Quantcast
Viewing all articles
Browse latest Browse all 40045

រូប​គំនូរ​ត្លុក​របស់​កម្ពុជា​កំពុង​ផ្លាស់ប្ដូរ​មក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក និង​ត្រូល

Image may be NSFW.
Clik here to view.


មួង វណ្ណឌី ភ្នំពេញ ​ប៉ុស្តិ៍ Thu, 2 June 2016

ភ្នំពេញៈ សិល្បករ​ត្លុក​វ័យ​ក្មេង​កម្ពុជា​បច្ចុប្បន្ន​មិន​បាន​សរសេរ​ឈ្មោះ​លើ​ការងារ​របស់​ខ្លួន​ទេ។ ពួកគេ​ភ្ជាប់​រូប​សញ្ញា «កំប្លែង» លើ​ស្នាដៃ​របស់​ខ្លួន​ហើយ​បង្ហោះ​លើ​ហ្វេសប៊ុក​បន្ទាប់​មក​រង់ចាំ​ការ​ចុច​ពេញចិត្ត​ពី​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក។

នោះ​គឺ​ពួកគេ​ហៅ​ខ្លួនឯង​ថា​ជា​សិល្បករ​ត្រូល។ ពួកគេ​ចូលចិត្ត​ពាក្យ «ត្រូល» Troll Khmer,Troll Second-Hand,Troll Bestfriend។ ទំព័រ​ទាំង​នេះ​រីក​សុសសាយ​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។ រូបមន្ត​ធ្វើ​ត្រូល​មាន​លក្ខណៈ​សាមញ្ញ​គឺ​រក​រូបថត​ និង​បន្ថែម​ការ​អធិប្បាយ​ហើយ​បង្ហោះ។ ចំនួន «ពេញចិត្ត» ឥឡូវ​នេះ​អាច​ប្រជែង​នឹង​តារា​ល្បី និង​អ្នក​នយោបាយ​មួយ​ចំនួន​បាន។

សុភាព (ឈ្មោះ​ដាក់​ឲ្យ) ដឹកនាំ​ក្រុម​ដែល​មាន​សមាជិក​បី​នាក់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​គាត់​គឺ Troll Khmer។ គាត់​ស្លៀកពាក់​ស្អាត​បាត​និយាយ​តិចៗ​ហើយ​បាន​ទទូច​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ។ លោក​បាន​បន្ត​ថា៖ «យើង​មាន​អ្នក​ពេញចិត្ត ៣០០ ០០០ នាក់។ យើង​ត្រូវ​បន្ត​ធ្វើ​ឲ្យ​ទំព័រ​នេះ​ជា​ទំព័រ​គួរ​ឱ្យ​ចាប់​អារម្មណ៍»។

ការ​បង្ហោះ​ភាគ​ច្រើន «មិន​សម​ហេតុផល​ប្រើ​ពាក្យ​កំប្លែង​ធម្មតា ឬ​រូប​ត្លុក​តែ​ម្តង។ សម្រង់​ពាក្យ​មួយ​ជា​ភាសាខ្មែរ​បាន​សរសេរ​ថា៖ «មនុស្ស​ខ្លះ​គ្មាន​សង្សារ​ទេ​ប្រហែល​ដោយសារ​វាសនា​ទេ​ដោយសារ​តែ​មុខ​របស់​ឯង»។

ក្នុង​ការ​បង្ហោះ​ដទៃ​ទៀត​គេ​ត្រូល​អំពី​សង្គម អំពី​ប្រពៃណី ដោយ​មាន​អត្ថន័យ​ពីរ​បែប​ហើយ​ពេល​ខ្លះ​មិន​មាន​ភាព​ច្បាស់លាស់​ទេ​រវាង​នយោបាយ​ និង​ការ​កំប្លុក​កំប្លែង​លេង​សើច​សប្បាយ។ ឧទាហរណ៍ ក្នុង​រូប​បង្ហោះ​ពី​សាលា​រាជធានី​ស្តីពី​សំរាម​ក្នុង​ទីក្រុង​ដែល​មាន​បន្ថែម​ពាក្យ «ដំណោះស្រាយ» គឺ​តាម​ចាប់​ក្រុម​អ្នក​បោស​សំរាម​ម្តង​ម្នាក់ៗ​ហើយ​ពិន័យ​លើ​ពួកគេ។

