
ដោយ ផាន់ យ៉ាស៊ី RFA 2016-05-20
ព្រះសារីរិកធាតុដែលត្រូវបានតម្កល់ទុកបណ្ដោះអាសន្នក្នុងព្រះបរមរាជវាំងមួយរយៈ បន្ទាប់ពីចោរមួយក្រុមបានលួចកាលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ កន្លងមក នៅពេលនេះត្រូវបានដង្ហែទៅតម្កល់ទុកនៅព្រះសក្យមុនីចេតិយលើភ្នំព្រះរាជទ្រព្យ នាខែត្រកណ្ដាល។
មនុស្សជាច្រើនពាន់នាក់បានចូលរួមក្នុងពិធីដង្ហែព្រះសារីរិកធាតុទៅកាន់ភ្នំព្រះរាជទ្រព្យ នៅថ្ងៃទី២០ ខែឧសភា។ ការធ្វើពិធីដង្ហែព្រះសារីរិកធាតុទៅតម្កល់នៅកន្លែងដើមវិញនេះ គឺស្របពេលដែលកម្ពុជា ប្រារព្ធពិធីវិសាខបូជា។
ពលរដ្ឋម្នាក់ដែលបានចូលរួមក្នុងពិធីនេះគឺលោក សំ រិតសឿន មានប្រសាសន៍ថា លោកមានទឹកចិត្តជ្រះថ្លា ព្រោះលោកមានជំនឿថា ព្រះសារីរិកធាតុនេះ នឹងនាំមកនូវសេចក្ដីសុខ និងភាពរីកចំរើនដល់ប្រទេសជាតិ៖ «»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀតដែលមកពីខេត្តកំពង់ឆ្នាំង គឺលោកស្រី អៀង គី មានប្រសាសន៍ថា ដោយសារខ្លាចមកមិនទាន់ពិធីនេះ លោកស្រីបានធ្វើដំណើរមកមុនមួយថ្ងៃ។ លោកស្រីបន្តថា នេះជាពិធីដែលពិសេសពិសាលមិនងាយនឹងបានចូលរួមនោះឡើយ៖ «»។
ទោះជាយ៉ាងណាក៏ដោយចុះ ពលរដ្ឋបានស្នើដល់ថ្នាក់ដឹកនាំឲ្យមានវិធានការការពារ ទប់ស្កាត់កុំឲ្យមានការលួចម្ដងទៀត។
ជុំវិញរឿងនេះដែរ អនុរដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា លោក សេង សុមុនី មានប្រសាសន៍ថា ស្ថាប័នរដ្ឋាភិបាលបានប្រគល់ជូនអាជ្ញាធរមានសមត្តកិច្ចដែលមានទីតាំងនៅក្បែរភ្នំព្រះរាជទ្រព្យនោះ រួមមានខេត្ត៥ គឺភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង និងកំពង់ចាម ដើម្បីថែរក្សាការពារសុវត្ថិភាពព្រះសារីរិកធាតុ៕