Quantcast
Viewing all articles
Browse latest Browse all 40045

ក្រុមហ៊ុន​បោះ​ទុន​៣​លាន​ដុល្លារ​ដើម្បី​វិនិយោគ​​​ផ្សារ​កំពង់ឆ្នាំង​ថ្មី

Image may be NSFW.
Clik here to view.
ពិធី​ក្រុង​ពាលី និង​បញ្ចុះ​បឋមសិលា​សាងសង់​ផ្សារ​កំពង់ឆ្នាំង របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Chin Chetha


ដោយ ជិន ជេដ្ឋា RFA 2016-06-03

ក្រុមហ៊ុន អិល.ខេ.អិល (L.K.L) បាន​បោះ​ទុន​ប្រមាណ ៣​លាន​ដុល្លារ ដើម្បី​វិនិយោគ​ផ្សារ​កំពង់ឆ្នាំង​ថ្មី ដែល​នឹង​សាងសង់​នៅ​ក្បែរ​មាត់​ទន្លេ​ឋិត​នៅ​សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង។ អាជ្ញាធរ​សង្ឃឹម​ថា គម្រោង​វិនិយោគ​នេះ​ជា​ផ្នែក​មួយ​ជួយ​កែប្រែ​មុខមាត់​ថ្មី​របស់​ខេត្ត​កំពង់ឆ្នាំង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​របស់​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​តាម​រយៈ​ការ​លក់​ដូរ​ទំនិញ​នៅ​ផ្សារ។

ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ចាម ប្រមាណ ៨០០​នាក់ នៅ​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​ផ្សារ​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​អាជីវករ​ចូល​រួម​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើត​មាន​ដូច​ជា បញ្ហា​បំពុល​ទឹក សណ្ដាប់​ធ្នាប់ និង​បញ្ហា​ជីវភាព​របស់​ពលរដ្ឋ​ដែល​ឋិតនៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍​នេះ។


លោក ឈួរ ច័ន្ទឌឿន បញ្ជាក់​ថា នៅ​ពេល​ដែល​ផ្សារ​ធ្វើ​ហើយ ផែ​ត្រី និង​អ្នក​រស់នៅ​លើ​ផ្ទៃ​ទឹក​ផង នឹង​ត្រូវ​បង្វែរ​មក​រក​ទីតាំង​ថ្មី​នេះ ដើម្បី​បញ្ចៀស​ការ​បំពុល​ទឹក និង​រៀបចំ​អភិវឌ្ឍ​ច្រាំង​ទន្លេ៖ «ឥឡូវ​នេះ​យើង​មើល​ទៅ​វា​លំបាក​បន្តិច​ហើយ គ្រាន់​ថា បើ​យើង​ប្រឹងប្រែង​គួបផ្សំ​ទៅ​ខាង​មុខ​អាច​នឹង​ក្លាយ​ជា​ទីឋាន​មួយ​ល្អ​ប្រសើរ​ផង​ដែរ»។

បុគ្គលិក​ក្រុមហ៊ុន​ អិល.ខេ.អិល ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​ប្រើ​ពេល ៣​ឆ្នាំ គឺ​ចាប់​ពី​ឆ្នាំ​២០១៧ ដើម្បី​សង់​ផ្សារ​ចំនួន​បី​ខ្នង ស្មើ​នឹង ១.០៦៤​តូប។ ផ្សារ​នេះ​នឹង​​ធ្វើ​ស្ដង់ ឬ​តូប​ដាក់​ឆត្រ​ចំនួន ១៤៤​កន្លែង តូប​ឃ្លុប​ទំហំ ៣​ម៉ែត្រ គុណ ៣​ម៉ែត្រ​ចំនួន ២០០​តូប និង​តូប​ឃ្លុប​ខាង​ក្នុង​ផ្សារ​ទំហំ ២​ម៉ែត្រ​គុណ​នឹង​ពីរ​ម៉ែត្រ​កន្លះ​ចំនួន ៧២០​តូប។

ទាក់ទង​នឹង​ការ​សាងសង់​ផ្សារ​ថ្មី​នេះ អាជីវករ​លក់ដូរ​សេរី​នៅ​ក្រោម​ដើម​ស្រល់​តាម​បណ្ដោយ​មាត់​ទន្លេ​ផ្សារ​ក្រោម​ចំនួន ២០៣​តូប មាន​ខ្លះ​ចង់​ទៅ​លក់​ដូរ​កន្លែង​ថ្មី និង​ខ្លះ​ទៀត​បារម្ភ​ពី​តម្លៃ​តូប​នោះ​ថ្លៃ ឬ​មាន​លក្ខខណ្ឌ​តឹងរ៉ឹង​ចំពោះ​ពួកគាត់ ខណៈ​ដែល​ជីវភាព​របស់​ពួកគាត់​មិន​សូវ​ប្រសើរ​ដោយសារ​ការ​លក់​ដូរ​មិន​សូវ​ដាច់។