ការ​បង្ហោះ​នោះ​សួរ​បែប​ចំ​អក​ថា​ «តើ​សំរាម​មួយ​គំនរ​ថ្លៃ​ប៉ុន្មាន?»។

សុភាព បាន​ថ្លែង​ថា៖ «យើង​បង្ហោះ​ពី​ជីវិត​ប្រចាំ​ថ្ងៃ។ ប្រសិន​បើ​វា​ជា​រឿង​សំខាន់​ យើង​រិះគន់​ដើម្បី​ធ្វើ​ឱ្យ​វា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន»។

ការ​ផលិត​បែប​កំប្លែង​ឡើង​វិញ​ សុភាព​ ដែល​មាន​អាយុ ២៤ ឆ្នាំ​បាន​បង្កើត​ទំព័រ Troll Khmer នៅ​ឆ្នាំ ២០១១ ដែល​ជំរុញ​ដោយសារ​ទំព័រ​ជាច្រើន​ដែល​លោក​បាន​ឃើញ​ពី​ប្រទេស​ដទៃ​ទៀត។ លោក​ថ្លែង​ថា​ទំព័រ​លោក​ជា​ទំព័រ​ទី ១ នៅ​កម្ពុជា។ ឥឡូវ​នេះ​លោក​កំពុង​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ជាច្រើន​ដោយសារ​បច្ចុប្បន្ន​មាន​ទំព័រ​ត្រូល​ជាច្រើន។

វីរៈ (ឈ្មោះ​ដាក់​ឲ្យ) បាន​បំបែក​ខ្លួន​ចេញ​ពី​ទំព័រ​ សុភាព រយៈពេល​បី​ឆ្នាំ​មក​ហើយ​ដើម្បី​ផ្តោត​លើ​ការ​ធ្វើ​វីដេអូ​ជាមួយ​នឹង​មិត្តភក្តិ​របស់​លោក​គឺ​ សុខជា (ឈ្មោះ​ដាក់​ឲ្យ)។ ទំព័រ​របស់​ពួកគេ Troll Khmer Tinfy ឥឡូវ​នេះ​កំពុង​មាន​អ្នក​ពេញ​ចិត្ត​កាន់​តែ​ច្រើន​ឡើង។

ពួកគេ​បាន​ពន្យល់​កាលពី​ថ្មីៗ​នេះ​ថា​វីដេអូ​បី​នាទី​របស់​ពួកគេ​ជា​ញឹកញាប់​បញ្ចូល​សំឡេង​បែប​តារា​ហុងកុង Stephen Chow (ហៅ​ទិនហ្វ៊ី)។ អ្នក​ទាំង​ពីរ​កំណត់​ព្រំដែន​នៃ​រូប​ត្រូល​របស់​ខ្លួន។ ពួកគេ​បាន​ពិភាក្សា​ពី​ការ​បង្ហោះ​រូបភាព​អ្នក​ល្បី​លើ​បណ្តាញ​សង្គម និង​សកម្មជន​នយោបាយ កញ្ញាធី សុវណ្ណថា ដោយ​អត្ថាធិប្បាយ​ពី​ទម្ងន់​របស់​នាង​តែ​ពួកគេ​គិត​ថា​វា​អាច​ជា​ការ​ប្រមាថ​ដល់​ស្ត្រី​ផ្សេង​ទៀត។ សុខជា បាន​លើក​ឡើង​ថា៖ «នៅ​មុន​ពេល​យើង​បាន​បង្ហោះ​យើង​តែងតែ​គិត​ពី​ផលប៉ះពាល់​នេះ»។

