ដោយ ថា កិត្យា RFA 2016-05-01
សាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមន្ត្រីសិទ្ធិមនុស្សអាដហុក ៤រូប និងមន្ត្រី គ.ជ.ប ១រូប ទៅឃុំខ្លួនបន្តនៅអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីសាកសួរនៅតុលាការពេញមួយថ្ងៃនៃថ្ងៃទី១ ឧសភា ដើម្បីបន្តនីតិវិធីសាកសួរនៅថ្ងៃច័ន្ទ ទី២ ឧសភា។
មេធាវីការពារក្ដីឲ្យអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ក្នុងចំណោមមេធាវីផ្សេងទៀត គឺលោក សំ សុខគង់ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ឧសភា ថា ព្រះរាជអាជ្ញាសួរកូនក្ដីរបស់លោក ភាគច្រើនជាសំណួរដាក់បន្ទុក។ លោកថា កូនក្ដីរបស់លោកឆ្លើយបដិសេធរាល់សំណួរដែលចោទប្រកាន់ ហើយសំណួរភាគច្រើនរបស់ព្រះរាជអាជ្ញា គឺទាក់ទងនឹងអំពើពុករលួយ។ លោកបន្តថា តុលាការមិនទាន់ចោទប្រកាន់កូនក្ដីលោកនៅឡើយ ហើយតុលាការនឹងបន្តរហូតដល់ពេលល្ងាច។
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនមន្ត្រីអាដហុក ៤រូប និងមន្ត្រី គ.ជ.ប ១រូបទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ៨ និង ២០នាទី ព្រឹកថ្ងៃអាទិត្យ នេះ ក្រោយទទួលសំណុំរឿងពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ ថ្ងៃទី១ ឧសភា ជាថ្ងៃឈប់សម្រាកអបអរទិវាពលកម្មអន្តរជាតិ។
Image may be NSFW.
Clik here to view.

Image may be NSFW.
Clik here to view.

Image may be NSFW.
Clik here to view.

ចំណែកនៅខាងក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ ក្រុមសមត្ថកិច្ចប្រដាប់ដោយដំបង និងខែល រារាំង និងរុញច្រានមិនឲ្យក្រុមអ្នកតវ៉ាដែលគាំទ្រមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ស្រែកតវ៉ានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដោយលើកហេតុផលថា ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងរំខានដល់ការសាកសួររបស់តុលាការ។ ទោះបីជាយ៉ាងណា ក្រុមអ្នកតវ៉ានៅតែស្រែកសុំឲ្យតុលាការទម្លាក់បទចោទលើអ្នកទាំង ៥នាក់ ដោយពួកគេអះអាងថា អ្នកពុករលួយគឺជាអ្នកមានអំណាច មិនមែនមន្ត្រីសង្គមស៊ីវិលទេ។
កាលពីរសៀលថ្ងៃសៅរ៍ ទី៣០ មេសា តុលាការបានបញ្ជូនអ្នកទាំង ៥នាក់ត្រឡប់ទៅអង្គភាពប្រឆាំងអំពើពុករលួយវិញភ្លាមៗ ក្រោយបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ។
អ្នកទាំង ៥នាក់ដែលរងការចោទប្រកាន់ រួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី ជាមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា។
អ្នកទាំង ៥នាក់នេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនពីម៉ោង ៨យប់ ថ្ងៃទី២៨ ខែមេសា ពាក់ព័ន្ធនឹងពីអំពើពុករលួយ។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង មិនបានបញ្ជាក់អំពីបទចោទអ្វីជាក់លាក់នោះទេ តែលោកអះអាងថា អ្នកទាំងនោះមានចំណុចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
សូមស្ដាប់អ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី លោក ថា កិត្យា រាយការណ៍ព័ត៌មាននេះ និងបទសម្ភាសន៍រវាងលោក ម៉ម មុនីរតន៍ ជាមួយអ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ដូចតទៅ៖