
ដោយ ចេង ម៉េងជូ RFA 2016-05-02
ទំនប់វារីអគ្គិសនីសេសានក្រោមពីរ (ថាមពល ៤០០មេហ្គាវ៉ាត់) ក្នុងខេត្តស្ទឹងត្រែង ដែលនឹងក្លាយជាទំនប់វារីអគ្គិសនីធំជាងគេបង្អស់នៅកម្ពុជា ដំណើរការក្នុងឆ្នាំ២០១៧។ ទំនប់នេះជាការវិនិយោគរួមគ្នាក្នុងទឹកប្រាក់ ៨០០លានដុល្លារអាមេរិក រវាងក្រុមហ៊ុនចិន ឈ្មោះ ហាយដ្រូ ឡាងឆាន អ៊ិនធឺណេសិនណល អេណឺជី (Hydrolancang International Energy) ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន សហការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង សេដ្ឋីខ្មែរស្និទ្ធនឹងលោក ហ៊ុន សែន រួមទាំងក្រុមហ៊ុនវៀតណាម អ៊ី.វី.អិន (EVN) របស់រដ្ឋាភិបាលវៀតណាម។
តើអំណាចទឹកប្រាក់របស់ចិន ដែលមានភាគហ៊ុន ៥១% ក្នុងគម្រោងទំនប់វារីអគ្គិសនីសេសានក្រោមពីរនេះ កំពុងជះឥទ្ធិពលអ្វីខ្លះដល់សហគមន៍រងផលប៉ះពាល់ក្នុងគម្រោងវិនិយោគខ្នាតធំមួយនេះ?
គម្រោងវារីអគ្គិសនីធំៗក្នុងទឹកប្រាក់រាប់រយលានដុល្លារ ផ្ដើមមានវត្តមាននៅកម្ពុជា ចាប់ពីឆ្នាំ២០០៦ មក បន្ទាប់ពីមេដឹកនាំកម្ពុជា និងចិន សម្រេចជ្រើសយកវិស័យហេដ្ឋារចនាសម្ព័ន្ធជាវិស័យអាទិភាពក្នុងការរឹតបន្តឹងចំណងការទូតរវាងប្រទេសទាំងពីរ។
ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង ដែលនឹងក្លាយជាទំនប់ធំជាងគេបង្អស់នៅកម្ពុជា គឺជាផ្លែផ្កាមួយដែលលូតលាស់ចេញពីទំនាក់ទំនងដ៏ជិតស្និទ្ធនេះ។

ទោះបីជាអ្នកជំនាញបរិស្ថានរកឃើញថា ទំនប់វារីអគ្គិសនីសេសានក្រោមពីរនេះ នឹងគំរាមកំហែងយ៉ាងខ្លាំងដល់ប្រព័ន្ធជីវចម្រុះ និងជីវភាពពលរដ្ឋរាប់សែននាក់នៅតាមដងទន្លេមេគង្គទាំងមូលក៏ដោយ ក៏ការសាងសង់ទំនប់នៅតែបន្ត រហូតដល់សម្រេចបានជាងពាក់កណ្ដាលទៅហើយក្នុងរយៈពេលជាង ២ឆ្នាំមកនេះ។
ការសិក្សាមួយនៅឆ្នាំ២០១២ ដោយអ្នកជំនាញបរិស្ថានរកឃើញថា ទំនប់នេះនឹងធ្វើឲ្យបរិមាណត្រីក្នុងអាងទន្លេមេគង្គទាំងមូលថយចុះជាង ៩ភាគរយ (៩,៣%) ដែលនឹងធ្វើឲ្យផុតពូជត្រីជាង ៥០ប្រភេទ។ ក្រៅពីប៉ះពាល់ដល់ធនធានធម្មជាតិ ពលរដ្ឋជិត ៥ពាន់នាក់រស់នៅស្រុកសេសាន ក៏ត្រូវប្រឈមនឹងការបណ្ដេញចេញពីភូមិឋានដែលពួកគេកំពុងរស់នៅអាស្រ័យផលពីធនធានធម្មជាតិដែរ។