ប៉ុន្តែ​ទំព័រ​ផ្សេង​ទៀត​មិន​រួញរា​ទេ។ ទំព័រ Troll Second-Hand ដែល​ជា​គណនី​ល្បី​ឈ្មោះ​មួយ​ទៀត​បាន​បង្ហោះ​រូប​កញ្ញា ធី សុវណ្ណថា ហើយ​បន្ថែម​ពាក្យ​ថា៖ «ខាន​ជួប​គ្នា​យូរ​អូន​បែក​សាច់​ជាង​មុន»។

សុភាព បាន​ថ្លែង​ថា​ទំព័រ​នេះ​ល្បី​ខាង​នយោបាយ។ ទំព័រ​នេះ​បាន «ត្រូល» រូប​ឥស្សរជន​ផ្សេង​ទៀត​រួម​ទាំង​អ្នក​វិភាគ​ និង​ស្រាវជ្រាវ​បញ្ហា​សង្គម​លោក​ កែម ឡី សកម្មជន​តវ៉ា​ប្រឆាំង​នឹង​លោក កឹម សុខា លោក ស្រីចំរើន ហើយ​ថែម​ទាំង​មាន​រូប​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ផង​ដែរ។

សុភាព វីរៈ និង​ សុខជា ទាំងអស់​គ្នា​មិន​បាន​បង្ហោះ​រូប​របស់​បុគ្គល​ទេ​ហើយ​បាន​លើក​ឡើង​ដូច​គ្នា​ថា​ពួកគេ​ប្រកាន់​យក​ជំហរ​​ «កណ្តាល» យ៉ាង​រឹងមាំ។

ពេល​ទាក់ទង​តាម​ហ្វេសប៊ុក​បុរស​ម្នាក់​ដែល​កាន់​ទំព័រ Troll Second-Hand ក៏​បាន​បដិសេធ​ផង​ដែរ​ថា​ទំព័រ​នេះ​គ្មាន​គោល​ជំហរ​លើ​រឿង​នយោបាយ​នោះ​ទេ។ គាត់​បាន​សរសេរ​ថា៖ «ខ្ញុំ​គ្មាន​សម្ព័ន្ធ​នឹង​គណបក្ស​ណា​មួយ​ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​ឱ្យ​មនុស្ស​មើល​ឃើញ​ថា​សង្គម​នេះ​ជា​អ្វី​ប៉ុណ្ណោះ»។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ការ​បង្ហោះ​របស់​គាត់​យ៉ាង​ហោច​ណាស់​មាន​គោលដៅ​ចំអក​ដល់​បុគ្គល។ ក្នុង​ការ​បង្ហោះ​មួយ​មុខ​របស់​លោក ស្រី ចំរើន ត្រូវ​បាន​ប្រៀប​ធៀប​នឹង​មុខ​សត្វ​អូដ្ឋ។ ក្នុង​រូប​បង្ហោះ​មួយ​ទៀត​ដែល​ជា​រូប​លោក​នាយករដ្ឋមន្រ្តី​ចែក​ទឹក​ក្នុង​តំបន់​ជួប​គ្រោះ​រាំងស្ងួត​ដែល​បាន​សរសេរ​ថា «របៀប​ដោះស្រាយ​ទឹក​គឺ​ម្នាក់​បាន​មួយ​ធុង»។

លោកស្រី កែវ កូនីឡា អ្នក​សរសេរ​ទំព័រ​ប្លុក និង​ជា​អ្នក​ជំនាញ​បណ្តាញ​សង្គម​បាន​ចង្អុល​បង្ហាញ​ថា​ការ​បង្ហោះ​រូប​ត្លុក​ប្រភេទ​នេះ «បាន​បង្ហាញ​ខ្លួន​នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ ២០១៣។

លោកស្រី​បាន​គិត​ថា​ការ​លេង​សើច​នេះ​គឺ​សម្រាប់​ការ​ចែករំលែក​ប៉ុន្តែ​មិនមែន​ដើម្បី​ការ​ផ្លាស់ប្តូរ​ទេ។ ក្នុង​អ៊ីមែល​មួយ​នា​សប្តាហ៍​នេះ​លោកស្រី​បាន​បន្ត​ថា៖ «សកម្មភាព​នេះ​ពិត​ជា​ល្បី​លឿន​ព្រោះ​ជា​រឿង​លេងសើច​ហើយ​បាន​យក​បញ្ហា​ធំៗ​មក​លេង​ជា​បញ្ហា​ធម្មតា។ គេ​មិន​បាន​អំពាវនាវ​ឲ្យ​ធ្វើ​ចំណាត់ការ​ទេ»។

