Quantcast
Viewing all articles
Browse latest Browse all 40045

អ្នក​សារព័ត៌មាន៖ ច្បាប់​ទទួល​បាន​ព័ត៌មាន​ជួយ​ពង្រឹង​តម្លាភាព​សង្គម

Image may be NSFW.
Clik here to view.
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ (កណ្ដាល) ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៦ ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth


ដោយ សាន សែល RFA 2016-05-03

ខណៈ​កម្ពុជា ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ «សិទ្ធិ​ទទួល​ព័ត៌មាន​ជា​សិទ្ធិ​របស់​អ្នក» អ្នក​សារព័ត៌មាន និង​អ្នក​ឯកទេស​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា ផ្ដល់​តម្លៃ​ដល់​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន (Access to information law)។

ប្រសិន​បើ​ច្បាប់​នេះ​លេច​ចេញ​ជា​រូបរាង នឹង​បង្កើន​ភាព​ងាយ​ស្រួល​ដល់​អ្នក​សារព័ត៌មាន ដើម្បី​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់ ក្នុង​ការ​ផលិត​សេចក្ដី​រាយការណ៍​ស៊ី​ជម្រៅ ហើយ​និង​ពង្រឹង​តម្លាភាព​សង្គម​កាន់​តែ​ប្រសើរ​ឡើង។

និពន្ធ​នាយក​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ លោក កៃ គឹមសុង មាន​ប្រសាសន៍​ថា ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន នឹង​ក្លាយ​ជា​ឧបករណ៍​សំខាន់​សម្រាប់​អ្នក​សារព័ត៌មាន ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នានា​ដែល​គេ​ព្យាយាម​លាក់​បាំង៖ «វា​សំខាន់​ខ្លាំង​មែន​ទែន ព្រោះ​ថា​វា​ជា​ជន្លួញ វា​ជា​ម្ជុល វា​ជា​ទួល្វីស​សម្រាប់​ឆ្កឹះ​រុញ​មន្ត្រី​ដែល​មាន​កាតព្វកិច្ច​ផ្ដល់​ព័ត៌មាន​ឲ្យ​យើង ដែល​កន្លង​មក​គាត់​តែង​យក​លេស។ យើង​មាន​សិទ្ធិ​សួរ គាត់​មាន​សិទ្ធិ​អត់​ឆ្លើយ»។

អង្គការ​យូណេស្កូ (UNESCO) ក្រសួង​ព័ត៌មាន អ្នក​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល ជា​ភាគី​ចម្បង​ដែល​ចូលរួម​ពិភាក្សា​ពី​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​មួយ​នេះ។

តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី អាន លេម៉េសទ្រី (Anne Lemaistre) បញ្ជាក់​ថា មក​ដល់​ពេល​នេះ សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​បញ្ចប់​ជាង ៥០​ភាគរយ​ហើយ។ អ្នកស្រី អាន លេម៉េសទ្រី ឲ្យ​ដឹង​ថា មាន​ចំណុច​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ការ​ពិភាក្សា​នៅ​ខ្វែង​គំនិត​គ្នា ដូចជា​ចំណុច​និយមន័យ​នៃ​ឃ្លា «គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ» «ព័ត៌មាន​សម្ងាត់​របស់​អាជីវកម្ម (commercial information)» ពាក្យ «ឯកជន​ភាព»។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ពន្យល់​ថា ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន នឹង​ជំរុញ​ម្ចាស់​ឯកសារ​ដែល​ជា​ស្ថាប័ន​រដ្ឋ ឬ​ឯកជន និង​ស្ថាប័ន​ដទៃ​ទៀត បង្កើន​ការ​បើក​ទូលាយ​ព័ត៌មាន​ជាមួយ​ពលរដ្ឋ ពិសេស​អ្នក​សារព័ត៌មាន។

