(ដោយជូលាងហាក់)
"លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា ញត្តិរបស់ខ្លួនត្រូវបាននាំទៅថ្វាយព្រះមហាក្សត្រដោយជោគជ័យហើយ។"
ហើយម៉េចទៀត?
ខ្ញុំសុំទស្សន៍ទាយបន្តិចថា សកម្មភាពនេះ គឺគ្មានអ្វីលើសពីក្តីសង្ឃឹម ញញឹមក្នុងចិត្ត ពឹងមេឃ ពឹងផ្កាយនោះទេ។
បានសេចក្តីថា ជារឿងទាល់ច្រក គ្មានលទ្ធផលអ្វី ទាំងអស់។ ព្រុះរាជាខ្មែរ លោកគ្មានសមត្ថភាពអ្វី នឹងជួយអ្នក
ណា ដោយពុំមាន ការអនុញ្ញាតិ ពីហ៊ុនសែនបានទេ។ បក្សប្រជាជន នឹងគាបសង្កត់ មនុស្សណា ដែលប្រឆាំងនឹង
ខ្លួន។ ហ៊ុនសែននឹងធ្វើអ្វីៗ តាមទំនើងចិត្ត គ្មានអ្នកណា ជួយឈឺឆ្អាល អើពើ។ ដូចគ្នាបេះបិត ទៅនឹងអំណាច
របស់ខ្មែរក្រហម ក្នុងអំឡុងពេល ដែលខ្មែរទាំងនគរ ត្រូវធ្លាក់ក្នុង កណ្តាប់ដៃ របស់ខ្លួន។ ច្បាប់ខ្មែរក្នុងរដ្ឋកម្ពុជា
នាបច្ចុប្បន្នកាល គឺជាច្បាប់ព្រៃសុទ្ធសាធ។ ក៏គ្មានសហគមន៍ អន្តរជាតិ ជួយធ្វើអន្តរាគមន៍ សោះដែរ។
ខ្មែរាល់គ្នាយល់បានទេប៉ុណ្ណឹង ថាហេតុអ្វីបានជា អន្តរជាតិគេស្ងាត់ គេធ្វើហី មិនអើពើចំពោះ សម្រាមសម្រោច
ក្នុងបរិយាកាស នយោបាយ នៃសង្គមខ្មែរ? មកពីគេយល់ថា ខ្មែរគឺមិនផេះទេ។ សុំគេរស់ តែគ្មានបញ្ញា គ្មានព្រលឹង
ចិត្ត ហ៊ឹកហ៊ាក់ក្លាហាន ហើយមិនចេះជួយ យិតយោងខ្លួនឯង ឱ្យបរទេស គេកោតសរសើរ ខ្លះៗផងទេ។ គិតតែពី
បំផ្លេចបំផ្លាញគ្នា ក្នុងគ្រួសារ របស់ខ្លួន។ ខ្ញុំអាចសរសេរបាន វែងអន្លាយ ក្បោះក្បាយ ខ្លះៗអ៊ីចឹងដែរ។ តែខ្មែរគឺនៅ
តែខ្មែរ មិនប្រែមិនប្តូរចរិត ខ្ជិលច្រអូសរបស់ខ្លួន ចូលចិត្ត តែរឿងអត់ប្រយោជន៍ ជាងរឿងរ៉ាវ ដែលនឹងជួយ សង្គម
ជាតិ របស់ខ្លួន។
ងាកទៅបក្សដែលចង់ ជួយជាតិឯណោះ ក៏មិនផេះ មិនយល់ ស្ថានការណ៍ នៃជំហាន របស់ខ្លួន ដែលនឹងឈាន
ទៅ ឱ្យមានកំហុស ឱ្យគេយកជាលេស ដើម្បីចាប់ក្រញិច ក្បាលតូចល្អិត របស់ខ្លួន។ មេកើយល្អិតល្អោច គំនិតខ្លី
