
ដោយ ម៉ម មុនីរតន៍ RFA 2016-11-12
គណបក្សប្រឆាំង និងអាជ្ញាធរទន្លេបាសាក់ បានប៉ះទង្គិចគ្នាដោយពាក្យសម្ដីរយៈពេលខ្លី នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា។ ហេតុការណ៍នេះកើតឡើងក្នុងពេលដែលអាជ្ញាធរសង្កាត់ទន្លេបាសាក់ ព្យាយាមចុះរារាំងមិនឲ្យសមាជិកបក្សប្រឆាំងចុះផ្សព្វផ្សាយសាររបស់ គ.ជ.ប ស្ដីពីការចុះឈ្មោះបោះឆ្នោត។
គូវិវាទទាំងពីរភាគីបានដកឃ្លាម្នាក់មួយជំហានទៅវិញ បន្ទាប់ពីតវ៉ាដ៏តឹងសរសៃកដាក់គ្នាក្នុងយុទ្ធនាការរបស់គណបក្សប្រឆាំងដែលចុះអប់រំសាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ដើម្បីបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់ឆ្នាំ២០១៦។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខណ្ឌចំការមន លោក ណុប ប៊ុនហ ឲ្យដឹងកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ថា ការពិតសាររបស់ គ.ជ.ប ពុំមានអ្វីដែលនាំឲ្យប៉ះពាល់ដល់បរិយាកាសសង្គមទេ ប៉ុន្តែលោកចាត់ទុកថា ការហាមប្រាមដោយអាជ្ញាធរសង្កាត់ទន្លេបាសាក់នេះ គឺជាការរឹតត្បិតសិទ្ធិសេរីភាពជ្រុលហួសហេតុ។ ម្យ៉ាងវិញទៀត ការចុះផ្សព្វផ្សាយនេះ ខាងគណបក្សពុំបានបញ្ចេញល្បោយនៃពាក្យសម្ដីបន្ថែមលើសាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ៖ «សម្រាប់ខ្ញុំគិតថា ធ្វើនេះដូចមិនត្រឹមត្រូវទេ។ បើសិនខ្ញុំចាក់ (សារ) ក្នុងនាមនិន្នាការគណបក្សនយោបាយណាមួយហ្នឹងខ្ញុំខុស។ ប៉ុន្តែខ្ញុំចាក់តែសាររបស់ គ.ជ.ប ឲ្យប្រជាពលរដ្ឋបានដឹង។ ខ្ញុំចំណាយទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំ»។
ទាក់ទិនរឿងនេះ ចៅសង្កាត់ទន្លេបាសាក់ លោក ខាត ណារិទ្ធ ដែលរងការចោទប្រកាន់ថា បានចុះរារាំងសកម្មភាពផ្សព្វផ្សាយសារស្ដីពីការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប នេះ បកស្រាយថា យុទ្ធនាការរបស់គណបក្សប្រឆាំងនេះ ធ្វើឡើងដោយពុំបានផ្ដល់ដំណឹងដល់អាជ្ញាធរជាមុន។ លោកបន្តថា ទាំងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរនៅថ្នាក់ក្រោមជាតិ មិនចង្អៀតចង្អល់ឡើយ ប៉ុន្តែស្នើសុំឲ្យភ្នាក់ងាររបស់គណបក្សនយោបាយផ្ដល់កិច្ចសហការផងជាមួយអាជ្ញាធរមូលដ្ឋាន៖ «គាត់ដាក់កម្មវិធីមកថា គាត់ត្រូវចុះថ្ងៃនេះ និងកន្លែងនេះអីជាដើម យើងអត់ធ្វើអីទេ យើងមានតែការពារគាត់ផង»។
