
ដោយ រដ្ឋា វិសាល RFA 2016-05-31
ជនជាតិដើមភាគតិចព្នង ជិត ៦០នាក់ តំណាងឲ្យប្រជាពលរដ្ឋ ២១១គ្រួសាររស់នៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ប្រមូលផ្តុំគ្នានៅមុខសាលាខេត្តមណ្ឌលគិរី សុំជួបអភិបាលខេត្ត ដើម្បីសុំឲ្យជួយដោះស្រាយការតវ៉ាទាមទារដីជិត ៤០០ហិកតារ ដែលអ្នកភូមិអះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈូសឆាយយក និងរំលោភកិច្ចព្រមព្រៀងដែលគណៈកម្មការដោះស្រាយវិវាទដីធ្លីខេត្ត សម្រេចកាត់ចេញពីក្រុមហ៊ុនប្រគល់ជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋភូមិចក់ចារ ជាង ៦០នាក់ បានសម្រេចចិត្តវិលទៅលំនៅឋានវិញនៅថ្ងៃទី៣១ ខែឧសភា បន្ទាប់ពីអាជ្ញាធរខេត្តមណ្ឌលគិរី សន្យាចុះដោះស្រាយការតវ៉ាទាមទារដីពីសំណាក់ពួកគាត់។
កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ជនជាតិដើមភាគតិចព្នង ភូមិចក់ចារ បាននាំគ្នាមកសាលាខេត្តមណ្ឌលគិរី សុំជួបអភិបាលខេត្ត ដាក់ញត្តិតវ៉ាសុំឲ្យអាជ្ញាធរខេត្តដោះស្រាយកាត់យកដី ៣៧៥ហិកតារពីក្រុមហ៊ុន ប៊ិញ ភឿក ក្រចេះ រ៉ាប់ប៊ើរ ១ (Binh Phuoc Kratie Rubber 1 Company Limited)។ អ្នកភូមិបានរង់ចាំរហូតដល់រសៀលថ្ងៃដដែល ទើបមន្ត្រីអាជ្ញាធរចេញមកជួបពិភាក្សា ហើយសន្យាថានឹងចុះដោះស្រាយទំនាស់ដីធ្លីនេះ។
អ្នកតវ៉ាមួយរូប គឺលោកស្រី ស្រួច ថែវ មានប្រសាសន៍ថា ច្រើនឆ្នាំកន្លងទៅនេះ អ្នកភូមិរងគ្រោះព្រោះគ្មានដីធ្វើស្រែចម្ការ ដោយសារតែក្រុមហ៊ុនបានឈូសឆាយដីចម្ការវិលជុំជនជាតិដើមភាគតិច យកជាដីសម្បទាន។ លើសពីនេះទៀត រោងស្នាក់នៅរបស់អ្នកភូមិ ត្រូវបានសមត្ថកិច្ចរុះរើដុតបំផ្លាញចោល ដោយចោទថា អ្នកភូមិមកសង់រោងស្នាក់នៅលើដីរដ្ឋដែលបានសម្បទានទៅឲ្យក្រុមហ៊ុន៖ «តាំងពីឆ្នាំ២០១៤ ស្រាប់តែពួកគាត់មកដុតផ្ទះ លើកដំឡូងពួកខ្ញុំខ្ទេចខ្ទីអស់ ថាសុំដីប្រជាពលរដ្ឋដីសហគមន៍ចែកព្រំប្រទល់ដាច់ជាមួយក្រុមហ៊ុនចំណុចនេះចំណុចនោះ គេនៅតែដុតនៅតែឈូសគំរាមកំហែងពួកខ្ញុំ រហូតដល់ឥឡូវមានឈប់ឯណា»។
