ដោយ ខែ សុណង RFA 2016-05-17
សាលាឧទ្ធរណ៍បានប្រកាសរក្សាសាលក្រមរបស់សាលាដំបូងខេត្តពោធិ៍សាត់ ទុកជាបានការនៅថ្ងៃទី១៧ ខែឧសភា ក្នុងសំណុំរឿងសកម្មជនបក្សសង្គ្រោះជាតិ ម្នាក់ ពីបទចោទកាប់រុករានដីព្រៃរបស់រដ្ឋនៅស្រុកក្រគរ ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ។ សាច់ញាតិជនជាប់ចោទបានសម្ដែងការខកចិត្តចំពោះការប្រកាសសាលដីកាសាលាឧទ្ធរណ៍ ថាមិនបានផ្ដល់យុត្តិធម៌ជូនអ្នករងគ្រោះក្នុងរឿងដីធ្លីពិតប្រាកដ។
មេធាវីការពារក្ដីជនជាប់ចោទពីបទកាប់រុករានដីព្រៃរបស់រដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បន្តដាក់ពាក្យប្ដឹងសាទុក្ខទៅតុលាការកំពូលទៀតដើម្បីស្វែងរកយុត្តិធម៌ជូនកូនក្ដី។
មេធាវីការពារក្ដីនៃអង្គការលីកាដូ (LICADHO) អ្នកស្រី សន ស៊ូដាលែន មិនបកស្រាយចំពោះភស្តុតាងដែលនឹងបន្តដាក់ពាក្យជំទាស់ចំពោះសាលដីកាសាលាឧទ្ធរណ៍នៅពេលនេះទេ។ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា ដាក់បន្តនីតិវិធីនេះដើម្បីស្វែងរកយុត្តិធម៌ដល់កូនក្ដីរបស់អ្នកស្រី៖ «»។
សាលាឧទ្ធរណ៍បានសម្រេចរក្សាសាលក្រមសាលាដំបូងខែត្រពោធិ៍សាត់ ដាក់ទោសអនុប្រធានគណៈកម្មាធិការប្រតិបត្តិស្រុកក្រគរ គណបក្សសង្គ្រោះជាតិ និងជាសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកគ្រូ សោម សារាវុត នៅថ្ងៃទី១៧ ខែឧសភា នេះ គឺតាមបណ្ដឹងរបស់នាយផ្នែករដ្ឋបាលព្រៃឈើក្រគរ លោក ប៉ុល ចាន់ថា និងមេឃុំស្នាអន្សា លោក មោក កោ។
រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ចាប់ខ្លួនលោក សោម សារាវុត ទេ។ ប៉ុន្តែមេធាវីរបស់លោកប្រាប់ថា សាលាឧទ្ធរណ៍ចេញសាលដីការក្សាសាលក្រមសាលាដំបូងនេះ គឺសាលាឧទ្ធរណ៍ក៏ចេញដីកាចាប់ខ្លួនដែរ។
បណ្ដឹងនេះធ្វើឡើងក្រោយពីរដ្ឋាភិបាលចេញសេចក្ដីជូនដំណឹងកំណត់ដីទំហំ ៥០០ហិកតារ នៅចំណុចអន្សរក្ដាម ធ្វើជាព្រៃសហគមន៍ កាលពីឆ្នាំ២០១១។
សាច់ញាតិលោក សោម សារាវុត គឺអ្នកស្រី ហម រ៉ា ថ្លែងបន្ទាប់ពីស្ដាប់សវនាការថា ប្អូនប្រុសលោកស្រីមិនមានកំហុសដូចការចោទប្រកាន់ទេ។ លោកស្រីបន្ថែមថា អាជ្ញាធរ និងជំនាញរដ្ឋបាលព្រៃឈើ បានរំលោភយកដីទំហំ ៦៣ហិកតាររបស់អ្នកភូមិសន្សក្ដាម នៃឃុំស្នាអន្សា ចំនួន ២១គ្រួសារ ទៅធ្វើជាព្រៃសហគមន៍។ ត្បិតដីនេះគ្មានប្លង់កម្មសិទ្ធិ ប៉ុន្តែអ្នកភូមិបានកាន់កាប់ និងអាស្រ័យផលតាំងពីឆ្នាំ១៩៨៣ មក បែរជានៅឆ្នាំ២០១៣ អាជ្ញាធរបានប្ដឹងពលរដ្ឋទៅតុលាការដោយចោទថា លោកបានកាប់រានដីព្រៃទៅវិញ៖ «»។
ពលរដ្ឋមកពីភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ លោកស្រី ស្វាយ ឌី ថ្លែងថា សំណុំរឿងនេះមានភាពមិនប្រក្រតីដែលពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋាន ហើយការសម្រេចរបស់តុលាការនៅពេលនេះ គឺធ្វើឲ្យប៉ះពាល់ពលរដ្ឋដល់ទៅ ២១គ្រួសារ ដែលមានជីវភាពក្រលំបាក៖ «»។
តំណាងសហគមន៍ការពារធនធានធម្មជាតិ លោក គុជ វេង ដែលធ្លាប់ចុះស្វែងយល់ពីបញ្ហានេះ បានស្នើឲ្យមន្ត្រីពាក់ព័ន្ធនឹងស្ថាប័នយុត្តិធម៌ ចុះសិក្សាស្រាវជ្រាវមុននឹងធ្វើការកាត់សេចក្ដីដើម្បីរកយុត្តិធម៌ជូនពលរដ្ឋ និងកុំរើសអើងនិន្នាការបក្សនយោបាយ៖ «»។
អ្នកភូមិអះអាងថា សាលដីការបស់សាលាឧទ្ធរណ៍អយុត្តិធម៌។ ពួកគាត់នឹងហែញត្តិទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទៀត ដើម្បីស្វែងរកយុត្តិធម៌ជូនគ្រូបង្រៀនរូបនេះ៕