្មភាព​ទាម​ទារ​យុត្តិធម៌​សង្គម ដើម្បី​ឱ្យ​អាជ្ញាធរ​ដោះ​លែង​អ្នកនយោបាយ​ដែល​កំពុង​ជាប់​ឃុំ​ដោយ​អយុត្តិធម៌។

ចៅ​សង្កាត់​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​អូរចា ក្រុង​បាត់​ដំបងកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ថ្លែង​​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា បច្ចុប្បន្ន​សកម្ម​ជន និងអ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​តែ​រក្សា​ស្មារតី​ស្មោះ​ត្រង់ និង​ចាត់​ទុក​លោក សម រង្ស៊ី និង​លោក កឹម សុខា ជា​មនុស្ស​តែ​មួយ​ដដែល។ កញ្ញា​យល់​ថា ​សាររបស់​លោក កឹម សុខា បាន​បំបាក់​ទឹក​ចិត្ត​ពលរដ្ឋ​ខ្មែរ​ពាក់​កណ្តាល​ប្រទេសដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ជា​ពិសេស​អ្នក​តស៊ូ​នៅ​មូល​ដ្ឋាន និង​ក្រៅប្រទេស​ដែល​កំពុង​ជួយ​ទាមទារ​​ឱ្យ​គោរព​សិទ្ធិ​មនុស្ស​​ជួយ​​ស្ដារ​​លទ្ធិ​​ប្រជា​ធិបតេយ្យ​​នៅ​​កម្ពុជា និង​​រក​​យុត្តិធម៌​​ជូន​​ពលរដ្ឋ ក្នុង​នោះ​រួម​ទាំង​លោក កឹម សុខា ផង​ដែរ។ កញ្ញាបញ្ជាក់​ថា ​បើ​ទោះ​បី​លោក កឹម សុខា ចេញ​សារ​បែប​នេះ​ក្តី ក៏កញ្ញា​នៅ​តែ​បង្ហោះ​លើ​បណ្តាញ​សង្គម​បង្ហាញ​ពី​ភាព​រឹង​មាំ និង​ការ​រួប​រួម​របស់មេ​ដឹកនាំ​ទាំង​ពីរ​នេះ លើក​លែង​តែ​លោក កឹម សុខា ប្រកាស​ទៅ​កាន់​មតិ​ជាតិ និង​អន្តរ​ជាតិ​ថា ​លោក​លែង​ជា​ប្រធាន​គណបក្ស​តទៅ​ទៀត៖ «ប្រសិន​បើ​លោក កឹម សុខា គាត់​បញ្ចេញ​សារ​ក្នុង​ន័យ​គំរាមកំហែង ក្នុង​នាម​ខ្ញុំ​ជា​សកម្ម​ជន​គួរ​ណាស់​យក​លោក រ៉ុង ឈុន ជា​គំរូ ទោះ​បីគាត់​មិន​និយាយ​អ្វី មិន​ធ្វើ​អ្វី ដើរ​ធ្វើ​តែ​បុណ្យ​ក៏​បាន​ដែរ​ នៅ​តែ​​ស្ងៀម​ទៅ​កុំ​ឱ្យបំបាក់​ទឹក​ចិត្ត​ស្មារតី ក៏​ប៉ុន្តែ​សកម្មភាព​បែប​ហ្នឹង​ទោះ​បី​គំរាម​កំហែង​បែបណា​ក៏​ដោយ​មិន​អាច​ធ្វើ​ឱ្យ​សកម្មជន​នៅ​មូល​ដ្ឋាន អ្នក​ស្មោះ​ត្រង់​ជា​មួយ​សង្គ្រោះ​ជាតិ​បោះ​បង់​ការ​តស៊ូ បាត់​បង់​ភក្តី​ភាព​ជា​មួយ​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ដាច់ខាត»។