មិនយល់គ្រោះថ្នាក់ ក្នុងបរិយាកាស នយោបាយរបស់ខ្លួន។ ប្រព្រឹត្តិអំពើ មិនថ្លៃថ្នូរ ឱ្យគេចាប់កំហុស បានដោយ
ងាយៗ។ ព្រលឹងតិច គ្មានចិត្តក្លាហាន នឹងតតាំង។ ឆាប់រត់ឆាប់គេច គួរអៀនខ្មាស់។ តើមានអ្នកណា ដឹកនាំអ្នក
ណា? សុទ្ធតែមនុស្ស ខ្សោយបញ្ញា។ សង្គមខ្មែរ នៅស្រុកខ្មែរ ប្រហែលជា មិនអាចរកច្រក ចេញរួច ពីភពអន្ធការ
បានឡើយ។ សូម្បីតែព្រះ មហាអាទិទេព ក៏ទ្រង់ហាក់ដូចជា មិនអើពើផងដែរ។ ព្រោះខ្មែរ មិនដែល ងាករេបែរ
ក្បាល មកឯទ្រង់សោះទេ។ ទ្រង់គឺជាប្រភព នៃបញ្ញាវាងវៃ។
ដូច្នេះ តើខ្មែរនឹងងាកទៅខាងណា? ព្រះមហាក្សត្រ? អង្គការសហប្រជាជាតិ? រដ្ឋអំណាចធំៗ? តុលាការអន្តរជាតិ?
ខ្មែរគ្មានកន្លែងណា នឹងងាកទៅ ដើម្បីឱ្យគេស្តាប់ ពាក្យតំអូញ របស់ខ្លួននោះទេ ព្រោះគេមើលឃើញថា ទោះជា
គេជួយ ក៏ខ្មែរមិនចេះ ជួយខ្លួនឯងបានដែរ។ ខ្លួនគ្មានសមត្ថភាព។ ខ្លួនគ្មានបញ្ញា គ្រប់គ្រាន់ល្មមនឹងជួយយិតយោង
ខ្លួនឯង។ ព្រលឹងខ្មែរ ខ្សោយតូចទាប យួនវ៉ៃម៉ាព្រូស ស្លាប់រាយប៉ាយ ពេញព្រៃ ពេញស្រុក ពេញភូមិ បែកបាក់
ខ្ចាត់ខ្ចាយ ចាញ់សង្គ្រាម ព្រាត់ប្រាស់គ្រួសារ។ យួនពង្រឹងទ័ពគេ ឯខ្មែរឯណេះ ហែកហួរគ្រួសារឯង ឱ្យកាន់តែ
ខ្សោយទៅ តូចទៅៗ ហើយរត់ទៅលិច ទៅកើត រកគេឱ្យជួយ។
តែចិត្តខ្មែរសាហាវ ចំពោះគ្រួសារឯង ធ្វើឱ្យគេស្អប់ គេមើលងាយ គេញញើត ហើយគេសម្ងំឈឹង មិនអើពើ។
ប្រហែលជាគេយល់ថា ខ្មែរភ្លើ គ្មានចក្ខុវិស័យ។ ខ្ញុំឯណេះ ក៏អស់កម្លាំងដៃ មិនអាច, ឬមិនចង់, សរសេរអ្វីៗឱ្យខ្មែរ
បានអាន។ ព្រោះខ្មែរ គឺមិនផ្លាស់ប្តូរ មិនកែប្រែ។ ខ្មែរណា? គឺខ្មែរទាំងអស់គ្នាហ្នឹងឯង។ អ៊ីចឹង ខ្ញុំក៏ចង់សម្ងំឈឹង
ផងដែរ។ តែពេលនេះ ទាស់ចិត្តខ្លាំងពេក ខ្ញុំខំសរសេរបានប៉ុណ្ណេះ ឱ្យអ្នករាល់គ្នាបានអាន ហើយយកទៅដេក
គិតទៅ។ បើគិតអីមិនចេញទេ ឈប់មាត់ទៀតទៅ។