មកទល់ពេលនេះ ពលរដ្ឋ ៧០ភាគរយទៅហើយបានយល់ព្រមទទួលយកសំណងទៅតាំងទីលំនៅលើដីថ្មី ដែលក្រុមហ៊ុនសាងសង់ទំនប់បានរៀបចំតាមគោលនយោបាយទូទាត់សំណងរបស់រដ្ឋាភិបាល។ ប៉ុន្តែជីវភាពនៅដីថ្មី មិនប្រសើរដូចដែលខាងក្រុមហ៊ុន និងរដ្ឋាភិបាលធ្លាប់បានប្រាប់ទៅអ្នកភូមិនោះឡើយ។ ពួកគេកំពុងប្រឈមនឹងបញ្ហាកង្វះទឹកស្អាត ភាពគ្មានការងារធ្វើ ដីស្រែចម្ការមិនអាចដាំដុះបាន និងមិនទទួលបានដំណោះស្រាយភ្លាមៗពីក្រុមហ៊ុន និងអាជ្ញាធរ។
លោកស្រី ចាន់ នី ជាពលរដ្ឋមួយរូបក្នុងចំណោមពលរដ្ឋដែលខកចិត្តទាំងនោះ។ លោកស្រីស្ថិតក្នុងចំណោមពលរដ្ឋភូមិស្រែពក ប្រមាណ ៥០គ្រួសារ ដែលព្រមទទួលយកសំណងជាផ្ទះថ្មផ្ទាល់ដីមានពីរបន្ទប់ លើផ្ទៃដី ២០គុណនឹង ៥០ម៉ែត្រ ដីស្រែចម្ការ ៥ហិកតារ និងលុយជាង ៥ពាន់ដុល្លារ៖ «ចេះតែនៅទៅ ចាយលុយជិតអស់ហើយ អាលុយគេឲ្យប្រាំពាន់ជាង ចាយជិតអស់ហើយ ចេះតែទិញអង្ករស៊ី ហើយអត់មានរកអីបានចូលផង។ នៅស្រែពក គ្រាន់បានថា លុយយើងវិលរហូត។ កូនរៀនខ្លះ ហើយកូនក៏រៀនប្រឡងជាប់ទៀត ហើយរាល់ថ្ងៃនេះ ចេះតែផ្ដល់លុយហ្នឹង លុយដែលគេឲ្យថ្លៃដំណាំ ៥ពាន់ជាង ទិញអង្ករខ្លះ ម្ហូបខ្លះ អត់មាន នៅសល់ជិតប្រមាណរយ ជិតរបូតហើយ»។
តាំងពីផ្លាស់មករស់នៅតំបន់ថ្មីនេះ កាលពីខែសីហា ឆ្នាំមុនមក គ្រួសារលោកស្រីនៅតែមិនអាចធ្វើចម្ការលើដីស្រែ ៥ហិកតារនោះបាននៅឡើយ ព្រោះក្រុមហ៊ុនមិនទាន់យកគ្រឿងយន្តមកភ្ជួរឲ្យតាមការសន្យា។ ក្រៅពីពុំមានមុខរបរ ទឹកមិនស្អាត គឺជាបញ្ហាចម្បងមួយទៀតដែលលោកស្រី ចាន់ នី បានលើកឡើង៖ «សំណួរ៖ អ៊ីចឹងអ៊ំដាំបានដាំអីប្រើទឹកហ្នឹង? ចម្លើយ៖ ពីមុនដាំបាយប្រើទឹកហ្នឹង ប៉ុន្តែឥឡូវនេះប្រើអត់បានទេ ដាំបាយជាតិកំបោរ។ សំណួរ៖ មានប្រាប់ទៅអាជ្ញាធរអីដែរទេ? ចម្លើយ៖ ប្រាប់គេដែរ។ ឃើញគេចុះដើរសប់មើលទឹកហ្នឹងដែរ? សំណួរ៖ ហើយគេថាម៉េចទៅ? ចម្លើយ៖ អត់ដឹងគេ។ គេអត់ជឿពួកខ្ញុំផង។ គេដើរតែគ្នាគេទៅ ចតឡានហើយ គេសប់មើលទឹកហ្នឹងទៅ អណ្ដូងណាចេញ អណ្ដូងណាមិនចេញ»។