ស្រដៀង​គ្នា​នេះ​ដែរ សមាជិក​​ក្រុម​​ស្ត្រី​​ក្លាហាន​​ម្នាក់​​ដែល​​ទើប​​បាន​​​ចេញ​​ពី​ពន្ធនាគារ​​គឺ​លោកស្រី លឹម សាន ខកចិត្ត​ជា​ខ្លាំង​ពេល​អាន​សារ​មេ​ដឹក​នាំ​បក្សប្រឆាំង​លោក កឹម សុខា ដែល​ច្រាន​ចោល​សកម្មភាព​របស់​អ្នក​ប្រជា​ធិប​តេយ្យ​ដើម្បី​បុព្វ​ហេតុ​យុត្តិធម៌​សង្គម​ដូច​គ្នា។ លោកស្រី​ចាត់​ទុក​សារ​នេះ ហាក់ផាត់​ចោល​ការ​ខិត​ខំ​​របស់​​លោក​ស្រី និង​ក្រុម​ស្រ្តី​ផ្សេង​ទៀត ដែល​រក្សា​ជំហរ ទិញ​មិន​លក់​សម្លត់​មិន​ខ្លាច​កន្លង​មក ដោយ​សុខ​ចិត្ត​ប្រឈម​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​គំរាម​កំហែង និង​អំពើ​ហិង្សា​ជា​បន្តបន្ទាប់​ពី​សំណាក់​អាជ្ញាធរ ហើយលើស​ពី​នេះ​ពួក​គេ​សុខ​ចិត្ត​ជាប់​ពន្ធនា​គារ​ទៀត​ផង។ ស្រ្តីរូប​នេះ​បញ្ជាក់​ថា លោកស្រី​នៅ​តែ​ប្តេជ្ញា​ចិត្ត​នឹង​បន្ត​ការ​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ជួយ​រក​យុត្តិធម៌សង្គម៖ «តាម​ការ​ពិត​ខ្ញុំ​ចង់​ឱ្យ​លោក កឹម សុខា លើក​ទឹក​ចិត្ត​ដល់ពួក​ខ្ញុំ​ទាំង​អស់​គ្នា​ជា​ស្រ្តី ដូច​ជា​លោក​គ្រូ រ៉ុង ឈុន ចាស់​ហើយ​ចាប់​ដាក់ពន្ធនាគារ​ទាំង​អយុត្តិធម៌ ប្អូនៗ​ជា​យុវជន​ខ្មែរ​ថាវរៈ មាតា​ធម្មជាតិ​សុទ្ធ​តែអយុត្តិធម៌​ទាំង​គ្នា គួរ​គាត់​លើក​ទឹក​ចិត្ត​ពួក​ខ្ញុំ មិន​គួរ​យក​សារ​មួយ​នេះ​វាយប្រហារ ហើយ​​ជាន់​​ពន្លិច​ពួក​ខ្ញុំ ចា៎​ខ្ញុំ​ខក​ចិត្ត​ខ្លាំង​ណាស់»។

ចំណែក​ប្រជាពលរដ្ឋ​រត់​រម៉ក​នៅ​តំបន់​ទេសចរ​ខេត្ត​សៀម​រាប​វិញ​សុំ​មិនបញ្ចេញ​ឈ្មោះ សង្កេត​ឃើញ​ថា ​ពលរដ្ឋ​មិន​សូវ​ចាប់​អារម្មណ៍​សារ​នយោ​បាយលើក​ដំបូង​របស់ លោក កឹម សុខា នោះ​ទេ បន្ទាប់​ពី​គាត់​ស្ងៀម​ស្ងាត់​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ព្រោះ​ពលរដ្ឋ​កំពុង​ខ្វល់​ខ្វាយ​ពី​ជីវ​ភាព។ លោក​ថា ​មេ​ដឹក​នាំនយោ​បាយ​តែង​តែ​ថ្លែង​សារ​កេង​ចំណេញ​ផល​ប្រយោជន៍ និង​យក​លេស​រៀងៗ​ខ្លួន  ប៉ុន្តែ​លោក​យល់​ថា ​ស្ថាន​ភាព​នេះ លោក កឹម សុខា មិន​គួរ​បញ្ចេញសារ​ដែល​បំបែក​សម្ព័ន្ធភាព​របស់​គណបក្ស​សង្គ្រោះជាតិ​នោះ​ទេ។ លោកអំពាវ​នាវ​ឱ្យ​ដឹក​នាំ​គណបក្សប្រឆាំង ត្រូវ​ហ៊ាន​ថ្លែង​សារ​នយោ​បាយ​ណា ដើម្បីផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​គាំទ្រ និង​ពលរដ្ឋ៖ «ធ្វើ​ស្អី​ក៏​ដោយ​ជា​ពិសេស​ខាង​នយោ​បាយ ប្រសិន​បើ​គ្មានការ​ទាម​ទារ​ទេ ​គឺ​មិន​បាន​ទេ ចឹង​នៅ​សម្ងំ​ស្ងៀម​វា​អត់​លឺទេ ចឹង​ក្នុង​កាលៈ​ទេសៈ​ហ្នឹង​គួរ​តែ​រួប​រួម​គ្នា​សិន អា​នេះ​គំនិត​ខ្ញុំ​អ្នក​គាំទ្រ​សង្គ្រោះ​ជាតិ កុំ​ទាន់​ខ្វែងគំនិត​គ្នា​ឱ្យ​សោះ»។