ករណី​អ្នក​គូរ​គំនូរ​បាត់​ខ្លួន​
អ្នក​បង្ហោះ​រូប​ត្រូល​លើ​បណ្តាញ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្វើការ​បង្ហោះ​អំពី​បញ្ហា​ផ្សេងៗ​ដែល​បាន​និង​កំពុង​កើត​មាន​នៅ​កម្ពុជា។

យោង​តាម​លោកស្រី Sarah Jones Dickens ប្រវិត្ត​វិទូ​ផ្នែក​សិល្បៈ​នៅ​សាកលវិទ្យាល័យ Duke សហរដ្ឋ​អាមេរិក​ដែល​ធ្វើការ​ស្រាវជ្រាវ​ផ្តោត​លើ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​រូបត្លុក​គឺជា​សិល្បៈ​សំខាន់​ក្នុង​វប្បធម៌​រូប​សញ្ញា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​តិច ២០០ ឆ្នាំ​កន្លង​មក​ហើយ។ លោកស្រី​បាន​ចង្អុល​បង្ហាញ​ថា​វា​ក៏​អាច​ជា​សិល្បៈ​សម្តែង​ក្នុង​រោងកុន​លើ​កញ្ចក់​ទូរទស្សន៍ ឬ​ក្នុង​ពិធី​មង្គលការ​ផង​ដែរ។

ប៉ុន្តែ​កន្លែង​តែ​មួយ​ដែល​សិល្បៈ​រូប​ត្លុក​ជាប់​គាំង​នៅ​កម្ពុជា​នោះ​គឺ​នៅ​លើ​កាសែត ឬ​ទស្សនាវដ្តី។ ពីរ​ទសវត្សរ៍​មុន​ដោយ​មាន​សារព័ត៌មាន​ប្រឆាំង​ច្រើន​រូប​ត្លុក​បាន​រីក​សាយភាយ។ នេះ​បើ​យោង​តាម​លោក Sebastian Strangio អ្នក​និពន្ធ​សៀវភៅ​ចំណង​ជើង​ថា​កម្ពុជា​របស់ ហ៊ុន សែន។ ជា​ញឹកញាប់​រូប​ត្លុក​ទាំង​នោះ​ប្រកាន់​បក្ខ​ពួក។ លោក​បាន​ពន្យល់​ថា​រូប​សាមញ្ញ​មាន​អំណាច​ពិសេស​ហើយ​ឥឡូវ​នេះ​អ្នក​គូរ​រូប​ត្លុក​អាច​នឹង​ត្រូវ​គេ​ប្តឹង​ថែម​ទៀត​នៅ​កម្ពុជា។

លោក Michael Hayes សហ​ស្ថាបនិក​នៃ​កាសែត ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្មីៗ​នេះ​បាន​រំឭក​ពី​ការ​បោះពុម្ព​ផ្សាយ​រូប​ត្លុក​តែ​ពីរ​ប៉ុណ្ណោះ​ក្នុង​អំឡុង​ពេល​លោក​ធ្វើការ​នៅ​ភ្នំពេញ ប៉ុស្តិ៍។

នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ គាត់​បាន​និយាយ​ថា​រូប​ត្លុក​ជា​រូបឆៅ រើសអើង​ជាតិ​សាសន៍​ទៀត​ផង។ ក្នុង​កាសែត​មួយ​ចំនួន​ឥស្សរជន​មួយ​ចំនួន​មិន​អាច​ប៉ះពាល់​បាន​ឡើយ។