លោកស្រីប្រាប់ថា ពលរដ្ឋជាច្រើនក្នុងភូមិ ត្រូវបង្ខំចិត្តទិញទឹកពីឈ្មួញដែលបូមពីអូរយកមកលក់ក្នុងតម្លៃមួយម៉ឺនរៀលក្នុងមួយម៉ែត្រគូប៖ «ទឹកហ្នឹងវាធុំ ឃើញទេ? ឡើងខ្មៅ! ទឹកទិញគេហ្អា៎ ទឹកទិញគេជាតិស្លឹកឈើ។ គេបូមនៅតាមអូរហ្នឹងយកមកលក់ឲ្យយើង។ អត់មានទឹកល្អទេ ពួកខ្ញុំទិញគេហ្នឹង។ គេបូមទឹកហ្នឹងយកមកលក់ឲ្យពួកខ្ញុំ ផឹកអាហ្នឹង អីអាហ្នឹង»។
លោក កែ វណ្ណៈ ជាពលរដ្ឋមួយរូបទៀតមកពីភូមិស្រែពក ហើយកំពុងជួបបញ្ហាដូចលោកស្រី ចាន់ នី និងពលរដ្ឋដទៃទៀតដែរ។ លោក វណ្ណៈ មានប្រសាសន៍ថា ក្រុមហ៊ុនមិនមកភ្ជួរដីស្រែ ៥ហិកតារឲ្យគ្រួសារលោកបានដាំដុះទេ បើទោះបីជាលោក និងអ្នកភូមិដទៃទៀត បានទាក់ទងទៅក្រុមហ៊ុនជាច្រើនដងក៏ដោយ៖ «ធ្វើអត់គោរពតាមសន្យាផងហ្នឹង ដោយពួកខ្ញុំតឿនរហូត។ ដល់អ៊ីចឹងទៅអត់ឃើញមានអ្នកណាមក។ សំណួរ៖ តឿនប៉ុន្មានដងហើយ? ចម្លើយ៖ អូ! តឿនច្រើនដងណាស់ បីបួនប្រាំដង អត់ទាន់មានឃើញអ្នកណាអើពើសោះ។ បើឆ្នាំនេះអត់ទៀត មិនដឹងរកអីទេ បានពឹងអាលក់ដូរបន្តិចបន្តួចហ្នឹង អូ! យ៉ាប់មែនទែន»។
លោកមេឃុំក្បាលរមាស គឺលោក វឿន សម្បត្តិ ដែលគ្រប់គ្រងតំបន់តាំងទីលំនៅថ្មីនោះ ថ្លែងការពារខ្លួន និងក្រុមហ៊ុន នៅពេលវិទ្យុអាស៊ីសេរី សួរអំពីបញ្ហាដែលអ្នកភូមិបានលើកឡើង៖ «ប្រជាពលរដ្ឋវាតែងតែអ៊ីចឹងហើយ មិនមែនថា យើងមិនទទួលខុសត្រូវចំពោះប្រជាពលរដ្ឋឯណាកូន ប៉ុន្តែប្រជាពលរដ្ឋមិនមានអ្នកណានិយាយដប់ទាំងដប់ស្មើគ្នាទេ។ អ្នកខ្លះគេយោគយល់បាន អ្នកខ្លះអត់យោគយល់។ អ៊ីចឹងចេះតែនិយាយប៉ាតណាប៉ាតណីទៅ ប៉ុន្តែយើងយកទាំងអស់ ព័ត៌មាន មិនថាយើងមិនយកទេ ព័ត៌មានណាល្អៗ យើងយកមកទុកដោះស្រាយជូនពួកគាត់។ ព័ត៌មានណាហាក់បីដូចជាមិនត្រឹមត្រូវ ក៏យើងមិនចាប់អារម្មណ៍ប៉ុន្មានដែរ»។
មេឃុំរូបនេះបានទទួលស្គាល់ថា ទឹកអណ្ដូងមានបញ្ហា ប៉ុន្តែលោកមិនអាចបញ្ជាក់ពីពេលវេលាច្បាស់លាស់ថា នឹងអាចផ្ដល់ដំណោះស្រាយបាននៅពេលណានោះទេ៖ «ទទួលស្គាល់កំបោរមែន អណ្ដូងទឹក ប៉ុន្តែគេមិនឲ្យប្រជាពលរដ្ឋគាត់ប្រើអ៊ីចឹងទេ។ គេនឹងធ្វើការដោះដូរប្រែប្រួលដោយការជីកស្រះឲ្យពួកគាត់វិញ ព្រោះទឹកអណ្ដូងនៅក្រោមដីវាមិនអាចប្រើប្រាស់បាន ១០០% ទេ។ សំណួរ៖ តើអង្កាល់ទៅ? មានថ្ងៃកំណត់ទេ? ចម្លើយ៖ ការងារធ្វើ អូនអើយ វាមិនមែនធ្វើមួយថ្ងៃហ្នឹងហើយទាំងអស់ទេ។ សំណួរ៖ មានផែនការអត់ទេ? ចម្លើយ៖ មាន! មានផែនការ ប៉ុន្តែការងារវាច្រើន ធ្វើបន្តបន្ទាប់ ដោះបន្តបន្ទាប់»។