ចំពោះ​​ការ​​បង្ហោះ​​សារ​​របស់​​លោក កឹម សុខា ក៏​បាន​ធ្វើ​ឲ្យ​អ្នក​​ប្រើ​ប្រាស់​​ហ្វេសប៊ុក​រាប់​ពាន់​​នាក់​​បាន​​ចូល​​ទៅ​​បញ្ចេញ​​យោបល់ ដោយ​​អ្នក​​ខ្លះ​​គាំទ្រ​​ការ​​លើកឡើង​​របស់​​លោក ប៉ុន្តែ​​ក៏​​មាន​​អ្នក​​ខ្លះ​​បញ្ចេញ​​ប្រតិកម្ម​​មិន​​ពេញ​ចិត្ត​​ដែរ។ ពួក​គេ​បាន​​ទាម​ទារ​​ឱ្យ​​លោក កឹម សុខា ធ្វើ​​សន្និសីទ​​កាសែត​ឬ​​ផ្ដល់​​សម្ភាស​​ដល់​​អ្នកសារ​ព័ត៌​មាន​​ឱ្យ​​បាន​​ច្បាស់​លាស់​​ថា តើ​​លោក​​មាន​​ជំហរ​​ដូច​ម្តេច​​ចំពោះ​​គណបក្ស​​សង្គ្រោះ​​ជាតិ ជា​ពិសេស​​សម្ព័ន្ធភាព​​នយោ​បាយ​​ជា​មួយ​​លោក សម រង្ស៊ី។

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​លោក កឹម សុខា ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ បង្ហោះ​សារ​លើ​​បណ្ដាញ​​សង្គម​​ហ្វេស​ប៊ុក (Facebook) ​កាល​ពី​​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា​ថា​លោក​​មិន​​ពាក់​ព័ន្ធ និង​​មិន​​ទទួល​​ខុស​ត្រូវ​​ចំពោះ​​សកម្មភាព​​របស់​​លោក សម រង្ស៊ី និង​​ក្រុម​​របស់​​គាត់​​ឡើយ។ លោក​​ចោទ​ប្រកាន់​​ថា លោក សម រង្ស៊ី និង​សហការី​​ថា បាន​​ដើរ​​ចេញ​​ពី​​គោល​ការណ៍ និង​​ស្មារតី​​ដើម​​នៃ​​ការ​​រួប​រួម ដោយ​​ទៅ​​បង្កើត​​ចលនា​​នយោ​បាយ និង​​មុខ​តំណែង​​ខ្លួន​ឯង ជា​ពិសេស​​ការ​​ត្រឡប់​​ទៅ​​គាំទ្រ​​ដោយ​​ចំហ ឬ​​នៅ​​ពី​ក្រោយ​​ការ​​ដឹកនាំ​​គណបក្ស​​នយោបាយ​​ចាស់ គឺ​​គណបក្ស​​ភ្លើង​ទៀន។ លោក​​អំពាវ​នាវ​​ដល់​​លោក សម រង្ស៊ី និង​​សហការី​​ឱ្យ​ឈប់​​យក​​ឈ្មោះ និង​​រូប​ថត​​លោក​​ទៅ​​ប្រើ​ប្រាស់​​ភ្ជាប់​​ជា​មួយ​​សកម្ម​ភាព​មហិច្ឆតា​​នយោ​បាយ​​របស់​​ខ្លួន​​តទៅ​ទៀត ព្រោះ​​លោ​ក​ថា ករណី​នេះ​​ធ្វើ​​ឱ្យ​សាធារណ​មតិ​​ជាតិ និង​​អន្តរ​ជាតិ​​មាន​​ការ​​ភ័ន្ត​​ច្រឡំ។

ជុំវិញ​រឿង​នេះ លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហោះសារ​លើ​​បណ្ដាញ​​សង្គម​​ហ្វេស​ប៊ុក​កាល​ពីថ្ងៃ​២៨ ខែវិច្ឆិកា​ថា ​សេចក្តី​ថ្លែង​ការណ៍របស់​លោក កឹម សុខា គឺ​ជា​លទ្ធផល​នៃ​ការ​គំរាម​កំហែង​ពី​សំណាក់​លោក ហ៊ុន សែន ដែល​គួរ​ឱ្យ​ភ័យ​ខ្លាច​បំផុត​ ចំពោះ​អ្នក​ប្រជា​ធិបតេយ្យ​ខ្មែរ​​ដោយ​ចាប់លោក កឹម សុខា ធ្វើ​ជា​ចំណាប់​ខ្មាំង។

ទោះជា​យ៉ាង​ណា ​អ្នក​នាំ​ពាក្យ​​បក្ស​​កាន់​អំណាចលោក សុខ ឥសាន ថ្លែង​​ថា ការ​​បែក​បាក់​​ផ្ទៃ​​ក្នុង​​របស់​​គណបក្ស​​សង្គ្រោះ​ជាតិ​​ផ្ដល់​​ផល​​ចំណេញ​​ដល់​​គណបក្ស​​ប្រជាជន​​កម្ពុជា​​មែន។ ប៉ុន្តែ​​លោក​​បញ្ជាក់​​ថា ទោះ​ជា​​លោក កឹម សុខា បែក​​បាក់​​គ្នា​​ជា​មួយ​​លោក សម រង្ស៊ី ក៏​​ដោយ ក៏​​មិន​​ទាន់​​អាច​​និយាយ​​បាន​​ថា លោក កឹម សុខា នឹង​​មាន​​សិទ្ធិ​​ធ្វើ​​នយោបាយ ដើម្បី​​ប្រកួត​​ប្រជែង​​ជា​មួយ​​គណបក្ស​​ប្រជា​ជន​​កម្ពុជា​​នោះ​​ដែរ។

