Quantcast
Viewing all articles
Browse latest Browse all 40045

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន

Image may be NSFW.
Clik here to view.
ទិវា​បរិស្ថាន​ពិភពលោក​នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo Provided


ដោយ ដែន អយុធ្យា RFA 2016-06-06

ថ្នាក់​ដឹក​នាំ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​នា​ខេត្ត​ព្រះសីហនុ រួម​គ្នា​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ដោយ​មាន​មន្ត្រី​រាជការ សិស្ស​និស្សិត ប្រជាពលរដ្ឋ និង​ប្រតិបត្តិករ​ទេសចរ​ចូលរួម និង​ដើរ​រើស​សំរាម​នៅ​តាម​មូលដ្ឋាន​ទូទាំង​ខេត្ត​ទេសចរណ៍​មួយ​នេះ​ជាង ១​ពាន់​នាក់។

ឆ្លៀត​ឱកាស​នោះ ថ្នាក់​ដឹក​នាំ​ខេត្ត​នេះ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឬ​ប្រតិបត្តិករ​ទេសចរ​ទាំងអស់ ឲ្យ​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ជា​ប្រចាំ​ជាមួយ​អាជ្ញាធរ ហើយ​ត្រូវ​លះបង់​ទម្លាប់​បោះ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់ ដើម្បី​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​នេះ​ច្រើន​ថែម​ទៀត។

មន្ត្រី​ថ្នាក់​ដឹក​នាំ​នៅ​តាម​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​នា​ខេត្ត​ព្រះសីហនុ ជួប​ប្រជុំ​គ្នា​អបអរ​សាទរ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ក្រោម​ប្រធានបទ «ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ពិភពលោក​ស្រស់​ស្អាត»។ ទិវា​បរិស្ថាន​នេះ ពិភពលោក​បាន​កំណត់​យក​ថ្ងៃ​ទី​៥ ខែ​មិថុនា ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​រៀបចំ។ ដោយឡែក​ទិវា​នេះ សម្រាប់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​រៀបចំ​ទិវា​នេះ​មុន​មួយ​ថ្ងៃ គឺ​រៀបចំ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៤ ខែ​មិថុនា នា​ឆ្នេរ​អូរឈើទាល ដោយ​មាន​វត្តមាន​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ គ្រូបង្រៀន សិស្ស​និស្សិត ប្រជាពលរដ្ឋ និង​ប្រតិបត្តិករ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូលរួម​ជាង ១​ពាន់​នាក់។ ក្រោយ​បញ្ចប់​ពិធី​ជួប​ជុំ មនុស្ស​ជាង ១​ពាន់​នាក់​បាន​រួម​គ្នា​ដើរ​រើស​សំរាម​ដែល​ត្រូវ​គេ​បោះ​ចោល​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តាម​ផ្លូវ​សាធារណៈ ឬ​តាម​ឆ្នេរ​សមុទ្រ​ជាដើម ដើម្បី​រក្សា​សោភណភាព​ទីក្រុង​ទេសចរណ៍​មួយ​នេះ​ឲ្យ​បាន​ប្រសើរ​ឡើង។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ លោក សាមុត សុធារិទ្ធិ មាន​ប្រសាសន៍​ថា គោល​បំណង​នៃ​ការ​រៀបចំ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​នេះ​ឡើង គឺ​មាន​គោល​បំណង​កែប្រែ​ផ្នត់​គំនិត និង​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ទូទៅ ឲ្យ​ចេះ​ស្រឡាញ់​បរិស្ថាន និង​បំផុស​ឲ្យ​ពួក​គេ​មាន​ស្មារតី​ចូលរួម​ការពារ ឬ​ថែរក្សា​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​ការ​រស់នៅ​មាន​អនាម័យ​នៅ​តាម​គ្រួសារ​នីមួយៗ។ លោក​បន្ថែម​ថា ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំ​នេះ ក៏​ដើម្បី​បំផុស ឬ​ចលនា​មហាជន​ឲ្យ​ចូលរួម​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​ទុក​ដាក់​កាក​សំណល់​ទាំង​នោះ​ឲ្យ​មាន​របៀប​រៀបរយ។ ជាង​នេះ​ទៀត ក៏​ចង់​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍ ឬ​ស្ថាប័ន​រដ្ឋ​នីមួយៗ ចូលរួម​ដាំ​ដើម​ឈើ​នៅ​តាម​ភូមិ ឃុំ សង្កាត់ ឬ​ទីប្រជុំជន​នានា និង​តាម​ដង​ផ្លូវ ជាដើម ដើម្បី​បង្កើន​សោភណភាព​ស្រស់​បំព្រង ទប់ស្កាត់​ការ​រាល​ដាល​នៃ​ជំងឺ​ឆ្លង និង​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ បាន​ច្រើន​ថែម​ទៀត៖ «យើង​បំផុត​ចលនា​មហាជន​ឲ្យ​ចូលរួម​ធ្វើ​អនាម័យ ថែ​រក្សា​បរិស្ថាន ឬ​ប្រមូល​សំរាម​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ និង​ចូលរួម​ដាំ​ដើម​ឈើ​នៅ​តាម​មូលដ្ឋាន ឬ​នៅ​តាម​ស្ថាប័ន​រដ្ឋ​នីមួយៗ​ឲ្យ​បាន​ទាំងអស់​គ្នា»។

