ដោយ ហង្ស សាវយុត RFA 2016-05-18
បច្ចុប្បន្ន ប្រជាពលរដ្ឋរាប់ពាន់គ្រួសាររស់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ បានពឹងផ្អែកលើប្រភពទឹកក្នុងបឹងស្នោកណ្ដាលទីក្រុង ដើម្បីដងយកទៅប្រើប្រាស់ប្រចាំថ្ងៃ។ ប៉ុន្តែរយៈពេល ៤ថ្ងៃមកនេះ គេឃើញអាជ្ញាធរបានយកគ្រឿងចក្រជាច្រើនទៅជីក និងកាយដីបឹងស្នោនោះ បណ្ដាលឲ្យប្រជាពលរដ្ឋជាច្រើនមានការភ្ញាក់ផ្អើល ខ្លាចក្រែងគេយកទៅធ្វើជាកន្លែងអភិវឌ្ឍន៍អ្វីផ្សេង ហើយគ្មានទឹកប្រើប្រាស់នៅក្នុងទីក្រុងតទៅទៀត។
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ កំពុងមានការងឿងឆ្ងល់ចំពោះអាជ្ញាធរខេត្តនេះ ដែលបានយកគ្រឿងចក្រជាច្រើនទៅជីក និងកាយដីបឹងស្នោ ហើយមិនបានបង្ហាញគម្រោងច្បាស់លាស់ឲ្យសាធារណជនបានដឹង ថាតើចង់ធ្វើអ្វីពិតប្រាកដ?
ក្រុមប្រជាពលរដ្ឋខ្លះ នាំគ្នាភ្ញាក់ផ្អើល ដោយពួកគេទទួលព័ត៌មានផ្សេងៗគ្នា ដូចជាខ្លះថាការជីកដីនោះសម្រាប់ស្ដារកន្លែងស្តុកទឹកឲ្យបានកាន់តែច្រើនថែមទៀត និងខ្លះថាគេឃើញគម្រោងមួយបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ចង់យកបឹងស្នោទៅធ្វើជាផ្ទះបណ្ដែតទឹក អាងហែលទឹក និងភោជនីយដ្ឋានសម្រាប់ទទួលភ្ញៀវទេសចរ ជាដើម។
កាលពីថ្ងៃអង្គារ ទី១៧ ខែឧសភា ប្រជាពលរដ្ឋជាច្រើនសម្ដែងការមិនសប្បាយចិត្តប្រហាក់ប្រហែលគ្នា ប្រសិនអាជ្ញាធរខេត្តឧត្តរមានជ័យ ពិតជាយកតំបន់បឹងស្នោធ្វើជាសំណង់អភិវឌ្ឍន៍សម្រាប់ទេសចរណ៍នោះមែន៖ «ប្រុស៖ ប្រជាពលរដ្ឋមានការងឿងឆ្ងល់ណាស់ ថាតើចៅហ្វាយខេត្តគាត់បម្រុងធ្វើអី? ហេតុអ្វីបានជាមិនដាក់គម្រោងបង្ហាញសាធារណៈ? ស្រី៖ ខ្ញុំប្រជាពលរដ្ឋនៅខាងណេះ អត់គាំទ្រទេរឿងធ្វើសំណង់ ព្រោះកន្លែងហ្នឹងទឹកបូមប្រើប្រាស់រាល់ថ្ងៃ»។
អ្នកភូមិបានហៅបឹងស្នោដែលនៅកណ្ដាលទីក្រុងសំរោង ថាជាបឹងផ្ដល់ប្រភពទឹកប្រវត្តិសាស្ត្ររាប់រយឆ្នាំមកហើយ ដែលមនុស្សសត្វបានពឹងផ្អែកលើវា។
ទោះបីជាយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី ដើម្បីសុំការពន្យល់ឆ្លើយតបនឹងប្រតិកម្មរបស់ប្រជាពលរដ្ឋបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី១៧ ឧសភា ដោយសារតែលោកមិនទទួលទូរស័ព្ទ។
ប៉ុន្តែគណនេយ្យបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ ឧត្តរមានជ័យថ្មី ដែលមានទាំងបង្ហាញរូបភាពលោកអភិបាលខេត្ត ស ថាវី ដើរពិនិត្យសកម្មភាពជីកបឹងនោះកាលពីថ្ងៃទី១៣ ខែឧសភា បានសរសេរថា អាជ្ញាធរខេត្តឧត្តរមានជ័យ មានគម្រោងកែលំអសោភ័ណភាពបឹងស្នោឲ្យក្លាយទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យទៅកម្សាន្ត។ លើសពីនេះទៅទៀត គឺចង់ឲ្យក្រុងសំរោង ក្លាយជាទីក្រុងស្អាត ដើម្បីត្រៀមខ្លួនចូលប្រឡងប្រណាំងទីក្រុងស្អាតទូទាំងប្រទេស។
អភិបាលក្រុងសំរោង លោក អ៊ុន សុភ័ក្រ មានប្រសាសន៍ថា លោកមិនដឹងច្បាស់លាស់ពីគម្រោងនៅក្នុងបឹងស្នោនោះទេ ប៉ុន្តែលោកគ្រាន់តែដឹងខ្លះៗថា អាជ្ញាធរខេត្តឧត្តរមានជ័យ គ្រាន់តែចង់ស្ដារដីបាតបឹងនោះឲ្យជ្រៅ ព្រមទាំងដាំដើមឈើធ្វើជាអេកូទេសចរណ៍ មិនមានសង់សំណង់ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដូចអ្នកភូមិបារម្ភនោះឡើយ៖ «ប្រយោជន៍មានពីរ។ ទី១ គឺស្ដុកទឹកបានច្រើននៅខាងមុខ ដើម្បីផ្គត់ផ្គង់សម្រាប់ពលរដ្ឋ និងទី២ គឺចង់កែលំអសោភ័ណភាពឲ្យកាន់តែទាក់ទាញថែមទៀត»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា ស្របពេលបច្ចុប្បន្នដែលក្រុងសំរោង ទាំងមូលកំពុងខ្វះទឹកប្រើប្រាស់ ប្រសិនបើអាជ្ញាធរគិតគូរពីរឿងស្ដារបឹងស្នោដើម្បីស្ដុកទឹកឲ្យកាន់តែច្រើននោះ គឺលោកគាំទ្រ ក៏ប៉ុន្តែប្រសិនបើយកតំបន់បឹងទៅធ្វើជាសំណង់អភិវឌ្ឍន៍ទេសចរណ៍ គឺមិនទាន់ដល់ពេលនៅឡើយ ពីព្រោះតែការគិតគូរដោះស្រាយបញ្ហាខ្វះទឹករបស់ប្រជាពលរដ្ឋ សំខាន់ជាងការទាក់ទាញភ្ញៀវទេសចរឲ្យគេមកឃើញភាពក្រីក្រនៅក្នុងខេត្តនេះ។
គេមិនដឹងថា បឹងស្នោមានទំហំប៉ុន្មានទេ ប៉ុន្តែមន្ត្រីមន្ទីរធនធានទឹក ធ្លាប់ប្រាប់ថា វាអាចស្ដុកទឹកបានជាង ៣លានម៉ែត្រគូបសម្រាប់ផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋនៅក្នុងទីក្រុងសំរោង ទាំងមូល៕