Quantcast
Viewing all articles
Browse latest Browse all 40045

មេ​ភូមិ​នៅ​ខេត្ត​ព្រះវិហារ​រង​ការ​ចោទ​ថា​បំភ័យ​ពលរដ្ឋ​ឲ្យ​លក់​ដើម​ច្បោះ​ជ័រ​ឲ្យ​ក្រុមហ៊ុន​កូម៉ូលី


ដោយ ហង្ស សាវយុត RFA 2016-05-03

បើ​ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើប​តែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​ព្រៃ​ឈើ​ជាមួយ​រដ្ឋាភិបាល​ក៏ដោយ ក៏​នៅ​តែ​មាន​សេចក្តី​រាយការណ៍​ថា នៅ​ព្រំប្រទល់​ឃុំ​គូលែន​ខាង​ជើង នៃ​ស្រុក​គូលែន ជាប់​ព្រំប្រទល់​គ្នា​នឹង​ឃុំ​យាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ គឺ​ក្រុមហ៊ុន​ឈ្មោះ កូម៉ូលី នៅ​តែ​កាប់​ឈើ និង​ដឹក​ជញ្ជូន​ចេញ​តាម​រថយន្ត​ជា​រៀង​រាល់​ថ្ងៃ។

ក្រុមហ៊ុន​មួយ​នេះ បាន​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ធំៗ​ចេញ​ពី​ព្រៃ​តាម​រថយន្ត ក្រោម​រូបភាព​យក​ពី​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ឲ្យ​គេ​ដោយ​ស្រប​ច្បាប់។
តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ឃុំ​គូលែន​ខាង​ជើង នៃ​ស្រុក​គូលែន បាន​ចោទ​ប្រកាន់​មេ​ភូមិ​ជាំស្រែ នៃ​ឃុំ​យាង ស្រុក​ជាំក្សាន្ត ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា ថា​បាន​ដើរ​បំភ័យ​ប្រជាពលរដ្ឋ​ឲ្យ​លក់​ដើម​ច្បោះ​ជ័រ​ទៅ​ឲ្យ​ក្រុមហ៊ុន​កាប់ និង​ដឹក​ជញ្ជូន​ជា​រៀង​រាល់​ថ្ងៃ។

ការ​ចោទ​ប្រកាន់​បែប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មនុស្ស​របស់​ក្រុមហ៊ុន មិន​ត្រឹម​តែ​ដើរ​កាប់​ឈើ​ដែល​គេ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រំលោភ​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​របស់​សហគមន៍​ទៀត​ផង។

អនុប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​ឃុំ​គូលែន​ខាង​ជើង គឺ​លោក លឹម កាំង។ លោក​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៣ ខែ​ឧសភា ដោយ​ចោទ​ប្រកាន់​មេ​ភូមិ​ជាំស្រែ ឈ្មោះ ឃឹម ថា​បាន​ដើរ​លក់​ដើម​ច្បោះ​ជ័រ​របស់​ប្រជាពលរដ្ឋ​ទៅ​ឲ្យ​ក្រុមហ៊ុន​កាប់ និង​ដឹក​ជញ្ជូន​ជា​រៀង​រាល់។ លោក លឹម កាំង បញ្ជាក់​ថា ការ​លក់​ដើម​ច្បោះ​ជ័រ​ទៅ​ឲ្យ​ក្រុមហ៊ុន​កាប់​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​របស់​ក្រុមហ៊ុន កូម៉ូលី ធ្លាប់​រំលោភ​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​សហគមន៍​របស់​លោក។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​នៅ​តែ​កាប់​ដើម​ច្បោះ​ជ័រ​ដែល​ទិញ​ពី​ប្រជាពលរដ្ឋ ហើយ​ដឹក​ជញ្ជូន​ឈើ​ធំៗ​ចេញ​ជាច្រើន​ឡាន​ក្នុង​មួយ​ថ្ងៃៗ៖ «ដើម​ច្បោះ​ជ័រ ប៉ុន្តែ​បើ​ក្រៅ​ពី​ច្បោះ​ជ័រ គេ​កាត់​យក​ទាំងអស់ ដូចជា​ដើម​ផ្ដៀក គគីរ ពពេល ឲ្យ​តែ​មុខ​ធំៗ»។

ទោះ​បី​ជា​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ភូមិ​ជាំស្រែ និង​តំណាង​ក្រុមហ៊ុន កូម៉ូលី ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

មេ​ឃុំ​គូលែន​ខាង​ជើង លោក ឆេង អួយ ទទួល​ស្គាល់​ថា កាល​ពី​ជាង ១​ខែ​មុន គឺ​ក្រុមហ៊ុន កូម៉ូលី ពិត​ជា​ធ្លាប់​រំលោភ​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​គូលែន​ខាង​ជើង​មែន ក៏ប៉ុន្តែ​រឿង​ដែល​ថា​មាន​ការ​រំលោភ​ចូល​ជា​ថ្មី​ទៀត គឺ​លោក​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ។ លោក ឆេង អួយ ទទួល​ស្គាល់​ទៀត​ថា បច្ចុប្បន្ន ក្រុមហ៊ុន កូម៉ូលី នៅ​តែ​ដឹក​ឈើ​ចេញ​តាម​រថយន្ត​ធំៗ​ជា​រៀង​រាល់​ថ្ងៃ៖ «បើ​សិន​ប៉ះពាល់​ទៅ​លើ​ឈើ​សហគមន៍​គូលែន គឺ​លោក​មិន​ឲ្យ​ក្រុមហ៊ុន​នោះ​រួច​ខ្លួន​ទេ»។

កាល​ពី​ជាង ១​ខែ​មុន សហគមន៍​ការពារ​ព្រៃ​ឈើ និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​គូលែន​ខាង​ជើង ធ្លាប់​រួម​គ្នា​ព័ទ្ធ​ចាប់​រថយន្ត​ដឹក​ឈើ​របស់​ក្រុមហ៊ុន កូម៉ូលី បាន​ចំនួន ២​គ្រឿង ប៉ុន្តែ​អាជ្ញាធរ​ចម្រុះ​ជាច្រើន​ផ្នែក បាន​គាំទ្រ​ក្រុមហ៊ុន ហើយ​យក​ឡាន​ដែល​អ្នក​ភូមិ​ឃាត់​ទុក​នោះ ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វិញ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​រំដោះស្រែ ដែល​ជិត​គ្នា​នឹង​ឃុំ​យាង នោះ​ដែរ​ឲ្យ​ដឹង​ថា សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ធំៗ គឺ​កំពុង​កើត​មាន​ពេញ​បន្ទុក ដោយ​ពេល​យប់​យ៉ាង​ហោច​ណាស់​ក៏​មាន​រថយន្ត​ពី ៨​គ្រឿង​ទៅ ១០​គ្រឿង​ដែរ​ក្នុង​មួយ​ថ្ងៃៗ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>