ក្នុងឃុំក្បាលរមាស នេះដែរ នៅមានជនជាតិដើមភាគតិចព្នង ៥៣គ្រួសាររស់នៅជាប់នឹងទន្លេស្រែពក ដែលកំពុងជម្នះនឹងការបណ្ដេញចេញពីភូមិឋាន។ នៅតាមជញ្ជាំងផ្ទះ និងដើមឈើធំៗក្នុងសហគមន៍នេះ អ្នកភូមិបានសរសេរឃ្លោងឃ្លាផ្សេងៗបញ្ជាក់ពីជំហរប្រឆាំងដាច់ខាតនឹងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
តំណាងអ្នកភូមិក្បាលរមាស ទាំង ៥៣គ្រួសារ គឺលោក ដាំ សំណាង មានប្រសាសន៍ថា ទំនប់នេះបានបំផ្លាញប្រពៃណីជនជាតិដើមភាគតិចព្នង យ៉ាងខ្លាំង។ លោកថា អ្វីដែលសហគមន៍ជនជាតិដើមភាគតិចព្នង ភូមិក្បាលរមាស ត្រូវការ គឺជីវភាពរស់នៅតាមបែបប្រពៃណីអាស្រ័យផលពីធនធានធម្មជាតិ មិនមែនអគ្គិសនីតម្លៃថោកឡើយ៖ «ទោះបីថោកតម្លៃប៉ុណ្ណាក៏ដោយ ក៏គាត់គិតពីផលប្រយោជន៍ ការរស់នៅតាមដងទន្លេ ជីវចម្រុះមិនអាចផលិតមកវិញបានទេ ព្រោះថាវានឹងបាត់ជារៀងរហូត បើកាលណាផលិតអគ្គិសនីហ្នឹងឡើង។ អគ្គិសនីហ្នឹងវាអត់មាននិរន្តរភាពរហូតអស់មួយជីវិតតកូនតចៅយើងបានទេ។ វាអាចសាមសែសិបឆ្នាំ វាអស់ធនធានជីវចម្រុះហ្នឹងអស់ វាអាចធ្វើឲ្យទន្លេរាក់ រាក់ហ្នឹងវាអស់ទឹក វាអស់ថាមពល។ ហ្នឹងហើយអគ្គិសនីផលិតបាន។ ផលិតបាន ប៉ុន្តែជីវចម្រុះហ្នឹងផលិតអត់បាន។ ប្រព័ន្ធធារាសាស្ត្រពីបុរាណហ្នឹងផលិតអត់បាន ជាមរតករួមរបស់ជាតិរបស់កម្ពុជា យើងហ្នឹង»។
យុវជនរូបនេះរៀបរាប់ថា វប្បធម៌សមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចព្នង ត្រូវបានគំរាមកំហែងចាប់តាំងពីគម្រោងអភិវឌ្ឍន៍នេះចូលមកដល់៖ «តាំងពីទំនប់ហ្នឹងកកើតនៅទីនេះ ស្ទើរតែកាប់សម្លាប់គ្នា រហូតដល់អ្នកខ្លះបែកបាក់គ្រួសារ។ ដូចគ្រួសារនៅមុខផ្ទះខ្ញុំនេះ គាត់បែកបាក់គ្រួសាររហូតដល់វាយដំច្រំធាក់ ធ្វើទារុណកម្មដល់ប្រពន្ធអីអ៊ីចឹងទៅ។ ប្រពន្ធចង់នៅនេះ ប្ដីចង់ទៅ ហើយដូចគ្រួសារមួយទៀត ប្រពន្ធគាត់ចង់ទៅ ហើយគាត់អត់ចង់ទៅ។ គាត់ស្ដាយភូមិ ស្ដាយផ្ទះ ស្ដាយដីធ្លី ដំណាំដាំដុះរបស់គាត់។ យុវជនទាំងសហគមន៍នៅក្នុងភូមិ ក៏អត់ត្រូវគ្នាទៀត បែកជាពីរ។ ដល់ពេលអ៊ីចឹង ជនជាតិដើមភាគតិច ត្រូវបំបែកការសាមគ្គីហ្នឹងខ្លាំងមែនទែន»។