ទាក់ទិន​ទិវា​បរិស្ថាន​ពិភពលោក​នេះ​ដែរ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​នេះ បាន​អំពាវនាវ​ដល់​ក្រុម​អាជីវករ ពិសេស​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​សម្អាត​បរិស្ថាន​ដោយ​វេច​ខ្ចប់​កាក​សំណល់​រឹង​រាវ​នៅ​តាម​ទីតាំង​រៀងៗ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​ទុក​ដាក់​ឲ្យ​មាន​សណ្ដាប់ធ្នាប់។ លោក​ចាត់​ទុក​ជំនន់​ទឹក​ភ្លៀង​ជន់​លិច បរិស្ថាន​គ្មាន​អនាម័យ ឬ​គ្មាន​សោភណភាព​នៅ​តាម​ទីតាំង​ខ្លះ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ កន្លង​មក គឺ​មួយ​ផ្នែក​ផ្ដើម​ដោយ​ភាព​មិន​ទទួល​ខុស​ត្រូវ​របស់​ប្រជាពលរដ្ឋ ពិសេស​ប្រតិបត្តិករ​ទេសចរ​ភាគ​ច្រើន មិន​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ក្នុង​ការ​ទុក​ដាក់​កាក​សំណល់​រឹង​រាវ​នៅ​ឡើយ​ទេ ហើយ​តំបន់​ខ្លះ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ បង្កើត​ឲ្យ​មាន​សំរាម​ត្រូវ​គេ​បោះ​ចោល​នៅ​តាម​ទី​សាធារណៈ ហើយ​មាន​ក្លិន​ស្អុយ​អសោច​ថែម​ទៀត។