អាជីវករ​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ឲ្យ​ដឹង​ថា ក្រុម​អាជីវករ​កំពុង​ភ័យ​ផង​អរ​ផង ព្រោះ​រហូត​មក​ដល់​ពេល​នេះ​ពួកគាត់​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់​ទាក់ទង​នឹង​ការ​អភិវឌ្ឍ ឬ​ផ្លាស់ប្ដូរ​កន្លែង​លក់ដូរ​ថ្មី​នេះ​នៅ​ឡើយ​ទេ។

ចំពោះ​បញ្ហា​នេះ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង ទទួល​បន្ទុក​អភិវឌ្ឍ​ច្រាំង​ទន្លេ​ផ្សារ​ក្រោម គឺ​លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់​ថា អាជីវករ​ទាំង ២០៣​តូប គឺ​ជា​អាជីវករ​មាន​អាទិភាព​បំផុត​ក្នុង​ការ​ប្ដូរ​តូប​ពី​កន្លែង​លក់​ដូរ​មិន​រៀបរយ ទៅ​កន្លែង​លក់​ដូរ​ស្រប​ច្បាប់ និង​មាន​សណ្ដាប់​ធ្នាប់​ល្អ។

លោក​ថា យ៉ាង​យូរ​រយៈ​ពេល​ពីរ ឬ​បី​ខែ​ទៀត អាជីវករ​នឹង​ដឹង​ច្បាស់​ពី​នីតិវិធី​បង់​រំលោះ ឬ​ទិញ​តូប​លក់ដូរ​ទាំង​នោះ៖ «ទាំង​ក្រុមហ៊ុន ទាំង​ក្រុម​ការងារ​ខិតខំ​សម្របសម្រួល​ឲ្យ​អស់​លទ្ធភាព​ដូច​បង​ប្អូន​នៅ​ខាង​ផ្ទះ​ទឹក​អ្នក​ណា​ដែល​ក្រខ្សត់​ខ្លាំង​អ៊ីចឹង ក្រុមហ៊ុន​ជួយ​រក​ការងារ​ឲ្យ​គាត់​ធ្វើ។ យើង​រៀបចំ​ផ្សារ​ឲ្យ​មាន​ស្ដង់ដារ​មួយ​ស្រប​ទៅ​តាម​ក្រសួង​ទេសចរណ៍​ដែល​គេ​តម្រូវ​ឲ្យ​នោះ​ណា អ៊ីចឹង​យើង​មាន​តាំង​កន្លែង​ស្ដុក​សំរាម បង្គន់​អនាម័យ សួន​ច្បារ គម្រោង​តូប និង​ការ​បែងចែក​មុខ​ទំនិញ​អី​ហ្នឹង តាំង​ពី​ការពារ​អគ្គីភ័យ កាមេរ៉ា​សុវត្ថិភាព​អី​មាន​ទាំង​អស់»។

ពលរដ្ឋ និង​អាជ្ញាធរ​ខ្លះ​អះអាង​ថា ផ្សារ​កំពង់ឆ្នាំង នេះ​អាច​នឹង​ដើរ ឬ​មាន​សកម្មភាព​ផ្លាស់ប្ដូរ​ទំនិញ បើ​ទោះ​បី​ជា​ផ្សារ​នេះ​ឋិត​នៅ​​ឆ្ងាយ​ពី​ទី​ប្រជុំ​ជន​នៃ​ក្រុង​បន្តិច ព្រោះ​សម្បូរ​អ្នកភូមិ​បណ្ដែត​ទឹក​ដែល​ត្រូវ​ឡើង​មក​រស់​នៅ​លើ​គោក​ក្បែរ​តំបន់​នោះ។ ម្យ៉ាង​កសិករ​ដែល​រស់​នៅ​តាម​ស្រុក​​ជាប់​មាត់​ទន្លេ​នឹង​ដឹក​ជញ្ជូន​ផល​ដំណាំ ឬ​ត្រី​សាច់​របស់​ពួកគេ​មក​លក់ដូរ និង​ទិញ​សម្ភារៈ​ប្រើប្រាស់​​ត្រឡប់​ទៅ​ផ្ទះ​វិញ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>