ក្រៅពីពលរដ្ឋ ៥៣គ្រួសារក្នុងភូមិក្បាលរមាស មានពលរដ្ឋ ២៥០គ្រួសារទៀតក្នុងភូមិស្រែគរ១ និងភូមិស្រែគរ២ នៃឃុំស្រែគរ ដែលភាគច្រើនជាជនជាតិភាគតិចឡាវ ក៏ប្រកាន់ជំហរមិនព្រមចរចាជាមួយក្រុមហ៊ុនរឿងទូទាត់សំណងដែរ។
ក្នុងវ័យ ៥៩ឆ្នាំ លោកស្រី សារុំ សុខុម ជាអ្នកភូមិស្រែគរ មួយរូបក្នុងចំណោមអ្នកភូមិ ២៥០គ្រួសារនោះ។ លោកស្រីបានសម្រេចចិត្តឈប់ចរចារឿងសំណងតទៅទៀតហើយ ដោយសារក្នុងការចរចាជាច្រើនលើកកន្លងទៅ ក្រុមហ៊ុននៅតែមិនព្រមទូទាត់សំណងតាមតម្លៃទីផ្សារ។ លោកស្រីនិយាយទាំងកំហឹងថា ស៊ូស្លាប់មិនចាកចេញ៖ «បើគេនៅតែមិនបញ្ឈប់នូវទំនប់វារីអគ្គិសនីសេសានក្រោមពីរហ្នឹង ពួកខ្ញុំមិនខ្វល់។ ទឹកលិចមក ខ្ញុំកាប់ឫស្សីធ្វើក្បូនទៅ ដាក់ក្រោមផ្ទះទៅ មានអី ទិញជ័រ ទិញកានសាំងមកដាក់ទៅ បណ្ដែតក្បូនតាមហ្នឹង ឲ្យពិភពលោកមើលឃើញថា អូ! អ្នកដឹកនាំប្រទេសខ្មែរហ្នឹងធ្វើបាបប្រជាជន ធ្វើបាបប្រជារាស្ត្រ។ ខ្ញុំថា ដូចវាល្អម្យ៉ាងដែរ។ ខ្ញុំសង្ឃឹមថាអ៊ីចឹង»។
លោកស្រី សារុំ សុខុម មានប្រសាសន៍បន្តថា សព្វថ្ងៃគ្រួសារលោកស្រីអាចរស់នៅបានដោយមិនចាំបាច់រំពឹងលើអគ្គិសនីផលិតពីទំនប់សេសានក្រោមពីរនោះឡើយ បើទោះជាទំនប់នោះអាចនឹងធ្វើឲ្យតម្លៃអគ្គិសនីចុះថោកក៏ដោយ៖ «ខ្វះក៏ដោយ ខ្វះអគ្គិសនីខ្ញុំក៏ប្រើសូឡា (Solar)។ ខ្ញុំទិញសូឡាប្រើសព្វថ្ងៃ មិនចាំបាច់អគ្គិសនីអី ព្រោះបច្ចេកទេសផ្សេងៗមានឲ្យយើងប្រើ មិនមែនមានតែអគ្គិសនីហ្នឹងទេ។ មិនចាំបាច់បិទទន្លេក៏មានអគ្គិសនីប្រើដែរ។ គេផ្សព្វផ្សាយតាមទូរទស្សន៍តាមវិទ្យុ ខ្ញុំទិញមកប្រើទៅ គុណភាពគេក៏ល្អដែរ។ ខ្ញុំប្រើបានបួនប្រាំ ប្រាំមួយខែហើយ។ ខ្លះក៏ជិត ១០ឆ្នាំហើយ គេប្រើនោះ។ ទៅរកលុយមកពីណា ដើម្បីនឹងមកបង់ថ្លៃអគ្គិសនីហ្នឹង? គឺវាគ្មាន»។
