
ដោយ ហ៊ុំ ចំរើន RFA 2016-06-01
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាមួយអ្នកមានទ្រព្យធននៅស្រុកថ្មគោល ខេត្តបាត់ដំបង មួយគ្រួសារ ចោទប្រកាន់មន្ត្រីប៉ូលិសមូលដ្ឋានថា មិនដោះស្រាយបណ្ដឹង ដើម្បីជួយរារាំងភាគីចុងបណ្ដឹងឲ្យបញ្ឈប់ភ្ជួរដីទំនាស់នោះទេ។ ប៉ូលិសបញ្ជាក់ថា ករណីនេះសមត្ថកិច្ចពុំមានសិទ្ធិទៅហាមឃាត់ភាគីម្ខាងទៀតបានឡើយ។
ពលរដ្ឋដើមបណ្ដឹង បាននាំគ្នា ៣នាក់ប្ដីប្រពន្ធ និងកូន ចុះទៅហាមឃាត់ត្រាក់ទ័រភ្ជួរដីដល់ទីកន្លែងដីទំនាស់ដោយខ្លួនឯង នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ប៉ុន្តែពុំទទួលបានលទ្ធផលទេ។
ពលរដ្ឋដើមបណ្ដឹងរស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល លោក ហ៊ាន លីហូវ ប្រាប់វិទ្យុអាស៊ីសេរី នៅកន្លែងដីទំនាស់ថ្ងៃទី១ មិថុនា ថា រឿងក្ដីនេះកំពុងដំណើរក្ដី នៅមិនទាន់ចប់សព្វគ្រប់នៅឡើយទេ។ លោកអះអាងថា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរតាគី មិនចាត់វិធានការតាមពាក្យបណ្ដឹងរបស់លោក ដើម្បីហាមឃាត់ភាគីទំនាស់ឲ្យបញ្ឈប់ភ្ជួរដីទំនាស់នោះទេ៖ «ខ្ញុំសូមឲ្យសម្ដេច ស ខេង អភិបាលខេត្តបាត់ដំបង និងអភិបាលស្រុកថ្មគោល ជាដើម មេត្តាជួយដោះស្រាយឲ្យខ្ញុំផង ព្រោះខ្ញុំជាពលរដ្ឋក្រីក្រ គ្មានដីសម្រាប់ដាំដុះដោះស្រាយជីវភាពគ្រួសារទេ»។
ឆ្លើយតបនឹងបញ្ហានេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរតាគី លោក អ៊ុយ រិទ្ធី មានប្រសាសន៍ថា មូលហេតុដែលលោកមិនបានចុះទៅហាមឃាត់ភាគីម្ខាងទៀតភ្ជួរដីទំនាស់ ដោយសារដើមបណ្ដឹងពុំមានឯកសារបញ្ជាក់ច្បាស់លាស់ ថាជាដីកម្មសិទ្ធិរបស់ខ្លួន៖ «គាត់ប្រាប់ថាដីនោះជាដីទំនាស់ ប៉ុន្តែគាត់គ្រាន់តែថា ដោយគ្មានអ្វីសំអាងទេ។ រឿងនេះប្រសិនបើពិតដូចពលរដ្ឋប្ដឹង ម្ល៉េះថ្នាក់លើបញ្ជាមកឲ្យខ្ញុំចាត់វិធានការបាត់ទៅហើយ»។
ពលរដ្ឋអះអាងថា ដីទំនាស់ទំហំជាង ៥ហិកតារជាកម្មសិទ្ធិរបស់ខ្លួនមានឯកសារបញ្ជាក់ត្រឹមត្រូវ ប៉ុន្តែលោកថា នៅឆ្នាំ២០០៦ លោកបានយកដីនោះទៅបញ្ចាំឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវឈ្មោះ លោក ភូ ហុកហី ចំនួន ៣ម៉ឺនបាត ឬស្មើប្រមាណ ៣លានរៀលកាលពីសម័យនោះ។ ក្រោយមកទៀត នៅឆ្នាំ២០០៨ ទឹកប្រាក់ទាំងការទាំងដើមឡើងដល់ ៩ម៉ឺនបាត ឬប្រមាណ ៩លានរៀល។ នៅឆ្នាំ២០០៨ ដដែល លោកសុំប្រគល់ប្រាក់គ្រប់ចំនួនយកដីមកវិញ តែភាគីចុងបណ្ដឹងមិនព្រម ហើយក៏បានប្ដឹងទៅតុលាការតែម្ដង។ លោកអះអាងថា អំឡុងពេលប្ដឹងផ្ដល់គ្នានៅតុលាការ តាំងពីឆ្នាំ២០០៨ លោកបានដាំដុះនៅលើដីទំនាស់រហូតមក។
ទាក់ទងនឹងបញ្ហានេះ កូនប្រុសចុងបណ្ដឹង គឺលោក ភូ ហុងដា អះអាងថា ដីនេះតុលាការកំពូល បានសម្រេចឲ្យលោកឈ្នះក្ដីនៅដើមឆ្នាំ២០១៦។ លោកបញ្ជាក់ថា ភាគីដើមបណ្ដឹងរឹងរូសមិនព្រមឲ្យលោកចូលអាស្រ័យផលនៅលើដីទំនាស់ឡើយ៖ «ខាងដើមបណ្ដឹងគាត់បានចាញ់ក្ដី ហើយមិនព្រមចូលរួមអនុវត្តដីកាស្ថាពរជាមួយសមត្ថកិច្ចនោះទេ»។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (LICADHO) ខេត្តបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា ប្រសិនបើរឿងទំនាស់នេះភាគីដើមបណ្ដឹងបន្តក្ដីទៅសាលាឧទ្ធរណ៍ ហើយតុលាការមិនទាន់ចេញសាលក្រមស្ថាពរសម្រេចឲ្យភាគីណាឈ្នះក្ដីនៅឡើយ គឺដើមបណ្ដឹងនៅតែមានសិទ្ធិដាំដុះនៅលើដីនោះបន្តទៀត។ លោកបញ្ជាក់ថា ករណីសមត្ថកិច្ចមិនចាត់វិធានការទប់ស្កាត់តាមពាក្យបណ្ដឹងរបស់ពលរដ្ឋ គឺជារឿងខុសច្បាប់ ដោយមិនបំពេញភារកិច្ចជូនពលរដ្ឋ៕