
ដោយ អ៊ុង សេរីវុទ្ធ RFA 2016-05-20
គណៈប្រតិភូមូលនិធិ ខូហ្វី អាណាន់ (Kofi Annan Foundation) របស់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក ខូហ្វី អាណាន់ នឹងមកធ្វើទស្សនកិច្ចស្វែងយល់ពីការបោះឆ្នោត ពីលទ្ធិប្រជាធិបតេយ្យ និងសន្តិសុខនៅកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែឧសភា។
សេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចុះថ្ងៃទី១៩ ខែឧសភា ឲ្យដឹងថា ការមកបំពេញទស្សនកិច្ចរបស់គណៈប្រតិភូមូលនិធិ ខូហ្វី អាណាន់ ធ្វើឡើងតាមការអញ្ជើញរបស់ គ.ជ.ប។
គណៈប្រតិភូនេះនឹងជួបពិភាក្សាស្វែងយល់ការងារជាមួយភាគីពាក់ព័ន្ធមួយចំនួនដូចជា គ.ជ.ប អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ គណបក្សនយោបាយ បណ្ដាស្ថាប័នទូត និងរដ្ឋាភិបាល។
មូលនិធិខូហ្វី អាណាន់ ត្រូវបានបង្កើតឡើងក្នុងបេសកកម្មប្រមូលផ្ដុំនូវឆន្ទៈនយោបាយដើម្បីលុបបំបាត់ការគំរាមកំហែងដល់សន្តិភាព លើកកម្ពស់ការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងដោះស្រាយនូវកង្វះខាតក្នុងការដឹកនាំជាដើម៕