
ដោយ ដែន អយុធ្យា RFA 2016-06-02
មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ទទូចដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយបញ្ជូនមន្ត្រីជំនាញចុះត្រួតពិនិត្យសកម្មភាពរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែលទទួលបានសិទ្ធិវិនិយោគនៅលើកោះរ៉ុង ឲ្យបានឆាប់ ព្រោះសព្វថ្ងៃនេះ សកម្មភាពរបស់ក្រុមហ៊ុននេះបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថានឆ្នេរសមុទ្រធ្ងន់ធ្ងរ។
បញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ ស្វាគមន៍ចំពោះផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ប៉ុន្តែស្នើឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អនុវត្តឲ្យស្របតាមច្បាប់ និងមិនត្រូវធ្វើសកម្មភាពឲ្យប៉ះពាល់ដល់បរិស្ថានឆ្នេរនោះទេ។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខាខេត្តព្រះសីហនុ ដែលតាមដានសកម្មភាពរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានប្រសាសន៍ថា ការសាងសង់កំពង់ផែរបស់ក្រុមហ៊ុននេះនៅលើកោះរ៉ុង បានប៉ះពាល់ដល់បរិស្ថានឆ្នេរធ្ងន់ធ្ងរ។
លោកចោទថា សកម្មភាពរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ថាបានពុះច្រៀកផ្ទាំងថ្ម និងចាក់ដីលុបចូលឆ្នេរដើម្បីសាងសង់កំពង់ផែ នាំឲ្យប៉ះពាល់ដល់សោភ័ណភាពឆ្នេរសមុទ្រ ជាពិសេសប៉ះពាល់ដល់ផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់រដ្ឋាភិបាល៖ «បច្ចុប្បន្ន ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មិនត្រឹមបង្កបញ្ហាជាមួយប្រជាពលរដ្ឋទេ ក្រុមហ៊ុននេះថែមទាំងប្រើគ្រឿងចក្រឈូសឆាយថ្ម និងដីចាក់ចូលសមុទ្រ ដើម្បីស្ថាបនាកំពង់ផែ និងសង់ផ្ទះនៅលើឆ្នេរសមុទ្រ នាំឲ្យប៉ះពាល់ដល់បរិស្ថានឆ្នេរនៅលើកោះរ៉ុងធ្ងន់ធ្ងរ ជាពិសេសបានអនុវត្តផ្ទុយពីសារាចរណែនាំរបស់រដ្ឋាភិបាល អនុវត្តផ្ទុយពីច្បាប់ភូមិបាល និងផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ធ្ងន់ធ្ងរ។ សូមឲ្យមន្ត្រីជំនាញគ្រប់គ្រងឆ្នេរសមុទ្ររបស់រដ្ឋាភិបាល ចុះពិនិត្យសកម្មភាពរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលកំពុងសង់កំពង់ផែនៅលើកោះរ៉ុង និងឈានដល់ផ្អាកសកម្មភាពសង់ផែនាំឲ្យប៉ះពាល់ដល់បរិស្ថានឆ្នេរកោះរ៉ុង ឲ្យបានឆាប់ ព្រោះបានអនុវត្តផ្ទុយពីសេចក្តីសម្រេចរបស់រដ្ឋាភិបាលបានដាក់ឲ្យអនុវត្ត»។
បន្ថែមលើនេះ ប្រធានអង្គការ ស៊ីអ៊ិនរ៉ូ លោក សុខ សុខុម បានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយពិនិត្យចំពោះសកម្មភាពរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលបានអនុវត្តផ្ទុយពីសេចក្តីសម្រេច ឬសេចក្តីណែនាំរបស់រដ្ឋាភិបាល និងប្រមុខដឹកនាំបានដាក់ចេញ។
បញ្ហានេះ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល សំណូមពរថា រដ្ឋាភិបាលគួរពិនិត្យឡើងវិញចំពោះសកម្មភាពរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលទទួលបានសិទ្ធិវិនិយោគកោះរ៉ុងក្នុងរយៈពេល ៩៩ឆ្នាំ ថាអាចនាំឲ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋនៅលើកោះរ៉ុង។
បញ្ហានេះ តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប លោកឧកញ៉ា ឈុន ប៊ុនថា មានប្រសាសន៍ខ្លីថា សកម្មភាពរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គឺបានអនុវត្តត្រឹមត្រូវតាមច្បាប់៖ «គេចេះតែចោទក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដោយមិនបានដឹងថា ការស្ថាបនាកំពង់ផែរបស់ក្រុមហ៊ុននេះ គឺបានអនុវត្តទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវតាមក្រសួង និងប្លង់មេបានដាក់ចេញត្រឹមត្រូវ។ ចំពោះការសាងសង់កំពង់ផែនៅលើកោះរ៉ុងវិញ គឺរាល់ម្ចាស់សង់បឹងកាឡូ ដែលសង់ផែទាំងអស់នៅលើកោះរ៉ុង គឺមិនមានច្បាប់ទេ ហើយបានបំពុលបរិស្ថានធ្ងន់ធ្ងរ»។
ទាក់ទិនបញ្ហានេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ស្វាគមន៍ចំពោះគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប៉ុន្តែស្នើឲ្យផែនការអភិវឌ្ឍន៍ឲ្យស្របតាមច្បាប់ និងមានការរីកចម្រើនទាំងក្រុមហ៊ុន និងប្រជាពលរដ្ឋកំពុងរស់នៅលើកោះរ៉ុង។
យ៉ាងនេះក្តី លោក យន្ត មីន មានការរារែកក្នុងការឆ្លើយបំភ្លឺជាមួយអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ដែលសួរនាំចំពោះការសាងសង់កំពង់ផែរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ថាធ្វើឡើងមានច្បាប់ ឬស្របតាមច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ?
ត្រង់ចំណុចនេះ លោក យន្ត មីន អះអាងថា រូបលោកមិនទាន់ទទួលបានលិខិតស្នើសុំរបស់ក្រុមហ៊ុនសាងសង់កំពង់ផែរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោកឧកញ៉ា គិត ម៉េង មកដល់រដ្ឋបាលសាលាខេត្តព្រះសីហនុ ក្នុងការសាងសង់កំពង់ផែជាផ្លូវការនៅឡើយទេ។
នាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ លោក នួន ប៊ុនថុល ដែលទទួលភារកិច្ចចុះប្រចាំការនៅលើកោះរ៉ុង ទទួលស្គាល់ថា ឃើញមានសកម្មភាពប្រើគ្រឿងចក្រដើម្បីសាងសង់កំពង់ផែរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅលើកោះរ៉ុង នាំឲ្យប៉ះពាល់ដល់ឆ្នេរសមុទ្រនៅលើកោះរ៉ុងពិតមែន។
លោក ប៊ុនថុល មិនធ្វើអត្ថាធិប្បាយច្រើនទេជុំវិញសកម្មភាពរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្នុងការសាងសង់កំពង់ផែមួយចំនួននៅលើកោះរ៉ុង ហើយស្នើឲ្យថ្នាក់ដឹកនាំគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា បញ្ជូនមន្ត្រីជំនាញចុះពិនិត្យ និងមានវិធានការបន្ត។
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោកឧកញ៉ា គិត ម៉េង បានបើកការសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ មានឈ្មោះថា រ៉ូយ៉ាល់ សេន កោះរ៉ុង (Royal Sands Koh Rong) ក្នុងទឹកប្រាក់វិនិយោគមានតម្លៃប្រមាណ ២០លានដុល្លារអាមេរិក។ ក្នុងអំឡុងពេលបើកការដ្ឋានសាងសង់នោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមសម្ពោធ៕