រដ្ឋាភិបាលរំពឹងថា ពេលទំនប់នេះចាប់ផ្ដើមផលិតអគ្គិសនីបាន កម្ពុជា នឹងរកប្រាក់ចំណូលបានជិត ៣០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗពីការបង់ពន្ធ ប៉ុន្តែក្រោមកិច្ចសន្យារយៈពេល ៤០ឆ្នាំរវាងរដ្ឋាភិបាល និងក្រុមហ៊ុន ក្រុមហ៊ុននឹងលក់អគ្គិសនីផលិតបានមកឲ្យអគ្គិសនីកម្ពុជា ព្រមទាំងនាំចេញទៅប្រទេសវៀតណាម។
ដោយគិតថាទំនប់វារីអគ្គិសនីនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា រីកចម្រើន មេឃុំស្រែគរ លោក សៀក មេគង្គ ជំរុញឲ្យអ្នកភូមិដែលនៅតែមិនព្រមចរចាជាមួយក្រុមហ៊ុននោះ កែប្រែជំហរឈប់ក្រាញននៀល ដោយចាត់ទុកថា វាជាការលះបង់ជូនជាតិ៖ «គាត់ចេះតែគិតថា វាអាយុជីវិតតាមដងទន្លេ ធ្វើម៉េចឲ្យទឹកហូរទៅតាមធម្មជាតិដូចពីមុនមក។ ធម្មតា យើងទៅគិតមើលពីសកលលោកទៅ។ គាត់មិនទាន់មើលប្រទេសលើសកលលោកផ្សេងៗ ប្រទេសដែលធ្វើវារីអគ្គិសនី ដូចជាប្រទេសចិន។ តាមពិតប្រទេសចិន វាអំណាចក្រោយអាមេរិក ទេ។ ហេតុអីសេដ្ឋកិច្ចចិន ជឿនលឿន? ចិន យកកត្តាវារីអគ្គិសនីនេះ ធ្វើឲ្យមានកំណើនសេដ្ឋកិច្ច។ ដូច្នេះ យើងគិតថា ស្រុកខ្មែរយើងបើមានវារីអគ្គិសនីអ៊ីចឹង វាអាចរីកចម្រើន»។
ទន្ទឹមនឹងនេះ លោកមេឃុំរូបនេះក៏បានទម្លាក់កំហុសដល់អតីតអភិបាលខេត្តស្ទឹងត្រែង លោក ឡូយ សុផាត បច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង នៃគណបក្សកាន់អំណាច ថាបានសន្យាទាមទារសំណងឲ្យបានសមរម្យជូនអ្នកភូមិដែលប្រឈមនឹងការបណ្ដេញចេញ តែនៅទីបំផុត អតីតអភិបាលខេត្តរូបនេះ មិនបានធ្វើតាមសម្ដីរបស់ខ្លួនទេ៖ «អាជ្ញាធរខេត្តក៏មានកំហុសដែរ កំហុសរឿងអី? ដូចជាកន្លងទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ ឯកឧត្ដម ឡូយ សុផាត កាលពីគាត់នៅធ្វើជាអភិបាលខេត្ត គាត់បានចុះទៅឃុំស្រែគរ គាត់ថា បងប្អូនអើយ កាលហ្នឹងអ្នកចូលរួម ១២០គ្រួសារចូលរួម គាត់ប្ដេជ្ញាថា ដីលំនៅឋាន គាត់នឹងទាមទារឲ្យបងប្អូនក្បាល ៥០ បណ្ដោយ ១០០។ ចំណែកដីចម្ការ ៥ហិកតារមួយគ្រួសារ អាហ្នឹងបានមែន។ យើងទទួលស្គាល់។ ដល់ពេលចុងក្រោយ យើងឃើញក្បាល ២០ បណ្ដោយ ៥០។ អ៊ីចឹងបានថា សម្ដីរបស់អ្នកធំមួយម៉ាត់ ធ្វើឲ្យប្រជាពលរដ្ឋចងចាំមិនភ្លេច។ អាហ្នឹងហើយជាបញ្ហាធ្វើឲ្យថ្នាក់ឃុំនេះដោះស្រាយបញ្ហាទៅមិនរលូន»។