លោក​បាន​បញ្ជាក់​តាម​អ៊ីមែល​ថា៖ «កាសែត​ខ្មែរ​មួយ​ចំនួន​ផ្សាយ​រូប​ត្លុក​ខ្លាំង។ រូប​ត្លុក​មួយ​ដែល​ខ្ញុំ​នៅ​ចាំ​បាន​បង្ហាញ​រូប​ [សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត] ប៊ុនរ៉ានី មាន​ដង​ខ្លួន​ជា​ជ្រូក​ពាក់​មួក​ដួន​វៀតណាម និង​មាន​ពាក់​គ្រឿង​អលង្ការ​ពេញ​ខ្លួន។ ខ្ញុំ​ជឿ​ថា​ការីនិពន្ធ​នៃ​កាសែត​នេះ​ត្រូវ​បាន​គេ​លួច​ធ្វើ​ឃាត​ក្រោយ​មក»។

អ្នក​គូរ​រូប​ត្លុក​ល្បី​បំផុត​ប្រហែល​ជា​លោក អ៊ឹង ប៊ុនហៀង ដែល​បាន​ធ្វើ​អន្តោប្រវេសន៍​ទៅ​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ ១៩៨០ ជា​ជន​ភៀស​ខ្លួន។ ដោយ​គូរ​រូប​ត្លុក​ឱ្យ​កាសែត​ភាសា​ខ្មែរ​នៅ​បរទេស​ហើយ​ក្រោយ​មក​លើ​បណ្ដាញ​សង្គម​ក្រោម​ឈ្មោះ «សាក់ក្រវា» លោក​មិន​ប្រណី​ដៃ​ឡើយ​ចំពោះ​លោក ហ៊ុន សែន ហើយ​ថែម​ទាំង​ព្រះមហាក្សត្រ​ទៀត​ផង។ លោក​ធ្លាប់​បាន​ប្រាប់​លោក Jim Gerrand អ្នក​ថត​ខ្សែ​ភាពយន្ត​អូស្រ្តាលី​ថា៖ «ប៊ិក​ខ្ញុំ​ជា​គ្រាប់​មីស៊ីល​ហើយ​វា​អាច​ផ្ទុះ»។

រូប​ត្លុក​មួយ​ចំនួន​របស់​ ប៊ុនហៀង ជា​រូប​រើសអើង​ជាតិ​សាសន៍​គឺ​គាត់​គិត​តែ​អំពី​ការ​កាន់កាប់​របស់​វៀតណាម​លើ​កម្ពុជា​ប៉ុន្តែ​លោក​មាន​ទេពកោសល្យ​ពិសេស​ដែល​មាន​គោលដៅ​នយោបាយ​គឺ គូរ​រូប​ត្លុក​គណបក្ស​កាន់​អំណាច និង​អំពើ​ពុករលួយ​គាំទ្រ​បក្ស​ប្រឆាំង និង​ឆ្លុះ​បញ្ចាំង​ពី​សោកនាដកម្ម​ដែល​អាច​បង្ការ​បាន។

អ្នក​គូរ​រូប​ត្លុក​រូប​នេះ​បាន​បន្ត​គូរ​រូប​ត្លុក​រហូត​ដល់​ទទួល​មរណភាព​នៅ​ឆ្នាំ ២០១៤។ រូប​ត្លុក​ខ្លាំង​បំផុត​របស់​លោក​គឺ​រិះគន់​បែប​លេង​សើច​ចំពោះ​គ្រប់​តួអង្គ​ទាំង​អស់​ដូច​រូប​ត្លុក​ដែល​លោក​បាន​គូរ​កាលពី​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ឆ្នាំ ២០១៣ ជាដើម។

នៅ​កម្ពុជា​អ្នក​គូរ​រូប​ដូច​លោក អ៊ឹម សុខា ឬ​ សេន សាម៉ុនតារា បាន​ធ្វើការ​ឲ្យ​កាសែត​ជាច្រើន​នៅ​ពេល​ដំណាល​គ្នា និង​ធ្វើការ​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ផង​ដែរ។

លោក សាម៉ុន តារា ធ្លាប់​គូរ​រូប​ឥស្សរជន​នយោបាយ​ឲ្យ​កាសែត Cambodge Soir។ ឥឡូវ​នេះ​គាត់​គូរ​សៀវភៅ​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ។

