ដោយ សុ ជីវី RFA 2016-06-10
ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ត្រឹង ដាយ ខ្វាង (TRAN DAI QUANG) នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា។
សេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែមិថុនា អោយដឹងថា ដំណើរទស្សនកិច្ចនេះគឺតបតាមការអញ្ជើញរបស់ព្រះករុណាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។
ក្នុងដំណើរទស្សនកិច្ចនោះ លោក ត្រឹង ដាយ ខ្វាង នឹងចូលបង្គំគាល់ព្រះមហាក្សត្រ ហើយជួបជាមួយប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ប្រធានរដ្ឋសភា លោក ហេង សំរិន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រៅពីនេះលោក ត្រឹង ដាយ ខ្វាង នឹងចូលថ្វាយបង្គំសម្ដេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី។
នេះជាដំណើរទស្សនកិច្ចមកកាន់កម្ពុជា លើកទី១ ចាប់តាំងពីលោក ត្រឹង ដាយ ខ្វាង ត្រូវបានបក្សកុម្មុយនិស្តវៀតណាម បោះឆ្នោតជ្រើសរើសធ្វើជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីដើមខែមេសា កន្លងទៅ។ កាលពីដើមខែមិថុនា រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីរបស់វៀតណាម លោក ង៉ូ ស៊ុន លិច្ស (Ngo Xuan Lich) ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាដែរ។
សេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសឲ្យដឹងដែរថា នៅពេលបញ្ចប់ដំណើរទស្សនកិច្ចនេះនឹងមានចេញសេចក្ដីថ្លែងការណ៍រួមមួយ៕