ត្រង់​ចំណុច​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ទទូច​ដល់​ប្រជាពលរដ្ឋ ឬ​អ្នក​ជាប់​ពាក់ព័ន្ធ​នានា​ដែល​មិន​ទាន់​ចូលរួម​ការងារ​សម្អាត​អនាម័យ​បរិស្ថាន​ជាមួយ​អាជ្ញាធរ ត្រូវ​លះបង់​ទម្លាប់​អាក្រក់ ឬ​ផ្នត់​គំនិត​មិន​ល្អ​ក្នុង​ការ​បោះ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តាម​ផ្លូវ ឬ​ទី​សាធារណៈ ឲ្យ​ងាក​មក​ចូលរួម​គ្នា​ថែរក្សា ឬ​វេច​ខ្ចប់​កាក​សំណល់​ផ្សេងៗ​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​ឲ្យ​បាន​ល្អ ហើយ​យក​ទៅ​ទុក​ក្នុង​ធុង​សំរាម ឬ​ទីតាំង​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចូលរួម​ថែ​រក្សា​អនាម័យ និង​សោភណភាព​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឈាន​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​នា​ថ្ងៃ​អនាគត៖ «ខ្ញុំ​បាន​អំពាវនាវ​ថា សូម​ឲ្យ​បង​ប្អូន​គ្រប់​ភាគី​ពាក់ព័ន្ធ ឲ្យ​ចូលរួម​ការងារ​ថែ​រក្សា និង​សម្អាត​បរិស្ថាន​អនាម័យ​នៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ល្អ និង​ត្រូវ​ទុក​ដាក់​កាក​សំណល់​រឹង​រាវ​គ្រប់​ប្រភេទ​នៅ​តាម​ទីតាំង ឬ​ធុង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ។ ជាង​នេះ នៅ​តាម​ទីតាំង​ដែល​អាជីវករ​ធ្វើ​អាជីវកម្ម​បម្រើ​ឲ្យ​ភ្ញៀវ​ស្នាក់នៅ ក៏​ត្រូវ​ឲ្យ​មាន​ធុង​សំរាម​នៅ​តាម​ផ្ទះ ឬ​ទីតាំង​ទាំង​នោះ​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​អាច​ឲ្យ​ភ្ញៀវ​មាន​កន្លែង​ចោល​សំរាម​ឲ្យ​បាន​ទូលំទូលាយ និង​ចូលរួម​សម្អាត​បរិស្ថាន​ជាមួយ​អាជ្ញាធរ»។

ស្រដៀង​គ្នា​ដែរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ លោក ជាម ហ៊ីម បាន​រំឭក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ថែ​រក្សា និង​ការពារ​បរិស្ថាន​ឲ្យ​មាន​អនាម័យ​ជាមួយ​អាជ្ញាធរ។ លោក​ថា ប្រជាពលរដ្ឋ ឬ​ប្រតិបត្តិករ​ទេសចរ​ភាគ​ច្រើន គួរ​ភ្ញាក់​រឭក​ចូលរួម​ទុក​ដាក់​កាក​សំណល់​រឹង​រាវ​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ឲ្យ​មាន​អនាម័យ ដើម្បី​ក្រុម​គ្រួសារ​មាន​សុភមង្គល និង​មាន​សុខភាព​ល្អ។

ក្នុង​សំឡេង​មួយៗ លោក ជាម ហ៊ីម បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំង​ប្រទេស ពិសេស​កំពុង​រស់នៅ​ខេត្ត​ព្រះសីហនុ ឬ​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​នេះ​ជាដើម ត្រូវ​ផ្លាស់ប្ដូរ​ទម្លាប់​បោះ​ចោល​សំរាម​តាម​ទី​សាធារណៈ​គ្មាន​សណ្ដាប់ធ្នាប់ ហើយ​ងាក​មក​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​ដោយ​ការ​វេច​ខ្ចប់ ឬ​ទុក​ដាក់​កាក​សំណល់​រឹង​រាវ​ផ្សេងៗ​ឲ្យ​មាន​របៀប​រៀបរយ៖ «សូម​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ ទាំង​មូល​នៅ​គ្រប់​មូលដ្ឋាន ត្រូវ​ទុក​ដាក់​កាក​សំណល់​រឹង​រាវ​ឲ្យ​មាន​របៀប​រៀបរយ និង​វេច​ខ្ចប់​ឲ្យ​បាន​ល្អ ដើម្បី​កំណើន​ភ្ញៀវ​ទេសចរ និង​សេដ្ឋកិច្ច​ជាតិ​មាន​ការ​រីក​ចម្រើន​ទាំង​រដ្ឋ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ។ ទម្លាប់​បោះ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​កន្លង​មក ត្រូវ​លះបង់​ឲ្យ​បាន​ទាំងអស់​គ្នា​នៅ​តាម​ក្រុម​គ្រួសារ​នីមួយៗ ដើម្បី​បរិស្ថាន​ខេត្ត​ទេសចរណ៍​មួយ​នេះ​មាន​សោភណភាព និង​មាន​អនាម័យ​ល្អ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​ថែម​ទៀត»។

