
ដោយ កេសរណ្ណីយ្យា RFA 2016-05-23
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ (LICADHO) គ្រោងចេញផ្សាយប្រវត្តិមន្ត្រីការពារសិទ្ធិមនុស្ស ៤នាក់ និងមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ម្នាក់ ដែលតុលាការបានចោទប្រកាន់ និងចាប់ឃុំខ្លួនតាមបណ្ដឹងរបស់នាង ខុម ចាន់តារាទី ទាក់ទងនឹងករណីសំណុំរឿងអាស្រូវស្នេហាជាមួយអនុប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងថា គម្រោងការនេះជាផ្នែកមួយនៃយុទ្ធនាការទាមទារឲ្យដោះលែងអ្នកទាំង ៥នាក់ ដែលអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងមជ្ឈដ្ឋានសាធារណៈ ចាត់ទុកថាជាការចោទប្រកាន់ និងចាប់ឃុំខ្លួនដោយអយុត្តិធម៌៖ «អង្គការលីកាដូ យើងគ្រោងនឹងចេញប្រវត្តិនៃអ្នកទាំង ៥នាក់ គឺលោក នី ចរិយា លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី។ ហើយនៅក្នុងប្រវត្តិរូបហ្នឹង យើងមានដាក់រាប់នូវថ្ងៃដែលគាត់ជាប់ពន្ធនាគារ ជីវប្រវត្តិនៃការងាររបស់គាត់ដែលជាអ្នកការពារសិទ្ធិមនុស្ស ហើយនិងមានបញ្ជាក់ពីទុក្ខវេទនារបស់កូន និងប្រពន្ធក្រោយពេលគាត់ជាប់ពន្ធនាគារ ការអំពាវនាវឲ្យមានការដោះលែងរបស់ក្រុមគ្រួសារគាត់ទាំង ៥នាក់ហ្នឹងផងដែរ»។
លោក អំ សំអាត បញ្ជាក់ថា លីកាដូ គ្រោងនឹងចេញផ្សាយប្រវត្តិអ្នកទាំង៥ នៅថ្ងៃច័ន្ទ ទី២៣ ឧសភា នេះ។ ទាក់ទងការចូលរួមយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» វិញ លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរី កាលពីក្នុងការផ្សាយយប់ថ្ងៃទី២២ ឧសភា ថា អង្គការលីកាដូ នឹងនៅតែបន្តការចូលរួមដើម្បីទាមទារឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្សទាំងនោះ៖ «អង្គការលីកាដូ យើងនៅតែមានការទាមទារឲ្យមានការដោះលែងដោយសន្តិវិធីទាក់ទងនឹងអ្នក ៥នាក់ហ្នឹង។ ហើយខ្ញុំសូមបញ្ជាក់ថា នៅក្នុងប្រវត្តិរូបដែលចេញចំពោះអ្នកទាំង ៥នាក់ហ្នឹង ក៏ដាក់អំពីការចោទប្រកាន់របស់តុលាការលើអ្នកទាំង ៥នាក់ហ្នឹងផងដែរ។ នេះជាយុទ្ធវិធីមួយដើម្បីរំឭក និងដើម្បីទាមទារឲ្យពិចារណាក្នុងការដោះលែងអ្នកទាំង ៥នាក់ហ្នឹងផងដែរ។ ស្អែកនេះ ទោះបីជាមិនមានទ្រង់ទ្រាយធំក៏ដោយ ខ្ញុំគិតថាមានបងប្អូនប្រជាពលរដ្ឋ ឬសហគមន៍ដែលស្រឡាញ់អ្នកទាំង ៥នាក់ដែលធ្លាប់ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងស្នើសុំឲ្យមានការដោះលែងអ្នកទាំង ៥នាក់ហ្នឹងផងដែរ»។
មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ រូបនេះ នៅតែបង្ហាញជំហរ និងការយល់ឃើញថា យុទ្ធការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ជាការជួបជុំសម្ដែងមតិទាមទារជាសំណូមពររបស់ប្រជាពលរដ្ឋឲ្យមានការដោះលែងសកម្មជនការពារសិទ្ធិមនុស្សទាំង ៥នាក់ គឺពុំមែនជាការធ្វើបដិវត្តន៍ពណ៌ដូចជាការចោទប្រកាន់នោះឡើយ៕