Quantcast
Viewing all articles
Browse latest Browse all 40045

អាជ្ញាធរ​ខេត្ត​រតនគិរី​ដោះស្រាយ​យក​ដី​តំបន់​កប់​សព​ប្រគល់​ឲ្យ​សហគមន៍​គ្រប់គ្រង​វិញ

Image may be NSFW.
Clik here to view.
ពលរដ្ឋ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ដោះស្រាយ​ទំនាស់​ដីធ្លី​សហគមន៍​ភូមិ​ឡាអិន ក្នុង​ស្រុក​កូនមុំ ខត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Ratha Visal


ដោយ រដ្ឋា វិសាល RFA 2016-05-19

អាជ្ញាធរ​ស្រុក​កូនមុំ ខេត្ត​រតនគិរី ដោះស្រាយ​បញ្ចប់​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​រវាង​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ពាក់ព័ន្ធ​ដី​តំបន់​កប់​សព​សហគមន៍​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទន្ទ្រាន​កាន់​កាប់​យក​ជា​កម្មសិទ្ធិ។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទំពួន ភូមិ​ឡាអិន បាន​ទទួល​ដី​ទំហំ​ជាង ៥​ពាន់​ម៉ែត្រ​ក្រឡា​នៃ​តំបន់​កប់​សព​មក​គ្រប់គ្រង​វិញ ស្រប​តាម​លិខិត​បទដ្ឋាន​ដែល​កំណត់​ថា ដី​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​កប់​សព​សហគមន៍​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ផ្លូវ​ច្បាប់។

នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា សមាជិក​សហគមន៍​ប្រមាណ ៥០​នាក់ ខ្លះ​លី​បង្គោល​ឈើ​ទៅ​បោះ​ធ្វើ​ជា​របង​ខណ្ឌ​ចែក​ដី ដែល​ភាគី​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍​បាន​យល់ព្រម​ប្រគល់​ដី​ជាង ៥​ពាន់​ម៉ែត្រ​ក្រឡា​មក​សហគមន៍​គ្រប់គ្រង​ជា​តំបន់​កប់​សព​សហគមន៍​ដូច​ធម្មតា ដោយ​គ្មាន​ការ​តវ៉ា​អ្វី​ទៀត​ឡើយ។


ភាគី​ពលរដ្ឋ​ក្រៅ​សហគមន៍ លោក សន ហេង បង្ហាញ​ជំហរ​យល់ព្រម​ប្រគល់​ដី​ជាង ៥​ពាន់​ម៉ែត្រ​ក្រឡា​ឲ្យ​សហគមន៍​បោះ​បង្គោល​របង​កំណត់​ជា​តំបន់​ដី​កប់​សព​សហគមន៍​វិញ ដើម្បី​បញ្ចប់​ជម្លោះ​នេះ។ លោក​ថា ហេតុផល​ដែល​លោក​ចូល​ទៅ​កាន់​កាប់​ដី​ជាង ៥​ពាន់​ម៉ែត្រ​ក្រឡា​នេះ ដោយសារ​តែ​ដី​នោះ​នៅ​ជាប់​នឹង​ដី​ចម្ការ​ឯកជន​របស់​លោក ប៉ុន្តែ​ពេល​ក្រុម​ការងារ​វាស់វែង​កំណត់​ជា​ដី​តំបន់​កប់​សព សហគមន៍​មិន​បាន​ផ្តល់​ដំណឹង ទើប​លោក​ប្រកាន់​ថា​ដី​នោះ​ជា​ដី​របស់​លោក​កាន់​កាប់៖ «ធ្វើ​ម៉េច​ឲ្យ​ត្រង់​បោះ​បង្គោល​ឲ្យ​ត្រឹមត្រូវ ឲ្យ​មាន​ផ្លូវ​ដើរ​ចូល​តាម​ព្រៃ​ខ្មោច​ឲ្យ​ត្រឹមត្រូវ​ទៅ»។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា សមាជិក​សហគមន៍​ភូមិ​ឡាអិន ប្រមាណ ១០០​នាក់ រៀបចំ​ពិធី​បង្ហាញ​ពី​ទំនាស់​ដី ៥​ប្រភេទ​ដែល​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍​ចូល​មក​កាន់​កាប់ រួម​មាន ដី​កប់​សព​ជាង ៥​ពាន់​ម៉ែត្រ​ក្រឡា ដី​សាលា​រៀន​ជាង ៨០០​ម៉ែត្រ​ក្រឡា ដី​លំនៅឋាន​ជាង ៥​ពាន់​ម៉ែត្រ​ក្រឡា និង​ដី​ចម្ការ​ជិត ៣០​ម៉ឺន​ម៉ែត្រ​ក្រឡា។