ប្រជាពលរដ្ឋភូមិចក់ចារ តវ៉ាតាំងពីឆ្នាំ២០១២ ទាមទារដី ៥០០ហិកតារ បន្ទាប់ពីក្រុមហ៊ុន ប៊ិញ ភឿក ទទួលបានដីសម្បទានជាង ៥ពាន់ហិកតារនៅតំបន់ឃុំស្រែឈូក ហើយក្រុមហ៊ុនឈូសឆាយដីបង្កផលប៉ះពាល់ដីចម្ការវិលជុំអ្នកភូមិអភិរក្សសម្រាប់ធ្វើកសិកម្ម។
ប្រជាពលរដ្ឋជនជាតិដើមព្នង មួយរូបទៀតដែលបានតវ៉ារឿងនេះដែរ គឺលោក យិន សឹង បញ្ជាក់ថា អ្នកភូមិតវ៉ាជាច្រើនលើកទាំងនៅថ្នាក់ខេត្ត និងថ្នាក់ជាតិ។ ចំណែកអាជ្ញាធរពាក់ព័ន្ធ បានសន្យាដោះស្រាយបញ្ហាជូនពលរដ្ឋ ក៏ប៉ុន្តែការសន្យាបានអូសបន្លាយពេលរហូតបច្ចុប្បន្ន ទើបអ្នកភូមិនាំគ្នាមកសាលាខេត្តដើម្បីតវ៉ាជាថ្មី ឲ្យអភិបាលខេត្តជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋពិតប្រាកដ។ លោកថា មន្ត្រីខេត្តសម្របសម្រួលឲ្យអ្នកភូមិវិលទៅផ្ទះវិញ ហើយសន្យាចុះដោះស្រាយបញ្ហានេះនៅថ្ងៃទី២ ខែមិថុនា៖ «ពីមុនមានដំណាំចម្ការវិលជុំរបស់សហគមន៍ជនជាតិដើមភាគតិចព្នង មានដំឡូង ដាំស្រូវ ចេក ល្ពៅ ពោត អ៊ីចឹងទៅ»។
កាលពីខែសីហា ឆ្នាំ២០១៤ គណៈកម្មការដោះស្រាយវិវាទដីធ្លីខេត្តមណ្ឌលគិរី ដឹកនាំដោយអភិបាលរងខេត្ត លោក យឹម លុច បានសម្របសម្រួលកាត់ដី ១២៥ហិកតារដែលក្រុមហ៊ុនឈូសឆាយរួច ប្រគល់ទៅឲ្យក្រុមហ៊ុន។ ចំណែកដី ៣៧៥ហិកតារដែលក្រុមហ៊ុនមិនទាន់ឈូសឆាយ ត្រូវប្រគល់ឲ្យប្រជាពលរដ្ឋគ្រប់គ្រងវិញ ក៏ប៉ុន្តែរហូតបច្ចុប្បន្ន អ្នកភូមិអះអាងថា លទ្ធផលនៃការដោះស្រាយនោះ ក្រុមហ៊ុនមិនបានអនុវត្តទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនបានឈូសឆាយដីបន្ត ហើយដាំកៅស៊ូលើដីទាំងអស់ជាចំណែកប្រជាពលរដ្ឋ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន ប៊ិញ ភឿក ក្រចេះ រ៉ាប់ប៊ើរ ១ សុំបញ្ជាក់ករណីនេះបានទេនៅថ្ងៃទី៣១ ខែឧសភា។ រីឯនាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោក សុខ សារ៉ា ថ្លែងបដិសេធថា អាជ្ញាធរខេត្តបានដោះស្រាយកាត់ដី ៣៧៥ហិកតារនោះជូនប្រជាពលរដ្ឋដែលតវ៉ាអស់ហើយ។ លោកបន្តថា អាជ្ញាធរខេត្តនឹងចុះទៅត្រួតពិនិត្យករណីនេះឡើងវិញតាមការសន្យា ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណប្រជាពលរដ្ឋដែលមកតវ៉ានៅពេលនេះ ពីព្រោះលោកមន្ទិលថា តួលេខក្រុមអ្នកតវ៉ាដែលអាជ្ញាធរបានដោះស្រាយដីជូនមានចំនួន ១៩១គ្រួសារ ប៉ុន្តែតួលេខប្រជាពលរដ្ឋមកតវ៉ាថ្មីនេះមានចំនួនរហូតដល់ទៅ ២១១គ្រួសារ៖ «ខេត្តក៏មិនទាន់បដិសេធដែរ។ យើងឲ្យទៅស្រុក ដើម្បីត្រួតពិនិត្យដី ត្រួតពិនិត្យប្រជាពលរដ្ឋ ហៅមេឃុំ ប្រធានសហគមន៍ តំណាងចាស់ទុំ ឲ្យមកចូលរួម ហើយបើប្រជាពលរដ្ឋនៅហ្នឹងមែន យើងនឹងពិនិត្យឡើងវិញ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សម្គាល់ថា ជម្លោះដីធ្លីប្រជាពលរដ្ឋភូមិចក់ចារ កើតមានច្រើនឆ្នាំកន្លងទៅនេះ។ រហូតបច្ចុប្បន្ន ជម្លោះតវ៉ាទាមទារដីនេះកាន់តែរីកធំឡើង ប្រសិនការដោះស្រាយអូសបន្លាយយូរទៀត។ លោកថា ប្រសិនអាជ្ញាធររកឃើញថា ក្រុមហ៊ុនពិតជាបានបំពានទៅលើលទ្ធផលដែលគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត សម្រេចកាត់ដី ៣៧០ហិកតារប្រគល់មកប្រជាពលរដ្ឋមែន អាជ្ញាធរត្រូវចាត់វិធានការកាត់ដីប្រគល់ឲ្យអ្នកភូមិវិញ។ បន្ថែមលើនេះ ត្រូវចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុនដែលរំលោភសិទ្ធិរស់នៅរបស់ពលរដ្ឋជនជាតិដើមភាគតិច៖ «គាត់អត់បានអនុវត្តតាមកិច្ចព្រមព្រៀងរបស់អាជ្ញាធរ។ ចំណុចហ្នឹងជាកំហុសឆ្គង។ ឥឡូវនេះ មានប្រជាពលរដ្ឋមកតវ៉ាទៀត កាលណាមានការឈឺឆាប់ គឺមានការតវ៉ាហើយ បើគ្មានដំណោះស្រាយទេ ខ្ញុំជឿថា ការតវ៉ារបស់គាត់ចេះតែបន្ត»។
ឯកសារថតចម្លងដែលវិទ្យុអាស៊ីសេរី ទទួលបានពីប្រជាពលរដ្ឋភូមិចក់ចារ បញ្ជាក់ថា ប្រធានភូមិ និងមេឃុំចក់ចារ កាលពីខែមេសា ឆ្នាំ២០១៥ បានចេញលិខិតទទួលស្គាល់ដីដែលអ្នកភូមិតវ៉ា ថាពិតជាដីចម្ការវិលជុំដែលជនជាតិដើមភាគតិចព្នង បានធ្វើស្រែចម្ការ ជាព្រៃឈើផលិតជ័រទឹក និងមានខ្ទមអ្នកតា កន្លែងអ្នកភូមិគោរពបូជាទៀតផង។
ទោះបីជាយ៉ាងនេះក្តី តំណាងប្រជាពលរដ្ឋភូមិចក់ចារ បញ្ជាក់ថា ប្រសិនអាជ្ញាធរមិនគោរពពាក្យសន្យាចុះដោះស្រាយបញ្ហានៅថ្ងៃទី២ ខែមិថុនា តាមការកំណត់ទេ អ្នកភូមិនឹងនាំគ្នាចូលទៅកាន់កាប់ដីដែលក្រុមហ៊ុនបានដាំដុះនោះឡើងវិញ បើទោះបីត្រូវប្រឈមនឹងការគំរាមកំហែង និងបណ្ដេញចេញយ៉ាងណាក្តី៕