លោក​បាន​និយាយ​កាល​ពី​ខែ​មុន​ថា៖ «កាសែត​មិន​មាន​រូបភាព​ដែល​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​ដូច​មុន​ទៀត​ទេ។ ឥឡូវ​នេះ​អ្នក​គូរ​រូប គូរ​សម្រាប់​ប្រើ​ក្នុង​វីដេអូ​ហ្គេម»។

ពុំ​មាន​អ្នក​គូរ​រូប​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​នៅ​ក្នុង​វគ្គ​សារព័ត៌មាន​ទេ​ទោះបី​ជា​ថ្នាក់​បង្រៀន​បាន​លើក​ឡើង​ពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​កិច្ច​ការពារ​ក៏ដោយ។

លោក មឿន ឈានណារិទ្ធ សាស្រ្តាចារ្យ​នៅ​ដេប៉ាតឺម៉ង់​ផ្សព្វផ្សាយ​ និង​ទំនាក់​ទំនង នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ថ្លែង​ថា៖ «មនុស្ស​នៅ​តែ​ចាប់​អារម្មណ៍​លើ​រូប​ត្លុក​ប៉ុន្តែ​ឥឡូវ​នេះ​មាន​មនុស្ស​តិចតួច​ណាស់​ដែល​អាច​គូរ​បាន។ វា​ត្រូវ​មាន​ទេពកោសល្យ និង​ជំនាញ​ដែល​បង្រៀន​មិន​បាន​ទេ»។

អ្នក​គូរ​រូប​ទី ១ នៅ​កម្ពុជា
​ប្រពៃណី​រូប​ត្លុក​នៅ​កម្ពុជា​មាន​អាយុ​កាល​ចាប់​ពី​កំណើត​នៃ​កាសែត​ភាសា​ខ្មែរ។ កាសែត នគរវត្ត គឺជា​កាសែត​ដំបូង​គេ​នៅ​កម្ពុជា​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៣៦ ទោះបី​ជា​កាសែត​នេះ​បាន​ដំណើរការ​បាន​តែ ៦ ឆ្នាំ​ក៏ដោយ។

រូប​ត្លុក​ត្រូវ​បាន​គេ​បោះពុម្ព​ផ្សាយ​ក្រោម​ការ​គាំទ្រ​របស់​សម្តេច សីហនុ នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៥០ និង ១៩៦០ យោង​តាម​លោក John Marston ដែល​ចងក្រង​ប្រវត្តិ​អ្នក​គូរ​រូប​ម្នាក់​នៅ​កម្ពុជា​នៅ​ចុង​ទស្សវត្សរ៍​ឆ្នាំ ១៩៩០។ លោក Marston បាន​កត់​សម្គាល់​ថា៖ «រូប​ត្លុក​គឺជា​វិធី​សម្តែង​ការ​រិះគន់​ដែល​គេ​ចូលចិត្ត​ប្រើ​ព្រោះ​គេ​អាច​បកស្រាយ​បាន​ច្រើន​របៀប»។ រូប​ត្លុក​ដំបូង​ជាច្រើន​បាន​រិះគន់​គ្រប់​យ៉ាង​ស្រប​នឹង​នយោបាយ​របស់ សម្តេច សីហនុ។

ប៉ុន្តែ​ស្នាដៃ​មួយ​ចំនួន​នៃ​អ្នក​សិល្បៈ​ដូច លោក ហ៊ុយ ហែម និង​លោក ញឹកឌឹម បាន​បង្ហាញ​ពី​ទស្សនៈ​ឯករាជ្យ​ដែល​ក្រោយ​មក​បាន​ជំរុញ​ទឹក​ចិត្ត​អ្នក​គូរ​រូប​ដូច​លោក អ៊ឹង ប៊ុនហៀង។ សេរីភាព​មាន​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​អ្នក​គូរ​រូប​ត្លុក​នយោបាយ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ នៅ​ពេល​ដែល​គោល​នយោបាយ​របស់​រដ្ឋ​រង​ការ​រិះគន់​យ៉ាង​ងាយ។ តែ​ជា​អកុសល​ច្បាប់​ចម្លង​បោះពុម្ព​នៃ​កាសែត​ទាំង​នេះ​តិច​តួច​បំផុត​អាច​ឆ្លង​ផុត​ពី​ភាព​វឹកវរ​នៃ​សង្គ្រាម។ (សូម្បី​តែ​លោកស្រី Dickens នៃ​សាកលវិទ្យាល័យ Duke មិន​អាច​រក​បាន​ច្បាប់​ចម្លង​ណា​មួយ​ក្នុង​អំឡុង​ពេល​លោកស្រី​ធ្វើការ​ស្រាវជ្រាវ) ទេ។