ប្រធាន​គណៈកម្មការ​សហគមន៍​ភូមិ​ឡាអិន លោក ផាន់ សុភីរ៉ាធុប បញ្ជាក់​ថា នេះ​ជា​ការ​ដោះស្រាយ​ត្រឹមត្រូវ និង​សន្តិវិធី ដែល​មិន​បង្ក​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច និង​ពលរដ្ឋ​ខ្មែរ​ចាត់​ទុក​គ្នា​ជា​សត្រូវ។ លោក​ថា នឹង​បន្ត​ដោះស្រាយ​បញ្ហា​ដូច​គ្នា​នេះ​នៅ​ចំណុច​ផ្សេង​ទៀត​នៃ​ដី​សហគមន៍​ដែល​កំពុង​មាន​ជម្លោះ៖ «ពាក់ព័ន្ធ​ការ​ចូល​កន្លង​មក គាត់​បាន​យល់ព្រម​ឲ្យ​យើង​ដាក់​បង្គោល​តម្រង់​ឲ្យ​ត្រង់​តាម​ការ​ជាក់ស្តែង​ដែល​យើង​មាន​ដូច​មុន»។

អាជ្ញាធរ​ខេត្ត​រតនគិរី បាន​កំណត់​ពេល​មួយ​សប្ដាហ៍​ឲ្យ​អាជ្ញាធរ​ស្រុក​ដោះស្រាយ​ដី​សហគមន៍​ភូមិ​ឡាអិន ដែល​ត្រូវ​បាន​រំលោភ​យក ខណៈ​ដី​នោះ​បាន​ចុះ​បញ្ជី​ដី​កម្មសិទ្ធិ​សមូហភាព​សហគមន៍​តាម​គោល​នយោបាយ​ចុះ​បញ្ជី​ដី ដើម្បី​បញ្ចប់​ការ​ទន្ទ្រាន​កាន់​កាប់ ឬ​លក់​ដូរ​ដី​សហគមន៍​បាន​ត​ទៅ​ទៀត។

អភិបាល​រង​ស្រុក​កូនមុំ លោក ហ៊ិន វិន ថ្លែង​ថា ភាគី​ទាំង​ពីរ​ទទួល​យក​សំណូមពរ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​យល់ព្រម​បញ្ចប់​ជម្លោះ​ដោយ​សន្តិវិធី។ លើស​ពី​នេះ​ទៀត បញ្ហា​ដែល​នៅ​សេសសល់ អាជ្ញាធរ​ស្រុក​នឹង​បន្ត​ស្រាវជ្រាវ​ដោះស្រាយ​បន្ត​ទៀត​ដើម្បី​រក្សា​ដីធ្លី​សហគមន៍​ចុះ​បញ្ជី​រួច​ឲ្យ​បាន​នៅ​គង់វង្ស​តាម​ច្បាប់​កំណត់៖ «យើង​នឹង​សិក្សា​បន្ថែម​ទៀត​ថា​វា​មែន​ឬ​មិន​មែន? ចំពោះ​ដី​លំនៅឋាន យើង​អញ្ជើញ​គាត់​ហើយ ប៉ុន្តែ​គាត់​មិន​ទាន់​ចូល​ខ្លួន»។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​កូនមុំ លោក សុត សុំ អំពាវនាវ​ឲ្យ​សមាជិក​សហគមន៍ និង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ជិត​គ្នា គោរព​សិទ្ធិ និង​វប្បធម៌​ប្រពៃណី​គ្នា​ទៅ​វិញ​ទៅ​មក។ ភាគី​ទាំង​ពីរ​ត្រូវ​គោរព​លក្ខខណ្ឌ​ច្បាប់​ដែល​បាន​កំណត់​ស្ដីពី​ការ​គ្រប់គ្រង​ដីធ្លី​សហគមន៍៖ «ជនជាតិ​ដើម​ភាគ​តិច និង​បង​ប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ សំខាន់​ត្រូវ​សាមគ្គី​គ្នា អ្វី​ដែល​យើង​បាន​និយាយ ហើយ​ត្រូវ​គោរព​តាម»។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ឡាអិន ចុះ​បញ្ជី​ទទួល​ស្គាល់​សហគមន៍​ជា​ផ្លូវ​ការ​ដោយ​ក្រសួង​មហាផ្ទៃ កាល​ពី​ឆ្នាំ​២០០៧ និង​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព​កាល​ពី​ឆ្នាំ​២០១១។ សហគមន៍​នេះ​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដី​ជាង ៤០​ប្លង់​លើ​ផ្ទៃដី​សរុប ១.២១៨,៩៦​ហិកតារ។ រហូត​បច្ចុប្បន្ន សហគមន៍​មួយ​ចំនួន​បាន​ជួល ឬ​លក់​ដី​លំនៅឋាន និង​ដី​ត្រៀម​បម្រុង​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍ ផ្ទុយ​ទៅ​នឹង​បទបញ្ជា​លក្ខន្តិកៈ​សហគមន៍ និង​ច្បាប់​កំណត់៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>