ដោយ ខែ សុណង RFA 2016-05-17
ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ឧសភា បានបើកកិច្ចប្រជុំអប់រំដល់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក ពីផលប៉ះពាល់នៃការផ្សាយពាណិជ្ជកម្ម និងប្រើប្រាស់គ្រឿងស្រវឹង។ តំណាងស្ថាប័នវិទ្យុ ទូរទស្សន៍ដែលបានចូលរួមទាំងនោះ ពិសេសគឺពិធីករពិធីការនី ត្រូវបានក្រសួងនេះយកចិត្តទុកដាក់ និងសង្កត់ធ្ងន់នៅលើការរៀបចំពាក្យពេចន៍ផ្ញើសារដល់ទស្សនិកជន និងអ្នកស្តាប់ក្នុងគោលបំណងបញ្ជ្រាបនូវចំណេះដឹង និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសកម្រិត និងដោយគ្មានការទទួលខុសត្រូវ។
ក្រសួងព័ត៌មាន សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) និងអង្គការសុខភាពពិភពលោក (WHO) បានបើកកិច្ចប្រជុំអប់រំដល់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ស្ដីពីការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងស្រវឹង។
ប្រធានបទសំខាន់លើកយកមកពិភាក្សា គឺទាក់ទិនទៅនឹងការវិវឌ្ឍន៍នៃការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងការបង្កើតជាពាក្យស្លោក ក្នុងន័យក្រើនរំឭកពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង។
រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ បានឲ្យដឹងថា សារព័ត៌មានមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបចំណេះដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង។ លោកក៏លើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវតែព្យាយាមផ្ដិតយករូបភាពចំនៃជនបង្កគ្រោះថ្នាក់មួយចំនួន ដែលបង្កឡើងដោយសារការសេពគ្រឿងស្រវឹង ដូចជាករណីអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គឺសូមឲ្យបង្ហាញមុខចំៗតែម្តង ដើម្បីទុកជាមេរៀន និងត្រូវធ្វើស្មើៗគ្នាពីប្រជាជនទូទៅ រហូតដល់ថ្នាក់ដឹកនាំធំៗ ហើយបើទោះជារូបលោកផ្ទាល់ ក៏មិនបាច់បិទមុខដែរ៖ «»។
អង្គការសុខភាពពិភពលោក បានឲ្យដឹងថា គ្រឿងស្រវឹង គឺជាកត្តាហានិភ័យឈានមុខគេលំដាប់ទី៥ ដែលបង្កឲ្យមានបន្ទុកជំងឺនៅក្នុងពិភពលោក។ គ្រឿងស្រវឹងបង្កឲ្យមានជំងឺជាង ២០០មុខ រួមមានជំងឺមហារីកបំពង់អាហារ មហារីកថ្លើម ដាច់សរសៃឈាមខួរក្បាល និងជំងឺផ្លូវចិត្ត ជាដើម។ នៅតំបន់ប៉ាស៊ីហ្វិកភាគខាងលិច ៥,៩% នៃមរណភាពសរុប គឺបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់។
មន្ត្រីជំនាញថ្នាក់ជាតិនៃអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ បានឲ្យដឹងថា មានមនុស្សម្នាក់ស្លាប់ដោយសារគ្រោះថ្នាក់ ដែលទាក់ទងទៅនឹងគ្រឿងស្រវឹងជារៀងរាល់មួយនាទីនៅទូទាំងពិភពលោក ហើយការស្លាប់នេះមានការកើនឡើងជាលំដាប់៖ «»។
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្ហាញថា ប្រជាជនកម្ពុជា ចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹងចាប់ពីអាយុ ៨ឆ្នាំដល់ ៣៥ឆ្នាំ មាន ៩៤ភាគរយ។
លោក ជា ច័ន្ទបរិបូរណ៍ បានបញ្ជាក់ផងដែរថា ក្រសួងព័ត៌មាន គ្រោងរៀបចំផ្តល់ជាលិខិតសរសើរដល់ស្ថានីយសារព័ត៌មាន ពិធីករ ឬពិធីការនីណាដែលបានបន្តការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងក្នុងកម្មវិធីរបស់ខ្លួន។
នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ បានឲ្យដឹងដែរថា នេះគឺជាចំណុចចាប់ផ្តើមមួយដ៏ល្អ ហើយលោកមានសុទិដ្ឋិនិយមទៅលើកិច្ចប្រជុំនេះ ព្រោះលោកជឿជាក់ទៅលើឥទ្ធិពលនៃសារព័ត៌មាន៕