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា លើក​ឡើង​ថា វា​ជា​ការ​លំបាក​មួយ​សម្រាប់​អ្នក​ផលិត​ព័ត៌មាន​ស៊ី​ជម្រៅ ដោយសារ​ការ​ខ្វះ​ឯកសារ និង​ប្រភព​ព័ត៌មាន។ លោក​ជឿជាក់​ថា ច្បាប់​ស្ដីពី​ការ​ទទួល​បាន​ព័ត៌មាន នឹង​បើក​ផ្លូវ​ឲ្យ​កាន់​តែ​ទូលាយ​សម្រាប់​អ្នក​កាសែត អាច​ដើរ​បាន​កាន់​តែ​ជ្រៅ​ដើម្បី​ស្វះ​ស្វែងរក​ឯកសារ៖ «ពេល​ច្បាប់​ហ្នឹង​ចេញ ព័ត៌មាន​មាន​លក្ខណៈ​ស៊ី​ជម្រៅ នៅ​ពេល​ចង់​ធ្វើ​បទ​ស៊ើប​អង្កេត។ យើង​អាច​ធ្វើ​ព័ត៌មាន​បាន​ស៊ី​ជម្រៅ​ជាង​មុន ដោយមាន​ឯកសារ ភស្តុតាង គឺ​ពេល​យើង​ចង់​បាន គឺ​បាន។ សំខាន់​នៅ​ត្រង់​ហ្នឹង ច្បាប់​ហ្នឹង»។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ដែល​ជា​សមាជិក​នៃ​ក្រុម​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ថ្លែង​ថា ច្បាប់​នេះ​បើ​អាច​កែ​សម្រួល​តាម​ការ​ពិភាក្សា នោះ​វា​នឹង​ជា​ច្បាប់​មួយ​ដែល​អាច​មាន​ប្រយោជន៍​សម្រាប់​សង្គម។

ទោះ​បី​ជា​យ៉ាង​ណា លោក កៃ គឹមសុង នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ សង្កត់​ធ្ងន់​ថា ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន អាច​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​អ្នក​សារព័ត៌មាន លុះត្រា​ណា​តែ​រដ្ឋាភិបាល​ធានា​បាន​នូវ​ការ​អនុវត្ត​ច្បាប់​នេះ​ឲ្យ​បាន​ម៉ត់ចត់​ត្រឹមត្រូវ។

បើ​ទោះ​ជា​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ផ្ដល់​ពិន្ទុ​ផ្នែក​សេរីភាព​សារព័ត៌មាន​ឲ្យ​ប្រទេស​កម្ពុជា ប្រសើរ​ឡើង​ក៏ដោយ ក៏ប៉ុន្តែ​អង្គការ​អន្តរជាតិ​មួយ​នេះ​អះអាង​ថា អ្នក​សារព័ត៌មាន​កម្ពុជា បន្ត​ប្រឈម​នឹង​គ្រោះថ្នាក់​ពេល​ចុះ​យក​ព័ត៌មាន ពិសេស​ព័ត៌មាន​រសើប​ទាក់ទង​នឹង​ការ​កាប់​បំផ្លាញ និង​ជួញ​ដូរ​ព្រៃ​ឈើ ការ​នេសាទ​ខុស​ច្បាប់ ការ​ជួញ​ដូរ​មនុស្ស និង​ការ​រុក​រក​ធនធាន​រ៉ែ។

ត្រង់​ចំណុច​ទី​១៦ នៃ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ (SDGs) ស្នើ​ឲ្យ​បណ្ដា​រដ្ឋ​ជា​សមាជិក ធានា​ការ​អនុវត្ត​សិទ្ធិ​ទទួល​ព័ត៌មាន ដូចជា​ការ​ស្វែងរក ទទួល និង​ចែក​ចាយ​ព័ត៌មាន ដើម្បី​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ស្រប​ទៅ​តាម​កិច្ច​ព្រមព្រៀង​ជាតិ និង​អន្តរជាតិ៕

Viewing all articles
Browse latest Browse all 40045

Trending Articles