ពាក់ព័ន្ធនឹងការទូទាត់សំណងនេះ អ្នកសម្របសម្រួលបណ្ដាញការពារទន្លេបី លោក មៀច មាន ដែលតាមដានផលប៉ះពាល់នៃការវិនិយោគនេះ មានប្រសាសន៍ថា ការបង្កើតគោលនយោបាយទូទាត់សំណងដែលក្រសួងរ៉ែ និងថាមពល បានអនុម័តកាលពីដើមឆ្នាំ២០១៤ នោះ មិនមានការពិគ្រោះយោបល់ជាមួយពលរដ្ឋក្នុងសហគមន៍សោះឡើយ៖ «គឺបង្កើតឡើងដោយគណៈកម្មការថ្នាក់ខេត្ត តែមួយចំហៀងមិនបានមកប្រជុំពិគ្រោះយោបល់ សួរអំពីតម្លៃថ្លៃថ្នូររបស់រុក្ខជាតិ ឬក៏ស្អីៗទាំងអស់ហ្នឹងទេ។ ហើយចំណុចមួយទៀត គឺគោលនយោបាយសំណងមិនបាននិយាយបញ្ជាក់ច្បាស់ទៅលើសំណងផ្នូរដូនតា មិនមានតែម្ដង។ នៅមានចំណុចប្រែប្រួលមួយចំនួនទៀតទាក់ទងនឹងការរើចេញទៅតចិញ្ចឹមជីវិត ទៅមុខទៀតរយៈពេលប៉ុន្មានឆ្នាំអី ប៉ុន្មានឆ្នាំហ្នឹង គឺអត់មាន»។
វិទ្យុអាស៊ីសេរី បានដាក់លិខិតទៅក្រសួងរ៉ែ និងថាមពល ដើម្បីស្នើសុំការបកស្រាយពីស្ថាប័នទទួលបន្ទុកគម្រោងវិនិយោគខ្នាតធំនេះ ប៉ុន្តែមិនទទួលបានការឆ្លើយតបណាមួយឡើយ។ លិខិតដាក់ទៅក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង ដែលមានភាគហ៊ុន ៣៩% ក្នុងគម្រោងនេះ ក៏មិនទទួលបានចម្លើយដូចគ្នា។ វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងតាមទូរស័ព្ទជាច្រើនដងទៅតំណាងក្រុមហ៊ុន ហាយដ្រូ ផៅវើ ឡូវើ សេសាន ធូ (Hydropower Lower Sesan 2) ដែលជាជនជាតិចិន តែនៅតែមិនអាចទាក់ទងបាន។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានចោទអង្គការសង្គមស៊ីវិល ថាជាអ្នកនៅពីក្រោយភាពរឹងរូសរបស់ក្រុមពលរដ្ឋ ដែលបន្តប្រឆាំងនឹងគម្រោងទំនប់វារីអគ្គិសនីសេសានក្រោមពីរ៖ «បងប្អូនដៃគូអភិវឌ្ឍន៍របស់យើង អង្គការសង្គមស៊ីវិលមួយចំនួនហ្នឹង គាត់បានចូលទៅពន្យល់ណែនាំពីទិដ្ឋភាពផ្សេង។ អ៊ីចឹងហើយនៅក្នុងការពន្យល់ពីទិដ្ឋភាពផ្សេងទៅដល់ប្រជាពលរដ្ឋ ពលរដ្ឋគាត់ប្រាកដជាយល់ផ្សេងទៀត។ អ៊ីចឹងធ្វើឲ្យគាត់ពិបាកសម្រេចចិត្ត