ដោយ​កាសែត​វិល​មក​វិញ​ក្នុង​ឆ្នាំ ១៩៨០ សិល្បករ​ភាគច្រើន​ធ្វើ​តាម​អ្នក​កាន់​អំណាច​ និង​ស្រប​តាម​ខ្សែ​បន្ទាត់​បក្ស។

ចំពោះ​លោក Strangio ការ​ក្តោប​សារព័ត៌មាន​ដោយ​គណបក្ស​កាន់​អំណាច​បាន​ធ្វើឲ្យ​បាត់​រូប​ត្លុក។ លោក​បាន​បញ្ជាក់​ថា៖ «កាសែត​នៅ​កម្ពុជា​ត្រូវ​ចង​ជាប់​ដោយ​នយោបាយ​ដែល​ពុំ​ទុក​ចន្លោះ​ណា​សម្រាប់​រូប​ត្លុក​ឡើយ»។

ម៉ាស់​អនាមិក
រូប​ត្លុក​លេងសើច​ត្រូវ​បាន​បង្ហោះ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ក្រោម​ជន​ដែល​មិន​បញ្ចេញ​ឈ្មោះ។ ចំពោះ​អ្នក​ធ្វើ​ត្រូល​ ការ​លាក់​បាំង​អត្តសញ្ញាណ​គឺជា​ផ្នែក​មួយ​នៃ​ការ​លេងសើច​កំប្លែង។ វីរៈ និង សុខជា បាន​ពាក់​ម៉ាស់​របស់​ខ្លួន​ក្នុង​ពេល​ជួប​ផ្ដល់​បទសម្ភាស​ជាមួយ​នឹង​ភ្នំពេញ​ប៉ុស្តិ៍។ វា​អាច​ជួយ​សម្រួល​ដល់​ទស្សនៈ​ថា​រូប​ត្លុក​ប្រភេទ​នេះ​គឺជា​រូប​ធ្វើ​ឡើង​ដោយ​ប្រជាជន និង​សម្រាប់​ប្រជាជន។

ប៉ុន្តែ​វា​ក៏​ដោយសារ​ការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ។ គេហទំព័រ​ជាច្រើន​ដែល​ផ្សាយ​ព័ត៌មាន​ដូចជា Ki-Media - ដែល​ធ្លាប់​ផ្សាយ​រូប​ត្លុក​មាន​មូលដ្ឋាន​នៅ​បរទេស​ដែល​មាន​សុវត្ថិភាព​ពី​ការ​គំរាម ឬ​បណ្តឹង​ផ្សេងៗ។ តែ​នៅ​ប្រទេស​កម្ពុជា​វិញ​ពាក្យ​បណ្តឹង​នៅ​តែ​ជា​បញ្ហា​គំរាម។

សំណៅ​ដំបូង​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏​ចម្រូង​ចម្រាស​នៅ​កម្ពុជា​បាន​ដាក់​បញ្ចូល​ទោស​ជាប់​ពន្ធនាគារ​សម្រាប់​មាតិកា​លើ​អនឡាញ​ណា​ដែល​ត្រូវ​បាន «ចាត់​ទុក​ថា​បំផ្លាញ​នូវ​តម្លៃ និង​វប្បធម៌​សង្គម» រាប់​ទាំង​ការ​បង្ហាញ​ណា​ដែល​អាច​បង្កើត​ជា​គំរូ​ប្រវត្តិសាស្រ្ត​ដូចជា ករណី «ការ​រួម​ភេទ​រវាង​មនុស្ស និង​សត្វ» ជាដើម។