យុទ្ធនាការចុះផ្សព្វផ្សាយសារ គ.ជ.ប របស់គណបក្សប្រឆាំងកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា សម្ភារៈរួមមាន រ៉ឺម៉កកងបី ១គ្រឿងភ្ជាប់ដោយឧបករណ៍បំពងសំឡេង ដែលមានអ្នកជិះម្នាក់ផង។ ក្រៅពីនេះវិញ នៅមានអ្នកចែកប័ណ្ណព័ត៌មានដែលធ្វើដំណើរដោយថ្មើរជើងប្រមាណ ៧នាក់ទៀត។ មន្ត្រីគណបក្សប្រឆាំងឲ្យដឹងថា ការឃាត់ខ្លួនដោយចៅសង្កាត់ លោក ខាត ណារិទ្ធ នេះនៅម្ដុំភូមិ១៦ សង្កាត់ទន្លេបាសាក់ គឺនៅខាងមុខព្រឹទ្ធសភា។
ការឃាត់ខ្លួន ឬប្រតិបត្តិការចុះរារាំងដោយអាជ្ញាធរពីខាងបក្សកាន់អំណាចនេះ ប្រឆាំងសកម្មភាពផ្សព្វផ្សាយសាររបស់ គ.ជ.ប នេះ ពុំមែនជារឿងថ្មីឡើយសម្រាប់បក្សនយោបាយដែលមាននិន្នាការប្រឆាំង។ បញ្ហាដូចគ្នានេះ ក៏ធ្លាប់កើតមានដែរនៅខេត្តសៀមរាប ក្នុងពេលកន្លងទៅនេះ។ ជុំវិញរឿងនេះ ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តនៃការចុះឈ្មោះបោះឆ្នោត ពុំបានបញ្ញត្តិភ្នាក់ងារបក្សនយោបាយថា មិនឲ្យចុះផ្សព្វផ្សាយសាររបស់ គ.ជ.ប ទេ។
លោក ហង្ស ពុទ្ធា មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថា ការចុះអប់រំពលរដ្ឋដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោតនេះ មិនខុសទាស់ ឬផ្ទុយពីច្បាប់បោះឆ្នោតទេ។ លោកបន្ថែមថា គ្រប់ភ្នាក់ងាររបស់បក្សនយោបាយទាំងអស់អាចមានសិទ្ធិយ៉ាងទូលំទូលាយស្មើគ្នាក្នុងការផ្សព្វផ្សាយសារនេះ ក្នុងអំឡុងពេលយុទ្ធនាការចុះឈ្មោះបោះឆ្នោត៖ «ផ្សព្វផ្សាយសារដែលផលិតដោយ គ.ជ.ប គឺជារឿងត្រឹមត្រូវ។ ប៉ុន្តែអាចមានរឿងមិនត្រឹមត្រូវខ្លះកើតមានទន្ទឹមគ្នា ប្រសិនបើខ្វះការសហការរវាងអ្នកផ្សព្វផ្សាយ និងអាជ្ញាធរដែនដី»។
អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើលើកិច្ចការបោះឆ្នោតយល់ឃើញថា ព័ត៌មានស្ដីពីការចុះឈ្មោះបោះឆ្នោតហាក់ពុំបានផ្សព្វផ្សាយឲ្យបានទូលំទូលាយប៉ុន្មាននោះទេ។ លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច (NICFEC) ឲ្យដឹងថា ការចុះឈ្មោះមានភាពស្មុគស្មាញគួបផ្សំនឹងព័ត៌មានស្ដីពីការចុះឈ្មោះនេះ មិនសូវបើកចំហផង បានរុញច្រានឲ្យកំណើននៃការចុះឈ្មោះមកដល់ពេលនេះ មិនទាន់គ្រប់តម្រូវការដែល គ.ជ.ប បានកំណត់នៅឡើយ។
រយៈពេលនៃការចុះឈ្មោះបោះឆ្នោតតាមបែបថ្មីនេះ គឺនៅសល់ប្រមាណ ១៧ថ្ងៃទៀតនឹងត្រូវបិទបញ្ចប់។ រយៈពេលនៃយុទ្ធនាការរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីនេះនឹងត្រូវបញ្ចប់នៅថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខនេះហើយ៕