ហើយពេលខ្លះអាចហ៊ានប្រើពាក្យដែលគាត់មិនសមប្រើនៅក្នុងមូលដ្ឋាន ដូចជាថា គាត់ស៊ូស្លាប់ ទោះបីលិចទឹកក៏គាត់ស្លាប់នៅក្នុងទឹក។ បាទ! គាត់ប្រើពាក្យហ្នឹង ប៉ុន្តែរដ្ឋាភិបាលក៏ដូចជាគណៈកម្មការខេត្ត ពុំធ្វើអ៊ីចឹងទេ។ គណៈកម្មការខេត្ត នឹងរកវិធានការដោះស្រាយ ទោះបីយ៉ាងណា គឺត្រូវឲ្យប្រជាពលរដ្ឋរស់នៅ មិនរស់នៅជួបការលំបាក មិនរស់នៅក្នុងទឹក ហើយមិនរស់នៅធ្វើក្បូនរស់នៅលើទឹកទេ។ ត្រូវខំធ្វើយ៉ាងណាឲ្យគាត់ចេញទៅដោយរស់នៅដោយសុខដុមរមនា»។
ភាពចម្រូងចម្រាសបែបនេះ ធ្លាប់កើតឡើងក្នុងគម្រោងវិនិយោគជាច្រើនកន្លងទៅ ដែលនៅទីបំផុត លំនៅឋានពលរដ្ឋដែលរឹងទទឹងមិនព្រមចាកចេញ តែងតែត្រូវបានគ្រឿងចក្រក្រុមហ៊ុន ឬអាជ្ញាធរឈូសកម្ទេចចោល។
ចំពោះករណីទំនប់វារីអគ្គិសនីសេសានក្រោមពីរ នេះវិញ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង អះអាងថា អាជ្ញាធរខេត្តនឹងមិនប្រើហិង្សាជាដាច់ខាត៖ «និយាយជារួម គឺខេត្តមិនប្រើប្រាស់មធ្យោបាយជម្លៀសដោយបង្ខំទៅលើប្រជាពលរដ្ឋទេ។ យើងធ្លាប់ជួបករណីជម្លៀសនេះតាំងពីជំនាន់ប្រល័យពូជសាសន៍ ប៉ុល ពត។ យើងធ្លាប់ជួប។ អ៊ីចឹងយើងប្រាកដជាដឹងទាំងអស់គ្នាថា វាវេទនាប៉ុណ្ណា។ អ៊ីចឹងយើងមិនធ្វើបែបនោះទេ។ សម្រាប់ខេត្តស្ទឹងត្រែង កុំនិយាយពីខេត្តផ្សេងមកជាមួយខេត្តស្ទឹងត្រែង។ ខេត្តស្ទឹងត្រែង គឺគោលនយោបាយរបស់ខេត្តស្ទឹងត្រែង។ សូមបញ្ជាក់ប៉ុណ្ណឹង»។
ក្នុងវិស័យវារីអគ្គិសនីនៅកម្ពុជា ទំនប់សេសានក្រោមពីរ មិនមែនជាគម្រោងវិនិយោគខ្នាតធំតែមួយគត់ ដែលមានភាពចម្រូងចម្រាសនោះទេ។ គម្រោងវារីអគ្គិសនីធំទី១ របស់ចិន នៅកម្ពុជា គឺទំនប់កំចាយ ក្នុងខេត្តកំពត និងគម្រោងមួយចំនួនទៀត ក៏រងការរិះគន់ច្រើនពីអង្គការសង្គមស៊ីវិល អ្នកសិក្សាស្រាវជ្រាវ និងសហគមន៍រងផលប៉ះពាល់ដែរ។ គម្រោងទាំងនោះ ត្រូវបានរិះគន់ថា ធ្វើឡើងមិនមានតម្លាភាព មិនមានការវាយតម្លៃពីផលប៉ះពាល់ស្របតាមស្តង់ដារអន្តរជាតិ និងខ្វះការពិគ្រោះយោបល់ជាមួយពលរដ្ឋដែលរងផលប៉ះពាល់ តាំងតែពីពេលចាប់ផ្ដើមទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល រហូតដល់ពេលអនុវត្តគម្រោង៕