បញ្ញតិ្ត​នោះ​គឺ​មាត្រា ២៨ មិន​បាន​លេច​ចេញ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​បំផុត​ដែល​ភ្នំពេញ​ប៉ុស្តិ៍ បាន​ទទួល​ទេ​ទោះ​បី​ជា​មាត្រា​នេះ​អាច​ត្រូវ​បាន​ដាក់​ចូល​វិញ​នៅ​ពេល​ក្រសួង​មហា​ផ្ទៃ​ត្រួត​ពិនិត្យ​ឡើង​វិញ​ក៏ដោយ។

យោង​តាម សុភាព បាន​ឲ្យ​ដឹង​ថា​ឥឡូវ​នេះ​អ្នក​កាន់​ទំព័រ​មួយ​ចំនួន​ជួប​គ្នា​ផ្ទាល់​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ចំនួន​ពីរ​វគ្គ​ស្តី​ពី​ច្បាប់។ វា​ជា​មូល​ហេតុ​ដែល​ទំព័រ​ច្រើន​មិន​បាន​រិះគន់​បុគ្គល។

សុខជា បាន​ឲ្យ​ដឹង​ថា៖ «បើ​យើង​បង្ហោះ​រូប​ឥស្សរជន​ណា​ម្នាក់​វា​អាច​ករណី​បរិហារ​កេរ្តិ៍»។

ប៉ុន្តែ​ពេល​នេះ​អ្នក​សង្កេតការណ៍​ដូច​លោកស្រី កូនីឡា មើល​ឃើញ​មាន​ហានិភ័យ​តិចតួច​ទេ។ លោកស្រី​បាន​ថ្លែង​ថា៖ «ប្រជាពលរដ្ឋ​កម្ពុជា​គួរ​តែ​មាន​សិទ្ធិ​លេង​សើច​ពី​រឿង​ដែល​ពួកគេ​ឆ្លង​កាត់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ»។

ចំពោះ​កេរដំណែល​របស់​ពួកគេ Sebastian Strangio កត់​សម្គាល់​ឃើញ​ថា​ទំព័រ​ត្រូល​គឺជា​រូប​ត្លុក​នយោបាយ​សម័យ​ទំនើប។ លោក​បាន​លើក​ឡើង​ថា៖ «អ្វី​ដែល​អ្នក​មើល​ឃើញ​លើ​បណ្ដាញ​សង្គម​គឺជា​ការ​បញ្ចេញ​មតិ​ឆៅ​ប៉ុន្តែ​ជា​ការ​លេងសើច [ចំពោះ​អ្នក​កាន់​អំណាច]។ វា​ពិត​ជា​ផ្តល់​លំហ​សម្រាប់​ការ​អត្ថាធិប្បាយ​បែប​នេះ​ដែល​លែង​មាន​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កម្ពុជា​ទៀត​ហើយ»។

ប៉ុន្តែ​និន្នាការ​នៃ​ការ​ផ្លាស់​ប្តូរ​បាន​កើត​មាន​យ៉ាង​ឆាប់​រហ័ស។ វីរៈ និង សុខជា កំពុង​ពិចារណា​ពី​គម្រោង​ឯករាជ្យ។ សុភាព ម្ចាស់​ដើម​នៃ​ទំព័រ Troll Khmer កំពុង​គិត​ពី​អ្វី​ដែល​ងាយ​ស្រួល​ថែម​ទៀត។ លោក​កំពុង​ប្រមូល​ព័ត៌មាន​ហើយ​បង្ហោះ​លើ​ទំព័រ​មួយ​ទៀត។ លោក​បន្ដ​ថា៖ «ខ្ញុំ​ចង់​ដូច​ FreshNews។ ខ្ញុំ​កំពុង​សរសេរ​កម្មវិធី​អែប»៕ TK​

Audrey Wilson និង មួង វណ្ណឌី


Viewing all articles
Browse latest Browse all 40045

Trending Articles