(ដោយជូលាងហាក់)
ខ្ញុំសូមផ្តាំថា បើខ្មែររាល់គ្នា ស្រឡាញ់ប្រទេសជាតិយើង ពិតប្រាកដមែន សូមឱ្យខ្មែររាល់គ្នា មានសច្ចៈធម៌ ក្នុង
សតិអារម្មណ៍ ហើយសូមឱ្យមានចិត្តក្លាហាន ហ៊ាននិយាយ ហ៊ានសរសេរ តាមរឿងរ៉ាវ ពិតប្រាកដជាក់ស្តែង
ដែលភ្នែកយើង បានមើលឃើញ ត្រចៀកបានឮច្បាស់។ ប៉ុន្តែមិនមែន ឮតែគេថា ចេះតែថា ស្មានៗតាមគេ
ដោយពុំបានដឹង រឿងពិតនោះទេ។ កន្លែងណាខុស យើងនិយាយ ដោយឥតលាក់លៀម ថាខុស។
កន្លែងណាខ្មៅគគ្រិចកខ្វក់ យើងថាតាមហ្នឹងទៅ កុំលាក់បាំងកុំកាន់ជើង កុំឱ្យមនុស្សអាក្រក់នៅតែធ្វើអាក្រក់។
កុំគាំទ្រមនុស្សអាក្រក់។ ស្អុយថាស្អុយ ល្អថាល្អ។ បើមិនអ៊ីចឹងទេ លិចទូកកណ្តាលសមុទ្រ គ្មានគេជួយទេ ដោយ
ព្រោះតែ សេចក្តីល្ងង់ខ្លៅ ក្នុងសតិបញ្ញារបស់យើង។ កុំប្រឆាំង យ៉ាងផ្កាប់មុខ ហើយកុំគាំទ្រ យ៉ាងផ្កាប់មុខសោះ
ដែរ។ ត្រូវឱ្យមានវិចារណញ្ញាណ ជាពលរដ្ឋចេះដឹងនឹងគេ ព្រោះបរទេស ជាប្រទេសលូតលាស់ គេមើលឃើញ
សកម្មភាព របស់យើង ថាខ្លាំងឬខ្សោយ បញ្ញាឬអត់បញ្ញា ក្លាហានឬកំសាក។ មុននឹងគេលូកដៃជួយយើង លុះត្រា
តែគេមើលមក ឃើញយើងតស៊ូ ខ្លាំងក្លាណាស់ដែរ។
បើមានមនុស្សអាក្រក់ បៀតបៀនធ្វើបាបយើង តែយើងជាមនុស្សកំសាក កុំសង្ឃឹមថា មានមនុស្សស្ទុះមក ជួយ
យើងឱ្យសោះ។ យើងជួយខ្លួនឯងជាមុនសិន ទើបគេសង្កេតឃើញ ថាយើងតស៊ូណាស់ដែរ តែកម្លាំងមិនដល់
មនុស្សអាក្រក់ ទើបមានគេ ទាស់ចិត្តខ្លាំង ហើយស្ទុះមកជួយ។ បក្សប្រជាជនក៏ខ្មែរ បក្សចង់ជួយជាតិក៏ខ្មែរ ដែល
ខ្ញុំមិនអាចកាន់ជើង ខាងណា យ៉ាងផ្កាប់មុខបានឡើយ។ មេកើយជាមនុស្សកំបាក់កំពុកទាំងហ្នឹងហើយ ដែលជួយ
ឱ្យជាតិសាសន៍យើងលិចលង់ ព្រោះពួកគេខ្វះសមត្ថភាព នឹងធ្វើការតាម កាតព្វកិច្ចរបស់ខ្លួន។
សូមជួយសរសេរជួយថា មួយម៉ាត់ម្នាក់ ដើម្បីផ្គូរផ្គងយោបល់ ឱ្យដឹង អ្នកណាត្រូវអ្នកណាខុស។ បើគ្មានយោបល់
សោះទេ អ្នកមិនអាចយល់ទាស់បានទេ។ បើមានបដិមតិ ត្រូវមានយោបល់ អ៊ីចេះមួយ អ៊ីចេះពីរ ពន្យល់គេឯងឱ្យ
បានច្បាស់... សំយោគមតិ និងបដិមតិ មានតម្លៃស្មើគ្នា កាលណាគេផ្តល់ ជាយោបល់ហូរហែ ដោយច្បាស់លាស់
សមរម្យ។ នេះជារឿងធំ ជារឿងអាយុជីវិត ប្រទេសយើង ជាតិសាសន៍យើង ដែលមានជីវិត ខ្មែររាប់លាននាក់
ដែលត្រូវការមេដឹកនាំ ឆ្លាតឈ្លាសវៃ ដឹកនាំសង្គមជាតិ ឱ្យផុតពីគ្រោះថ្នាក់។
ដូច្នេះកុំនិយាយ ឆិនឆៃ ឆ្កុយៗឥតផលប្រយោជន៍។ ការនិយាយឆិនឆៃ គឺជាការ បណ្តែតបណ្តោយ ឱ្យជីវិតមនុស្ស
មួយនគរ ទទួលរងគ្រោះ ព្រោះសតិបញ្ញាយើង គ្មានចក្ខុវិស័យ ច្បាស់លាស់។ ការដឹកនាំប្រទេសមួយ គឺប្រៀបបាន
នឹងការបើកបរនាវា ឆ្លងសមុទ្រ ដែលគ្មានកោះត្រើយ ហើយដែលពោរពេញទៅដោយព្យុះព្យោមា គ្រប់បែបយ៉ាង។
គេមិនត្រូវ ពឹងអាង តែការប្រកូកហៅ រកគេរកឯង ឱ្យមកជួយ ពេលមានគ្រោះថ្នាក់ ធ្លាក់មកដល់ខ្លួន នោះទេ។ មេ
ដឹកនាំប្រទេស ចាំបាច់ត្រូវមានចក្ខុវិស័យវែងឆ្ងាយ។
យើងជារាស្ត្រសាមញ្ញ ក៏មានកាតព្វកិច្ច ជួយរិះគន់ មេដឹកនាំដែលអន់ៗផងដែរ។ យើងមិនអាច ដាក់ទុក វាសនា
នៃគ្រួសារយើង និងវាសនានៃប្រទេសជាតិរបស់យើង ទៅក្នុងដៃមនុស្សកំបាក់កំពុកបានឡើយ។ នេះជារឿងធំ។