ដោយ អ៊ុំ រង្សី RFA 2016-06-11
ធនាគារពិភពលោក (World Bank) បានផ្តល់ហិរញ្ញប្បទានដែលជាកម្ចីគ្មានការប្រាក់ចំនួន ១៣០លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា សម្រាប់អភិវឌ្ឍន៍លើគម្រោងចំនួន៤។ ជំនួយនេះក្នុងបំណងជួយពង្រឹងលើការថែទាំផ្លូវថ្នល់ គ្រប់គ្រងធនធានជលផល លើកកម្ពស់ជីវភាពរស់ពឹងអាស្រ័យលើកសិកម្មក្នុងសហគមន៍ជនបទនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ដែលបានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឲ្យដឹងទៀតថា ទឹកប្រាក់ចំនួន ១៣០លានដុល្លារនេះ នឹងត្រូវបែកចែកលើគម្រោងចំនួន៤ ក្នុងនោះមាន ទឹកប្រាក់ ៣០លានដុល្លារអនុវត្តន៍លើគម្រោងសមធម៌ និងការលើកកម្ពស់គុណភាពសុខភាព។ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ក្នុងទឹកប្រាក់ចំនួន ១៥លានដុល្លារ ៦០លានដុល្លារលើគម្រោងគ្រប់គ្រងផ្លូវថ្នល់ទី២ ដើម្បីធ្វើឲ្យកាន់តែប្រសើរលើផ្លូវជាតិក្នុងខេត្តកំពត ព្រះសីហនុ ត្បូងឃ្មុំ និងក្រចេះ។ ចំណែកឯគម្រោងទី៤ គឺគម្រោងការបែងចែកដីសម្រាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច មានទឹកប្រាក់ចំនួន ២៥លានដុល្លារ នឹងផ្ដល់ជូនសម្រាប់សេវាបណ្ដុះបណ្ដាលវិស័យកសិកម្មដល់ប្រជាជនក្នុងសហគមន៍ចំនួន១៤ នៅ ៥ខេត្ត ដែលមានប្រជាជនច្រើនជាង ៥.០០០គ្រួសារ។
នាយកធនាគារពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក អ៊ូលរិច ហ្សាចៅ (Ulrich Zachau) រំពឹងថា ការផ្ដល់ហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍លើគម្រោងទាំង៤នេះ នឹងជួយចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្រីក្រដែលរស់ពឹងផ្អែកនឹងកសិកម្ម និងនេសាទនៅកម្ពុជា កាន់តែប្រសើរឡើង៕