អគ្គលេខា​ធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក គៀន ពន្លក ថ្លែង​​ថា បើលោក កឹម សុខា លើក​ឡើង​ពិត​ប្រា​កដ​មែន បង្ហាញ​ច្បាស់​អំពី​សញ្ញា​​បែក​បាក់​គ្នា​​រវាង​​មេដឹក​នាំ​​គណបក្ស​ប្រឆាំង​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត និង​​​ផ្ដល់​ផល​ចំណេញ​​សម្រាប់​​គណបក្ស​​កាន់​អំណាច៖ «ត្រូវ​តែ​បញ្ជាក់​ថា ​លោក កឹម សុខា និង​លោក សម រង្ស៊ី ជា​មនុស្ស​​តែ​មួយ​នោះ​ទើប​ប្រជាជន​មាន​ការ​ជឿ​ជាក់ ហើយ​ត្រូវ​បញ្ចេញ​សារ​នោះ ទោះ​បីខ្លួន​ជាប់​បំរាម​នយោបាយ​ក៏​ដោយ មិន​គួរ​ណា​នាំ​គ្នា​ស្ងាត់​ហើយ​ចោទ​ប្រកាន់គ្នា​ទៅ​វិញ​ទៅ​មក នេះ​បង្ហាញ​អំពី​ការ​បែក​បាក់​នៃ​អ្នក​ប្រជា​ធិប​តេយ្យ ហើយអ្នក​ដែល​ចំណេញ ​គឺ​គណបក្ស​កាន់​អំណាច​ទៅ​វិញ​ទេ»។

អាជ្ញាធរ​​កម្ពុជា​​បាន​​ចោទ​​ប្រកាន់​​លោក​ កឹម សុខា ពី​​បទ​​ក្បត់​​ជាតិ ប៉ុន្តែ​​ជាង ៤ឆ្នាំ​​មក​​នេះ អាជ្ញាធរ​​មិន​​បាន​​បង្ហាញ​​ភស្តុតាង​​រឹងមាំ​​ណា​មួយ ដែល​​បង្ហាញ​​ពី​ទោស​​កំហុស​​របស់​​លោក​​នោះ​​ឡើយ។ ផ្ទុយ​​ទៅ​វិញ សំណុំ​​រឿង​​នេះ​ត្រូវ​​បាន​ផ្អឹប​​ទុក​​ទៅ​​តាម​​ការ​​ចង់​​បាន​​របស់​​លោក​​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន។ ការ​​អូស​បន្លាយ​​សំណុំ​​រឿង​ បូក​រួម​​ទាំង​​ការ​​ដក​ហូត​​សិទ្ធិ​​នយោ​បាយ​​ពី​​សំណាក់​តុលាការ​​កំពូល​​ផង​​នោះ បាន​​ធ្វើ​​ឱ្យ​​មេ​បក្ស​​ប្រឆាំង​​ដែល​​ធ្លាប់​​មាន​​ថ្វី​មាត់​​រូប​​នេះ រក្សា​ភាព​​ស្ងៀម​ស្ងាត់​​ទាក់​ទង​​នឹង​​ការ​​វិវឌ្ឍ​​​ស្ថានការណ៍​​នយោបាយ​​នៅ​​កម្ពុជា។ សូម្បី​តែ​​នៅ​ពេល​​មាន​​ការ​​ចាប់​​ខ្លួន និង​​ចោទ​​ប្រកាន់​​សកម្មជន​​បក្ស​​ប្រឆាំង​កន្លង​មក បូករួម​​ទាំង​​ខួប​​នៃ​​ការ​​រំលាយ​​បក្ស និង​​ការ​​រឹបអូស​​ទី​ស្នាក់​ការ​​បក្ស ក៏​លោក កឹម សុខា មិន​​បាន​​បញ្ចេញ​​សារ​​ណា​មួយ​​ទាក់ទង​​នឹង​​បញ្ហា​​ទាំង​នេះ​ដែរ ខណៈ​​សហគមន៍​​ជាតិ និង​អន្តរ​ជាតិ​​នៅ​​តែ​​ទទួល​​ស្គាល់​​ថា លោក​​ជា​​ប្រធាន​គណបក្ស​​សង្គ្រោះ​​ជាតិ​​នៅ​​ឡើយ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>