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ លោក ជាម ហ៊ីម ផ្តល់​ទស្សនៈ​ថា ការ​ថែ​រក្សា​អនាម័យ​បរិស្ថាន​នៅ​តាម​មូលដ្ឋាន ឬ​តាម​ផ្ទះ​នីមួយៗ មិន​ចាំបាច់​ដល់​មនុស្ស​គ្រប់ៗ​រូប​មាន​ផ្ទះ​ថ្ម​វីឡា​ធំ​ស្កឹមស្កៃ ឬ​មាន​ផ្លូវ​ក្រាល​កៅស៊ូ​នៅ​តាម​មូលដ្ឋាន​នានា ទើប​ហៅ​ថា​គ្រួសារ​មាន​ភាព​ថ្លៃថ្នូរ ឬ​កេរ្តិ៍​ឈ្មោះ​នោះ​ទេ សំខាន់​នៅ​តាម​មូលដ្ឋាន ឬ​ផ្ទះ​នីមួយៗ ទោះ​ជា​ខ្ទម ឬ​គ្មាន​ផ្លូវ​ក្រាល​កៅស៊ូ​ក៏ដោយ ឲ្យ​តែ​ទីតាំង​ទាំង​នោះ​គ្មាន​កាក​សំណល់​រឹង​រាវ​បោះ​ចោល​គ្មាន​សណ្ដាប់ធ្នាប់ និង​គ្មាន​ក្លិន​ស្អុយ គឺ​អាច​ចាត់​ទុក​ថា​ជា​គ្រួសារ​ស្អាតស្អំ មាន​សុភមង្គល ឬ​មាន​លក្ខណៈ​ថ្លៃថ្នូរ។

លោក ជាម ហ៊ីម ស្នើ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ពិចារណា​ផ្លាស់ប្ដូរ​ទម្លាប់​មិន​ល្អ​ដែល​ធ្លាប់​បោះ​ចោល​សំរាម ឬ​កាក​សំណល់​រឹង​រាវ​គ្រប់​ប្រភេទ​គ្មាន​របៀប​នៅ​តាម​ទី​សាធារណៈ ឲ្យ​ងាក​មក​ចូលរួម​ថែ​រក្សា​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឲ្យ​មាន​សោភណភាព​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​នា​ថ្ងៃ​អនាគត។

ទាក់ទង​ការងារ​ថែ​រក្សា​បរិស្ថាន​នេះ​ដែរ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា នឹង​ឈាន​ដល់​ចាប់​ផាក​ពិន័យ​អ្នក​បោះ​ចោល​កាក​សំណល់​រឹង​រាវ​គ្រប់​ប្រភេទ​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តាម​ផ្លូវ ឬ​ទី​សាធារណៈ និង​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​ជា​មុន​ចំពោះ​បុគ្គល ឬ​ជា​ពលរដ្ឋ​ទាំងឡាយ​ណា​ដែល​នៅ​បន្ត​បោះ​ចោល​កាក​សំណល់ ឬ​បន្ត​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​ទីតាំង​ធ្វើ​អាជីវកម្ម​រៀងៗ​ខ្លួន​ចូល​ទៅ​ក្នុង​សមុទ្រ បន្ត​កើត​មាន​នា​ថ្ងៃ​ខាង​មុខ។

ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១,៣៥​គីឡូម៉ែត្រ) មាន​ខ្សាច់​ស​ស្អាត ទឹក​សមុទ្រ​ថ្លា ឆ្នេរ​រាក់ ទឹក​ធ្លាក់ ផ្កា​ថ្ម ឧទ្យាន​ជាតិ និង​មាន​កោះ​ចំនួន ៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់​ស្អាត ជា​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>